ការពារប្រសើរជាងព្យាបាល
បទកាកគតិ
| – កូន អើយបុព្វកាលដំណាលមក | ពន្លកគួរយកជាតម្រា |
| ជាតិខ្មែរខែ្សពូជអ្នកឧស្សាហ៍ | សោតទាំងប្រាជ្ញាឆ្លាតវាងវៃ ។ |
| – ចរិតរាបសាតែក្លាហាន | សាងបានវិមានប្រាសាទថ្លែ |
| តម្កល់កេរ្តិ៍ឈ្មោះខ្ពស់ស្កឹមស្កៃ | និមិត្តស្នាដៃខ្មែរអង្គរ ។ |
| – នោះសក្ខីតាងយ៉ាងប្រត្យក្ស | កូនអើយជឿជាក់កុំថាភរ |
| គ្រប់ទ្វីបសកលយល់គាំទ្រ | ស្ញប់ស្ញែងអង្គរព្រលឹងជាតិ ។ |
| – ប្រវត្តិសាវតារដូនតាយើង | ល្បីល្បាញរុងរឿងគ្មានវិវាទ |
| ឈ្នះសព្វបច្ចាអន្តរជាតិ | ដែលប៉ងជ្រែកជ្រៀតជាតិបូរី ។ |
| – ស្នាដៃបុព្វវីរៈជន | ពិតមានគុណធ្ងន់លើទឹកដី |
| កិត្តិស័ព្ទនោះចាប់ជាសាក្សី | ស្ងូនមាសប្រុសស្រីចូរចាំទុក ។ |
| – សព្វថ្ងៃស្រុកទេសយើងសាន្តត្រាណ | គ្មានអ្វីរំខានឱ្យកលិយុគ |
| ពេញសិទ្ធិសេរីផុតក្តីទុក្ខ | សព្វកាលទៅមុខសុខសួស្តី ។ |
| – ទន្ទឹមនិងយើងបានសប្បាយ | តើកូនគ្រប់កាយត្រូវធើ្វអ្វី |
| ឱ្យសមកុលបុត្រស្នងទឹកដី | ស្នេហាបូរីកេរដូនតា ។ |
| – កូនកុំភេ្លចខ្លួនពួនស្រណុក | អាងសម្បត្តិស្តុកផុតទុក្ខា |
| ភេ្លចជាតិទឹកដីភេ្លចស្រែច្បារ | ភេ្លចែវច្រវាគ្រាដល់ត្រើយ ។ |
| – ចូរចាំឱ្យជាក់អ្នកនៅក្មេង | កុំឈ្លោះទាស់ទែងគ្នាឯងឡើយ |
| ប្រការបែកបាក់នោះឯងហើយ | នាំជាតិឥតស្បើយរងទុក្ខា ។ |
| – ដែនដីគោកធ្លកជម្រកមាស | ពោរពាសដោយទ្រព្យសព្វប្រការ |
| សម្បត្តិសំបូរគួរចេតនា | គន់គាប់ចិន្តាខ្មែរប្រុសស្រី ។ |
| – រ៉ែត្បូងធ្យូងថ្មល្អអនេក | ភ្នំដែកភ្នំមាសពាសលើដី |
| ទនេ្លបឹងអូរសំបូរត្រី | គិរីព្រឹក្សព្រៃសំបូរសត្វ ។ |
| – ធម្មជាតិព្រោងព្រាតអំណោយផល | ទឹកដីយើងផ្តល់ភោគសម្បត្តិ |
| ប្រើប្រាស់គ្រប់គ្រាន់មិនមានខ្ចាត់ | សំបូរពេកក្តាត់សម្បត្តិជាតិ ។ |
| – កូនអើយចូរចាំឱ្យបានជាក់ | នាងអ្នកនិត្យនៅត្រូវខ្មីឃ្មាត |
| ព្យាយាមរក្សាកុំចង្អៀត | ថ្ងៃយប់អធ្រាត្រឆ្លៀតគិតគូរ ។ |
| – ចាស់ថាប្រហែសនាំបង់បាត់ | ប្រឹងប្រែងប្រយ័តប្រយោជន៍យូរ |
| កូនកុំដើរធ្មេចដេកទទូរ | នេះជាគំរូពិចារណា ។ |
| – បើសិនបាត់ទ្រព្យកុំស្អប់ចោរ | ពាក្យលោកផ្តាំម៉ោជាតម្រា |
| សម្បត្តិមិនខ្ចាត់ត្បិតរក្សា | ទ្រព្យបង់ផងណាត្បិតខ្ជីខ្ជា ។ |
| – កូនអើយស៊ូស្គមក្រោមកិត្តិយស | កុំចង់ដុះពោះព្រោះលោភា |
| ក្រចុះព្រោះស្មោះជាតិប្រជា | កុំឃ្លានទ្រព្យាព្រោះប្រវ័ញ្ច ។ |
| – បើខ្សត់រត់រកអំពកស្រែ | កុំប្រែបែរបោលចោលដីខ្លាញ |
| កុំស្អប់ខ្ពើមជាតិញាតិសម្លាញ់ | កុំដៀលផ្ចាលផ្ចាញ់កំណើតខ្លួន ។ |
| – ពន្លកកើតមកត្រកូលខ្មែរ | កុំបែរបែកចិត្តគិតគុំកួន |
| សាមគ្គីជានិច្ចកុំភេ្លចខ្លួន | នោះទើបមាសស្ងូនផុតទុក្ខភ័យ ។ |
| – ដែនសុវណ្ណភូមិរួមកំណើត | ល្អឆើតគ្មានផ្ទឹមលើលោកីយ៍ |
| រំលេចពេជ្រពណ៌ពណ្ណរង្សី | ដូចស្រីក្រមុំពេញលក្ខិណា ។ |
| – ផៃ្ទដីមួយសែនប្រាំបីម៉ឺន | មួយពាន់គីឡូម៉ែត្រក្រឡា |
| មត៌កព្រេងព្រឹទ្ធពីដូនតា | ចូរជួយរក្សាប្រឹងការពារ ។ |
| – កូនអើយទឹកដីជាជីវិត | តោងវេញគំនិតដូចព្រឹទ្ធា |
| តាំងចិត្តធើ្វម្ចាស់ទាំងអស់គ្នា | នោះមារមិនហ៊ានទន្រ្ទានឡើយ ។ |
| – ដូច្នេះនាងអ្នកភ្ញាក់រលឹក | កុំស្រពន់ស្ពឹកធ្វើកនើ្តយ |
| កុំអាងបានស្ពានឈានដល់ត្រើយ | កូនអើយបែរភ្លេចពីសសរ ។ |
| – ថ្ងៃអនាគតយូរអងែ្វង | តោងកូនគិតក្រែងឱ្យបានល្អ |
| ស្ពានអាចឈរជាប់រាប់ដំណ | អាស្រ័យសសរដែលទ្រទ្រង់ ។ |
| – ប្រការនេះឯងធំធេងណាស់ | គួរគិតឱ្យច្បាស់មាសឆោមយង់ |
| ស្ពានមិនបាក់ស្រុតផុតអន្លង់ | គង់វង្សដោយសារគ្រឹះមាំមួន ។ |
| – រូបកូននេះហើយគ្រឹះសសរ | ជាអ្នកបន្តឈរខ្ជាប់ខ្ជួន |
| រួមចិត្តរួមកាយកុំឆ្ងាយខ្លួន | នោះទើបមាំមួនគង់គាប់ជា ។ |
| – ការពារជាជាងយើងព្យាបាល | ចាស់លោកដំណាលសមសោភា |
| ទោះនឹងអាសន្នជាន់គ្រោះគ្រា | បើបានការពារសឹងផុតភ័យ ។ |
| -ឧបមេយ្យមានស្រូវនៅជង្រុក | សន្សំដាក់ទុកអចិន្រៃ្តយ៍ |
| ទោះគ្រោះទឹកភ្លៀងរាំងជល់ក្តី | សឹងឆ្លងផុតភ័យក្តីអត់ឃ្លាន ។ |
| – ម្យ៉ាងសោតបើមានខ្មាំងបច្ចា | ប៉ុនប៉ងប្រាថ្នាចង់ឈ្លានពាន |
| ក៏យើងមិនខ្លាចអំណាចព្រាន | ត្បិតមានវិធានការបំរុង ។ |
| – ប្រសិនបើខ្វះប្រុងប្រយ័ត្ន | ជួនជួបវិបត្តិងងឹតស្លុង |
| ជំពប់ឧបសគ្គធ្លាក់សូន្យសុង | គ្រោះព្រោះមិនប្រុងមិនបង្ការ ។ |
| – កុំត្រាប់មារយាទដូចសត្វរៃ | ក្អេងក្អាងប្រពៃខាងវោហារ |
| សម្បើមឆ្នើមឫកស្ពឹកអាត្មា | មិនស្វែងអាហារការពារឆី ។ |
| – ខែប្រាំងរាំងភ្លៀងច្រៀងឡែៗ | ក្លាហានពូកែសេ្នហ៍សំដី |
| អាងសមេ្លងឯកស្រែកខ្ទ័រព្រៃ | តាំងខ្លួនថាល្បីលើសសត្វផង ។ |
| – ស៊ីឆែ្អតមួយគែរស់មួយថ្ងៃ | ពុំគិតមមៃថ្ងៃកន្លង |
| សព្វទាំងជម្រកក៏គ្មានផង | ហាក់គ្មាននិកផ្សងដល់ថ្ងៃមុខ ។ |
| – វស្សាមកដល់កើតខ្វល់ខ្វាយ | យល់ក្តីសប្បាយក្លាយជាទុក្ខ |
| ព្រួយគ្មានអាហារគ្មានសំបុក | រងាចាប់ចុករងទុក្ខភ័យ ។ |
| – ភ្លៀងធ្លាក់ជោកជាំច្រើនសន្ធឹក | រាងកាយទទឹកធ្លាក់ដល់ដី |
| ស្រមោចព្រួតគ្នាខាំក្រញ៉ី | ក្លាយជាចំណីឆ្ងាញ់ពិសា ។ |
| – កូនអើយមើលចុះសត្វស្រមោច | ខ្លួនស្វិតល្អិតល្អោចតែហានក្លា |
| ព្យាយាមស្វះស្វែងរែងឧស្សាហ៍ | រួមសហការចិត្តអំណត់ ។ |
| – ពួកគេស្រុះស្រួលបបួលគ្នា | សាមគ្គីសាមគ្គាមិនខ្លាចហត់ |
| សន្សំអាហារការពារខ្សត់ | ត្រៀមទុកមិនអត់គ្រប់វេលា ។ |
| – កូនអើយត្រាប់តាមស្រមោចចុះ | ពិតជាមិនខុសទេពុំងា |
| ចរិតព្យាយាមរួបរួមគ្នា | ប្រឹងប្រែងស្ទុះស្ទាឥតទំរន់ ។ |
| – ទៀតសោតដូចហ្វូងសត្វកណ្តៀរ | ពួកគេសាមគ្គាខ្លាំងពេកពន់ |
| ខ្លួនល្អិតចិត្តធំផ្សំអធន់ | ចរិតទន់ភ្លន់ស្មោះសេ្នហ៍ស្និទ ។ |
| – កូនមើលដំបូកធំស្តូកស្តឹង | កណ្តៀរខំប្រឹងចៃ្នប្រឌិត |
| ប្រមូលកូនចៅផៅជីវិត | ជញ្ជូនដីល្អិតគ្រាប់ធូលី ។ |
| – នោះឯងសឹងមនុស្សស្មានមិនដល់ | គួរកោតគួរឆ្ងល់គួរសំភី |
| ដំបូកស្តូកស្តឹងសឹងគិរី | កើតព្រោះសាមគ្គីនៃសត្វល្អិត ។ |
| -កូនអើយកុំត្រាប់តម្រាប់រៃ | នឹងនាំទុក្ខភ័យដល់ជីវិត |
| តែលតោលឯកោខ្វះញាតិមិត្ត | នោះពិតជីវិតឥតរស្មី ។ |
| – ច្នេះហើយរស់នៅត្រូវខិតខំ | សង្វាតសន្សំរួមប្រាស្រ័យ |
| រួមគ្នាការពារជាតិទឹកដី | ស្មោះស្ម័គ្រមេត្រីគ្រប់បែបយ៉ាង ។ |
| – កូនអើយព្រះមហាឃោសនន្ទ | លោកផ្តែផ្តាំជនជាភស្តុតាង |
| ចរិតខ្មែរល្អដប់មួយយ៉ាង | នេះពុកអះអាងឆ្លើយបញ្ជាក់ ។ |
| – ទីមួយខ្មែរយើងមិនតក់ស្លុត | ស្មារតីមោះមុតខ្លាំងអនគ្ឃ |
| លោភះ ទោសះ និងមោហះ | ចិត្តខ្មែរពិតជាក់សង្កត់បាន ។ |
| – ទីពីរខ្មែរមានឫកសុភាព | ទន់ទាបរាបសាល្អចំណាន |
| ប្រជាប្រិយភាពថ្លៃថ្កើងថ្កាន | និងដោយសន្តានចិត្តជាបុណ្យ ។ |
| – ទីបីខ្មែរមានកតញ្ញូ | តបស្នងគុណគ្រូពិតពេកពន់ |
| មាតាបិតាមិនមានស៊ុន | គ្រប់អ្នកមានគុណមិនរើសមុខ ។ |
| – ទីបួនខ្មែរកាន់នូវសីលប្រាំ | ចងចាំប្រាំបីរក្សាទុក |
| វាងអកុសលចូលលុយលុក | វៀរចាកក្តីទុក្ខផ្អែកលើធម៌ ។ |
| – ទីប្រាំខ្មែរអ្នកភ្ញាក់រលឹក | ព្យាយាមយប់ព្រឹកអំពើល្អ |
| ខ្លួនទីពឹងខ្លួនសាងស្មោះសរ | ប្រព្រឹត្តធម៌ល្អការពារខ្លួន ។ |
| – ប្រាំមួយខ្មែរអ្នកផ្សាយមេត្តា | មានករុណាមុទិតាផ្ទួន |
| និងឧបេក្ខាព្រហ្មវិហារបួន | ផ្សព្វផ្សាយមាំមួនដល់មនុស្សលោក ។ |
| – ប្រាំពីរខ្មែរមានចិត្តខន្តី | អត់ធនប្រពៃក្តីយល់យោគ |
| ពន្លត់គ្រោះថ្នាក់ភាពទុក្ខសោក | ដែលកើតមានមកចំពោះមុខ ។ |
| – ប្រាំបីខ្មែរមានចិត្តអភ័យ | សន្តោសប្រណីផ្តល់ក្តីសុខ |
| មិនចាប់កំហុសធើ្វទោសទុក្ខ | គ្រប់កលិយុគសុំសន្តិភាព ។ |
| -ប្រាំបួនខ្មែរមានសច្ចធម៌ | សុចរិតស្មោះសរលើផ្ទៃរាប |
| មានសីលធម៌មិនខ្ពស់ទាប | ឋិតក្នុងសភាពជាកណ្តាល ។ |
| – ទីដប់ខ្មែរកាន់នូវវប្បធម៌ | ប្រពៃណីល្អខ្ពស់ត្រកាល |
| អាស៊ីអគេ្នយ៍ថៃ្លវិសាល | ខ្មែរពិតដុះដាលលើសគេឯង ។ |
| – ខ្មែរចេះទន់ភ្លន់ឱនលំទោន | ភ័ក្រ្កមិនស្រពោនស្រស់ចិញ្ចែង |
| ញញឹមប្រិមប្រិយដោយឯងៗ | វាចាថ្លាថ្លែងថ្លៃលើសលប់ ។ |
| – ពាក្យពេចន៍ស្រទន់ហើយផ្អែមល្ហែ | ក្រអូបក្រអែមរាល់ថ្ងៃយប់ |
| ជាបុប្ឆាវាទលាតសាយសព្វ | ឈ្ងុយឈ្ងប់ទៅគ្រប់ទាំងដប់ទិស ។ |
| – ដប់មួយខ្មែរមានធម៌សាមគ្គី | រួបរួមសំភីមូលមីរគ្រឹះ |
| វេញចូលធ្លុងមួយជាគន្លឹះ | ចាក់គល់ចាក់ឫសរឹងមាំមួន ។ |
| – កូនអើយពូជខ្មែរពូកែល្បី | ប្រុសស្រីពួតដៃឥតគេចពួន |
| ស្រឡាញ់ជាតិណាស់រៀងៗខ្លួន | ជ្រកកោនក្នុងសួនវប្បធម៌ខ្មែរ ។ |
| – អង្គរជាកេរវប្បធម៌ជាតិ | គង់វង្សឥតឃ្លាតឥតកែប្រែ |
| ដំនដូនតារក្សាថែ | មិនបាត់បែកបែរទៅណាបាន ។ |
| – កូនអើយចូរស្ទួយពុទ្ធសាសនា | ដើម្បីខេមរាសុខក្សេមក្សាន្ត |
| ពិសេសគ្រួសារយើងថ្កើងថ្កាន | ប្រសព្វសុខសាន្តអងែ្វងទៅ ។ |
| – កំណើតជាតិខ្មែរមានតែមួយ | មានពូជមានត្រួយគង់វង្សនៅ |
| គ្មានខៀវក្រហមគ្មានគ្មានសខ្មៅ | ត្រកូលត្រឹមត្រូវគ្មានពីរបី ។ |
| – ខ្មែរគ្មានជើងត្បូងគ្មានលិចកើត | ឈាមជ័រកំណើតរួមបូរី |
| ខ្មែរគ្មានពណ៌ប្លែកបែកទីទៃ | ប្រសូតិលើដីដែនសុវណ្ណ ។ |
| – ច្នេះហើយយើងខ្មែរគ្រប់អង្គា | ចូររួបរួមគ្នាជាឯកច្ឆ័ន្ទ |
| កូនអើយអាសូរវិញ្ញាណក្ខន្ធ | ដូនតាដែលកាន់ឋានភពថ្មី ។ |
| – សង្គមធំធាត់ត្បិតគ្រួសារ | ជាកោសិកាជាតិទឹកដី |
| កិត្យានុភាពជាតិល្បាញល្បី | ត្បិតខ្មែរប្រុសស្រីមិនប្រេះឆា ៕ |

កំណាព្យនិពន្ធដោយៈ លោក សុខ សុធន
វាយអក្សរកុំព្យូទ័រជាថ្មីដោយៈ ភិក្ខុ កិច្ចភិរតោ ឡាយ រិន
វត្តខេមររតនារាម, ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៩


🔸កំណែចុងក្រោយ Last Updated on August 9, 2024 by Johnny ចន្នី






