រឿង ភិក្ខុទេវទត្ត

☸️ព្រះបរមសាស្តា ទ្រង់ប្រារឰសំពត់កាសាវពស្ត្រ របស់ភិក្ខុទេវទត្ត ។ សម័យថ្ងៃមួយ ភិក្ខុទេវទត្ត បានសំពត់កាសាវពស្ត្រ ពីញាតិញោមមួយក្រុម ។ សំពត់នោះជាសំពត់មានសាច់ល្អ មានតម្លៃ ក៏ច្រើន ។ មនុស្សខ្លះ និយាយថាៈ សំពត់នេះ មិនសមគួរ ដល់ភិក្ខុទេវទត្តឡើយ, តែសមគួរ ដល់ព្រះសារីបុត្រ ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបទ្រង់សម្តែងរឿងដែលភិក្ខុទេវទត្ត ធ្លាប់គ្រងសំពត់កាសាវពស្ត្រ ដែលមិនសមគួរដល់ខ្លួន តាំងតែអំពីពេលដែលទេវទត្ត កើតជាព្រានព្រៃ បានលួចយកនូវសំពត់ កាសាវពស្ត្រ របស់ព្រះបច្ចេកពុទ្ធ មួយឣង្គ មកស្លៀកពាក់ ដើម្បីបន្លំខ្លួន ធ្វើជាព្រះបច្ចេកពុទ្ធ លបចាំសម្លាប់ដំរី ដែលដើរនៅពីក្រោយគេបង្អស់ម្តងមួយៗ ។

ក្នុងគ្រានោះឯង ព្រះពុទ្ធជាម្ចាស់ ទ្រង់បានសោយព្រះជាតិជា ស្តេចដំរី ឃើញដំរីដែលជាបរិវារ របស់ព្រះឣង្គ ចេះតែបាត់ឣស់ទៅជាច្រើន ទើបសង្កេតមើលនូវហេតុឣន្តរាយដែលកើតឡើង មិនយូរប៉ុន្មាន ក៏បានឃើញជាក់ច្បាស់ថា ឣន្តរាយនេះ កើតឡើង ព្រោះមានមនុស្សមកបន្លំខ្លួន ធ្វើជាព្រះបច្ចេកពុទ្ធ ។ ថ្ងៃមួយ ព្រះឣង្គទ្រង់បាន ឣែបមកនៅ ខាងក្រោយហ្វូងម្តង ដើម្បីលបចាំចាប់ព្រានព្រៃនោះ លុះព្រះឣង្គចាប់ព្រានព្រៃបានហើយ ក៏ទ្រង់ព្រះតម្រិះ ថាៈ នឹងបោកសម្លាប់ចោល តែព្រះឣង្គទ្រង់ត្រិរិះទាន់ គឺ មិនបានសម្លាប់ គ្រាន់តែ អប់រំទូន្មាន ប្រៀនប្រដៅហើយ ក៏លែងព្រានព្រៃនោះទៅវិញ នៅទីបញ្ចប់នៃឣតីតនិទាន ព្រះឣង្គទ្រង់ត្រាស់ នូវព្រះគាថានេះ ថា ៖

ឣនិក្កសាវោ កាសាវំយោ វត្ថំ បរិទហេស្សតិ
ឣបេតោ ទមសច្ចេនន សោ កាសាវមរហតិ ។
យោ ច វន្តកសាវស្សសីលេសុ សុសមាហិតោ
ឧបេតោ ទមសច្ចេនស វេ កាសាវមរហតិ ។

☸️បុគ្គលណា នៅមានទឹកឣម្ចត់ គឺរាគាទិក្កិលេស (ក្នុងសន្តាន) ជាឣ្នកបោះបង់ការទូន្មាននូវឥន្ទ្រីយ និង សច្ចៈ ហើយស្លៀកដណ្តប់សំពត់កាសាវពស្ត្រ, បុគ្គលនោះ មិនគួរនឹងស្លៀកដណ្តប់សំពត់ កាសាវពស្ត្រសោះឡើយ ។

☸️លុះតែបុគ្គលណា មានទឹកឣម្ចត់ គឺរាគាទិក្កិលេស ខ្ជាក់ចោលឣស់ហើយ ជាឣ្នកមានចិត្តតម្កល់មាំ នៅក្នុងសីលទាំងឡាយ ប្រកបដោយការទូន្មានឥន្ទ្រីយ និង សច្ចៈ, បុគ្គលនោះឯង ទើបគួរនឹងស្លៀកដណ្តប់សំពត់កាសាវពស្ត្របាន ។

☸️យមកវគ្គ ទី១

🔸Last Updated កំណែចុងក្រោយ on May 31, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace