រកសប្បុរសថាមិនដឹងនៅឯណា

ពំនោលដោយៈ ព្រះគ្រូ សាន់ មនោសារ
រកសប្បុរសថាមិនដឹងនៅឯណារកផ្ទះអាចារ្យថាមិនស្គាល់
រកអ្នកទ្រង់សីលថាទៅមិនដល់ស្ដាប់ធម៌ថារវល់បោកភួយមុង។
ថ្ងៃសីលថារវល់ជាប់ដេរកាត់ថ្ងៃអាទិត្យថារវល់ឆាស្ងោរហុង
៨កើតថាជាប់ទៅទីក្រុងពេញបូណ៌ថាបុ្រងទៅចំការ។
៨រោចថារវល់ក្រែមជាប់មាត់ខែដាច់ថាមិនដឹងទៅវត្តណា
ពេលថ្ងៃថារវល់ចាត់ចែងការពេលយប់នោះថាសំរាកកាយ។
នៅក្មេងថាទាស់ឯងក្រមុំចាស់ជំនុំថាទាស់ឯងមេម៉ាយ
ទៅវត្តក្រែងមាត់គេចំណាយថាមាននិស្ស័យនិងលោកសង្ឃ។
មានប្ដីថាទាស់និងពុកវា រីឯតាថាយាយមិនស្រួលអង្គ
ចំណែកមីងថាចោលកូនឱ្យរហង់រីឯបងថាគ្មានមនុស្សចាំផ្ទះ។
ចូលឆ្នាំភ្ជុំបិណ្ឌគេទៅវត្តប្រតិបត្តិទានសីលថ្វាយបង្គំព្រះ
ឯងឯណេះថាបានដាច់ឆ្នាំចាស់ម្ដងណេះគិតលះឱ្យអស់ដៃ។
ដល់ផ្លូវចូលវត្តហ្វ្រាំងមិនស៊ីហុងដាមីគីធីអាកៃ
ថាទៅវត្តនោះគ្មានតម្លៃឯកភ្នំៗសំពៅសប្បាយជាង។
បណ្ដោយជីវិតតាមខ្សែញាក់តណ្ហាជាអ្នកស្លាក់រូបរាង
បើបានចូលវត្តអែបខាងៗព្រោះខ្លាចតឺនុយឯងមិនសម។
មើលអ្វីនិយាយអ្វីចេះតែបានទោះម៉ោងប៉ុន្មានមិនចាប់ខំ
អានច្បាប់ឬស្ដាប់ព្រះសទ្ធម្មតែមួយម៉ោងយ៉ាប់ទ្រាំអ្វីម្ល៉េះណា
ខែប្រាំងប្រឹងមិនរួចថ្ងួចថាត្រកខូចខុសខាតខកដល់វស្សា
ឆ្នាំវកថាចិត្តមិនជ្រះថ្លាឆ្នាំរកាថាបញ្ហាមិនរសាយ។
បែបហ្នឹងកុំបឿងបានឋានសួគ៌គាប់គួរដាក់ទុកញាតិអបាយ
ហៃអស់ពួកយើងផងទាំងឡាយខ្វល់ខ្វាយដូរម៉ូតម្ដងមើល៍!។

កំណាព្យនិពន្ធដោយៈ ធម្មាចារ្យ ឆឹង កាន

🔸Last Updated កំណែចុងក្រោយ on September 13, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).