ដើរមានបី ស្តីមានបួន
បទណាក្យ៧
– កូនអើយចាស់ថាដើរមានបី | រីបើនឹងស្តីនោះមានបួន |
ន័យនេះល្អល្អះណាស់ណាស្ងួន | លោកទុកជាក្បួនប្រដៅស្តី ។ |
– នេះន័យអត្ថបដិរូប | ពុកឆ្លើយបង្រួបសង្ខេបខ្លី |
ពាក្យដែលលោកថាដើរមានបី | ពិតមានអត្ថន័យនិងខ្លឹមសារ។ |
– ទីមួយមុនពេលចរលីលា | មើលពេលវេលាត្រូវយាត្រា |
យប់ថ្ងៃមមៃប៉ងទៅណា | មិនគួរប្រាថ្នាតាមតែចិត្ត ។ |
– ឧបមេយ្យអង្កេតហេតុឆោឡោ | ក្រែងជាន់ដានចោរជនឧក្រិដ្ឋ |
ដូចអូសសម្រាស់ប៉ះពាក្យពិត | ត្រូវពាលទុច្ចរិតចោទតម្រង់ ។ |
– ទីពីរមើលផ្លូវត្រូវដើរហើរ | មិនគាប់ប្រសើរគួរបង្អង់ |
ឃ្លាមួយផ្លូវវៀចកុំបោះបង់ | ឯផ្លូវដែលត្រង់កុំដើរហោង ។ |
– ដូច្នេះគួរត្រិះពិចារណា | បំណាច់យាត្រាកុំឱ្យហ្មង |
គិតដល់ទិសដៅត្រូវត្រាច់ឆ្លង | តើផ្លូវណាផងល្អគប្បី ។ |
– ទីបីគួរគិតពិនិត្យជាក់ | ចំពោះមិត្តភ័ក្តក្លើម្រាក់ក្តី |
គួរដើរជាមួយឬកុំអី | ចូរស្ងួនប្រុសស្រីរំពៃស្តាប់ ។ |
– ដើរហើរសេពគប់មិត្តស្មោះសរ | នាំខ្លួនឱ្យល្អមិនឱនអាប់ |
ដើរចូលមិត្តពាលនាំឈឺចាប់ | មិត្តផ្តល់ក្តីស្លប់កុំរួមរក្ស ។ |
– ពុកនឹងបកស្រាយន័យម្យ៉ាងទៀត | មិនឱ្យហួសឃ្លាតឆ្លៀតបញ្ជាក់ |
ពាក្យដើរមានបីស្តីប្រត្យក្ស | បន្តឃ្លាវគ្គចាប់ចុងចួន ។ |
– ទីមួយលោកថាកុំប្រមាថ | ជិវិតមនុស្សសត្វណាមាសស្ងួន |
អំពើទុចរិតគិតគុំគួន | តាមក្បួនបាលីហៅបាណា ។ |
– ទីពីរកុំលួចសម្បត្តិគេ | ច្បាប់ពីបុពេ្វផ្តល់ទោសា |
អំពើឆក់ប្លន់ចិត្តឫស្យា | បាលីស្តីថាអទិនា្នទាន ។ |
– ទីបីកុំក្បត់ប្រពៃណី | គួរកូនសំភីខំសូត្ររៀន |
កុំកន្លងច្បាប់បូរាណប្រៀន | នោះមានកាមេសុមិច្ឆា។ |
– នេះពុកផ្តែផ្តាំចាំឱ្យជាក់ | ឃ្លាទាំងបីវគ្គមានខ្លឹមសារ |
ពាក្យដើរមានបីស្តីពិស្តារ | បូរាណចែងចារដូច្នេះឯង ។ |
– ចំណែកអត្ថន័យស្តីមានបួន | លោកទុកជាក្បួនឱ្យគិតក្រែង |
លោកចោទប្រស្នាឱ្យខំស្វែង | បកស្រាយថ្លឹងថ្លែងលើអត្ថន័យ។ |
– ទីមួយកុំស្តីភរកុហក | ពោលពាក្យអាក្រក់មិនគប្បី |
ភូតចាញ់អាត្មាដូនតាស្តី | បាលីពោលថាមុសាវាទ ។ |
– ទីពីរកុំស្តីជេរទ្រគោះ | បញ្ចោរបញ្ជោះឈ្លោះមិត្តញាតិ |
បាលីស្តីថាផរុស្សវាទ | ន័យនេះពុកឆ្លៀតប្រាប់ឆោមឆាយ។ |
– ទីបីកុំស្តីពាក្យចាក់ដោត | ញុះញង់នោះសោតនាំខ្វល់ខ្វាយ |
បង្កជម្លោះប្រទូស្តរាយ | បាលីបកស្រាយបិសុណាវាទ។ |
– ទីបួនចូរស្ងួនចាំឱ្យច្បាស់ | សំខាន់ខ្លាំងណាស់កុំបីឃ្លាត |
ហៅថាសម្ផប្បលាវាទ | កូនអើយកុំឃ្លាតឆ្លៀតត្រងត្រាប់។ |
-នោះគឺមុនស្តីគប្បីគិត | កុំពោលប្រឌិតខុសក្បួនច្បាប់ |
ពាក្យឥតប្រយោជន៍អាចនាំអាប់ | ពោលមិនចំណាប់អាប់អាត្មា។ |
– ចូរចាំឱ្យជាក់វគ្គទីបួន | មុនស្តីគួរស្ងួនពិចារណា |
កុំលលេងសើចខុសមាត្រា | ពាក្យមិនបានការណានឹមនួន។ |
– កូនអើយកាយកម្មនោះមានបី | រីឯវចីកម្មមានបួន |
ព្រះធម៌លោកចែងជាច្បាប់ក្បួន | ដើរបីស្តីបួនដូច្នេះឯង ។ |
– រួមនិងមនោកម្មមានបី | គម្ពីបាលីលោកតាក់តែង |
អំពើនៃចិត្តពិតជាក់ស្តែង | ចេតនានោះឯងផ្តល់វិបតិ្ត ។ |
– ទីមួយកុំកួចគន់រំពៃ | ទ្រព្យអ្នកដទៃត្រូវប្រយ័ត្ន |
កុំប៉ងចង់បានកេងបំបាត់ | លោកអនុម័តហៅអភិជ្ឈា។ |
– ទីពីរហៅថាព្យាបាទៈ | កុំកាន់ទោសៈចិត្តយ័ក្ខមារ |
កុំចងគំនុំគុំគួនគ្នា | បន្ទន់ឫកពាជាអ្នកល្អ ។ |
– ទីបីគឺមិច្ឆាទិដ្ឋិ | នោះជាគតិលោកបន្ត |
កុំយល់ខុសឆ្គងគន្លងធម៌ | កាន់ចិត្តស្មោះសរកុំបំភ្លៃ ។ |
– ច្នេះហើយកូនអើយចូរចំណាំ | លោកផ្តាំមនោកម្មមានបី |
ស្របនិងកាយកម្មក៏មានបី | រួមនិងវចីកម្មមានបួន ។ |
– នោះពិតប្រសូតិពីកម្មបទ | កំណត់មានដប់គ្រប់ចំនួន |
គឺកាយវាចាចិត្តណាស្ងួន | ប្រាកដតាមក្បួនលោកសង្ខេប ៕ |
កំណាព្យនិពន្ធដោយៈ លោក សុខ សុធន
វាយអក្សរកុំព្យូទ័រជាថ្មីដោយៈ ភិក្ខុ កិច្ចភិរតោ ឡាយ រិន
វត្តខេមររតនារាម, ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៩
🔸Last Updated កំណែចុងក្រោយ on August 9, 2024