ធម្មនិយាម ៣ (កំណត់នៃធម្មតា, ការប្រព្រឹត្តិទៅដ៏ទៀងទាត់ដោយធម្មតា, ច្បាប់ធម្មជាតិ – Dhamma-niyāma: orderliness of nature; nature law)
១. សព្វេ សង្ខារា អនិច្ចា (សង្ខារគឺសង្ខតធម៌ទាំងពួងមិនទៀង – Sabbe saṅkhārā aniccā: all conditioned states are impermanent)
២. សព្វេ សង្ខារា ទុក្ខា (សង្ខារគឺសង្ខតធម៌ទាំងពួងជាទុក្ខ – Sabbe saṅkhārā dukkhā: all conditioned states are subject to oppression, conflict or suffering)
៣. សព្វេ ធម្មា អនត្តា (ធម៌គឺសង្ខតធម៌និងអសង្ខតធម៌ ឬសង្ខារនិងវិសង្ខារទាំងពួងមិនមែនអត្តាខ្លួន – Sabbe dhammā anattā: all states are not self or soulless)
គោលធម៌នេះ លោកហៅម្យ៉ាងទៀតថា ត្រៃលក្ខណ៍ ឬសាមញ្ញលក្ខណៈ ព្រះពុទ្ធជាម្ចាស់នឹងឧប្បត្តិ ឬមិនឧប្បត្តិក៏តាម គោលទាំង ៣ នេះ ក៏តាំងនៅជាធម្មតា ព្រះអង្គគ្រាន់តែជាអ្នកស្រាវជ្រាវរកឃើញ(ដូចអ្នកវិទ្យាសាស្ដ្រ) ហើយនាំមកបើកបង្ហាញប្រាប់ប៉ុណ្ណោះ ដូចព្រះអង្គបានសម្ដែងទុកក្នុងធម្មនិយាមសូត្រថាៈ
ឧប្បាទា វា ភិក្ខវេ តថាគតានំ អនុប្បាទា វា តថាគតានំ ឋិតា វ សា ធាតុ ធម្មដ្ឋិតតា ធម្មនិយាមតា សព្វេ សង្ខារា អនិច្ចាតិ ។ល។ …សព្វេ ធម្មា អនត្តាតិ ។ តំ តថាគតោ អភិសម្ពុជ្ឈតិ អភិសមេតិ អភិសម្ពុជ្ឈិត្វា អភិសមេត្វា អាចិក្ខតិ ទេសេតិ បញ្ញបេតិ បដ្ឋបេតិ វិវរតិ វិភជតិ ឧត្តានីករោតិ សព្វេ សង្ខារា អនិច្ចាតិ ។ល។… សព្វេ ធម្មា អនត្តាតិ ។
- 137. ‘‘Uppādā vā, bhikkhave, tathāgatānaṃ anuppādā vā tathāgatānaṃ, ṭhitāva sā dhātu dhammaṭṭhitatā dhammaniyāmatā. Sabbe saṅkhārā aniccā. Taṃ tathāgato abhisambujjhati abhisameti. Abhisambujjhitvā abhisametvā ācikkhati deseti paññāpeti paṭṭhapeti vivarati vibhajati uttānīkaroti – ‘sabbe saṅkhārā aniccā’ti. …..etc. ‘sabbe saṅkhārā dukkhā’ti. …..etc. ‘sabbe dhammā anattā’ti.
ម្នាលភិក្ខុទាំងឡាយ តថាគតទាំងឡាយ នឹងកើតឡើងឬមិនកើតឡើងក៏តាម ធាតុនោះតែងស្ថិតនៅ ជាធម្មដ្ឋិតិ ជាធម្មនិយាម គឺថាសង្ខារទាំងឡាយទាំងពួង មិនតាំងនៅឋិតថេរ ជាភាវៈគំនាបទំនាស់ក្នុងខ្លួនឯង មិនអាចបង្គាប់បញ្ជាបាន ។ តថាគតត្រាស់ដឹងច្បាស់ ចូលដល់ធាតុនោះ លុះត្រាស់ដឹងច្បាស់ហើយ ចូលដល់ហើយ ទើបប្រាប់ សម្ដែង បញ្ញត្ត តែងតាំង បើកបង្ហាញ វែកញែក ធ្វើឱ្យងាយយល់ថា សង្ខារទាំងឡាយទាំងពួង មិនតាំងនៅឋិតថេរ ជាភាវៈគំនាបទំនាស់ក្នុងខ្លួនឯង មិនអាចបង្គាប់បញ្ជាបាន ។ ។
——————————-
បាលីតួអក្សរខ្មែរជាសេចក្ដីសំអាងដែលខ្ញុំលើកមកខាងលើនេះ អាចរកអានតាមប្រភពដែលដាក់ជូនទុកខាងក្រោមនេះ ប៉ុន្ដែសេចក្ដីប្រែជាសម្រាយ មិនដូចក្នុងព្រះត្រៃបិដកទេ ព្រោះជាវោហារដែលខ្ញុំប្រែសរុបកាត់ដោយខ្លួនឯង ដើម្បីឱ្យងាយយល់ ។ ឈ្មោះព្រះសូត្រ ក្នុងព្រះត្រៃបិដកខ្មែរលោកមិនបានដាក់ឈ្មោះទេ ខ្ញុំដាក់សម្រាប់ស្រួលហៅប៉ុណ្ណោះ ចំណែកបាលីតួអក្សររ៉ូម៉ាំង គេដាក់ឈ្មោះថា ឧប្បាទាសូត្រ ។
ប្រភពសំអាងៈ
– សុត្តន្ដបិដកខ្មែរលេខ ៤១ ទំព័រ ៤៥៧: សុត្តនិបាត អង្គុត្តរនិកាយ តិកនិបាត យោធាជីវវគ្គ ធម្មនិយាមសូត្រ ។
– From: www.tipitaka.org – Suttanipāṭaka Aṅguttaranikāya Tikanipātapāli (14) 4. Yodhājῑvavaggo. Uppādāsuttaṃ.
តាអារាមប៊យ
៣ មេសា ២០១៩
🔸Last Updated កំណែចុងក្រោយ on January 26, 2023