☸️វគ្គនេះនិយាយអំពីការឆ្លើយតបរបស់ព្រះពុទ្ធចំពោះសំណួររបស់ព្រះសារីបុត្រ និង ព្រះមហាមោគ្គល្លាន ។ ព្រះអគ្គសាវ័កទាំងពីររូបបានក្រាបទូលសួរព្រះពុទ្ធអំពីមូលហេតុដែលសញ្ជ័យបរិព្វាជកមិនមកចូលរួមស្តាប់សេចក្តីបង្រៀនរបស់ព្រះពុទ្ធ ។
ឈ្មោះពិតរបស់ព្រះសារីបុត្រ គឺ ឧបតិស្សៈ ហើយឈ្មោះពិតរបស់ព្រះមហាមោគ្គល្លាន គឺ កោលិតៈ ។ លោកទាំងពីរធ្លាប់ជាសិស្សរបស់សញ្ជយបរិព្វាជក នៅក្នុងសម័យដែលលោកទាំងពីរកំពុងតែស្វែងរកមោក្ខធម៌ ។ នៅក្នុងសម័យនោះ សញ្ជយបរិព្វាជក គឺជាអាចារ្យដែលមានឈ្មោះបោះសម្លេងយ៉ាងខ្លាំងនៅក្នុងក្រុងរាជគ្រឹះ ។
ក្រោយមក ឧបតិស្សបរិព្វាជក (គឺព្រះសារីបុត្រ) បានស្តាប់នូវឣរិយសច្ចកថា ឣំពីសំណាក់ នៃព្រះឣស្សជ្ជិត្ថេរ ដោយសង្ខេប ហើយ ក៏បានសម្រេចព្រះសោតាបត្តិផល ទើបត្រឡប់មកពន្យល់ឲ្យកោលិតបរិព្វាជក (ព្រះមហាមោគ្គល្លាន) ជាសំឡាញ់របស់ខ្លួន បានស្តាប់ រហូតដល់កោលិតៈ បានសម្រេចនូវព្រះសោតាបត្តិផល ដូចខ្លួនដែរ ស្រេចហើយ ទើបនាំគ្នាទៅកាន់សំណាក់គ្រូសញ្ជយបរិព្វាជក ដើម្បីសុំលាទៅ ក្រាបថ្វាយបង្គំគាល់ព្រះពុទ្ធជាម្ចាស់ ព្រមទាំងបានបបួលគ្រូសញ្ជ័យ ឲ្យទៅគាល់ជាមួយផងដែរ ។ តែគ្រូសញ្ជ័យ មិនព្រមទៅជាមួយឡើយ ។
បតិស្សៈ និង កោលិតៈ ព្រមទាំងបរិវារ របស់ខ្លួន បាននាំគ្នាទៅគាល់ព្រះបរមសាស្តា ហើយបានក្រាប ថ្វាយបង្គំទូលសុំបព្វជ្ជា និង ឧបសម្ប័ទ ជាភិក្ខុ ក្នុងព្រះពុទ្ធសាសនា លុះបានសម្រេចនូវសោឡសកិច្ចហើយ ក៏បានទទួលដំណែងជាព្រះឣគ្គសាវ័ក ឆ្វេងស្តាំ ។ ក្រោយមក ព្រះឣគ្គសាវ័កទាំងពីរ បានក្រាបទូលព្រះសាស្តា ឣំពីរឿងដែលគ្រូសញ្ជ័យ មិនព្រមមកគាល់ព្រះឣង្គ ជាមួយនឹងពួកខ្លួន តាមពាក្យបបួល ។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបត្រាស់ព្រះគាថានេះ ថា ៖
ឣសារេ សារមតិនោ | សារេ ចាសារទស្សិនោ |
តេ សារំ នាធិគច្ឆន្តិ | មិច្ឆាសង្កប្បគោចរា ។ |
សារញ្ច សារតោ ញត្វា | ឣសារញ្ច ឣសារតោ |
តេ សារំ ឣធិគច្ឆន្តិ | សម្មាសង្កប្បគោចរា ។ |
☸️ជនទាំងឡាយ ដែលយល់ឃើញ ក្នុងធម៌មានខ្លឹម ថាជាធម៌មិនមានខ្លឹមផង ជាឣ្នកមានតម្រិះខុសជាអារម្មណ៍ រមែងមិនបាននូវធម៌ដែលមានខ្លឹមឡើយ ។
☸️យមកវគ្គ ទី១
☸️ជនទាំងឡាយ ដែលយល់ឃើញនូវធម៌មានខ្លឹម ថាជាធម៌មានខ្លឹមផង យល់ឃើញនូវធម៌ដែលគ្មានខ្លឹម ថាជាធម៌គ្មានខ្លឹមផង ជាឣ្នកមានតម្រិះត្រូវជាឣារម្មណ៍ រមែងបាននូវធម៌ដែលមានខ្លឹម ។
🔸Last Updated កំណែចុងក្រោយ on December 20, 2024