ប្រាសាទសំបូរព្រៃគុក

ប្រាសាទសំបូរព្រៃគុក

ទីតាំងភូមិសាស្រ្ត

ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តកំពង់ធំ។ ប្រាសាទនេះស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្តកំពង់ធំ។

ប្រវត្តិនៃការកសាងប្រាសាទសំបូរព្រៃគុក

ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ នៅក្នុងសតវត្សរ៍ទី៧ ក្នុងគ.ស៦១៦ ដល់៦៣៥ នាសម័យចេនឡា ដើម្បីឧទ្ទិសថ្វាយដល់ ព្រះសិវៈ ឬព្រះឥសូរនិយម។ប្រាសាទសំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះថា ឥសានបុរៈ កាលពីសម័យនោះជាមជ្ឈមណ្ឌលនៃព្រាហ្មញ្ញសាសនា។

ចេនឡាជាអតីតសាមន្តរដ្ឋនៃនគរវ្នំ ដែលជារដ្ឋដំបូងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែវាបានបាត់បង់ទៅវិញ ដោយសារបានធ្វើចម្បាំងជាមួយអាណាចក្រភ្នំ និងការកើនឡើងជាបណ្តើរៗនៃអំណាចរបស់អាណាចក្រចេនឡា ដោយព្រះបាទភវវរ្ម័នទី១ និងបងប្អូន គឺព្រះបាទមហេន្ទ្រវរ្ម័នទី១ ឬចិត្រសេនា រហូតដល់បុត្ររបស់ព្រះអង្គគឺ ព្រះបាទឥសានវរ្ម័នទី១ ដែលជាបុត្ររបស់ព្រះបាទមហេន្ទ្រវរ្ម័នទី១ ដែលជាព្រះមហាក្សត្របានដណ្តើមអំណាចពីនគរភ្នំដោយជោគជ័យ។

ប្រាសាទនេះ គឺជាក្រុមប្រាសាទដែលសាងសង់អំពីឥដ្ឋតាន់ និង ថ្មបាយក្រៀមលំអរទៅដោយចម្លាក់ពីលើឥដ្ឋ ចាក់ពុម្ភដោយបាយអ ជាផ្ទាំងៗអំពីឥដ្ឋ តែបច្ចុប្បន្នរបេះអស់មួយចំនួនហើយ។ ចំណែកក្បាច់ផ្តែរ និងការសរសេរជាពាក្យពេចន៍ និងប្រអប់ទ្វារធ្វើអំពីថ្មភក់ទាំងអស់។

ការបោះបង់ក្រុមប្រាសាទសំបូរព្រៃគុក

ក្រុមប្រាសាទសំបូរព្រៃគុកនេះ ត្រូវបានបោះបង់ចោលតាំងពីឆ្នាំ១៩៧១មកម៉្លេះ ក្រោយប្រទេសកម្ពុជាជួបនូវវិបត្តិសង្រ្គាម ហើយត្រូវបានរៀបចំសារជាថ្មីនៅឆ្នាំ១៩៨០។ ក្នុងការកាប់ឆ្ការព្រៃគេបានរកឃើញ ប្រាសាទទាំងអស់ចំនួន ១៤០ប្រាសាទ តែនៅប្រាសាទចំនួនពីរទៀត រកមិនទាន់ឃើញនោះទេ។

ក្រុមប្រាសាទ

រមណីយដ្ឋានសំបូរព្រៃគុកចែកចេញជាក្រុមប្រាសាទ៤ធំៗគឺ៖

  1. -ក្រុមប្រាសាទខាងជើង ៖ ហៅថាប្រាសាទសំបូរនៅកណ្តាល និងពទ្ធ័ជុំវិញដោយប្រាសាទតូចៗ ហើយប្លែកៗគ្នា។
  2. -ប្រាសាទកណ្តាល ៖ ហៅថាប្រាសាទតោ ប្រាង្គប្រាសាទកណ្តាលមានទ្វារចូលពីទិសខាងជើង ឯទ្វារបើកពីទិសមួយទៀតជាទ្វារបញ្ឆោត។ នៅត្រង់ក្បាលជណ្តើរទាំង ៤ មានរូបតោអង្គុយបញ្ឈរជង្គង់ពីរ ក្នុងទិសនីមួយៗហៅថា ទេវកថា ។ នៅភាគខាងលិចនៃប្រាសាទតោ មានក្រុមប្រាសាទតូចៗជាច្រើនទៀត។
  3. -ប្រាសាទខាងត្បូង ៖ ហៅថា ប្រាសាទយាយព័ន្ធ ដែលស្ថិតនៅចំកណ្តាលហ៊ុំព័ទ្ធដោយប្រាសាទ ជាច្រើន មានកំពែងពីរជាន់ ដែលកំពែងខាងក្នុងមាន គោបុរៈ ចូលទាំងបួនទិស។ ក្រុមប្រាសាទទាំងនេះជា អតីតរាជធានី។
  4. -ប្រាសាទក្រោលមាស ៖ មានទីតាំងនៅខាងជើងប្រាសាទសំបូរព្រៃគុក មានប្រាសាទតូចៗធ្វើ អំពីឥដ្ឋ និងខាងលិចមានប្រាសាទមួយធ្វើអំពីថ្មបាយក្រៀម។

លក្ខណៈពិសេសៗនៃតំបន់ប្រាសាទសំបូរព្រៃគុក

បើតាមទស្សនៈជាប្រវត្តិសាស្រ្តបានបញ្ជាក់ថា ក្រុមនៃប្រាសាទនេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជានិងសម្រាប់តំបន់ទាំងមូលនៃតំបន់អាស៊ីអាគ្នេយ៍ ដែលជាសំណង់ស្ថាបត្យកម្មសំឡេងតែមួយគត់ដែលនៅសល់និងជាគំរូស្ថាបត្យកម្មនិងចម្លាក់នៃរយៈពេលដំបូងនៅក្នុងបរិមាណច្រើនគួរសម។ ប្រាសាទនេះក៏មានលក្ខណៈដូចប្រាសាទដទៃទៀតនៅប្រទេសកម្ពុជាដែរ តែវាមានកំផែងព័ទ្ធជុំវិញ មានស្រះទឹក មានកន្លែងបូជា មានដើមឈើតូចធំ រុក្ខជាតិ និងសត្វផ្សេងៗគួរឱ្យចាប់អារម្មណ៍។

ថ្ងៃដែលរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកចូលជាបេតិកភណ្ឌ

រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ កាលពីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧៕

  • ឯកសារយោង
  • km.wikipedia.org/ 

🔸Last Updated កំណែចុងក្រោយ on October 8, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).