លំនាំដើម
ព្រះបច្ចេកពុទ្ធ គឺជាអ្នកសន្សំបារមីគ្រប់យ៉ាង មានទានបារមីជាដើម ហើយត្រាស់ដឹងឯង ដោយពុំចាំបាច់ស្ដាប់អំពីអ្នកដទៃឡើយ។ បណ្ដាសត្វដែលស្វែងរកគុណធំទាំងឡាយ មានអគ្គសាវ័កជាដើម បើមិនបានស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធទេ មិនអាចត្រាស់ដឹងឯងបានឡើយ។ ពួកសត្វទាំងនោះ អាស្រ័យព្រះសម្មាសម្ពុទ្ធប៉ុណ្ណោះ ទើបត្រាស់ដឹងបាន បើកប្បទទេចាកព្រះសម្មាសម្ពុទ្ធទាំងឡាយ មួយអសង្ខេយ្យកប្បក្ដី ពីរអសង្ខេយ្យកប្បក្ដី បីអសង្ខេយ្យកប្បក្ដី សត្វទាំងនោះ ក៏អន្ទោលវិលវល់ ស្លាប់កើត រង់ចាំការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធប៉ុណ្ណោះ ទើបឆ្លងវដ្ដសង្សារបាន។ ព្រះបច្ចេកពុទ្ធ ថ្វីដ្បិតតែលោកមានសេចក្ដីខ្វល់ខ្វាយតិចក្នុងការសម្ដែងធម៌ ឬធម៌ដែលលោកសម្ដែងហើយ មិនអាចឲ្យសត្វដែលស្ដាប់ ត្រាស់ដឹងបានក៏ដោយ តែគង់បានជាឧបនិស្ស័យនៃការត្រាស់ដឹងក្នុងអនាគត ឬបើសត្វណា មានឧបនិស្ស័យសមគួរត្រាស់ដឹងជាព្រះបច្ចេកពុទ្ធ លោកក៏ទូន្មានប្រៀនប្រដៅ ឲ្យនូវនិមិត្តផ្សេង ៗ ដឹកនាំសត្វនោះ ឲ្យចេញចាកផ្ទះ បួសហើយត្រាស់ដឹងជាព្រះបច្ចេកពុទ្ធតែម្តង។ បើសត្វណាមិនអាចត្រាស់ដឹងជាព្រះបច្ចេកពុទ្ធដូចលោកបាន លោកតែងអប់រំសត្វទាំងនោះថា អ្នកទាំងឡាយ ចូរធ្វើទានយ៉ាងនេះ ចូររក្សាសីលយ៉ាងនេះ ចូរគោរពមាតាបិតា ត្រកូលរៀមច្បង សមណព្រាហ្មណ៍យ៉ាងនេះ ឲ្យអប់រំបន្ទុំនិស្ស័យក្នុងកុសលធម៌តទៅ បើសត្វណាមានឧបនិស្ស័យសមគួរបាននូវលោកិយសម្បត្តិ លោកតែងនិមន្តទៅបិណ្ឌបាត ដើម្បីឲ្យសត្វនោះ បានដាក់បាត្រ ហើយសម្រេចបុណ្យធំក្នុងបច្ចុប្បន្ន ជាស្ដេច ជាសេដ្ឋី ក្នុងបច្ចុប្បន្នទាន់ភ្នែក មិនយឺតយូរឡើយ។
ទ្វីបលោកយើងនេះ សម័យណា យុគណា មិនមានព្រះសម្មាសម្ពុទ្ធត្រាស់ដឹងឡើងក្នុងលោក ពួកឥសីដែលជាកម្មវាទីទាំងឡាយ ជាអ្នកទូន្មានប្រៀនប្រដៅសត្វលោក បើមានព្រះពោធិសត្វ (សត្វដែលប្រាថ្នាត្រាស់ដឹងជាព្រះពុទ្ធ) ព្រះពោធិសត្វនោះ ក៏ជាអ្នកទូន្មានប្រៀនប្រដៅ ដឹកនាំឲ្យប្រព្រឹត្តនូវសីលាចារវត្ត ឲ្យស្គាល់បុណ្យ ស្គាល់បាបផ្សេង ៗ បើមានស្ដេចចក្កពត្តិ ក៏ជាតួនាទីរបស់ស្ដេចចក្កពត្តិ ដែលដឹកនាំសត្វឲ្យតាំងនៅក្នុងសីល ៥ ជាដើម បើមានព្រះបច្ចេកពុទ្ធ ក៏ជាតួនាទីរបស់ព្រះបច្ចេកពុទ្ធទាំងឡាយ។ បើពោលដោយការធ្វើទាន ក្នុងទក្ខិណាវិភង្គសូត្រ ព្រះមានព្រះភាគបានត្រាស់ទុកថាៈ
ម្នាលអានន្ទ បណ្ដាបុគ្គលអ្នកទទួលទានទាំងនោះ ទក្ខិណាមានគុណមួយរយ ដែលបុគ្គលត្រូវបាន ព្រោះឲ្យទានចំពោះសត្វតិរច្ឆាន។ ទក្ខិណាមានគុណមួយពាន់ ដែលបុគ្គលត្រូវបាន ព្រោះឲ្យទានចំពោះបុថុជ្ជនទ្រុស្ដសីល។ ទក្ខិណាមានគុណមួយសែន ដែលបុគ្គលត្រូវបាន ព្រោះឲ្យទានចំពោះបុថុជ្ជនមានសីល។ ទក្ខិណាមានគុណមួយសែនកោដិ ដែលបុគ្គលត្រូវបាន ព្រោះឲ្យទានចំពោះអ្នកបួសខាងក្រៅ ដែលប្រាសចាកតម្រេកក្នុងកាមទាំងឡាយ។ ទក្ខិណាមានគុណរាប់មិនបាន ប្រមាណមិនកើត ដែលបុគ្គលត្រូវបាន ព្រោះឲ្យទានចំពោះបុគ្គលដែលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល។ នឹងបាច់និយាយទៅថ្វី (ដល់ទក្ខិណាដែលបុគ្គលឲ្យ) ចំពោះសោតាបន្នបុគ្គល នឹងនិយាយទៅថ្វី ចំពោះបុគ្គលដែលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល នឹងនិយាយទៅថ្វី ចំពោះសកទាគាមិបុគ្គល នឹងនិយាយទៅថ្វី ចំពោះបុគ្គល ដែលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល នឹងនិយាយទៅថ្វី ចំពោះអនាគាមិបុគ្គល នឹងនិយាយទៅថ្វី ចំពោះបុគ្គលដែលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្តផល នឹងនិយាយទៅថ្វី ចំពោះព្រះអរហន្តជាសាវ័ករបស់តថាគត នឹងនិយាយទៅថ្វី ចំពោះព្រះបច្ចេកសម្ពុទ្ធ នឹងនិយាយទៅថ្វី ចំពោះព្រះតថាគត ជាអរហន្ដ សម្មាសម្ពុទ្ធ [បិដកខ្មែរលេខ ២៨ ទំព័រលេខ ២២៣-២២៤ ឃ្នាបលេខ ១៨៦។] ដូច្នេះ។
ក្នុងលោកនេះ វៀរព្រះបច្ចេកពុទ្ធផងគ្នា និងព្រះសម្មាសម្ពុទ្ធចេញហើយ ពុំមានបុគ្គលណាអាចប្រៀបនូវគុណ ឬពណ៌នានូវគុណរបស់ព្រះបច្ចេកពុទ្ធឲ្យអស់ទៅបានឡើយ ព្រោះហេតុនោះ ទើបព្រះសាស្ដាត្រាស់ថាៈ
សព្វម្ហិ លោកម្ហិ មមំ ឋបេត្វា បច្ចេកពុទ្ធាន សមោវ នត្ថិ
ក្នុងលោកទាំងមូល វៀរលែងតែតថាគតចេញ មិនមានបុគ្គលណា ស្មើនឹងព្រះបច្ចេកពុទ្ធឡើយ [បិ.៧២ ទំ.១៧ ឃ.២។]។
ព្រះបច្ចេកពុទ្ធទាំងឡាយ លោកបំពេញបារមី ១០ អស់ ២ អសង្ខេយ្យ និង ១ សែនកប្ប ទើបត្រាស់ដឹងបាន បើមិនប្រព្រឹត្តទៅអស់កាលប៉ុណ្ណេះ សូម្បីធ្វើទានជាដើម ឲ្យហូរដូចស្ទឹងរាល់ ៗ ថ្ងៃ ដូចគ្នានឹងទានរបស់ព្រះបាទវេស្សន្តរ ឬវេលាមព្រាហ្មណ៍ជាដើម ក៏មិនអាចត្រាស់ដឹងបានក្នុងចន្លោះមុននេះឡើយ ។ បុគ្គល កាលប្រាថ្នាភាពជាព្រះបច្ចេកពុទ្ធ ត្រូវប្រកបដោយសមោធានធម៌ ៥ គឺៈ
- មនុស្សត្តំ មានអត្តភាពជាមនុស្ស ១
- លិង្គសម្បត្តិ មានភេទជាបុរស ១
- វិគតាសវទស្សនំ បានចួបបុគ្គលអស់អាសវៈ ១
- អធិការោ បានធ្វើកុសល គឺហ៊ានលះបង់ជីវិត ១
- ឆន្ទតា មានសេចក្ដីពេញចិត្តក្នុងបច្ចេកពោធិញ្ញាណ ១។
ពិតហើយ បច្ចេកពោធិញ្ញាណនោះ លុះត្រាតែប្រាថ្នាក្នុងកំណើតជាមនុស្សប៉ុណ្ណោះ ទើបសម្រេចបាន បើតាំងនៅក្នុងកំណើតដទៃ មានកំណើតសត្វតិរច្ឆាន ឬទេវតាជាដើម សូម្បីប្រាថ្នា ក៏មិនសម្រេចឡើយ មិនតែប៉ុណ្ណោះ សូម្បីបានអត្តភាពជាមនុស្ស មិនមែនជាបុរស គឺជាខ្ទើយក្តី ជាឧភតោព្យញ្ជនកៈក្តី ជាស្រីក្តី សេចក្តីប្រាថ្នាក៏មិនសម្រេចដែរ មិនតែប៉ុណ្ណោះ សូម្បីជាបុរសហើយ តែមិនបានធ្វើកុសល ហើយប្រាថ្នាក្នុងទីចំពោះមុខបុគ្គលដែលអស់កិលេស មានព្រះអរហន្តជាដើម សេចក្តីប្រាថ្នានោះ ក៏មិនបានសម្រេច មិនតែប៉ុណ្ណោះ ការបំពេញកុសលចំពោះមុខបុគ្គលដែលអស់អាសវៈនោះ ត្រូវតែជាកុសលឧក្រិដ្ឋ សូម្បីជីវិត ក៏ហ៊ានលះបង់ ទើបសេចក្តីប្រាថ្នានោះ សម្រេចបាន។ មិនតែប៉ុណ្ណោះ ព្រះបច្ចេកពោធិសត្វនោះ ត្រូវមានឆន្ទៈខ្លាំងក្លាបំផុត ទើបការប្រាថ្នាសម្រេចបាន។ ក្នុងរឿងឆន្ទៈនោះ មានឧបមា ៤ យ៉ាងដូច្នេះថា បើមានបុរសណាម្នាក់ស្រែកប្រកាសថា អ្នកណាដើរឆ្លងចក្កវាឡនេះ ដែលពេញដោយរងើកភ្លើងបាន ឬថា បើបុគ្គលណាអាចដើរកាត់ចក្កវាឡដែលពេញដោយលំពែង ឬចម្រូង ឬថា បុគ្គលណាហែលឆ្លងផ្ទៃចក្កវាឡដែលពេញដោយទឹកបាន ឬថា បើបុគ្គលណាដើរឆ្លងផ្ទៃចក្កវាឡដែលពេញដោយគុម្ពឫស្សីបាន បុគ្គលនោះ នឹងបានជាព្រះបច្ចេកពុទ្ធ បុគ្គលណាឆ្លើយដោយរហ័សថា ខ្ញុំ ខ្ញុំ ដូច្នេះ បុគ្គលនោះ ឈ្មោះថា មានឆន្ទៈបរិបូណ៌។ ធម៌ ៥ នេះ មកប្រជុំគ្នាព្រមក្នុងកាលណា ការប្រាថ្នារបស់សត្វនោះ នឹងសម្រេចបាន។
ព្រះបច្ចេកពោធិសត្វទាំងឡាយ កាលដល់ព្រមដោយសមោធានធម៌ ៥ ប្រការនេះហើយ លោកតែងប្រកបដោយអធ្យាស្រ័យ ៦ ប្រការ គឺៈ
- នេក្ខម្មជ្ឈាសយោ អធ្យាស្រ័យក្នុងការចេញបួស ១
- បវិវេកជ្ឈាសយោ អធ្យាស្រ័យក្នុងទីស្ងាត់ ១
- អលោភជ្ឈាសយោ អធ្យាស្រ័យក្នុងការមិនចង់បាន ១
- អទោសជ្ឈាសយោ អធ្យាស្រ័យក្នុងការមិនខឹងក្រោធ ១
- អមោហជ្ឈាសយោ អធ្យាស្រ័យក្នុងការមិនវង្វេង ១
- និស្សរណជ្ឈាសយោ អធ្យាស្រ័យក្នុងការរលាស់ខ្លួនចេញចាកវដ្ដៈ ១។
អធ្យាស្រ័យ ៦ ប្រការនេះឯង ជាគ្រឿងបន្ទុំបញ្ញារបស់ព្រះបច្ចេកពោធិសត្វទាំងឡាយ ឲ្យដល់ត្រើយនៃសង្សារទុក្ខ ក្នុងរយៈពេលមិនក្រោម ២ អសង្ខេយ្យ និង ១ សែនកប្បឡើយ។ ព្រះបច្ចេកពោធិសត្វ កាលត្រាស់ដឹង តែងត្រាស់ដឹងក្នុងត្រកូល ៣ គឺត្រកូលក្សត្រ ត្រកូលព្រាហ្មណ៍ ត្រកូលគហបតី ត្រកូលណាមួយ។
តទៅនេះ សូមស្តាប់គុណកថារបស់ព្រះបច្ចេកពោធិសត្វទាំងឡាយដែលព្រះមានព្រះភាគ ទ្រង់ត្រាស់សម្ដែងហើយនឹងព្រះនតង្គវេទេហមុនីគឺព្រះអានន្ទដូចតទៅនេះថាៈ
តថាគតំ ជេតវនេ វសន្តំ អបុច្ឆិ វេទេហមុនី នតង្គោ
បច្ចេកពុទ្ធា កិរ នាម ហោន្តិ ភវន្តិ តេ ហេតូហិ កេហិ ធីរា។
នតង្គៈជាអ្នកប្រាជ្ញ ជាបុត្តនៃនាងទេវី ក្នុងដែនវេទេហៈ បានសួរព្រះតថាគត កាលគង់នៅក្នុងវត្តជេតពនថា ឮថា ព្រះបច្ចេកពុទ្ធទាំងឡាយ រមែងមាន តើព្រះបច្ចេកពុទ្ធជាអ្នកប្រាជ្ញទាំងនោះ រមែងកើតឡើងដោយហេតុដូចម្ដេចខ្លះ។
តទាហ សព្វញ្ញុវរោ មហេសី អានន្ទភទ្ទំ មធុរស្សរេន
យេ សព្វពុទ្ធេសុ កតាធិការា អលទ្ធមោក្ខា ជិនសាសនេសុ។
គ្រានោះ ព្រះសព្វញ្ញុពុទ្ធដ៏ប្រសើរ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ទ្រង់បែរទៅត្រាស់នឹងព្រះអានន្ទដ៏ចម្រើន ដោយព្រះសូរសៀងដ៏ពីរោះថា ពួកជនណា មានការកសាងបានធ្វើទុកហើយ ក្នុងសម្នាក់នៃព្រះពុទ្ធទាំងពួង តែមិនទាន់បានមោក្ខធម៌ ក្នុងសាសនានៃព្រះជិនស្រីទេ។
តេនេវ សំវេគមុខេន ធីរា វិនាបិ ពុទ្ធេហិ សុតិក្ខបញ្ញា
អារម្មណេនាបិ បរិត្តកេន បច្ចេកពោធឹ អនុបាបុណន្តិ។
ជនទាំងនោះ ជាអ្នកប្រាជ្ញ ជាអ្នកមានប្រាជ្ញាមុតថ្លា វៀរលែងតែព្រះពុទ្ធទាំងឡាយ រមែងបាននូវបច្ចេកពោធិញ្ញាណ ដោយប្រធាននៃសង្វេគនោះផង ដោយអារម្មណ៍ដ៏ស្តួចស្តើងនោះផង។
សព្វម្ហិ លោកម្ហិ មមំ ឋបេត្វា បច្ចេកពុទ្ធាន សមោវ នត្ថិ
តេសំ ឥមំ វណ្ណបទេសមត្តំ វក្ខាមហំ សាធុ មហាមុនីនំ។
ក្នុងលោកទាំងមូល វៀរលែងតែតថាគតចេញ មិនមានបុគ្គលណាស្មើនឹងព្រះបច្ចេកពុទ្ធឡើយ តថាគតនឹងសម្ដែងនូវគុណ ត្រឹមតែសង្ខេបនេះ របស់ព្រះបច្ចេកពុទ្ធទាំងឡាយនោះ (អ្នកទាំងឡាយចូរស្តាប់នូវគុណ) របស់ពួកព្រះបច្ចេកពុទ្ធ ជាមហាមុនី ដោយប្រពៃចុះ។
សយមេវ ពុទ្ធាន មហាឥសីនំ សាធូនិ វាក្យានិ មធុំវ ខុទ្ទំ
អនុត្តរំ ភេសជ្ជំ បត្ថយន្តា សុណាថ សព្វេ សុបសន្នចិត្តា។
អ្នកទាំងឡាយ កាលប្រាថ្នានូវភេសជ្ជៈដ៏ប្រសើរផុត គឺព្រះនិព្វាន ចូរមានចិត្តជ្រះថ្លាទាំងអស់គ្នា ស្ដាប់នូវពាក្យដ៏ពីរោះ ដូចជាទឹកឃ្មុំផ្លិត របស់ព្រះមហាឥសីដែលត្រាស់ដឹងឯង។
បច្ចេកពុទ្ធាន សមាគតានំ បរម្បរំ ព្យាករណានិ យានិ
អាទីនវោ យញ្ច វិរាគវត្ថុំ យថា ច ពោធឹ អនុបាបុណឹសុ។
ព្រះបច្ចេកពុទ្ធទាំងឡាយ ដែលមកប្រជុំគ្នា មានព្យាករណ៍ មានទោស មានវត្ថុនៃសេចក្តីរសាយចិត្ត ទាំងមានហេតុដែលបានសម្រេចនូវ (បច្ចេក) ពោធិញ្ញាណ ផ្សេង ៗ គ្នា។
សរាគវត្ថូសុ វិរាគសញ្ញី រត្តម្ហិ លោកម្ហិ វិរត្តចិត្តា
ហិត្វា បបញ្ចំ ជិតផន្ទិតានិ តត្ថេវ ពោធឹ អនុបាបុណឹសុ។
(ព្រះបច្ចេកពុទ្ធទាំងនោះ) មានសេចក្តីសម្គាល់ ក្នុងការរសាយចិត្ត ក្នុងវត្ថុដែលប្រកបដោយរាគៈ មានចិត្តរសាយក្នុងលោក ដែលគេត្រេកត្រអាល លះបង់នូវបបញ្ចធម៌ និងកិលេសជាត ដែលញ៉ាំងសត្វឲ្យអន្ទះសា ហើយបានសម្រេចនូវពោធិញ្ញាណ ក្នុងទីនោះឯង [បិ.៧២ ទំ.១៧ ឃ.២។]។
សូមអនុមោទនា !!!
👇មាតិកាគាថាបន្តក្នុងវគ្គនិមួយៗ
☸️បច្ចេកពុទ្ធសំយុត្តកថា វគ្គ១
🔸👉លំនាំដើម
🔸មិគោអរញ្ញគាថា ទី៥
🔸អាមន្តនាគាថា ទី៦
🔸ខិឌ្ឌារតិគាថា ទី៧
🔸ចាតុទ្ទិសគាថា ទី៨
🔸ទុស្សង្គហគាថា ទី៩
🔸កោវិឡារគាថា ទី១០
☸️បច្ចេកពុទ្ធសំយុត្តកថា វគ្គ២
🔸សហាយគាថា ទី១-២
🔸អទ្ធាបសំសាគាថា ទី៣
🔸សុវណ្ណវលយគាថា ទី៤
🔸អាយតិភយគាថា ទី៥
🔸កាមគាថា ទី៦
🔸ឦតិគាថា ទី៧
🔸សីតាលុកគាថា ទី៨
🔸នាគគាថា ទី៩
🔸អដ្ឋានគាថា ទី១០
🔸🔸❁🙏❁🔸🔸
ប្រភព-Source: ឈូកក្រហម
🔸Last Updated កំណែចុងក្រោយ on August 5, 2024