ចាតុទ្ទិសគាថា
គាថាថា ចាតុទ្ទិសោ ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។
បានឮថា ក្នុងកាលមុនព្រះបច្ចេកពោធិសត្វ ៥ អង្គ បួសក្នុងសាសនារបស់ព្រះមានព្រះភាគកស្សបៈ បំពេញគតបច្ចាគតវត្ដអស់ ២ ម៉ឺនឆ្នាំហើយ កើតក្នុងទេវលោក ចុតិចាកទេវលោកនោះហើយ បណ្ដាព្រះបច្ចេកពោធិសត្វទាំងនោះ ព្រះបច្ចេកពោធិសត្វអង្គធំបានជាព្រះបាទពារាណសី ព្រះបច្ចេកពោធិសត្វដ៏សេសបានជាបទេសរាជា។ ព្រះរាជា ៤ អង្គនោះ រៀនកម្មដ្ឋានហើយ ទ្រង់លះរាជសម្បត្ដិ ចេញបួស បានជា ព្រះបច្ចេកពុទ្ធ ដោយលំដាប់ ហើយនៅត្រង់ញកភ្នំនន្ទមូលកៈ។
សម័យថ្ងៃមួយ ចេញចាកសមាបត្ដិហើយ ពិចារណាដល់កម្ម និងសម្លាញ់របស់ខ្លួន ដោយន័យដូចពោលហើយក្នុងវំសក្កឡីរគាថា។ កាលដឹងហើយ ទើបរកឱកាសដើម្បីសម្ដែងអារម្មណ៍ ដល់ព្រះបាទពារាណសីដោយឧបាយ។ ព្រះរាជានោះ ស្លុតព្រះហឫទ័យក្នុងពេលយប់ អស់វារៈ ៣ ដង ទ្រង់ខ្លាច ទើបទ្រង់ស្រែកដោយសំឡេងខ្លាំង ទ្រង់ស្ទុះទៅកាន់ល្វែងធំ កាលត្រូវបុរោហិតដែលក្រោកឡើងអំពីព្រលឹម ក្រាបទូលសួរដល់ការផ្ទំជាសុខ ទើបត្រាស់ថាៈ
លោកអាចារ្យ យើងមានសេចក្ដីសុខអំពីណា ហើយទ្រង់ប្រាប់រឿងទាំងអស់នោះ។ បុរោហិតគិតថា រោគនេះ បុគ្គលណាមួយ មិនអាចព្យាបាលដោយភេសជ្ជៈណាមួយមានការដាក់ថ្នាំធ្វើឲ្យក្អួតជាដើម តែឧបាយសម្រាប់បរិភោគកើតឡើងដល់អញហើយ ទើបក្រាបទូលថា បពិត្រមហារាជ នេះជាបុព្វនិមិត្ដនៃការវិនាសរាជសម្បត្ដិ និងអន្ដរាយនៃព្រះជន្ម ធ្វើឲ្យព្រះរាជាតក់ស្លុតខ្លាំងឡើង ហើយក្រាបទូលថា ដើម្បីឲ្យបុព្វនិមិត្ដនេះ ស្ងប់ ទ្រង់គប្បីប្រទានដំរី សេះ និងរថជាដើម មានប្រមាណប៉ុណ្ណេះ ៗ មួយអន្លើដោយប្រាក់និងមាស ឲ្យជាទក្ខិណាបូជាយញ្ញ ដូច្នេះហើយ ចាត់ចែងការបូជាយញ្ញ។
លំដាប់នោះ ព្រះបច្ចេកពុទ្ធទាំងឡាយ ឃើញសត្វមានជីវិតច្រើនពាន់ ដែលគេប្រមូលមកដើម្បីជាប្រយោជន៍ដល់យញ្ញ ទើបគិតថា កាលព្រះរាជាធ្វើកម្មនេះ ទ្រង់នឹងជាបុគ្គលដែលបុគ្គលណាមួយឲ្យត្រាស់ដឹងបានលំបាក ណ្ហើយចុះ យើងទាំងឡាយប្រញាប់ទៅគាល់ព្រះរាជានោះ ទើបនិមន្តមក ត្រាច់បិណ្ឌបាត បានទៅកាន់លានព្រះរាជវាំងតាមលំដាប់ ដោយន័យដូចពោលហើយក្នុងវំសក្កឡីរគាថា។ ព្រះរាជាប្រថាប់ឈរត្រង់សីហបញ្ជរ ទតលានព្រះរាជវាំង បានឃើញព្រះបច្ចេកសម្ពុទ្ធទាំងនោះ ដំណាលគ្នានឹងការឃើញនោះឯង សេចក្ដីស្រឡាញ់បានកើតឡើងដល់ព្រះអង្គ។
លំដាប់នោះ ទើបត្រាស់ឲ្យនិមន្ដព្រះបច្ចេកសម្ពុទ្ធទាំងនោះមក និមន្ដឲ្យគង់លើអាសនៈដែលក្រាលទុកត្រង់រានហាល និមន្ដឲ្យឆាន់ដោយគោរព ត្រាស់សួរព្រះបច្ចេកពុទ្ធដែលធ្វើភត្ដកិច្ចស្រេចហើយថា លោកម្ចាស់ទាំងឡាយឈ្មោះអ្វី។ ព្រះបច្ចេកពុទ្ធទាំងនោះ ឆ្លើយថា បពិត្រមហារាជ ពួកអាត្មាឈ្មោះចាតុទ្ទិសៈ។
ព្រះរាជាត្រាស់សួរថា បពិត្រលោកម្ចាស់ ពាក្យថា ចាតុទ្ទិសៈនេះ មានន័យដូចម្ដេច។ ព្រះបច្ចេកពុទ្ធតបថា បពិត្រមហារាជ ពួកអាត្មាមិនមានការខ្លាច ឬការតក់ស្លុតចិត្តក្នុងទីណា អំពីទីណាមួយក្នុងទិសទាំង ៤។
ព្រះរាជាសួរថា បពិត្រលោកម្ចាស់ដ៏ចម្រើន ព្រោះហេតុអ្វី ទើបការខ្លាច មិនមានដល់លោកម្ចាស់ទាំងឡាយ។ ព្រះបច្ចេកសម្ពុទ្ធតបថា បពិត្រមហារាជ អាត្មាទាំងឡាយចម្រើនមេត្ដា ចម្រើនករុណា ចម្រើនមុទិតា ចម្រើនឧបេក្ខា ដោយហេតុនោះ ទើបការខ្លាចនោះ មិនមានដល់អាត្មា ដូច្នេះហើយ ក្រោកចាកអាសនៈទៅកាន់លំនៅរបស់ខ្លួន។
លំដាប់នោះ ព្រះរាជាទ្រង់ព្រះតម្រិះថា សមណៈទាំងនេះ ពោលថា មិនមានការខ្លាច ព្រោះចម្រើនមេត្ដាជាដើម តែពួកព្រាហ្មណ៍សរសើរការសម្លាប់សត្វច្រើនពាន់ ពាក្យរបស់អ្នកណាហ្ន៎ ជាពាក្យពិត ទ្រង់ព្រះតម្រិះបន្តទៀតថា សមណៈទាំងឡាយលាងរបស់មិនស្អាត ដោយរបស់ស្អាត តែព្រាហ្មណ៍លាងរបស់មិនស្អាត ដោយរបស់មិនស្អាត បុគ្គលណាមួយមិនអាចលាងរបស់មិនស្អាត ដោយរបស់មិនស្អាតបានទេ ពាក្យរបស់បព្វជិតនោះឯង ជាពាក្យពិត ដូច្នេះហើយ ទ្រង់ចម្រើនព្រហ្មវិហារទាំង ៤ មានមេត្ដាជាដើម ដោយន័យជាដើមថា សព្វេ សត្តា សុខិតា ហោន្តុ សូមសត្វទាំងឡាយទាំងពួងបាននូវសេចក្ដីសុខចុះ ទ្រង់មានព្រះហឫទ័យផ្សាយប្រយោជន៍ ទ្រង់ត្រាស់បង្គាប់អាមាត្យទាំងឡាយថា ពួកអ្នក ចូរលែងសត្វទាំងអស់ សត្វទាំងអស់ ចូរផឹកទឹកត្រជាក់ ចូរស៊ីស្មៅពណ៌ខៀវ ខ្យល់ត្រជាក់ ចូរបក់សត្វទាំងនោះ អាមាត្យទាំងនោះ បានធ្វើតាមព្រះរាជបញ្ជាសព្វប្រការ។
លំដាប់នោះ ព្រះរាជាទ្រង់ព្រះតម្រិះថា អញផុតចាកបាបកម្ម ព្រោះពាក្យរបស់កល្យាណមិត្ដ ប្រថាប់គង់ក្នុងទីនោះឯង ចម្រើនវិបស្សនា បានធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ។ លុះដល់វេលាសោយព្រះក្រយាស្ងោយ ពួកអាមាត្យក្រាបទូលថា ភុញ្ជ មហារាជ កាលោ បពិត្រមហារាជ ដល់កាលហើយ សូមទ្រង់សោយ។ ព្រះបច្ចេកពុទ្ធត្រាស់ពាក្យទាំងពួង ដោយន័យមុននោះឯងថា នាហំ រាជ អាត្មាមិនមែនព្រះរាជាដូច្នេះជាដើម ហើយបានត្រាស់ឧទានគាថា និងព្យាករណ៍គាថានេះថា
ចាតុទ្ទិសោ អប្បដិឃោ ច ហោតិ
សន្តុស្សមានោ ឥតរីតរេន
បរិស្សយានំ សហិតា អឆម្ភី
ឯកោ ចរេ ខគ្គវិសាណកប្បោ។
បុគ្គលជាអ្នកនៅជាសុខ ក្នុងទិសទាំង ៤ មិនមានថ្នាំងថ្នាក់ចិត្ដ ត្រេកអរក្នុងវត្ថុតាមមានតាមបាន ជាអ្នកអត់ធន់ចំពោះអន្ដរាយ ជាអ្នកមិនតក់ស្លុត គប្បីប្រព្រឹត្ដតែម្នាក់ឯង ដូចកុយរមាស។
បណ្ដាបទទាំងនោះ បទថា ចាតុទ្ទិសោ សេចក្ដីថា មានប្រក្រតីនៅជាសុខក្នុងទិសទាំង ៤។ ម្យ៉ាងទៀត ឈ្មោះថា ចាតុទ្ទិសោ ព្រោះមានទិសទាំង ៤ ផ្សាយទៅដោយព្រហ្មវិហារភាវនា ដោយន័យជាដើមថា ឯកំ ទិសំ ផរិត្វា វិហរតិ ផ្សាយទៅកាន់ទិស ១។ ឈ្មោះថា អប្បដិឃោ ព្រោះមិនបៀតបៀនសត្វឬសង្ខារក្នុងទីណាមួយក្នុងទិសទាំង ៤ នោះ ព្រោះការខ្លាច។ បទថា សន្ដុស្សមានោ បានដល់ ជាអ្នកសន្ដោសដោយអំណាចសន្ដោស ១២ យ៉ាង។ បទថា ឥតរីតរេន បានដល់ ដោយបច្ច័យល្អនិងមិនល្អ។ ក្នុងបទថា បរិស្សយានំ សហិតា អឆម្ភី នេះ មានវិនិច្ឆ័យដូច្នេះថា ឈ្មោះថា បរិស្សយ ព្រោះបៀតបៀនកាយនិងចិត្ដ ឬញ៉ាំងសម្បត្ដិនៃកាយនិងចិត្ដឲ្យវិនាសទៅ ជុំវិញ ឬអាស្រ័យកាយនិងចិត្ដនោះ ដេកនៅ។
ពាក្យថា បរិស្សយ នេះ ជាឈ្មោះនៃឧបទ្ទវន្ដរាយផ្លូវកាយនិងចិត្ដ ដែលជាខាងក្រៅ មានសីហៈនិងខ្លាធំជាដើម ដែលជាខាងក្នុង មានកាមច្ឆន្ទៈជាដើម។ ឈ្មោះថា សហិតា ព្រោះអត់សង្កត់អន្ដរាយទាំងនោះ ដោយអធិវាសនខន្ដី និងដោយធម៌ទាំងឡាយ មានវីរិយៈជាដើម។ ឈ្មោះថា អឆម្ភី ព្រោះមិនមានការខ្លាច ដែលធ្វើឲ្យខ្លួនរឹង។
សួរថា តើលោកអធិប្បាយដូចម្ដេច។
ឆ្លើយថា លោកអធិប្បាយទុកថា សន្ដោសដោយបច្ច័យតាមមានតាមបាន ដូចសមណៈ ៤ អង្គនោះ តាំងនៅក្នុងសន្ដោសដែលជាបទដ្ឋាននៃការបដិបត្ដិនេះ ឈ្មោះថា ចាតុទ្ទិស ព្រោះចម្រើនមេត្ដាជាដើម ក្នុងទិសទាំង ៤ និងឈ្មោះថា អប្បដិឃ ព្រោះមិនមានការភ័យខ្លាច ព្រោះការបៀតបៀនក្នុងសត្វនិងសង្ខារទាំងឡាយ។ បុគ្គលនោះ ឈ្មោះថា បរិស្សយានំ សហិតា ព្រោះជាអ្នកនៅតាមសប្បាយក្នុងទិសទាំង ៤ និងឈ្មោះថា អឆម្ភី ព្រោះភាពជាអ្នកមិនមានការអាក់អន់ ខ្ញុំឃើញគុណនៃការបដិបត្ដិយ៉ាងនេះ ដោយប្រការដូច្នេះ ទើបបដិបត្ដិដោយឧបាយ បានសម្រេចបច្ចេកពោធិញ្ញាណហើយ។
ម្យ៉ាងទៀត លោកអធិប្បាយថា ខ្ញុំដឹងថា បុគ្គលដែលសន្ដោសដោយបច្ច័យតាមមានតាមបាន ជាអ្នកនៅតាមសប្បាយក្នុងទិសទាំង ៤ ដោយន័យដូចពោលហើយ ដូចសមណៈទាំងនោះ ទើបប្រាថ្នាជាអ្នកនៅតាមសប្បាយក្នុងទិសទាំង ៤ យ៉ាងនោះ បដិបត្ដិដោយឧបាយ ទើបបានសម្រេច ព្រោះហេតុនោះ បុគ្គលដទៃ ប្រាថ្នាឋានៈដូច្នេះ គប្បីជាអ្នកគ្របសង្កត់អន្ដរាយ ដោយភាពជាអ្នកផ្សាយមេត្តាទៅក្នុងទិសទាំង ៤ និងជាអ្នកមិនតក់ស្លុត ដោយភាពជាអ្នកមិនអាក់អន់ ត្រាច់ទៅម្នាក់ឯង ដូចកុយរមាស។ ពាក្យដ៏សេស មានន័យដូចពោលហើយនោះឯង។
ចាតុទ្ទិសគាថា ទី៨ ចប់។
សូមអនុមោទនា !!!
👇មាតិកាគាថាបន្តក្នុងវគ្គនិមួយៗ
☸️បច្ចេកពុទ្ធសំយុត្តកថា វគ្គ១
☸️បច្ចេកពុទ្ធសំយុត្តកថា វគ្គ២
🔸សហាយគាថា ទី១-២
🔸អទ្ធាបសំសាគាថា ទី៣
🔸សុវណ្ណវលយគាថា ទី៤
🔸អាយតិភយគាថា ទី៥
🔸កាមគាថា ទី៦
🔸ឦតិគាថា ទី៧
🔸សីតាលុកគាថា ទី៨
🔸នាគគាថា ទី៩
🔸អដ្ឋានគាថា ទី១០

🔸🔸❁🙏❁🔸🔸
ប្រភព-Source: ឈូកក្រហម
