នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸មនុស្សពាល មិនគួរជាអ្នកនាំមុខគេទេ។
សប្បុរសធម៌
បទពាក្យប្រាំពីរ
| ជនណាមានចិត្តស្ងប់រម្ងាប់ | សង្កត់បង្គ្របនូវបាបធម៌ |
| មិនឱ្យកម្រើកពើកញាប់ញ័រ | ជននោះឈ្មោះក្រហៅសប្បុរស ។ |
| សប្បុរសជាឈ្មោះសុជីវធម៌ | ស្អាតស្អំបវរល្អខ្ពង់ខ្ពស់ |
| ជួយទ្រទ្រង់មនុស្សឱ្យមានយស | មានកេរ្តិ៍មានឈ្មោះពិរោះល្អ ។ |
| អ្នកប្រាជ្ញទាំងឡាយមានព្រះពុទ្ធ | ទ្រង់ត្រាស់កំណត់ហៅទេវធម៌ |
| មានប្រាំពីរយ៉ាងតាងធម៌ស | ធម៌ល្អនាំសត្វបាត់សៅហ្មង ។ |
| ទីមួយឈ្មោះធម្មញ្ញុតា | ចេះស្គាល់ហេតុការណ៍ណាត្រឹមត្រង់ |
| ស្គាល់សុខស្គាល់ទុក្ខមិនកន្លង | តាមកងសង្ខារតាក់តែងផ្តល់ ។ |
| ទីពីរឈ្មោះអត្ថញ្ញុតា | ភាពជាអ្នកជាស្គាល់ហេតុផល |
| ធ្វើល្អបានល្អជាកុសល | តាមពូជតាមផលផ្តល់ជាក់ស្តែង ។ |
| ទីបីឈ្មោះអត្តញ្ញុតា | ភាពជាអ្នកជាស្គាល់ខ្លួនឯង |
| ស្គាល់ជាតិត្រកូលស្គាល់ខ្លីវែង | មិនឫក្សខែងរែងឬឡេះឡោះ ។ |
| ទីបួនឈ្មោះមត្តញ្ញុតា | ភាពជាអ្នកស្គាល់យល់របស់ |
| របរចិញ្ចឹមជីវិតរស់ | មានឈ្មោះជាមនុស្សស្គាល់ប្រមាណ ។ |
| ទីប្រាំឈ្មោះកាលញ្ញុតា | ស្គាល់កាលវេលាទ្វារដើមដាន |
| ប្រកបកិច្ចការចេះត្រាស្មាន | នាំប្រាណបានសុខរួចទុក្ខភ័យ ។ |
| ប្រាំមួយបរិសញ្ញុតា | ភាពជាអ្នកស្គាល់យល់ប្រពៃ |
| នូវទីប្រជុំជនច្រើនក្រៃ | ចេះច្នៃរៀបរយស្ទួយកិរិយា ។ |
| ប្រាំពីរបុគ្គលបរោបរញ្ញុតា | ភាពជាអ្នកស្គាល់យល់មនុស្សា |
| អាក្រក់ឬល្អឬបច្ចា | សេពគប់កាលណាមិនខុសឡើយ ៕ |

និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ
វត្តចាក់អង្រែក្រោម, ថៃ្ងទី១៥ មិថុនា ឆ្នាំ២០០៩


🔸កំណែចុងក្រោយ Last Updated on April 18, 2025 by Johnny ចន្នី






