គួរ គេង គិត
បទពាក្យ៧
| កូនអើយគួរគេងគិតរំពៃ | គួរ ស្គាល់តម្លៃនៃជីវិត |
| គួរ ដឹងរាក់ជ្រៅខុសត្រូវពិត | គួរ យល់សុចរិតនិងបាបកម្ម។ |
| គួរ ប្រមូលមិត្តកាត់សត្រូវ | គួរ ដើរតាមផ្លូវកុំចោលស្តាំ |
| គួរ ចៀសវាងឆ្ងាយអបាយកម្ម | គួរ ត្រាច់ចំណាំមាគ៌ាល្អ ។ |
| គួរ ណាស់ស្គាល់ច្បាស់ពីកិច្ចការ | គួរ កុំហ៊ឺហារក្រែងនាំក្រ |
| គួរ ប្រុងប្រុងប្រៀបប្រាណឱ្យបានល្អ | គួរ កាន់ស្មោះសរធម៌ខន្តី ។ |
| គួរ ខំសងេ្វគលេខអក្ខរា | គួរ គាប់សិក្សាបញ្ញាវៃ |
| គួរ ត្រាប់កិច្ចការស្រាលធ្ងន់ក្តី | គួរ កុំខ្ជិលអីប្រឹងឧស្សាហ៍ ។ |
| គួរ កុំចោលម្សៀតឃ្លាតញាតិមិត្ត | គួរ កុំទុច្ចរិតចិត្តឫស្យា |
| គួរ កាន់សុចរិតចិត្តកិរិយា | គួរ កុំមុសាវាចាស្តី ។ |
| គួរ កុំកោងកាចកេងប្រវ័ញ្ច | គួរ កុំកំណាញ់ខ្វះភក្តី |
| គួរ កុំបំពានច្បាប់វិន័យ | គួរ កុំបំភ្លៃប្រពៃណី ។ |
| គួរ កុំគុំគួនពួនព្យាបាទ | គួរ កុំប្រមាថជន្មជីវី |
| គួរ ខំសន្សំធម៌សាមគ្គី | គួរ ស្វែងសំភីបុណ្យបារមី ។ |
| គេង កុំលេងលក់ទ្រមក់ប្រាណ | គេង ប្រៀបប្រមាណរឿងវែងខ្លី |
| គេង ពិចារណាការចាស់ថ្មី | គេង នឹករំពៃក្តីខុសត្រូវ ។ |
| គេង កុំសន្សំសុបិនល្អ | គេង កុំអង្វរខ្មោចម៉ែឳ |
| គេង កុំបន់ផ្សងប៉ងខុសផ្លូវ | គេង កុំសុំស្រូវសុំទ្រព្យធន ។ |
| គេង កុំពឹងផ្អែកជោគរាសី | គេង ខ្ជិលដើរដីឫកទំរន់ |
| គេង ពឹងទ្រព្យកេរគង់ស៊យស៊ុន | គេង ស្ពឹកស្រពន់ស្ងួនវិនាស ។ |
| គេង ត្រូវស្រណោះពេលវេលា | គេង ស្តាយការងារដែលជាមាស |
| គេង នឹកប្រយោជន៍ក្រែងនិរាស | គេង កុំវាងចៀសពីការគិត។ |
| គេង កល់ខ្នល់ខ្នើយកើយសញ្ជឹង | គេង គន់ទន្ទឹងភ្ញាក់គំនិត |
| គេង កុំបង្ខំភ្នែកឱ្យបិទ | គេង ហើយប្រឹងប្រឹតពិចារណា។ |
| គិត គួរឱ្យជាប់គង់គប្បី | គិត វែងកុំខ្ចីទើបពិស្តារ |
| គិត ញាតិឆ្ងាយជិតគិតអាត្មា | គិត សព្វប្រការឱ្យបានច្បាស់។ |
| គិត រៀងវាសនាអនាគត | គិត ប្រឹងប្រយុទ្ធប្រសើរណាស់ |
| គិត ទាន់នៅក្មេងក្រែងស្បើយចាស់ | គិត កុំបីខ្វះគ្រប់កិច្ចការ ។ |
| គិត ស្វែងជំនាញជាត្រីមុខ | គិត កុំសំកុកឈ្នះទុក្ខា |
| គិត សន្សំទានមានមេត្តា | គិត សាងករុណាប្រាថ្នាធម៌ ។ |
| គិត រួមស័្មគ្រស្មោះសង្រ្គោះគ្នា | គិត កុំពាលានោះនឹងល្អ |
| គិត ជាតិទឹកដីថ្លៃបវរ | គិត អរិយធម៌អម្បូណ៍ខ្មែរ ។ |
| គិត ហើយសឹមគូរណាពុំងា | គិត ឱ្យគាប់ជាកុំប្រួលប្រែ |
| គិត ជាតិសាសនាវប្បធម៌ខ្មែរ | គិត សម្បត្តិកេរថែគង់គាប់ ៕ |

កំណាព្យនិពន្ធដោយៈ លោក សុខ សុធន
វាយអក្សរកុំព្យូទ័រជាថ្មីដោយៈ ភិក្ខុ កិច្ចភិរតោ ឡាយ រិន
វត្តខេមររតនារាម, ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៩


🔸កំណែចុងក្រោយ Last Updated on August 9, 2024 by Johnny ចន្នី





