តម្លៃព្យញ្ជនៈ

តម្លៃព្យញ្ជនៈ

បទកាកគតិ

តម្លៃព្យញ្ជនៈថ្លៃថ្លាអនគ្ឃលាក់ន័យខ្លឹមសារ
ត្រាត្រាំទំនុកផ្ទុកតាមវោហារជ្រៅតាមបញ្ញា
ថ្លាថ្លែងតែងបាន ។
វប្បធម៌ភាសាសិល្បៈសាសនាថ្លៃថ្លាថ្កើងថ្កាន
បានពីអក្ខរាចារឆ្លាក់ប៉ាក់ដានផ្សែផ្សំចំណាន
ផ្គុំបានខ្លឹមសារ ។
សូមជូនឧបមេយ្យលៃពីតម្លៃនៃតួអក្ខរា
ទាំងសាមសិបបីមកច្នៃរចនាជាន័យខ្លឹមសារ
ថ្លៃថ្លាហួសថ្លែង ។
កើតកិច្ចការកេរកាលផ្តាំថាកើតពីប្រឹងប្រែង
កាប់គាស់កកាយកែកុនលីសែងប្រាកដជាក់ស្តែង
កើតកេរទ្រព្យា ។
ខំខ្វាយខ្វល់ខ្លបខ្លាចអំពល់ផលពិតសុខា
ខាត់ខុសខូចខិលខឹងខ្ជឹលខ្ជីខ្ជាខាតខើចវេរា
ខាប់ខាងខន្តី ។
គេងគិតគូរគយគន់គុណគ្រូគង់ជួបគប្បី
គំនុំគុំគួនគួរកុំគិតអីគុណគាប់ប្រពៃ
គួរគប់បណ្ឌិត ។
ឃើញខុសត្រូវឃើញឃាតឃោរឃៅត្រូវកុំឃុបឃិត
ឃាត់ឃាំងបាំងបាបឆាប់បាត់បាបមិត្តឃ្លាតឃ្លាទុច្ចរិត
ពិតលែងថោកទាប ។
ងាករកងារងើបងើយជានាឫក្សពាររាបទាប
មិនងោកងីងើភ្លើខុសរបៀបបាត់បង់សុភាព
ងាប់ងាយជាងងៀត ។
ចារចាត់ចែងចេះចោទកោតក្រែងចូលចិត្តជួយជាតិ
ចែកចាយជំនួយចូរជួយកុំឃ្លាតជួយហើយជួយទៀត
ចាស់ៗចូលចិត្ត ។
ឆាប់ឈូសឆាយឆោតឆៅទៅឆ្ងាយខ្លាចឆាបឆេះមិត្ត
ឆេវឆាវឆុងឆាំងឆឆកបញ្ឆិតឆើតឆាយឆ្ងាយគិត
សូមឆាប់ឈប់ទៅ ។
ជួបជុំគ្នាជជែកកិច្ចការជញ្ជឹងខុសត្រូវ
ជិះជាន់ជាតិឯងកុំជ្រែងជីកជ្រៅជួយជាតិត្រឹមត្រូវ
ជាតិជាក់ជោគជ័យ ។
ឈានទៅមុខឈានឈោងតោងសុខឈានមុខលកលៃ
ឈានឈប់ឈូឆរឈប់ឈរឆ្មើងឆ្មៃឈូសឆាយចង្រៃ
ឈានឈរឈប់ឈ្លោះ ។
ញឹមញញែមញ៉េះញ៉ោះផ្អែមល្ហែមញ៉ាំងញាតិស្រណោះ
នឹកនាញឹកញាប់រាប់រកស្ម័គ្រស្មោះញញឹមស្រស់បស់
ញាតិញោមរោមរាប់ ។
ដើរដេកដឹងដើមដានស្នានស្នឹងដូចដឹងដល់ដប់
ដាំដុះដោះដូរដាក់ដោយប្រសប់ដុសខាត់ទម្លាប់
ឱ្យជាប់ឧត្តម ។
ឋិតថែថួនថែទាំគុណធ្ងន់កុំថយបន្លំ
ថែហើយថែទៀតថែថែមឱ្យសមគុណគាប់ស្តុកស្តម្ភ
មាតាបិតា ។
ឌុនឌឺដងដៀមដាមចងក្រងឌុកដាន់ចណ្ឌា
ប្រឌិតដើមដានដុតដាលដូនតាដាសតឿនលឿនជា
គួរតែដោះដូរ ។
ធនធូរធារធំធាត់វឌ្ឍនាទ្រព្យាហៀរហូរ
ធុនតូចធុនធំផ្សំផ្គុំសម្បូរសម្បត្តិជន់ជោរ
ធូរធារឥតខ្វះ ។
ណាត់ណែនាំអំណត់អត់ទ្រាំនាំអ្នកណាណាស់
ន័យនេះនឹមនួននឹងបានយល់ច្បាស់ល្អិតល្អន់ល្អល្អះ
នែបនិត្យនឹងន័យ ។
តបស្នងគុណតបតគុណមុនគុណបុព្វការី
តែងតែបានបុណ្យតទុនតម្លៃតទៅមុខថ្ងៃ
ថ្លៃថ្លាឧត្តម  ។
ថែម៉ែពុកថ្នាក់ថ្នមទំនុកពុកម៉ែជាព្រហ្ម
តបតាមលំអានឱ្យបានមុតមាំគុណលោកស្តុកស្តម្ភ
ធំធេងពេកក្រៃ ។
ទប់ទស់ទែងទាក់ទងគ្នាឯងកុំទាស់គ្នាអី
ទោរទន់អត់ទោសទើបឈ្មោះថ្លាថ្លៃទោះទាស់ម្តេចក្តី
តបតាមមេត្តា ។
ធន់អំណត់នឹងធឹងអត់ធ្មត់ធំធាត់ធម៌អាថ៌
បានជាធនធានធំធេងអស្ចារ្យប្រាជ្ញប្រាយហៅថា
ទ្រព្យាពិសិដ្ឋ ។
នៅនឹងនន័យនេះល្អះល្អនួននាងពិនិត្យ
កុំនៅទំនេរទទេគំនិតចរណៃចូរគិត
ន័យនេះផងណា ។
បោះបង់បាបបៀតបៀនថោកទាបបែបបទឫស្យា
បាចបោកបាញ់បោះបែកបែរមេបាបំបាត់បាណា
បានបុណ្យច្រើនក្រៃ ។
ផាតិភោគផលផូរផង់យង់យល់ផលផុសថ្លាថ្លៃ
ផិតផាយភូតភរផុងផុតភក្តីផឹកផុងលង់ថ្ងៃ
ផលមិនផូរផង់ ។
ពោលពាក្យពិតពោរពេញសុចរិតពាក្យពិតទៀងត្រង់
ពាក្យពេចន៍ពុំពិតពុំពោលកន្លងពាក់ព័ន្ធសៅហ្មង
ពាលពុំប្រពៃ ។
ភប់ភោគផលផូរផង់មង្គលផលផុតភិតភ័យ
ភាវនាចំរើនកើនភាគផលថ្មីភ័ព្វព្រេងនិស្ស័យ
ថ្លៃថ្លាឥតខ្ចោះ ។
មានមេត្តាមូលមិត្តសាច់សាស្នេហាស្ម័គ្រស្មោះ
មូលមករាក់ទាក់មិនមានទើសទាស់ម៉ត់ហ្មងកេរ្តិ៍ឈ្មោះ
រស់មានមុខមាត់ ។
យកយោគយល់យោនយកមគ្គផលយល់លំអានរ័ត្ន
ជាយានស្ពានផ្លូវយោលត្រូវតាមបទយសស័ក្តិវិវឌ្ឍន៍
ប្រាកដយូរយារ ។
រស់រៀនសូត្ររុងរឿងរហូតរុះរោយវេរា
រួញរៀវរឿងរ៉ាវសល់នៅរម្យនារួបរួមរកគ្នា
រាក់ទាក់រីករាយ ។
លះលោភលន់លបលួចលាក់ជនលូកលាន់លែបខាយ
លាក់លៀមលលេងយូរលង់អន្តរាយលិចលង់ផុងកាយ
អន្តរាយកេរ្តិ៍ឈ្មោះ ។
វៀរវិវាទវឹកវរចោលម្សៀតវាតចោលឱ្យអស់
កុំវក់វង្វេងវិលវល់នឹងឈ្លោះវៀចវេរមិនស្មោះ
យសមិនវិវឌ្ឍន៍ ។
ស៊ូសិក្សាស៊ូសព្វសញ្ញាសូន្យសោះកំសត់
សន្សំសុខសាន្តតាមលំអានរ័ត្នសាងសន្សំបទ
ស្ពានសួគ៌ាឋាន ។
ហាមហ៊ឺហាហាច់ហើរលីលាហ៊ឹកហ៊ាក់ក្លាហាន
ប្រយ័ត្នហិនហោចហួតខ្លោចខ្លួនប្រាណព្រោះខ្លៅសាមាន្យ
ហ៊ានហួសហ្នឹងហើយ ។
ឡើងលូតលាស់កុំឡូយឱ្យសោះនោះមិនល្អឡើយ
ឡេមឡឺមឡេះឡោះលោកហាមអស់ហើយឡូឡាមិនស្បើយ
ក៏មិនល្អដែរ ។
ឱនអង់អាចអត់ឱនឱ្យប្រាជ្ញអង់អាចពូកែ
តែកុំអួតអាងអស់អត្ថលើសគេចេះឯងក្រែងគេ
ទើបហៅអស់អត្ថ ។
តម្លៃព្យញ្ជនៈរៀបរាប់បញ្ជាក់ជូនដោយកាត់ៗ
សូមស្លេះបញ្ចប់ដោយក្តីប្រតិបត្តិកណ្តាលយប់ស្ងាត់
ប៉ុណ្ណេះឯងហោង ៕


និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ

វត្តខេមររតនារាម, ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៩

🔸Last Updated កំណែចុងក្រោយ on August 9, 2024

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace