មត៌កដូនតា

មត៌កដូនតា

បទកាកគតិ

– កូន អើយចាំទុកពាក្យពេចន៍ទំនុកឳពុករៀបរាប់
ប្រាង្គប្រាសាទខ្មែរជាកេរភោគទ្រព្យសន្ធឹកសន្ធាប់
 ចារជាប់សាវតារ ។ 
– តម្កល់កេរ្តិ៍ឈ្មោះរំលេចកិត្តិយសខ្ពស់លើលោការ
ប្រៀបផ្ទឹមពុំបានគ្មានអ្វីឧបមាសម្បត្តិដូនតា
 លោកបន្សល់នៅ ។ 
– ពុកចងចាំច្បាស់ប្រាសាទច្រើនណាស់ល្អល្អះឆ្អិនឆ្អៅ
មួយពាន់ប៉ែតសិបពុកប្រាប់ពាលពៅអំណឹះតទៅ
 កូនត្រូវកុំភេ្លច ។ 
– កេតនភណ្ឌយើងកិត្តិស័ព្ទរុងរឿងថ្កុំថ្កើងជានិច្ច
ឆ្លងច្រើនសម័យថ្លៃលើសមាសពេជ្រកូនអើយកុំភេ្លច
 ស្នេហ៍ស្មើកែវភ្នែក ។ 
– ប្រាសាទអង្គរសម្ផស្សបវរឆព្វណ្ណភ្លឺផេ្លក
ប្រាសាទបាយ័នសោភ័ណល្អឯករចនាគាប់ភែ្នក
 លើសពេជ្រចរណៃ ។ 
– ប្រាសាទពិធូល្អដូចគំនូរគូបន្ទាយស្រី
ប្រាសាទបាគងគ្រងបន្ទាយក្តីព្រះប៉ាលិល័យ
 ច្នៃពីសិលា ។ 
-ប្រាសាទបាពួនផ្គូផ្គុំសមសួនក្បូនក្បាច់រចនា
ភិមានអាកាសប្រាសាទវត្តខ្នារប្រាង្គបន្ទាយឆ្មា
 បន្ទាយសំរ៉ែ ។ 
– ប្រាសាទព្រះខ័នប្រាសាទក្រវ៉ាន់បាកានគូស្នេហ៍
បក្សីចាំក្រុងគង់ឥតប្រួលប្រែកូនអើយយើងខ្មែរ
 ប្រឹងថែការពារ ។ 
– ចៅស្រីវិបុលសិលាតម្កល់បន្សល់យូរយារ
ប្រាសាទក្រហមសមបឹងមាលាបា្រង្គវត្តអធ្វា
 ប្រាសាទស្វាយព្រាហ្ម ។ 
– ប្រាង្គធម្មានន្ទរងគ្រោះទារុណធ្ងន់ដោយសង្គ្រាម
ប្រាសាទទីម៉ៃច្នៃជាប់ទំនៀមកូនអើយស្នាមឈាម
 ដិតដាមបា្រង្គប្រា ។ 
– ប្រាសាទបាខែងល្អល្អះចិញ្ចែងព្រៃកេ្មងសង្ហា
បា្រសាទភ្នំបូកគោកពោធិថ្លៃថ្លាសៅភាពរចនា
 សិលាហ្មត់ខៃ ។ 
– បា្រសា​ទអកយំកណ្តាលព្រៃធំពុកយំអាល័យ
ប្រាសាទថ្មដាប់ខ្ទីងស្លាប់ស្កឹមស្កៃប្រាសាទលលៃ
 ថ្លៃល្អចំណាន ។ 
– ប្រាសាទគគីរតាព្រហ្មរូបពីរទីរមណីយដ្ឋាន
បា្រសាទតាកែវនាងខ្មៅថ្កើងថ្កានពុកនៅចាំបាន
 ឥតស្មានបំភ្លៃ ។ 
– បា្រសាទអូរពងក្បាច់ស្រស់បំព្រងគក់ទ្រូងថ្លាថ្លៃ
បា្រង្គព្រៃប្រាសាទស្អាងស្អាតប្រពៃភ្នំដាប្រិមប្រិយ
 ដូចដំរីក្រាំង ។ 
– ប្រាសាទចៅសាយនាងពៅឆើតឆាយឥតឆ្ងាយកំបាំង
ប្រាង្គភូមិប្រាសាទល្អស្អាតចែងចាំងដូចប្រាសាទឃ្លាំង
 ព្រមទាំងកោះកែ ។ 
– សំបូរព្រៃគុហ៍កូនអើយចាំទុកពុកប្រាប់ហូរហែ
ប្រាសាទភ្នំធំភ្នំក្រោមផងដែរកូនអើយស្និទ្ធស្នេហ៍
 កុំប្រែក្រឡាស់ ​។ 
– បា្រសាទអណ្តែតគយគន់មិនឆ្អែតក្រឡែតជាក់ច្បាស់
ប្រាង្គដំបងដែកក្បាច់ប្លែកស្អែកស្កះប្រាង្គកំពង់ព្រះ
 ស្រឡះសង្ហា ។ 
-ប្រាង្គភ្នំបាសិតសោភ័ណប្រណីតវិចិត្រភ្លឺថ្លា
ប្រាង្គពួកអារក្សប្រាសាទអ្នកតាចម្លាក់រចនា
 ភ្ញីផ្កាចម្រុះ ។ 
– ប្រាសាទបាណន្តប្រាសាទមេបុណ្យពន្លឺចាំងឆ្លុះ
បា្រសាទថ្មធ្យូងគូលេនថ្មផុសកូនអើយចាំចុះ
 ល្អស្រស់ពេកពិត ។ 
– ប្រាង្គព្រះវិហារព្រះគោសោភាព្រះកែវប្រណីត
ប្រាសាទស្រឡៅឈរនៅថេរថិតជីសូគាប់ចិត្ត
 ថិតខ្ពស់អាកាស ។ 
– ប្រាសាទអូរផ្លុងប្រាង្គត្រពាំងផុងសាងសង់ស្រឡះ
ប្រាង្គដំរីក្រាបដុនដាបចំណាស់កូនអើយជាម្ចាស់
 ខ្នះខ្នែងជួយថែ ។ 
-ប្រាង្គព្រលានសេ្តចរោងចិនរំលេចក្បាច់ក្បូរគួរស្នេហ៍
កូនអើយចាំជាក់ស្មោះស្ម័គ្ររក្សាមត៌កថ្លៃថ្លា
 ដួងព្រលឹងជាតិ ។ 
– យើងជាតិជាខ្មែរកូនអើយស្និទ្ធស្នេហ៍កុំបែរចង្អៀត
បិតិកភណ្ឌលើអន្តរជាតិយើងគ្មានអ្វីទៀត
 លើសពីប្រាង្គប្រា ។ 
– កូនអើយអង្គរជាឃ្លាំងគំនរគម្ពីរសាវតារ
សព្វក្បាច់ចម្លាក់សិល្បះរចនាបញ្ជាក់ពិស្តារ
 ចារចងប្រវត្តិ ។ 
– ស្ថាបត្យករលោកផ្តាំផ្ទាំងថ្មបន្តទៀងទាត់
ផ្ញើខេមរបុត្រកត់ស្នាមប្រវត្តិខ្មែរពិតធំធាត់
 ល្បីល្បាញពូកែ ។ 
– ស្ងូនអើយកុំភេ្លចចូរចាំជានិច្ចកុំគេចកែប្រែ
ស្មោះត្រង់ជាតិយើងប្រឹងការពារថែទ្រព្យមត៌កខ្មែរ
 កេរពីដូនតា ​៕ 

កំណាព្យនិពន្ធដោយៈ លោក សុខ សុធន

វាយអក្សរកុំព្យូទ័រជាថ្មីដោយៈ ភិក្ខុ កិច្ចភិរតោ  ឡាយ  រិន

វត្តខេមររតនារាម, ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៩

🔸Last Updated កំណែចុងក្រោយ on December 16, 2024

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).