១៥-រឿង ព្រះនាងសាមាវតី

Average Rating: No ratings yet


ព្រះបរមសាស្តា ទ្រង់ប្រារឰសេចក្តីស្លាប់របស់ស្ត្រីពីរពួក គឺពួកនាងសាមាវតី ១ ពួកនាងមាគន្ទិយា ១ ។ នាងសាមាវតី និង នាង មាគន្ទិយា ទាំងពីរនាក់នេះ គឺជាមហេសី របស់ព្រះរាជា ទ្រង់ព្រះនាមឧទេន នៅក្នុងក្រុងកោសម្ពី ។

សម័យនោះ ព្រះសាស្តា ទ្រង់គង់ចាំព្រះវស្សានៅ ក្នុងក្រុងកោសម្ពីនោះដែរ ។ ពួកនាងសាមាវតី បានសម្រេចសោតាបត្តិផល, ចំណែកឯ ពួកនាងមាគន្ទិយា មិនបានសម្រេចផលអ្វីទេ ថែមទាំងមិនមានចិត្តជ្រះថ្លា ចំពោះព្រះសាស្តាទៀតផង គិតតែពីរករឿងហេតុប្រទូសរ៉ាយ ចំពោះព្រះសាស្តា និង ព្រះនាងសាមាវតី ដោយប្រការផ្សេងៗ ដូចជាជួលមនុស្ស ឲ្យទៅស្រែកជេរព្រះឣង្គ ប្រើមនុស្សឲ្យទៅលួចដុតប្រាសាទ របស់នាងសាមាវតីជាដើម ។

ពេលនោះ ព្រះនាងសាមាវតី ព្រមទាំងស្រីស្នំ ត្រូវភ្លើងឆេះស្លាប់ ទាំងឣស់គ្នាគ្មានសល់ម្នាក់ឡើយ ។

ព្រះបាទឧទេន ទ្រង់បានជ្រាបហើយ ទើបទ្រង់ស្វះស្វែងរកឧបាយកល ដើម្បីនឹងរកហេតុផល ចាប់ឣ្នកដែលបានដុតប្រាសាទនោះ ឲ្យទាល់តែបាន លុះទ្រង់ជ្រាបច្បាស់ហើយ ទើបទ្រង់ត្រាស់បញ្ជា ប្រើឲ្យពួកឣាមាត្យ ជីកនូវឣន្លុង កប់ក្រុមបក្សពួក របស់នាង មាគន្ទិយា ត្រឹមផ្ចឹត ហើយឲ្យយកភ្លើងដុតទាំងរស់ រួចហើយឲ្យយកនង្គ័លរនាស់ដែក ភ្ជូររាស់ថែមពីលើទៀត ។ សម្រាប់នាងមាគន្ទិយាវិញ ព្រះរាជាទ្រង់ត្រាស់បញ្ជា ឲ្យរាជឣាមាត្យ ឣារសាច់នាងម្តងមួយដុំៗ យកទៅចៀនខ្លាញ់ ឲ្យឆ្អិនហើយ ត្រាស់ឲ្យយកសាច់ចៀននោះ ទៅឲ្យនាងមាគន្ទិយាស៊ី រហូតដល់នាងស្លាប់តែម្តង ។

ភិក្ខុទាំងឡាយ បានប្រជុំ សន្ទនាគ្នាឣំពីរឿងនាងមាគន្ទិយា និង នាងសាមាវតី ដោយប្រការផ្សេងៗ ។

ព្រះសាស្តា ទ្រង់ជ្រាបហើយទ្រង់ត្រាស់នូវព្រះគាថានេះថា ៖

ឣប្បមាទោ ឣមតំ បទំបមាទោ មច្ចុនោ បទំ
ឣប្បមត្តា ន មីយន្តិយេ បមត្តា យថា មតា
ឯតំ វិសេសតោ ញត្វាឣប្បមាទម្ហិ បណ្ឌិតា
ឣប្បមាទេ បមោទន្តិឣរិយានំ គោចរេ រតា
តេ ឈាយិនោ សាតតិកានិច្ចំ ទឡ្ហបរក្កមា
ផុស្សន្តិ ធីរា និព្វានំយោគក្ខេមំ ឣនុត្តរំ ។

☸️សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់ សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់, ជនទាំងឡាយ ដែលមិនប្រមាទហើយ ឈ្មោះថា មិនស្លាប់, ជនទាំងឡាយ ដែលប្រមាទហើយ ទុកដូចជាមនុស្សដែលស្លាប់ទៅហើយ ។ ពួកបណ្ឌិត បានជ្រាបនូវដំណើរនេះ ដោយប្លែកគ្នា (ទើបឋិតនៅ) ក្នុងសេចក្តីមិនប្រមាទ រីករាយ ក្នុងសេចក្តីមិនប្រមាទ, បណ្ឌិតទាំងនោះ ជាឣ្នកត្រេកឣរហើយ ក្នុងធម៌ជាគោចរ នៃព្រះឣរិយបុគ្គលទាំងឡាយ មានការពិនិត្យជាប្រក្រតី មានព្យាយាមជាប់តគ្នា មានសេចក្តីប្រឹងប្រែងមាំមួនជានិច្ច ជាឣ្នកមានប្រាជ្ញា តែងប៉ះពាល់នូវព្រះនិព្វាន ជាទីក្សេមក្សាន្តចាកយោគៈ ជាគុណជាត ដ៏ប្រសើរបំផុត ។


ចំនួនវគ្គ​ក្នុង​គម្ពីរ​ធម្មបទ

គម្ពីរធម្មបទ​ មាន​ទាំង​អស់​ ៤២៣​ បទ​ ការ​រាប់​ជា​បទ​ រាប់​តាម​ចំនួន​គាថា​ គឺ​ គាថា​ ១​ គាថា​ ឬគាថា​ ១​ គាថា​ ជា​មួយ​នឹង​កន្លះ​គាថា​ រាប់​ជា​ ១​ បទ​ ក្នុង​អដ្ឋកថា​ធម្មបទ​ លោក​រួប​រួម​ទុក​ជា​រឿង​ៗ​ មាន​ឈ្មោះ​រឿង​ប្រាកដ​តាម​សភាវធម៌​ ឬ​បុគ្គល​ដែល​ទ្រង់​ប្រារព្ធ​ រឿង​ខ្លះ​មិន​ប្រាកដ​បុគ្គល​ដោយ​ជាក់​ច្បាស់​ លោក​ក៏​ប្រើ​ពាក្យ​ថា​ បុគ្គល​ម្នាក់​ ភិក្ខុ​មួយ​រូប​ រួម​ទាំង​អស់​ ៣០២​ រឿង​ ក្នុង​មួយ​រឿង​ៗ​​ ចាត់​ជា​ពួក​ ជា​ក្រុម​ ហៅ​ថា​​ វគ្គ​ រួម​ជា​ ២៦​ វគ្គ​ វគ្គ​នី​មួយៗ​ មាន​ឈ្មោះ​ប្រាកដ​តាម​អំណាច​ខ្លឹមសារ​នៃ​ធម្មបទ​នោះៗ​ និង​រឿង​នោះៗ​ ពោល​គឺ​ធម្មបទ​ណា​ រឿង​ណា​ ដែល​មាន​សេចក្តី​សម្ពន្ធ​គ្នា​ ទាក់​ទង​គ្នា​ ដូច​គ្នា​ ស្រដៀង​គ្នា​ ឬ​ក៏​ផ្ទុយ​ពី​គ្នា​ លោក​ក៏​ចាត់​ធម្មបទ​នោះៗ​ និង​រឿង​នោះៗ​ ជា​ពួក​ ជា​ក្រុម​ ជា​មួយ​គ្នា​ ឬ​វគ្គ​ជា​មួយ​គ្នា​,​ វគ្គ​នៃ​ធម្មបទ​នោះ​ មាន​ ២៦​ វគ្គ​ គឺ៖

១. យមកវគ្គ មាន​ ១៤​ រឿង​ ២០​ គាថា១៤. ពុទ្ធវគ្គ មាន​ ៩​ រឿង​ ១៨​ គាថា
២. អប្បមាទវគ្គ មាន​ ៩​ រឿង​ ១២​ គាថា១៥. សុខវគ្គ ​ មាន​ ៨​ រឿង​ ១២​ គាថា
៣. ចិត្តវគ្គ មាន​ ៩​ រឿង​ ១១​ គាថា១៦. បិយវគ្គ មាន​ ៩​ រឿង​ ១២​ គាថា
៤. បុប្ផវគ្គ មាន​ ១២​ រឿង​ ១៦​ គាថា១៧. កោធវគ្គ មាន​ ៨​ រឿង​ ១៤​ គាថា
៥. ពាលវគ្គ មាន​ ១៥​ រឿង​ ១៦​ គាថា១៨. មលវគ្គ មាន​ ១២​ រឿង​ ២១​ គាថា
៦. បណ្ឌិតវគ្គ មាន​ ១១​ រឿង​ ១៦​ គាថា១៩. ធម្មដ្ឋវគ្គ មាន​ ១០​ រឿង​ ១៧​ គាថា
៧. អរហន្តវគ្គ មាន​ ១០​ រឿង​ ១៤​ គាថា២០. មគ្គវគ្គ មាន​ ១២​ រឿង​ ១៧​ គាថា
៨. សហស្សវគ្គ មាន​ ១៤​ រឿង​ ១០​ គាថា២១. បកិណ្ណកវគ្គ មាន​ ៩​ រឿង​ ១៦​ គាថា
៩. បាបវគ្គ មាន​ ១២​ រឿង​ ១៦​ គាថា២២. និរយវគ្គ មាន​ ៩​ រឿង​ ១៤​ គាថា
១០. ទណ្ឌវគ្គ មាន​ ១១​ រឿង​ ១៧​ គាថា២៣. នាគវគ្គ មាន​ ៨​ រឿង​ ១៤​ គាថា
១១. ជរាវគ្គ មាន​ ៩ រឿង​ ១១​ គាថា២៤. តណ្ហាវគ្គ មាន​ ១២​ រឿង​ ២៦ គាថា
១២. អត្តវគ្គ មាន​ ១០​ រឿង​ ១០​ គាថា២៥. ភិក្ខុវគ្គ មាន​ ១២​ រឿង​ ២៣ គាថា
១៣. លោកវគ្គ មាន​ ១១​ រឿង​ ១២​ គាថា២៦. ព្រាហ្មណវគ្គ មាន​ ៤០ រឿង​ ៤២​ គាថា

🔸កំណែចុងក្រោយ Last Updated on April 18, 2025 by Johnny ចន្នី

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).