បពិត្រព្រះអង្គទ្រង់និរទុក្ខ | តំណទៅមុខនោះនឹងយ៉ាងណា |
សត្វភាគច្រើនមានវិចិកិច្ឆា | តើអង្គឯណាលើកសាសនាបាន។ |
សាវ័ករបស់ព្រះពោធិសត្វ | អង្គប្រសើរក្តាត់នឹងលើកសាសនា |
អោយបានគ្រប់ប្រាំពាន់ព្រះវស្សា | គ្រប់ៗអាត្មាត្រាវូខំស្វាធ្យាយ។ |
ព្រះធម៌ជាស្ពានជាយានចម្លង | ញាតិមិត្តប្អូនបងអោយផុតពីទុក្ខ |
ផុតកម្មវេរា និង អបាយមុខ | បញ្ចក្ខន្ធជាគុកជាសំបុករោគ។ |
ធម៌មានពន្លឺជាងព្រះអាទិត្យ | អាចដេញភាពងងឹតដែលយើងមាន |
អវិជ្ជា តណ្ហា និង ឧបាទាន | នោះហើយជាស្ពានជាយានព្រះធម៌។ |
ព្រះធម៌ជាយានរកគ្មានក្នុងលោក | មនុស្សរាប់លានកោដិជិះឆ្លងភពបី |
ដោយសារព្រះពុទ្ធជាព្រះជិនស្រី | ត្រាស់ទុកសព្វថ្ងៃអោយបដិបត្តិ។ |
អង្គលើកសាសនាបានយាងមកហើយ | សព្វជនាអើយត្រូវតែរូតរះ |
សំអាតដុសខាត់ចិត្តអោយស្រឡះ | ទោះបីនៅផ្ទះក៏ស្តាប់ធម៌បាន។ |
បពិត្រលោកគ្រូជាធម្មាចារ្យ | បានលើកសាសនានៃព្រះសម្ពុទ្ធ |
ប្រសើរខ្លាំងណាស់ហើយបរិសុទ្ធ | សត្វលោកផុតទុក្ខរួចបានដោយសារ។ |
អង្គលើកសាសនាចុះពីតុសិត | មកប្រោសធម៌ពិតដល់សព្វសត្វលោក |
ថីនំ មិទ្ធំពេញទាំងក្នុងលោក | អោយងើបហើយក្រោកឱ្យភ្ញាក់ដឹងខ្លួន។ |
ឱពុទ្ធបរិស័ទទាំងឡាយអើយ | ព្រះធម៌ប្រោសហើយមានគ្រប់ៗផ្ទះ |
កុំបង្អង់អីមានម៉ោងច្រើនណាស់ | នាំគ្នារូតរះបើកស្តាប់ព្រះធម៌។ |
ព្រះអភិធម្ម និង ព្រះវិន័យ | សំដែងរាល់ថ្ងៃមិនដែលអាក់ខាន |
ទោះយើងគ្មានប្រាក់ឬវីឡាឡាន | ធម៌អាចស្តាប់បាននៅតាមផ្ទះ។ |
សម្បត្តិមាសពេជ្រពិទូរ្យសូរ្យកាន្ត | ដែលយើងរកបានថាមានតម្លៃ |
អវិជ្ជាដណ្តប់យើងមិនដឹងអ្វី | ដូចសត្វសុនខ ថ្លៃអង្កៀមឆ្អឹង។ |
ព្រះធម៌ជាមាសជាពេជ្រពិតៗ | សុនខសត្វដើរជិតក៏មិនដឹង |
អវិជ្ជាក្រាស់ណាស់មកបិទបាំង | ហើយទៅសំឡឹងរកតែឆ្អឹងគោ។ |
ឱ!អនិច្ចាណាស់គួរសង្វេគ | ព្រះធម៌ថ្លៃពេកនៅតែមិនដឹង |
ជាស្ពានជាយានឆ្លងអោយផុតស្ទឹង | ព្រះធម៌ជាទីពឹងដល់សព្វសត្វ។ |
លោភៈ ទោសៈ មោហៈ ទិដ្ឋិ | គឺជាអន្ទាក់ក្នុងសង្សារវដ្ត |
ញាតិញោមព្រះគុណម្ចាស់កុំបីភ្លាត់ | អន្ទាក់សង្សាវដ្តនេះអោយសោះ ។ |
ត្រូវមានហិរិ និង ឱត្តប្បៈ | ប្រកាន់សច្ចៈ និង មានខន្តី |
ស្តាប់ធម៌ដោយគោរពរៀងរាល់ថ្ងៃ | ទើបព្រះជិនស្រីទ្រង់សរសើរពិត។ |
ដំណើរអដ្ឋង្គិ ផ្លូវអស្ចារ្យ | គឺគ្មានចិកិច្ឆាលើកម្មផល |
បុញ្ញកម្មជាពូជមិនចាំបាច់ឆ្ងល់ | បីតិជាផលដល់និព្វានហោង៕ |

ដកស្រង់ចេញពីសៀវភៅកំណាព្យព្រះធម៌
និពន្ធដោយៈ ឧបាសក អោក បូរ៉ា
