បច្ចេកពុទ្ធសំយុត្តកថា “មិគោអរញ្ញគាថា”

មិគោអរញ្ញគាថា


បទថា មិគោ អរញ្ញម្ហិ ដូច្នេះ តើមានហេតុកើតដូចម្តេច។

បានឮថា ភិក្ខុមួយរូប ជាព្រះយោគាវចរក្នុងសាសនារបស់ព្រះមានព្រះភាគព្រះនាមថា កស្សបៈ ធ្វើកាលកិរិយាហើយ ទៅកើតក្នុងត្រកូលសេដ្ឋីដែលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន ក្នុងនគរពារាណសី។ សេដ្ឋីបុត្តនោះ ជាបុគ្គលមានរាគៈច្រើន ព្រោះហេតុនោះ ទើបប្រព្រឹត្តខុសក្នុងភរិយាអ្នកដទៃ ធ្វើ​កាលកិរិយាក្នុងជាតិនោះហើយ កើតក្នុងនរក ឆេះក្នុងនរកនោះហើយ បដិសន្ធិជាស្រីក្នុងផ្ទៃរបស់ភរិយាសេដ្ឋីដោយសេសសល់ផលកម្ម។ រាងកាយរបស់សត្វទាំងឡាយដែលមកអំពីនរក រមែងជារបស់ក្តៅ ព្រោះហេតុនោះ ភរិយាសេដ្ឋីទ្រទ្រង់នូវគភ៌នោះ ដោយផ្ទៃដែលក្តៅដ៏លំបាកក្រៃលែង បានប្រសូតទារិកាតាមកាល។

ចាប់តាំងអំពីថ្ងៃកើតហើយ នាងជាទីស្អប់ខ្ពើមរបស់មាតាបិតា និងពួកបរិជនដ៏សេស។ លុះចម្រើនវ័យហើយ មាតាបិតាឲ្យទៅក្នុងត្រកូលណា ក៏ជាទីស្អប់ខ្ពើមរបស់ស្វាមី ឪពុកក្មេកម្តាយក្មេកក្នុងត្រកូលនោះ។ លំដាប់នោះ ពួកជនប្រកាសនក្ខត្តឫក្ស សេដ្ឋីបុត្ត កាលមិនប្រាថ្នាដើម្បីនឹងលេងជាមួយសេដ្ឋីធីតា ទើបនាំស្រីពេស្យាមកដើម្បីលេង។ នាងបានស្តាប់អំពីសម្នាក់របស់ទាសីទាំងឡាយ ទើបចូលទៅរកសេដ្ឋីបុត្ត ពោលរៀបរាប់ដោយប្រការផ្សេងៗ ថា បពិត្រអយ្យបុត្ត ធម្មតាស្រ្តី ទោះបីជាប្អូនស្រីរបស់ព្រះរាជា ១០ អង្គក្តី ជាធីតារបស់ស្តេចចក្កពត្តិក្តី សូម្បីដូច្នោះ ក៏ជាអ្នកធ្វើការបម្រើស្វាមី។ កាលស្វាមីមិនចរចាជាមួយ ក៏សោយទុក្ខដូចត្រូវលើកឡើងកាន់លំពែង។ បើខ្ញុំគួរដល់ការអនុគ្រោះ គប្បីអនុគ្រោះផងចុះ បើមិនគួរដល់ការអនុគ្រោះទេ ក៏គប្បីបោះបង់ ខ្ញុំនឹងទៅកាន់ត្រកូលញាតិរបស់ខ្លួនវិញ។

សេដ្ឋីបុត្តពោលថា ណ្ហើយចុះ នាងដ៏ចម្រើន នាងកុំសុបសៅឡើយ ចូរត្រៀមការលេង ពួកយើងនឹងលេងនក្ខត្តឫក្ស។ សេដ្ឋីធីតាកើតឧស្សាហៈ ដោយហេតុត្រឹមតែការប្រាស្រ័យមានប្រមាណប៉ុណ្ណេះ គិតថា ស្អែកនេះ អញនឹងលេងនក្ខត្តឫក្ស ទើបរៀបចំរបស់ទំពានិងរបស់បរិភោគជាច្រើន។ ក្នុងថ្ងៃទី ២ សេដ្ឋីបុត្តមិនប្រាប់ ហើយទៅក្នុងទីដែលមានការលេង។ នាងគិតថា ស្វាមីនឹងនាំអញទៅក្នុងកាលឥឡូវនេះ ស្វាមីនឹងនាំអញទៅក្នុងកាលឥឡូវនេះ។ នាងទន្ទឹងមើលផ្លូវ ឃើញថ្ងៃខ្ពស់ហើយ ទើបបញ្ជូនមនុស្សទាំងឡាយឲ្យទៅតាម មនុស្សទាំងនោះ មកប្រាប់ថា សេដ្ឋីបុត្តទៅហើយ ទើបនាងកាន់យករបស់ទំពា និងរបស់បរិភោគដែលត្រៀមទាំងអស់នោះ ឡើងកាន់យាន ប្រារព្ធដើម្បីទៅកាន់ឧទ្យាន។

លំដាប់នោះ ព្រះបច្ចេកសម្ពុទ្ធ អាស្រ័យនៅត្រង់ញកភ្នំនន្ទមូលកៈ ចេញអំពីនិរោធក្នុងថ្ងៃទី ៧ លុបមុខត្រង់អនោតត្តស្រះ ទំពាឈើស្ទន់ឈ្មោះនាគលតា ពិចារណាថា ថ្ងៃនេះ អញនឹងត្រាច់ទៅបិណ្ឌបាតក្នុងទីណាហ្ន៎ ឃើញសេដ្ឋីធីតានោះ ក៏ដឹងថា សេដ្ឋីធីតានឹងធ្វើសក្ការៈដល់អាត្មាអញ កម្មនោះ នឹងដល់នូវការអស់ទៅ ឈរលើផ្ទាំងមនោសិលាទំហំ ៦០ យោជន៍ ក្បែរញកភ្នំនោះ ស្លៀកដណ្តប់ហើយ កាន់បាត្រនិងចីវរ ចូលឈានដែលមានអភិញ្ញាជាបាទ ហោះចុះមក បែរមុខច្រាសផ្លូវជាមួយសេដ្ឋីធីតានោះ ទៅកាន់នគរពារាណសី។ ទាសីទាំងឡាយឃើញព្រះបច្ចេកពុទ្ធនោះហើយ ប្រាប់ដល់សេដ្ឋីធីតា។ នាងឃើញព្រះបច្ចេកសម្ពុទ្ធនោះហើយ ក៏ចុះអំពីយាន ថ្វាយបង្គំដោយគោរព ទទួលបាត្រមក ដាក់ឲ្យពេញដោយខាទនីយភោជនីយាហារដែលដល់ព្រមដោយរសទាំងពួង បិទដោយផ្កាឈូក ធ្វើផ្កាឈូកទុកខាងក្រោមបាត្រ កាន់បាច់ផ្កាឈូកចូលទៅរកព្រះបច្ចេកពុទ្ធ ប្រគេនបាត្រត្រង់ដៃរបស់លោក ថ្វាយបង្គំហើយ  កាន់យកផ្កាឈូក តាំងសេចក្តីប្រាថ្នាថា៖

បពិត្រលោកម្ចាស់ដ៏ចម្រើន ខ្ញុំកើតក្នុងទីណាៗ  សូមឲ្យជាទីស្រឡាញ់ជាទីពេញចិត្តរបស់មហាជនក្នុងទីនោះៗ ដូចផ្កាឈូកនេះចុះ។

កាលតាំងសេចក្តីប្រាថ្នាដូច្នេះហើយ ទើបតាំងសេចក្តីប្រាថ្នាទី២ ថា៖

បពិត្រលោកម្ចាស់ដ៏ចម្រើន ការនៅក្នុងភគ៌ជាទុក្ខ សូមបដិសន្ធិ គប្បីមានក្នុងផ្កាឈូកប៉ុណ្ណោះ មិនគប្បីអាស្រ័យគភ៌ឡើយ

ហើយតាំងសេចក្តីប្រាថ្នាទី៣ ថា៖

បពិត្រលោកម្ចាស់ដ៏ចម្រើន មាតុគ្រាម មហាជនគប្បីរង្កៀស សូម្បីធីតារបស់សេ្តចចក្កពត្តិ ក៏នៅក្នុងអំណាចបុរស ព្រោះហេតុនោះ ខ្ញុំសូមកុំជាស្ត្រី គប្បីបានជាបុរសចុះ។

តាំងសេចក្តីប្រាថ្នាទី៤ ថា៖

បពិត្រលោកម្ចាស់ដ៏ចម្រើន ខ្ញុំគប្បីឈានកន្លងនូវសង្សារទុក្ខនេះ សូមសម្រេចនូវព្រះនិព្វានដែលប្រាសចាកការស្លាប់ ដែលលោកម្ចាស់បានសម្រេចហើយក្នុងទីបំផុតចុះ។

កាលធ្វើសេចក្តីប្រាថ្នា ៤ យ៉ាងនេះហើយ កាន់យកបាច់ផ្កាឈូកនោះ បូជាព្រះបច្ចេកពុទ្ធ បានថ្វាយបង្គំដោយបញ្ចង្គប្រតិស្ឋាន (គឺការតាំងទុកអវយវៈ ៥ គឺក្បាល ១ កែងដៃ ២ ជង្គង់ ២) ហើយធ្វើសេចក្តីប្រាថ្នាទី ៥ ថា៖

សូមឲ្យខ្ញុំមានក្លិននិងពណ៌សម្បុរ ដូចគ្នានឹងផ្កាឈូកនេះចុះ។

លំដាប់នោះ ព្រះបច្ចេកពុទ្ធទទួលបាត្រនិងផ្កាហើយ ឈរក្នុងអាកាស ធ្វើអនុមោទនាដល់សេដ្ឋីធីតាដោយគាថានេះថា៖

ឥច្ឆិតំ បដ្ឋិតំ តុយ្ហំ   ខិប្បមេវ សមិជ្ឈតុ

សព្វេ បូរេន្តុ សង្កប្បា  ចន្ទោ បន្នរសោ យថា។

សូមវត្ថុដែលត្រូវការ វត្ថុដែលប្រាថ្នា ចូរសម្រេចដល់អ្នក ដោយឆាប់រួសរាន់ចុះ សូមការត្រិះរិះទាំងពួង ចូរពេញដូចព្រះចន្ទក្នុងថ្ងៃ ១៥ កើត។

ហើយអធិដ្ឋានថា សូមសេដ្ឋីធីតាឃើញអាត្មាអញដែលកំពុងទៅចុះ ហើយទៅកាន់ញកភ្នំនន្ទមូលកៈ។ បីតិយ៉ាងខ្លាំង កើតហើយដល់សេដ្ឋីធីតា ព្រោះឃើញព្រះបច្ចេកពុទ្ធអង្គនោះ។ អកុសលកម្មដែលធ្វើទុកក្នុងចន្លោះនៃភព ក៏អស់ទៅ ព្រោះមិនមានឱកាស នាងជាអ្នកបរិសុទ្ធដូចភាជនៈមាសដែលខាត់ដោយម្ជូរអម្ពិលដូច្នោះ  ។ មួយរំពេចនោះឯង ជនទាំងអស់ក្នុងត្រកូលស្វាមី និងត្រកូលញាតិទាំងពួង  ក៏ត្រេកអរចំពោះនាង នាំគ្នាគិតថា ពួកយើងនឹងធ្វើអ្វី ហើយបញ្ជូនពាក្យដែលជាទីស្រឡាញ់និងគ្រឿងបណ្ណាការមកឲ្យ។ សេដ្ឋីបុត្តក៏បញ្ជូនមនុស្សទាំងឡាយទៅថា ពួកអ្នក ចូរនាំសេដ្ឋីធីតាមកកាន់ឧទ្យានឲ្យឆាប់ យើងនឹករឭក។ ចាប់តាំងអំពីនោះ ក៏ស្រឡាញ់ថ្និតថ្នមនាងដូចលម្អិតខ្លឹមចន្ទន៍ ដែលលាបត្រង់ទ្រូង ដូចមុក្តាហារដែលសំយុងទុក និងដូចកម្រងផ្កា។ នាងសោយឥស្សរិយសុខនិងភោគសុខដរាបដល់អស់អាយុ ស្លាប់ទៅកើតក្នុងផ្កាឈូកនាទេវលោក ដោយភាពជាបុរស។ ទេវបុត្តនោះ កាលនឹងទៅ ក៏ទៅលើត្របកផ្កាឈូកប៉ុណ្ណោះ កាលនឹងឈរក្តី អង្គុយក្តី ដេកក្តី ក៏ឈរ អង្គុយ ដេកលើត្របកផ្កាឈូកប៉ុណ្ណោះ ទើបទេវតាទាំងឡាយដាក់ឈ្មោះទេវបុត្តនោះថា មហាបទុមទេវបុត្ត។ ទេវបុត្តនោះ អន្ទោលទៅមកក្នុងទេវលោក ៦ ជាន់ប៉ុណ្ណោះ ដោយអានុភាពនោះ ដោយប្រការដូច្នេះ។

សម័យនោះ ព្រះបាទពារាណសីទ្រង់មានស្ត្រី ២០ ពាន់នាក់ ព្រះរាជាទ្រង់មិនបានព្រះរាជឱរសក្នុងផ្ទៃនៃស្រ្តី សូម្បីតែម្នាក់។ អាមាត្យទាំងឡាយក្រាបទូលព្រះរាជាឲ្យទ្រង់ជ្រាបថា បពិត្រព្រះសម្មតិទេព សូម ទ្រង់ប្រាថ្នាព្រះរាជឱរសដែលគប្បីបន្តរាជវង្ស កាលមិនមានព្រះរាជឱរសដែលកើតអំពីព្រះអង្គ សូម្បីព្រះរាជឱរសដែលកើតក្នុងខេត្ត ក៏អាចបន្តរាជវង្សបាន។ ព្រះរាជាទ្រង់ឲ្យស្រីស្នំទាំងឡាយ ប្រព្រឹត្តជាមួយបុរសដទៃ បានតាមគាប់ចិត្តថា វៀរអគ្គមហេសី ពួកនាងដ៏សេស ចូរធ្វើជាស្រ្តីរបាំដោយធម៌អស់ ៧ ថ្ងៃ។ សូម្បីយ៉ាងនោះ ក៏មិនបានព្រះរាជបុត្ត អាមាត្យទាំងឡាយក្រាបទូលទៀតថា បពិត្រមហារាជ ធម្មតាព្រះមហេសីមានបុណ្យ និងមានបញ្ញាប្រសើរជាងស្រ្តីទាំងពួង បើដូច្នោះ ទ្រង់គប្បីបានព្រះរាជឱរសក្នុងភគ៌របស់ព្រះមហេសីនោះ។ ព្រះរាជាត្រាស់ប្រាប់សេចក្តីនោះ ដល់មហេសី។ ព្រះនាងក្រាបទូលថា ពិតហើយ មហារាជ ស្រ្តីណា មានប្រក្រតីពោលពាក្យពិត រក្សាសីល ស្រ្តីនោះ គប្បីបានបុត្ត ស្ត្រីដែលវៀរចាកហិរិនិងឱត្តប្បៈហើយ បុត្តនឹងមានអំពីណា។ ព្រះនាង ឡើងកាន់ប្រាសាទ សមាទានសីល ៥ ជម្រះសីលឲ្យបរិសុទ្ធរឿយៗ។ កាលព្រះរាជធីតាអ្នកមានសីល ជម្រះសីល ៥ ឲ្យបរិសុទ្ធហើយ គ្រាន់តែមានព្រះហឫទ័យប្រាថ្នាឲ្យព្រះរាជឱរសកើតឡើង អាសនៈរបស់សក្កទេវរាជ ក៏កម្រើកញាប់ញ័រ។

លំដាប់នោះ សក្កទេវរាជទ្រង់ពិចារណា ជ្រាបសេចក្តីនោះ ទ្រង់ព្រះតម្រិះថា អញនឹងឲ្យពរគឺបុត្ត ដល់ព្រះរាជធីតាអ្នកមានសីល ដូច្នេះ ហើយ មកតាមអាកាស ប្រថាប់ឈរត្រង់ព្រះភក្រ្តរបស់ព្រះទេវី ហើយត្រាស់ថា នែព្រះទេវី ព្រះនាងប្រាថ្នាអ្វី ។

ព្រះទេវីក្រាបទូលថា បពិត្រមហារាជ ខ្ញុំម្ចាស់ប្រាថ្នាបុត្ត។

សក្កទេវរាជត្រាស់ថា ព្រះទេវី យើងនឹងឲ្យបុត្តដល់ព្រះនាង សូមព្រះនាងកុំគិតឡើយ ហើយយាងទៅកាន់ទេវលោកវិញ ពិចារណាថា ក្នុងទេវលោក ទេវបុត្តដែលអស់អាយុមានឬហ្ន៎ ទ្រង់ជ្រាបថា មហាបទុមទេវបុត្តនេះ ចុតិចាកទេវលោកនេះ ដើម្បីកើតក្នុងទេវលោកជាន់លើ ទ្រង់យាងទៅកាន់វិមានរបស់មហាបទុមទេវបុត្តនោះ ត្រាស់សូមថា នែបាមហាបទុម ចូរបាទៅកាន់មនុស្សលោក។  

ទេវបុត្តនោះក្រាបទូលថា បពិត្រមហារាជ ទ្រង់កុំត្រាស់យ៉ាងនេះឡើយ មនុស្សលោកគួរឲ្យខ្ពើម។ សក្កទេវរាជត្រាស់ថា នែបា អ្នកធ្វើបុណ្យទុកក្នុងមនុស្សលោកហើយ ទើបកើតក្នុងទេវលោកនេះ អ្នកនៅក្នុងមនុស្សលោកប៉ុណ្ណោះ ទើបបំពេញបារមីទាំងឡាយឲ្យពេញបរិបូណ៌បាន នែបា ចូរទៅចុះ។

មហាបទុមទេវបុត្តពោលថា បពិត្រមហារាជ  ការនៅក្នុងគភ៌ជាទុក្ខ ទូលព្រះបង្គំមិនអាចនៅក្នុងភគ៌នោះ។

សក្កទេវរាជត្រាស់ថា ម្នាលអ្នកដ៏ចម្រើន ការនៅក្នុងផ្ទៃនៃមាតារបស់អ្នក មិនមានទេ ដ្បិតថា អ្នកបានធ្វើកម្មដោយប្រការដែលខ្លួននឹងកើតក្នុងគភ៌ (ត្របក) ផ្កាឈូកប៉ុណ្ណោះ ទៅចុះបា។ ទេវបុត្តនោះ កាលត្រូវសក្កទេវរាជត្រាស់រឿយ ៗ ក៏ព្រមទទួលពាក្យអារាធនា។

លំដាប់នោះ មហាបទុមទេវបុត្តឃ្លាតចាកទេវលោក កើតក្នុងផ្កាឈូក ក្នុងស្រះបោក្ខរណី ដែលដេរដាសដោយផ្ទាំងសិលា ក្នុងព្រះរាជឧទ្យានរបស់ព្រះបាទពារាណសី។ ក្នុងរាត្រីនោះ ព្រះមហេសីព្រះនាងព្រះសុបិនក្នុងសម័យទៀបភ្លឺថា ហាក់បីដូចមានស្រ្តី ២ ម៉ឺននាក់ ចោមរោមព្រះនាង យាងទៅកាន់ព្រះរាជឧទ្យាន ហើយបានព្រះឱរសក្នុងផ្កាឈូកនាស្រះបោក្ខរណីដែលដេរដាសដោយផ្ទាំងសិលា។ ព្រះនាងទ្រង់រក្សាសីលក្នុងរាត្រី វេលាទៀបភ្លឺ យាងទៅកាន់ព្រះរាជឧទ្យាននោះ ឃើញផ្កាឈូកមួយ ផ្កាឈូកនោះ នៅមិនឆ្ងាយអំពីច្រាំង ក្នុងទឹកមិនជ្រៅ ដំណាលគ្នានឹងការឃើញនោះឯង សេចក្តីស្រឡាញ់ដូចបុត្ត ក៏កើតឡើងក្នុងផ្កាឈូកនោះ។ ព្រះនាងយាងចូលទៅតាមទំនើងព្រះអង្គឯង ចាប់ផ្កាឈូកនោះ គ្រាន់តែព្រះនាងពាល់ត្រូវប៉ុណ្ណោះ ត្របកផ្កាឈូកទាំងឡាយក៏រីក។ ព្រះនាងទតឃើញទារកដូចបដិមាមាស នៅក្នុងផ្កាឈូកនោះ កាលព្រះនាងទតឃើញហើយ ក៏បន្លឺព្រះសូរសៀងថា យើងបានបុត្តហើយ ។ មហាជនក៏បន្លឺសាធុការរាប់ពាន់។ ព្រះនាងក៏បញ្ជូនដំណឹងទៅថ្វាយព្រះរាជា។ ព្រះរាជាទ្រង់ស្ដាប់ហើយត្រាស់សួរថា បានបុត្តក្នុងទីណា។ កាលទ្រង់បានស្ដាប់រឿងដែលបានបុត្តហើយ ទើបត្រាស់ថា ក្នុងឧទ្យាន និងក្នុងផ្កាឈូក នាស្រះបោក្ខរណី ដែលជាខេត្តរបស់យើង ព្រោះហេតុនោះ បុត្តនេះ ឈ្មោះថា បុត្តកើតក្នុងខេត្ត ព្រោះកើតក្នុងខេត្តរបស់យើង។ ទ្រង់ត្រាស់ឲ្យយាងចូលកាន់ព្រះនគរ ឲ្យស្រ្តី ២ ម៉ឺននាក់ ធ្វើនាទីជាមេដោះ។ ស្រ្តីណាមួយដឹងថា ព្រះរាជកុមារគាប់ចិត្តវត្ថុណា ឲ្យព្រះរាជកុមារសោយរបស់ទំពាដែលទ្រង់ចង់សោយ ស្រ្តីនោះ នឹងបានទ្រព្យ ១ ពាន់។ អ្នកក្រុងពារាណសីទាំងមូល រំជើបរំជួល ជនទាំងពួងបញ្ជូនបណ្ណាការរាប់ពាន់ទៅថ្វាយព្រះរាជកុមារ។ ព្រះរាជកុមារដែលមហាជននាំវត្ថុនោះ ៗ មកទូលថា សូមទ្រង់ទំពារបស់នេះ សូមទ្រង់សោយរបស់នេះ ក៏ធុញទ្រាន់ក្នុងភោជន យាងទៅកាន់ខ្លោងទ្វារ លេងដុំល័ក្ត។

ក្នុងកាលនោះ ព្រះបច្ចេកពុទ្ធមួយអង្គ អាស្រ័យនគរពារាណសី នៅត្រង់ព្រៃឥសិបតនៈ ក្រោកឡើងតាមកាល ធ្វើកិច្ចទាំងពួង មានសេនាសនវត្ត បរិកម្មរាងកាយនិងមនសិការជាដើម ចេញអំពីទីពួនសម្ងំ គិតថា ថ្ងៃនេះ នឹងទទួលភិក្ខាក្នុងទីណា ឃើញសម្បតិ្តរបស់ព្រះរាជកុមារនោះហើយ ពិចារណាថា ក្នុងកាលមុន ព្រះរាជកុមារនេះ ទ្រង់ធ្វើកម្មអ្វី ដឹងថា ព្រះរាជកុមារនេះ បានប្រគេនបិណ្ឌបាតដល់ព្រះបច្ចេកពុទ្ធដូចអាត្មាអញ ហើយតាំងសេចក្តីប្រាថ្នា ៤ ប្រការ ក្នុងសេចក្ដីប្រាថ្នា ៤ ប្រការនោះ ៣ ប្រការសម្រេចហើយ មួយប្រការនៅមិនទាន់សម្រេច អាត្មាអញនឹងឲ្យអារម្មណ៍ដោយឧបាយដល់កុមារនោះ ដូច្នេះហើយ ទៅកាន់សម្នាក់របស់ព្រះរាជកុមារដោយភិក្ខាចារ។ ព្រះរាជកុមារឃើញព្រះបច្ចេកពុទ្ធនោះហើយ ត្រាស់ថា បពិត្រសមណៈ លោកម្ចាស់កុំនិមន្តមកក្នុងទីនេះ  ពិតមែន មនុស្សទាំងនោះ គប្បីពោលនឹងលោកម្ចាស់ថា ចូរទំពារបស់នេះ ចូរឆាន់របស់នេះ។ ព្រះបច្ចេកពុទ្ធនោះ ក៏ត្រឡប់អំពីទីនោះ ដោយពាក្យត្រឹមតែមួយម៉ាត់ប៉ុណ្ណោះ ហើយចូលទៅកាន់សេនាសនៈរបស់ខ្លួន។ ឯព្រះរាជកុមារត្រាស់នឹងបរិជនថា សមណៈនេះ គ្រាន់តែយើងហាមាត់ពោល ក៏ត្រឡប់ទៅវិញ លោកក្រោធនឹងយើងឬ។

ពួកបរិជនទាំងនោះ ក្រាបទូលថា បពិត្រព្រះសម្មតិទេព ធម្មតាបព្វជិតទាំងឡាយ មិនមែនជាអ្នកនាំមុខដោយសេចក្តីក្រោធ រមែងជាអ្នកនៅដោយបច្ច័យដែលអ្នកដទៃឲ្យដោយចិត្តជ្រះថ្លា។ ព្រះរាជកុមារទ្រង់ព្រះតម្រិះថា សមណៈនេះ គង់ជាអ្នកខឹងនឹងអញហើយ អញនឹងសូមឲ្យលោកអត់ទោស ទើបក្រាបទូលសេចក្ដីនោះ ដល់ព្រះមាតា និងព្រះបិតា ហើយឡើងដំរី យាងទៅកាន់ព្រៃឥសិបតនៈ ដោយអានុភាពរបស់ព្រះរាជាដ៏ធំ កាលទតឃើញហ្វូងម្រឹគ ទើបត្រាស់សួរថា សត្វនេះឈ្មោះអ្វី។ បរិជនក្រាបទូលថា បពិត្រព្រះអង្គ នុ៎ះឈ្មោះថា ម្រឹគ។

ព្រះរាជកុមារត្រាស់សួរថា ម្រឹគទាំងនោះ មានគេបដិបត្តិដោយពោលថា ចូរទំពារបស់នេះ ចូរស៊ីរបស់នេះ ចូរលិឍភ្លក្សរបស់នេះ (ដែរឬទេ)។ បរិជនក្រាបទូលថា មិនមានទេ ព្រះអង្គ ទីណាមានស្មៅ និងទឹករកបានងាយ ម្រឹគទាំងឡាយក៏នៅក្នុងទីនោះ។

ព្រះរាជកុមារទ្រង់ព្រះតម្រិះថា ម្រឹគទាំងនេះ កាលមិនមានអ្នករក្សា បើប្រាថ្នាក្នុងទីណា រមែងនៅក្នុងទីនោះ ក្នុងកាលណាហ្ន៎ អាត្មាអញគប្បីរស់នៅយ៉ាងនោះ ហើយទ្រង់កាន់យកម្រឹគនោះ ជាអារម្មណ៍។ ចំណែកព្រះបច្ចេកពុទ្ធ ជ្រាបការយាងមករបស់ព្រះរាជកុមារនោះហើយ បោសផ្លូវសម្រាប់ដើរទៅកាន់សេនាសនៈនិងទីចង្រ្កម ធ្វើឲ្យរលីង ហើយ ដើរចង្រ្កមមួយ ពីរ បី ជំហាន រួចបង្ហាញស្នាមជើង បោសឱកាស (កន្លែង) ដែលជាលំនៅក្នុងពេលថ្ងៃនិងបណ្ណសាលា ធ្វើឲ្យរលីង បង្ហាញស្នាមជើងចូលទៅ តែមិនបង្ហាញស្នាមជើងចេញមក ហើយទៅក្នុងទីដទៃ។ ព្រះរាជកុមារយាងទៅក្នុងទីនោះ ទ្រង់ឃើញប្រទេសនោះ ដែលបោសស្អាតហើយ ទ្រង់ស្តាប់ពាក្យដែលបរិជន ក្រាបទូលហើយថា ប្រហែលព្រះបច្ចេកពុទ្ធនោះនៅក្នុងទីនេះ ទើបត្រាស់ថា សមណៈនោះ ក្រោធអំពីព្រឹក ឥឡូវនេះ បើឃើញដំរីនិងសេះជាដើម ជាន់ក្នុងឱកាសរបស់ខ្លួនដែលបោសហើយ ក៏គប្បីក្រោធក្រៃលែង ពួកអ្នក ចូរឈរក្នុងទីនេះប៉ុណ្ណោះ ដូច្នេះហើយ ចុះអំពីដំរីមួយអង្គឯងប៉ុណ្ណោះ យាងទៅកាន់សេនាសនៈ ទតឃើញស្នាមជើងក្នុងឱកាស ដែលបោសល្អហើយតាមវត្ត (កិច្ចវត្ត) ជាធំ មានព្រះហឫទ័យជ្រះថ្លាថា សមណៈនេះ ចង្រ្កមនៅក្នុងទីនេះ គង់មិនគិតដល់ការជួញដូរជាដើម ប្រហែលជាគិតដល់ប្រយោជន៍របស់ខ្លួនប៉ុណ្ណោះ ដោយពិត ទើបទ្រង់ឡើងកាន់ទីចង្រ្កម  កម្ចាត់វិតក្កៈដ៏ក្រាស់ឲ្យឃ្លាតឆ្ងាយ យាងទៅប្រថាប់គង់លើផ្ទាំងថ្ម មានអារម្មណ៍តែមួយ ហើយចូលកាន់បណ្ណសាលា ទ្រង់ចម្រើនវិបស្សនា សម្រេចបច្ចេកពោធិញ្ញាណ កាលបុរោហិតទូលសួរដល់កម្មដ្ឋានដោយន័យមុននោះឯង ប្រថាប់គង់ក្នុងអាកាស ត្រាស់ព្រះគាថានេះថា

មិគោ អរញ្ញម្ហិ យថា អពន្ធោ [អដ្ឋកថា ច្បាប់ឆដ្ឋសង្គាយនា ជា  អពទ្ធោ។]

យេនិច្ឆកំ គច្ឆតិ គោចរាយ [អដ្ឋកថា ច្បាប់ឆដ្ឋសង្គាយនា ជា យេនិច្ឆកំ គច្ឆតិ វោចរាយ។]

វិញ្ញូ នរោ សេរិតំ បេក្ខមានោ

ឯកោ ចរេ ខគ្គវិសាណកប្បោ។

ម្រឹគក្នុងព្រៃ (ជាសត្វ) មិនជាប់ចំណង ដើរទៅរកចំណីតាមចំណង់ចិត្តបាន យ៉ាងណា វិញ្ញូជន កាលបើប្រាថ្នាសេរីភាព (យ៉ាងនោះ) គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។

បណ្ដាបទទាំងនោះ បទថា មិគោ បានដល់ ម្រឹគ ២ ប្រភេទ គឺ ឯណីមិគោ ម្រឹគទ្រាយ ១ បសទមិគោ ម្រឹគមានរោមដ៏វិចិត្រ ឬម្រឹគដ៏វិចិត្រ (សត្វក្ដាន់) ១។ ម្យ៉ាងទៀត ពាក្យថា មិគោ នេះ ជាឈ្មោះរបស់សត្វចតុប្បាទដែលនៅក្នុងព្រៃគ្រប់ប្រភេទ។ តែក្នុងទីនេះ អាចារ្យពួកមួយ បំណងយកក្ដាន់។ បទថា អរញ្ញម្ហិ សេចក្ដីថា វៀរស្រុក និងឧបចារៈរបស់ស្រុក ក្រៅអំពីនោះ ចាត់ជាព្រៃ តែក្នុងទីនេះ បំណងយកឧទ្យាន ព្រោះហេតុនោះ ទើបមានន័យថា ក្នុងឧទ្យាន។ សព្ទថា យថា ប្រើក្នុងអត្ថប្រៀបធៀប។ បទថា អពទ្ធោ ប្រែថា មិនត្រូវចងដោយចំណង គឺខ្សែជាដើម ។ ដោយពាក្យនេះ លោកសម្ដែងនូវការត្រាច់ទៅដែលត្រូវជឿទុកចិត្ត គឺការត្រាច់ទៅដោយឥតមានភ័យ។ បទថា យេនិច្ឆកំ គច្ឆតិ វោចរាយ សេចក្ដីថា ទៅរកចំណីដោយចំណែកនៃទិសដែលខ្លួនប្រាថ្នាចង់ទៅ។

សមដូចពាក្យដែលព្រះមានព្រះភាគត្រាស់ទុកថា៖

ម្នាលភិក្ខុទាំងឡាយ ម្រឹគព្រៃ កាលត្រាច់ទៅក្នុងព្រៃរបោះព្រៃស្បាត រមែងដើរទៅឥតរង្កៀស ឈប់ឥតរង្កៀស អង្គុយ ឥតរង្កៀស សម្រេចការដេកឥតរង្កៀស ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ម្រឹគនោះ នៅក្នុងទីមិនមែនជាគន្លងរបស់ព្រាន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកធម៌ទាំងឡាយ ជាអកុសលហើយ ចូលបឋមជ្ឈាន ប្រកបដោយវិតក្កៈនិងវិចារៈ មានបីតិនិងសុខដែលកើតអំពីវិវេក ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតពោលថា បានធ្វើមារឲ្យងងឹត សម្លាប់មារមិនឲ្យមានដានជើង ដល់នូវការមិនចួបប្រទះដោយភ្នែកមារ របស់មារលាមក [បិ.៦៨ ទំ.២២៦ ឃ.២៤៨ ។]។

បទថា សេរិតំ បានដល់ ការប្រព្រឹត្ដ ការពេញចិត្ដ ឬមិនទាក់ទងដោយអ្នកដទៃ លោកអធិប្បាយថា ម្រឹគមិនត្រូវចងទុកក្នុងព្រៃ រមែងទៅរកចំណីតាមប្រាថ្នា យ៉ាងណា កាលណាហ្ន៎ អាត្មាអញគប្បីកាត់ចំណង គឺតណ្ហា ត្រាច់ទៅ យ៉ាងនោះ ហេតុនោះ វិញ្ញូជន គឺបុគ្គលដែលជាបណ្ឌិត ប្រាថ្នាសេរីភាព គប្បីត្រាច់ទៅតែម្នាក់ឯង ដូច្នោះ។

មិគោអរញ្ញគាថាទី ៥ ចប់។

សូមអនុមោទនា !!!


☸️បច្ចេកពុទ្ធសំយុត្តកថា វគ្គ១

🔸👉លំនាំដើម

🔸👉បឋមគាថា ទី១

🔸👉សំសគ្គ​គាថា ទី២

🔸👉មិត្តសុហជ្ជគាថា ទី៣

🔸👉វំសក្កឡីរគាថា ទី៤

🔸👉មិគោអរញ្ញគាថា ទី៥

🔸អាមន្តនាគាថា ទី៦

🔸ខិឌ្ឌារតិគាថា ទី៧

🔸ចាតុទ្ទិសគាថា ទី៨

🔸ទុស្សង្គហគាថា ទី៩

🔸កោវិឡារគាថា ទី១០

☸️បច្ចេកពុទ្ធសំយុត្តកថា វគ្គ២

🔸សហាយគាថា ទី១-២

🔸អទ្ធាបសំសាគាថា ទី៣

🔸សុវណ្ណវលយគាថា ទី៤

🔸អាយតិភយគាថា ទី៥

🔸កាម​គាថា ទី៦

🔸ឦតិគាថា ទី៧

🔸សីតាលុកគាថា ទី៨

🔸នាគគាថា ទី៩

🔸អដ្ឋានគាថា ទី១០

🔸🔸❁🙏❁🔸🔸


ប្រភព-Source: ឈូកក្រហម

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).