សង្ខារ ៣ (សភាពដែលតាក់តែង – Saṅkhāra: formation; determination; function)
១. កាយសង្ខារ (សភាពដែលតាក់តែងកាយ បានដល់ខ្យល់អស្សាសៈ បស្សាសៈ គឺខ្យល់ដង្ហើមចេញចូល – Kāya-saṅkhāra: bodily formation; bodily function)
២. វចីសង្ខារ (សភាពដែលតាក់តែងវាចា បានដល់វិតក្កនិងវិចារ – Vacī-saṅkhāra: verbal formation; verbal function)
៣. ចិត្តសង្ខារ (សភាពដែលតាក់តែងចិត្ត បានដល់សញ្ញានិងវេទនា – Citta-saṅkhāra: mental formation; mental function)
សង្ខារ ៣ ក្នុងធម៌ពួកនេះ តែងមកក្នុងរឿងដែលទាក់ទងនឹងសញ្ញាវេទយិតនិរោធថា អ្នកចូលសមាបត្តិនេះ វចីសង្ខារ កាយសង្ខារ និងចិត្តសង្ខារ រលត់ទៅតាមលំដាប់ ។
—————————–
ពាក្យថា សង្ខារ នេះ យើងធ្លាប់ឮរឿយៗ ទាំងក្នុងជីវិតប្រចាំថ្ងៃ ទាំងក្នុងការសម្ដែងធម៌ផ្សេងៗ
ខាងផ្លូវធម៌ ចាត់ទុកជាពាក្យបច្ចេកទេស (technical term) មានន័យផ្សេងៗគ្នា តាមកន្លែងដែលព្រះអង្គសម្ដែង ដូចជា “សង្ខារ” ក្នុងសតិប្បដ្ឋាន ក្នុងបដិច្ចសមុប្បាទ ជាដើម ។ល។
– ក្នុងសតិប្បដ្ឋានថាៈ- ….
សិក្សាថា អាត្មាអញនឹងរម្ងាប់នូវកាយសង្ខារ ដកដង្ហើមចេញ
សិក្សាថា អាត្មាអញនឹងរម្ងាប់នូវកាយសង្ខារ ដកដង្ហើមចូល….. ។ល។
(ពាក្យថា កាយសង្ខារ ក្នុងសតិប្បដ្ឋានសូត្រដែលលើកមកឱ្យមើលជាតួយ៉ាងនេះ គឺខ្យល់ដង្ហើមចេញចូល តាមខទី ១ ខាងលើ, តិបិ. ខ្មែរ ភាគ ១៧, ទ. ២៤៧)
– ក្នុងបដិច្ចសមុប្បាទថាៈ-
អវិជ្ជាបច្ចយា សង្ខារា ព្រោះមានអវិជ្ជាជាបច្ច័យ ទើបមានសង្ខារ
សង្ខារប្បច្ចយា វិញ្ញាណំ ព្រោះមានសង្ខារជាបច្ច័យ ទើបមានវិញ្ញាណ…. ជាដើម ។ល។
(ព្រះសង្ឃតែងសូត្របង្សុកូលជារឿយៗ)
“សង្ខារ” ក្នុងបដិច្ចសមុប្បាទនេះ គឺតួចេតនាក្នុងកុសលនិងអកុសល ដែលជាតួកម្ម(អំពើ)
សេចក្ដីអធិប្បាយដោយសង្ខេប ល្មមយល់ពាក្យបច្ចេកទេសក្នុងព្រះធម៌តាមសមគួរ
សូមអរព្រះគុណនិងអរគុណសម្រាប់ការចែករំលែក
តាមអារាមប៊យ
២១ កក្កដា ២០១៨
🔸Last Updated កំណែចុងក្រោយ on March 26, 2023