ថ្នាំគ្រុនចាញ់

សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។

សេពគប់ពាល ពាលនាំទៅរកខុស សេពគប់ប្រាជ្ញប្រុស ប្រាជ្ញនាំទៅរកត្រូវ ។ 🕯️សម្តេច ជួន ណាត


ថ្នាំគ្រុនចាញ់

គ្រុនចាញ់ពេទ្យប្រាប់លេបគីនីនរសជាតិសែនល្វីងខ្ពើមណាស់វ៉ើយ
ទោះបីយល់ថាលេបហើយស្បើយក៏ចិត្តនៅឡើយខ្ពើមជាតិថ្នាំ ។
លុះបែរប្រទះផ្លែស្វាយទុំទន្ទេញរងំទាររកញ៉ាំ
បានមួយចំណិតសុំថែមប្រាំលេបផុតលែងទ្រាំគ្រុនជាថ្មី ។
គីនីនដូចពាក្យម៉ែប្រដៅស្តាប់ទៅទាស់ចិត្តត្បិតល្វីងប្រៃ
ពាក្យម៉ែនាំល្អតែមិនខ្ចីស៊ូគ្រុនអោបដៃញ័រញាក់ប្រាណ ។
ឯស្វាយទុំផ្អែមជាតិពិសពុលកូនគ្រុនដេកឈ្មុលពន់ប្រមាណ
បែរធ្មេចមិនជឿពាក្យទូន្មានមិនផឹកទេថ្នាំញ៉ាំស្វាយវិញ ។
ជីវិតឈាមរាវដូចជាតិស្វាយក្រេបផ្អែមសប្បាយឥតទោម្នេញ
ទោះបីដឹងថាស្វាយនោះមិញរួចនាំរូបអ្នកវិញគ្រុនមិនជា ។
ថ្វីបើគីនីនល្វីងយ៉ាកផឹកបើកូនបែរនឹកតាមមាតា
ម៉្លេះសមកូនចាកអស់រោគាផុតឈឺអង្គានិងអន្តរាយ!!! ៕
កែវ ច័ន្ទបូរណ៍

និពន្ធដោយៈ អ្នកស្រី កែវ ច័ន្ទបូរណ៍ Keo, Chanbo

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).