អណ្តាតជាអាថ៌កន្លង
បទពាក្យប្រាំពីរ
| – កូនអើយអណ្តាតអាថ៌កន្លង | បានសុខទុក្ខផងព្រោះអណ្តាត |
| ចូរកូនចងចាំខំសង្វាត | តម្កល់ជាខ្នាតពិចារណា ។ |
| – បំណាច់នឹងក្តីកុំបីស្មាន | តោងគិតប្រមាណពាក្យពិស្តារ |
| ប្រាកដជាក់ស្តែងសឹមថែ្លងថ្លា | ប្រយោគមុសាគួរវាងចៀស ។ |
| – នេះម្តងនួងល្អងត្រូវរិះគិត | សំដីយើងពិតថ្លៃជាងមាស |
| ពាក្យមិនប្រពៃកុំពោលពាស | នាំថោកនិរាសដល់អាត្មា ។ |
| – កុំកាច់ត្រកូលមូលត្រគាក | កុំពាំនាំពាក្យឥតខ្លឹមសារ |
| កុំយករឿងគេមកបរិហារ | ឃ្លាមួយចាស់ថាពេស្យាមាត់ ។ |
| – កុំអួតអុងអាត់មានតែអញ | ក្រែងគេស្អប់ខ្នាញ់លួចវាយវាត់ |
| ចាស់ថាកំភ្លាញស្លាប់ព្រោះមាត់ | អ្នកប្រាជ្ញចេះស្ទាត់គង់ភ្លាត់ស្តី ។ |
| – សំដីជាឯកលេខជាទោ | អក្សរនមោទុកជាត្រី |
| មនុស្សខ្លះកើតយសព្រោះសំដី | មនុស្សខ្លះអាចក្ស័យព្រោះវាចា ។ |
| – កូនអើយទឹកឃ្មុំផ្អែមឈ្ងុយឆ្ងាញ់ | តែគង់នៅចាញ់រសវោហារ |
| តែបែរបើល្វីងហួសពិសា | នោះពិតវាចាលើសគ្រាប់ស្លែង ។ |
| – អាវុធមុតស្រួចគឺវាចា | ថាមពលខ្លាំងកា្លគួរកោតក្រែង |
| វាអាចប្រហារអាត្មាឯង | ច្នេះត្រូវប្រយែងប្រយ័ត្នស្តី ។ |
| – មិនជុះកុំផោមឱ្យឆ្កែអរ | ឃ្លានេះកំដរលើអត្ថន័យ |
| គ្រោតគ្រាតមែនពិតតែគប្បី | ចូរកូនរំពៃពិចារណា ។ |
| – ចាស់ថាស៊ូស្ងៀមជាងស្រដី | ទំពារចេកខ្ចីជួសវាចា |
| អផ្សុកបុកស្រូវច្រៀងសក្រវាទិ៍ | ជាជាងថ្លែងថ្លាការមិនពិត ។ |
| – កូនអើយបើចេះឱ្យគេកោត | បើឆោតឱ្យគេជួយអាណិត |
| ច្បាប់គ្រូមុនគូរលោកឱ្យគិត | ប្រយ័ត្នកាំបិតចិតដងឯង ។ |
| – កុំបាចអង្កាមបញ្រ្ចាសខ្យល់ | ពាក្យចាស់តម្កល់យូរអងែ្វង |
| បើស្តោះកុំស្តោះលើទ្រូងឯង | កូនអើយមុនថ្លែងកុំភ្លេចថ្លឹង ។ |
| – បើល្ងង់កុំប៉ងធ្វើបណ្ឌិត | បើភ្នែកងងឹតកុំសម្លឹង |
| បើត្រចៀកថ្លង់កុំចង់ដឹង | បើ គ កុំប្រឹងចង់ស្រដី ។ |
| – កុំលេងភូតភរឆបញ្ឆោត | ល្បិចល្បងចាក់ដោយល្បែងបំភ័យ |
| កុហកលេងសើចបញ្ចើញស្តី | បំផ្លើសបំភ្លៃច្នៃកំសាន្ត ។ |
| – ការពិតចិត្តប៉ងលេងត្រង់ស្មោះ | តែគេឯណោះថារំខាន |
| នាំគេភ័យព្រួយរញ្ជួយប្រាណ | សប្បាយក្លាយបានជារឿងក្តី ។ |
| – នោះហើយអណ្តាតអាថ៌កន្លង | បូរាណចងក្រងសង្ខេបខ្លី |
| អណា្តតអាចនាំសុខសួស្តី | ជួននាំទុក្ខភ័យឱ្យអាត្មា ។ |
| – ពុកលើករឿងមួយមកបញ្ជាក់ | មានបុរសម្នាក់ល្លង់ក្រៃណា |
| ថ្ងៃមួយមិត្តខ្លួនបានពោលថា | ផ្ទះឯងនោះណាមានកំណប់ ។ |
| – នែ ក្លើសម្លាញ់អញប្រាប់ឯង | យប់មិញអញគេងហើយយល់សប្តិ |
| ឃើញច្បាស់មានមាសមួយប្រអប់ | ព្រះឥន្រ្ទលាក់កប់ទុកក្រោមផ្ទះ ។ |
| – ឯបុរសល្លង់បានឮភ្លាម | ទាំងព្រឹកព្រហាមស្ទុះរូតរះ |
| រំភើបញាប់ញ័រអរខ្លាំងណាស់ | រត់ទៅសំពះតាហោរា ។ |
| – ពឹងឱ្យទស្សន៍ទាយរាយជើងលេខ | មានប្រាក់មានចេកពពិសការ |
| តើពិតមិនពិតពាក្យមិត្តថា | ផ្ទះខ្លួននោះណាមានកំណប់ ។ |
| – តាហោរឮសូរពាក្យនោះភ្លាម | មិននៅស្ងាត់ស្ងៀមឥតធុញថប់ |
| សាកសួរខែឆ្នាំរាប់គ្រប់សព្វ | ទើបឆ្លើយកំណប់ពិតជាមាន ។ |
| – បុរសនោះអរឥតឧបមា | នឹកថាទេព្តាពិតប្រទាន |
| ក៏ផ្តើមចាយវាយទ្រព្យធនធាន | ដ្បិតសឹងថាមានមាសមិនខ្វះ ។ |
| – លុះចាយអស់ទ្រព្យទើបខ្វល់ខ្វាយ | កាប់គាស់កកាយដីក្រោមផ្ទះ |
| ជីកទាំងយប់ថ្ងៃច្នៃរូតរះ | មិនពើបប្រទះកំណាប់សោះ ។ |
| – ជីកកាន់តែជ្រៅទៅរឹតឆ្ងាយ | កកូរកកាយសព្វកៀនកោះ |
| នៅតែមិនជួបទ្រព្យរបស់ | រហូតផ្ទះនោះរលំគ្រេង ។ |
| – ក្រោយមកបុរសជាមិត្តភ័ក្តិ | បញ្ជាក់ថាខ្លួននិយាយលេង |
| ក៏កើតជម្លោះឈ្លោះទាស់ទែង | ប្តឹងផ្តល់ប្រជែងកើតប្រេះឆា ។ |
| – នោះហើយតម្រេះជិះកឯង | ភូតភរបន្លែងលេងមុសា |
| បំផុតបង់ទ្រព្យជួយសាងស្តារ | នោះពិតវាចាប្រហារប្រាណ ។ |
| – ចំណែកមួយទៀតតាហោរា | គូសវាសលើក្តារឆ្លើយថាស្មាន |
| គេជេរដៀលត្មះចាស់សាមាន្យ | ព្រោះតែប្រថានប្រថុយស្តី ។ |
| – កូនអើយកើតឈ្លោះព្រោះកុហក | ផលនោះអាក្រក់មិនគប្បី |
| អណ្តាតពិសពុលយល់ទុក្ខភ័យ | ដោយសារសំដីស្តីមិនគាប់ ។ |
| – មួយម៉ាត់ចំណេញមួយម៉ាត់ខាត | កុំពោលខុសខ្នាតឃ្លាតទម្លាប់ |
| ក្រែងខាតប្រយោជន៍ខូចទាំងទ្រព្យ | ប្រយ័ត្នឱ្យជាប់ពាក្យសំដី ។ |
| – ឃ្លាមួយចាស់ថាសូរកោកៗ | សឹកមាត់ត្រដោកឆ្អែតក្របី |
| ជាសុភាសិតព្រឹទ្ធកវី | ផ្តាំស្ងួនប្រុសស្រីពិចារណា ។ |
| – បំណាច់នឹងស្តីឱ្យគេស្តាប់ | ឱ្យគេត្រង់ត្រាប់ចាប់ជាការ |
| ចៀសវាងសឹកមាត់ហត់អាត្មា | ព្រោះតែវាចាពោលឥតន័យ ។ |
| -នោះឯងប្រៀបបានសូរត្រដោក | កោកៗបណ្តោកកក្របី |
| ពោះគេគង់ឆ្អែតដោយស្មៅខ្វី | ត្រដោកបំភ្លៃសឹកមាត់ឯង ។ |
| – កូនអើយសំដីផ្សំប្រាជ្ញា | នោះទើបពិស្តារគេកោតក្រែង |
| កុំយកវាចាចាត់ជាល្បែង | គប្បីថ្លឹងថ្លែងក្រែងភ្លាំងភ្លាត់ ។ |
| – មុនចាប់ជើងក្រានប្រមាណឆ្នាំង | តូចទាបកុំតាំងជាធំធាត់ |
| ស្ទាក់ស្ទើរកុំធ្វើជាអ្នកស្ទាត់ | ភ្លេចភ្លាំងនាំភ្លាត់មុខមាត់អាប់ ។ |
| – មុនចាប់ច្រវាសម្លឹងត្រើយ | ពាក្យពេចន៍ពោលហើយឱ្យគេត្រាប់ |
| កុំឱ្យសឹកមាត់អួតចំណាប់ | នេះពុកប្រៀនប្រាប់ទុកបន្ត ។ |

កំណាព្យនិពន្ធដោយៈ លោក សុខ សុធន
វាយអក្សរកុំព្យូទ័រជាថ្មីដោយៈ ភិក្ខុ កិច្ចភិរតោ ឡាយ រិន
វត្តខេមររតនារាម, ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៩


🔸កំណែចុងក្រោយ Last Updated on August 9, 2024 by Johnny ចន្នី





