ព្យញ្ជនៈខ្ជាក់មច្ឆា
បទកាកគតិ
សម្បតិ្តធម្មជាតិ | សម្បូរព្រោងព្រាត | ជាតិជាមច្ឆា |
ខ្លះតូចខ្លះធំ | ជុំក្នុងជលសា | សាបប្រៃសីមា |
បឹងបួរសមុទ្រ ។ | ||
ខ្លះមានស្រកា | ខ្លះទៀតសោតណា | មានតែស្បែកសុទ្ធ |
ខ្លះខ្មៅខ្លះស | ខ្លះល្អបំផុត | ខ្លះចេះប្រយុទ្ធ |
តតាំងច្បាំងគ្នា ។ | ||
ខ្ញុំសូមរៀបរាប់ | រើសយកមកភ្ជាប់ | ជាប់តួអក្ខរា |
ចារឆ្លាក់ខ្ជាក់ឈ្មោះ | អស់សព្វមច្ឆា | រស់ក្នុងជលសា |
សាបក្តីប្រៃក្តី ។ | ||
ក មានក្រោសក្រាយ | កន្តាំងក្លាំងហាយ | ក្រម៉យក្របី |
ក្រាញ់ក្រឹមកន្ត្រប | ក្បកកន្ធក្អី | កែសស្លឹកឫស្សី |
ក្អែកក្អោរកាហែ ។ | ||
ខ មានខ្ចាខ្ជឹង | ខ្សាច់ខ្សាខ្លាខ្លឹង | ខ្យងបឹងខ្យងស្រែ |
ខ្មាន់ខ្សានខ្យងដូង | ខ្យងហោងហូរហែ | ខ្យងត្នោតផងដែរ |
ខ្យងខ្ចៅហោកហ៊ាន ។ | ||
គ មានគល់រាំង | គល់ព្រេចកាឡាំង | គីគូនគ្រុមគ្រាន |
គុជជៀគញ្ជាំ | គ្រុមប៉ោកក៏មាន | គ្រែងឈាមឆាចៀន |
គ្រុមចំពុះទា ។ | ||
ឃ ឃើញតែឃ្លុំ | ធំធាត់ជាងឃ្មុំ | ពុំមែនមច្ឆា |
តែសូមលើកយក | មកពិពណ៌នា | បំពេញឃ្លោងឃ្លា |
តាមការតាក់តែង ។ | ||
ង មានតែងាវ | តាមការស្រាវជ្រាវ | សព្វគ្រប់កន្លែង |
ហាក់ដូចងាប់អស់ | គួរឱ្យចំបែង | ងាវនៅម្នាក់ឯង |
អត់ញាតិសាច់សា ។ | ||
ច មានចង្កែង | ចង្វាខ្លីវែង | មូលឆ្នូតក្រឡា |
ស្រកាពង្រូល | លិញក្អែកត្រោសផ្កា | កំភ្លងកំភ្លា |
ចាបចេកទុំពណ៌ ។ | ||
ឆ មានឆ្លូញស្លាត | ឆ្លាមឆ្លាំងពុកមាត់ | ឆ្កោកឆ្ពិនព្រុយស |
ឆ្ពិនមូលឆ្ពិនប្រាក់ | ឆ្មាឆ្មាំងខ្មៅស | ឆ្លូញក្រហមពណ៌ |
ឆ្តោឆ្លុកឆ្លូញឆ្លាត ។ | ||
ជ ជញ្ជក់ដៃ | ជញ្ជូនបាយប្តី | ជន្លូញជន្លាត |
ជន្ទាសភ្លុកតូច | ជន្លូញមាន់ស្អាត | ជន្លូនច្រើនទៀត |
ជ្រូកជ្រក់ស្ងោរចៀន ។ | ||
ឈ មានឈ្វាតហ្វូង | ឈ្វាតសឈ្វាតដូង | ឈ្វាតពណ៌ក៏មាន |
ក្រហមប្រផេះ | ទឹកមាសប្រាក់លាន | កន្ទុយមិនខ្វៀន |
ឈ្វាតស្មើកន្ទុយ ។ | ||
ញ មិនឃើញសោះ | ឬមិនទាន់ញាស់ | ព្រោះគ្មានតំរុយ |
ប្រឹងប្រែងរកដែរ | តែដូចជាខុយ | រកមួយធ្វើនុយ |
តពូជមិនបាន ។ | ||
ដ មានដងដាវ | ដងខ្លួនស្រួចស្រាវ | ដូចដាវចំណាន |
ដំរីដងខ្ទែង | ខ្លួនវែងហំហាន | ដៀបដាវដួលចាន |
ដំឡូងដូងត្រាវ ។ | ||
ឋ ឋិតឋានឆ្ងាយ | ហួសហានិយាយ | ស្តីថាមិនត្រូវ |
ទុកដូចស្មើអត់ | ទុកដូចស្មើអត់ | ថ្ងៃក្រោយមានផ្លូវ |
ប៉ះប៉ូវបន្ត ។ | ||
ឌ ក៏ដូចគ្នា | សួរសព្វមីងមា | ដូនតាថាក្រ |
មិនធ្លាប់មានទេ | រាប់រយតំណ | ចង់ អាំង ខ ស្ល |
ក៏រកមិនបាន ។ | ||
ឍ ធំតែឈ្មោះ | មិនមាននៅរស់ | សាបព្រោះសន្តាន |
សូន្យឈឹងទាំងអស់ | សព្វជ្រោះជលឋាន | រកមួយមិនបាន |
តពូជពង្សឡើយ ។ | ||
ណ ក្រក្រីណាស់ | មិនដែលប្រទះ | ជួបជួនមួយឡើយ |
ប្រហែលជាស្លាប់ | ឬស្លអស់ហើយ | មិនដែលឮឡើយ |
ថាមានឈ្មោះអ្វី ។ | ||
ត មានតាអោន | តាពកតាប្រោន | តានេលទ្រេលដី |
ត្រសក់ត្រសេក | ត្រចៀកដំរី | ត្រសេះខ្លួនខ្លី |
ត្រសងឆ្លេឆ្លា ។ | ||
ថ ថាមិនត្រូវ | សួរសព្វម៉ែឪ | មីងមាយាយតា |
មានតែថ្លាន់ថ្លែន | លោកថ្លែងដោះសារ | មិនមែនមច្ឆា |
ថាសោះតែខាន ។ | ||
ទ មានទក់រ៉ស់ | ទន់ជ័យល្អស្រស់ | ទ្រនេសប្រេះចាន |
ទ្រនេលទាស់ភ្លុក | ងៀតទុកយូរបាន | ស្រេចញាតិសន្តាន |
លៃលកកែច្នៃ ។ | ||
ធ ធ្លាប់ធូរធារ | ធនធានហូរហៀរ | ធំធាត់ពេកក្រៃ |
ឥឡូវក្រីក្រ | ផុតពូជក្សិណក្ស័យ | វិនាសខ្ចាត់ខ្ចាយ |
គ្មានសល់មួយសោះ ។ | ||
ន ក៏ដូចគ្នា | មិនមានពូជធារ | សេសសល់ចន្លោះ |
នឹកគួរអាណិត | គិតគួរស្រណោះ | វិនាសសូន្យអស់ |
ស្រណោះកន្លង ។ | ||
ប មានបបែល | បាឡែនក្រាស់ក្រែល | បង្គាបង្កង |
ប្រាប៉ាសេអ៊ី | ប្រម៉ាប្រម៉ង | បន្ទាសភ្លុកផង |
ប៉េកាក្របី ។ | ||
ផ មានផ្ទក់រ៉ស់ | ផ្ទោងផ្ទាត់ផសៗ | ព្រោះខ្លួនមិនខ្លី |
ផ្សោតសាបសមុទ្រ | ពូជពិតក្រក្រី | ផ្កាចាត្រាបី |
ផ្កាគស្ងោរឆា ។ | ||
ព មានព្រលូង | ព្រួលព្រូសដំឡូង | ពោព្រុយសង្ហា |
ពុកមាត់ក្របី | ពោពុកមាត់ឆ្មា | ពោព្រាចក្រឡា |
ពោពងពេញពោះ ។ | ||
ភ មានតែភេ | មិនចំតួទេ | រាប់យកតែឈ្មោះ |
មានត្រីកំភ្លាញ | កំភ្លងរូបស្រស់ | ស្រង់យកចោះៗ |
បំពេញឃ្លោងឃ្លា ។ | ||
ម មានមឹកមាស | មឹកស្នូកសន្ទះ | មឹកបំពង់សា |
មឹកដៃពីងពាង | មឹកបារីឆ្មា | ក្រម៉យក្រម៉ា |
ម្រេចប្រៃមករ ។ | ||
យ មានតែយក្ស | យកមកបញ្ជាក់ | លោកអ្នកយ៉ៗ |
សូមជួយយឹតយោង | ប្រឹងរកបន្ត | យ យ៉ាប់ក្រីក្រ |
យូរយារពេកណាស់ ។ | ||
រ មានរាំងរាជ | រ៉ស់រនូតស្នាច | រាហ៊ូរមាស |
រៀលតុបអង្កាម | រត់តាមរមាស | រាហ៊ូសម្ភាសន៍ |
សួរនាំរឿងរ៉ាវ ។ | ||
ល មានលាសលេញ | ល្អោនរត់ប្រដេញ | លលកសស្ងាវ |
លាសលាក់ដុំសាច់ | ខ្លាចល្អោនឆាឆៅ | លេញខំអំពាវ |
លលកបោកខ្ទាត់ ។ | ||
វ វិនាសអស់ | មិនមានសល់សោះ | ព្រោះតែវិវាទ |
វង្វេងនឹងឈ្លោះ | ទាស់ទែងសាច់ញាតិ | វឹកវរវ័ណ្ឌស្នៀត |
ខ្ទាត់ពូជខ្ចាត់ខ្ចាយ ។ | ||
ស មានស្ទក់ស | សេះសមុទ្រល្អ | ស្មុកសេះសណ្តាយ |
ស្រកាក្តាមស | សង្កត់ប្រាក់រាយ | សេកស្លឹកកាឆាយ |
ឫស្សីស្លឹកស្លា ។ | ||
ហ មានហ្វីឡាប់ | រាប់ឱ្យពេញស័ព្ទ | គឺហ្វីឡាប់យ៉ា |
ខ្លាំងហាយកាហែ | កែច្នៃស្ងោរឆា | អាងចៀនក្តីណា |
តាមការបេតី ។ | ||
ឡ មានឡហាន | សួរសព្វសន្តាន | ក្មេងចាស់ប្រុសស្រី |
មិនមានចម្លើយ | ឆ្លើយរាយសេចក្តី | រៀបរាប់ឈ្មោះត្រី |
ណាមួយឱ្យចំ ។ | ||
អ មានអណ្តែង | អន្ទង់ខ្លីវែង | ខ្មៅសក្រហម |
អណ្តាតនាគ-ឆ្កែ | អោបទូកទុំក្អម | អាចម៍កុកអន្ទាំ |
អង្រែវែងខ្លី ។ | ||
រៀបរាប់មច្ឆា | រាយតាមអក្ខរា | ចារជូនខ្លីៗ |
បើមានខុសឆ្គង | សូមទានប្រណី | សូមចប់សេចក្តី |
ប៉ុណ្ណេះឯងហោង ៕ |
និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ
វត្តខេមររតនារាម, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៩
🔸Last Updated កំណែចុងក្រោយ on August 9, 2024