នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
អ្នកសុំតែងតែទាស់ចិត្តអ្នកឱ្យ ការសុំហ្នឹងហើយនាំបែកមិត្ត។ 🕯️ធម្មាចារ្យ ឆឹង កាន
គុណតួព្យញ្ជនៈ
បទពាក្យប្រាំពីរ
| គុណតួព្យញ្ជនៈជាក់អស្ចារ្យ | គុណនោះថ្លៃថ្លាហួសគណនា |
| ផ្តល់គុណប្រយោជន៍កេរទ្រព្យា | ផ្តល់គោត្តនាមាកេរ្តិ៍កិត្តិយស ។ |
| ផ្តល់ផលសព្វគ្រប់ទាំងយប់ថ្ងៃ | ផ្តល់ន័យសេចក្តីថ្លៃខ្ពង់ខ្ពស់ |
| ផ្តល់ស័ព្ទសញ្ញាឃ្លាពិរោះ | ផ្តល់នោះឈ្មោះថាអស្ចារ្យក្រៃ ។ |
| ក-ផ្តល់កំណើតកើតជាមនុស្ស | ក-ការពារគ្រោះទាំងយប់ថ្ងៃ |
| ក-ផ្តល់កំណប់គាប់ថ្លាថ្លៃ | ក-ជួយកែច្នៃកើតកិច្ចការ ។ |
| ខ-ផ្តល់ខោអាវស្លៀកដណ្តប់ | ខ-ខិតខំគ្របថែរក្សា |
| ខ-ផ្តល់ខមាអត់ទោសា | ខ-ខំរក្សាដោយខន្តី ។ |
| គ-ផ្តល់គំនិតគិតវែងឆ្ងាយ | គ– គន់គូរស្រាយឱ្យសិរី |
| គ-ផ្តល់គន្លងដងវិថី | គ-ផ្តល់គប្បីន័យស្រស់ស្រាយ ។ |
| ឃ-ផ្តល់គំហើញឃើញខុសត្រូវ | ឃ-ឃាត់ឃាំងផ្លូវទៅអបាយ |
| ឃ-ផ្តល់ឃ្លៀងឃ្លាតភ័យអន្តរាយ | ឃ-ផ្តល់ឃ្លាតឆ្ងាយអកុសល ។ |
| ង– ផ្តល់ការងារមមិនឱ្យងាប់ | ង-ផ្តល់ងារជាប់មិនឱ្យខ្វល់ |
| ង-ផ្តល់ងាយស្រួលផុតកង្វល់ | ង-ផ្តល់ងើបងើយលែងងងឹត ។ |
| ច-ផ្តល់ចំណេះចេះចរចា | ច-ផ្តល់ចំណារជាគំនិត |
| ច-ផ្តល់ចំណោទចោទចូរគិត | ច-ផ្តល់ចេះពិតចូរចងចាំ ។ |
| ឆ– ផ្តល់ឆន្ទៈពាក់បំណង | ឆ-ផ្តល់ឆ្លើយឆ្លងឆ្លាតចំណាំ |
| ឆ-ផ្តល់ឆទានមានរាល់ឆ្នាំ | ឆ-ផ្តល់ឆៃយ៉ាំថ្នាំអផ្សុក ។ |
| ជ– ផ្តល់ជំនួយជួយដល់ជាតិ | ជ-ផ្តល់ជូនញាតិឱ្យឃ្លាតទុក្ខ |
| ជ– ផ្តល់ជោគជ័យសិរីសុខ | ជ-ផ្តល់ជម្រកជ្រកសុខសាន្ត ។ |
| ឈ– ផ្តល់ឈាមជ័រឈររស់រៀន | ឈ-ផ្តល់ជំហានឈានដល់ដាន |
| ឈ-ផ្តល់ជំហុបឈប់សាមាន្យ | ឈ-ឈប់ឈ្លានពានឈ្លោះទាស់គ្នា |
| ញ-ផ្តល់ញញឹមស្រស់ប្រិមប្រិយ | ញ-ផ្តល់ញាណីថ្លៃសោភា |
| ញ-ផ្តល់បញ្ញត្តិញេយ្យធម្មា | ញ-ញាក់ញច់គ្នាឈប់ញុះញង់ ។ |
| ដ-ផ្តល់ដំបូន្មានល្អៗ | ដ-ផ្តល់ដំណតពូជពង្ស |
| ដ-ផ្តល់ដំណឹងដឹងលែងល្ងង់ | ដើរដេកលែងលង់វង្វេងដាន ។ |
| ឋ-ផ្តល់ទីឋានបានស្នាក់នៅ | ឋ-ផ្តល់ឋានត្រូវនៅសុខសាន្ត |
| ឋ-ផ្តល់ឋានៈថ្នាក់ថ្កើងថ្កាន | ឋ-បានឋិតថេរជាស្ថាពរ ។ |
| ឌ-ផ្តល់ ភណ្ឌៈជាដើមទុន | ឌ-ឌុនសេចក្តីន័យបវរ |
| ឌ– ឌិនមាសប្រាក់ប៉ាក់លំអ | ឌ-ឌឺមិនល្អឈប់ឌឺដងគ្នា ។ |
| ឍ– ផ្តល់ឍាមរាដ៏ឆ្អៅឆ្អិន | ឍ-ផ្តល់ឍាលិនប៉ិនការពា |
| ឍ-ផ្តល់ឍាលាខែលឈ្នះមារ | ឍ-ធន់ធានាបច្ចាមិត្រ ។ |
| ណ– ផ្តល់ដំណឹងឱ្យដឹងការណ៍ | ណ-ផ្តល់ចំណារឱ្យពិនិត្យ |
| ណ-ផ្តល់ណែនាំឱ្យខំគិត | ណ-ផ្តល់គំនិតឱ្យចំណាប់ ។ |
| ត-ផ្តល់តំណែងតែងតាំងងារ | ត-ផ្តល់តម្រាជាក្បួនច្បាប់ |
| ត-ផ្តល់ត្រចៀកសម្រាប់ស្តាប់ | ត-ផ្តល់តម្រាប់ឱ្យត្រាប់តាម ។ |
| ថ– ផ្តល់ថែទាំថ្នមរក្សា | ថ-ផ្តល់ថវិកាតែហាមប្រាម |
| ថ-ថាថង់ធ្លាយងាយរហាម | ថ-ថាកុំញ៉ាមតាមគេឱ្យ ។ |
| ទ-ផ្តល់ទំនាក់ទាក់ទងគ្នា | ទ-ផ្តល់ទានាជាអំណោយ |
| ទ-ផ្តល់ទន់ភ្លន់គន់មិនធ្លោយ | ទ-ផ្តល់ទឹកឱ្យស្ទួយជីវិត ។ |
| ធ-ផ្តល់ធនធានមានធូរធារ | ធ-ផ្តល់ធម្មាដ៏ស័ក្តិសិទ្ធិ៍ |
| ធ-ផ្តល់ធរណីទ្រជីវិត | ធ-ពិតធំធេងជួយធានា ។ |
| ន-ផ្តល់នគរដ៏ថ្កើងថ្កាន | ន-ផ្តល់និព្វានឋានសោភា |
| ន-ផ្តល់និស្ស័យជួបជុំគ្នា | ន-ផ្តល់នាមាហៅគ្នាបាន ។ |
| ប-ផ្តល់បែបបទឱ្យប្រតិបត្តិ | ប-បានបង្ហាត់និងបង្រៀន |
| ប-ផ្តល់របៀបរៀបចំប្រាណ | ប-បានប្រទាននូវបញ្ញា ។ |
| ផ-ផ្តល់ភោគផលយ៉ាងផូរផង់ | ផ-ផ្តល់ផ្ចិតផ្ចង់ជាផ្លែផ្កា |
| ផ-ផ្តល់ផាសុកចិត្តកាយា | ផ-ផ្តល់ផែនការផលិតផល ។ |
| ព-ផ្តល់ពូជពង្សវង្សត្រកូល | ព-ផ្តល់ពំនោលពោលសម្គាល់ |
| ព-ផ្តល់ពាក្យពិតផុតកង្វល់ | ព-ផ្តល់ពេជ្រមាសពាសពេញដី។ |
| ភ-ផ្តល់ភូមិភាគភពផែនដី | ភ-ផ្តល់ភក្តីស្រស់ប្រិមប្រិយ |
| ភ-ផ្តល់ភាសិតពិតថ្លាថ្លៃ | ភ-ផ្តល់អភ័យអត់ទោសា ។ |
| ម-ផ្តល់មាគ៌ាដ៏មង្គល | ម-ផ្តល់មគ្គផលតាមកម្មា |
| ម-ផ្តល់មតិឱ្យភ្លឺថ្លា | ម-ផ្តល់មាតាបិតាផង ។ |
| យ-ផ្តល់យុត្តិធម៌ដ៏ត្រឹមត្រូវ | យ-យោនយកផ្លូវទៅមិនឆ្គង |
| យ-ផ្តល់យោគយល់ញាតិប្អូនបង | យ-យកគន្លងធម៌ជាធំ ។ |
| រ-ផ្តល់រតនៈត្រ័យថ្លៃថ្លា | រ-ផ្តល់រក្សាសរណគម |
| រ-ផ្តល់រាក់ទាក់យ៉ាងមនោរម្យ | រ-រស់ថ្កើងថ្កុំផ្តុំរមនា ។ |
| ល-ផ្តល់លាភយសលូតលាស់ល្អ | ល-លះបាបធម៌ដ៏ពាលា |
| ល-ផ្តល់លក្ខណាសមសោភា | ល-ផ្តល់វេលាឥតលក្ខខណ្ឌ ។ |
| វ-ផ្តល់រង្វាន់ឱ្យវិវឌ្ឍន៍ | វ-ផ្តល់វត្តបទធម៌សំខាន់ |
| វ-ផ្តល់វាយោប្តូរឧស្ម័ន | វ-ផ្តល់វិមានឋានវិសេស ។ |
| ស-ផ្តល់សង្គហៈជួយសង្រ្គោះ | ស-ផ្តល់ស្ម័គ្រស្មោះមិនគេចវេស |
| ស-ផ្តល់សង្ខារសព៌ាង្គនេះ | ស-ស៊ូចំណេះនឹងសិក្សា ។ |
| ហ-ផ្តល់ហត្ថាចារសរសេរ | ហ-ផ្តល់ហត្ថលេខ៍ឱ្យសញ្ញា |
| ហ-ផ្តល់ក្លាហានហ៊ានចាត់ការ | ហ-ហាហាមប្រាមកុំហួសហេតុ ។ |
| ឡ-ផ្តល់ឡើងថ្នាក់ឬស័ក្តិយស | ឡ-ឡើងកេរ្តិ៍ឈ្មោះខ្ពស់ត្រដែត |
| ឡ-កុំឡិមឡុមយកតែឆ្អែត | ឡូឡាអត់ហេតុដូចអ្នកឡប់ ។ |
| អ-ផ្តល់អំណោយឱ្យឱនអង្គ | អ-ឱ្យផូរផង់ស្ទើរគ្រប់សព្វ |
| អ-ផ្តល់អំណាចអាចស្កល់ស្កប់ | អ-អប់កិត្តិយសខ្ពស់ដោយអត្ថ។ |
| នេះហើយគុណតួនៃព្យញ្ជនៈ | បញ្ជាក់លោកអ្នកដោយកាត់ៗ |
| សូមស្លេះបញ្ចប់ដោយប្រតិបត្តិ | កណ្តាលយប់ស្ងាត់ប៉ុណ្ណេះហោង៕ |

និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ
វត្តខេមររតនារាម, ថ្ងៃទី១១ ខែមករា ឆ្នាំ២០១១


🔸កំណែចុងក្រោយ Last Updated on April 18, 2025 by Johnny ចន្នី






