ព្យញ្ជនៈខ្ជាក់ព្រៃព្រឹក្សា

ព្យញ្ជនៈខ្ជាក់ព្រៃព្រឹក្សា

បទកាកគតិ

សម្បតិ្តធម្មជាតិសម្បូរព្រោងព្រាតជាតិជារុក្ខា
ខ្លះតូចខ្លះធំជុំជាព្រឹក្សាខ្លះជាលតា
ផ្លែផ្កាឱ្យផល ។
ខ្លះដុះក្នុងស្រុករាប់រាយរយមុខទុកជាសម្គាល់
ខ្លះដុះខ្លួនឯងខ្លះដាំយកផលខ្លះទៀតជួយផ្តល់
ផលតាមត្រូវការ ។
ខ្ញុំសូមរៀបរាប់រើសរកមកភ្ជាប់ជាប់តួអក្ខរា
ចារឆ្លាក់ខ្ជាក់ឈ្មោះអស់សព្វរុក្ខារួមជាព្រឹក្សា
ចែកជូនសន្តាន ។
មានក្រសាំងក្រូចក្រាយបាយក្តាំងក្រញូងកំញ៉ាន
កកោះកៅស៊ូជម្ពូបែកចានក្រឡាញ់ហៃសាន
ក្រវ៉ាន់ក្តាំងងា ។
មានខ្វិតខ្វងខ្លុងខ្លូតខ្លែងគង់ខ្វែងខ្វាវបន្លារ
ខ្នុរស្រុកខ្នុរព្រៃខ្នាយមាន់ខាន់ម៉ាខ្លាញ់ក្តាមខាត់ណា
ខ្លែងពណ៌ខ្ទរដី ។
មានគគីគគិតគោញីគុយគូលេនព្រៃ
គ្រៀលគ្រើលគូទស្លាគ្រាប់បែកចេកខ្ចីគ្រុងទេសទល់ដី
គ្រុងវាលគង្គា ។
មានដើមឃ្មាសពណ៌ខ្មៅសាច់ក្រាស់ខ្មាស់អស់ព្រឹក្សា
ឃ្មត់ឃ្មេឃ្លេឃ្លៃដឹងពីយាយតាឃ្លោកក្លែងកាយា
ក្លាយជាបន្លែ ។
មានដើមងប់បេះបោចមិនឈប់ជាប់ជាហូរហែ
យកមកស្លស្លុកបុកជាបន្លែបង់សម្លខ្មែរ
កែប្រែរសជាតិ ។
មានចំប៉ាចំប៉ីចេកចារចាន់ចែងច្រនៀង
ច្រេសច្រត់ឥសីចំបក់ជ្រកភ្លៀងចន្ធូផ្កាផ្អៀង
ចន្ទល់ភ្នំទប់ ។
មានឆាំឆាឆ្កែស្រែងឆ្មាបាឆ័ត្ររួតត្រួតម្លប់
ឆ្មាទឹកឆ្តោទន់ឆ្អឹងពស់គ្រោះជប់ឆ្កែងឆ្វែសឆ្មាយប់
ឆ្នុកទ្រូឆ្នុកត្មាត ។
មានជម្ពូជាយស្បៃជើងគោជក់ជ័របាញ់បាត
ជ័យភ្លាជញ្ជាំងជន្លង់ជន្លាត់ជណ្តើរស្វាស្អាត
ជ្រៃក្រឹមជើងចាប ។
មានឈើទាលឈើខ្មៅឈើត្បាលឈើកែវរាំងសាប
ឈើអែមឈាមមាន់ឈាមអន្ទង់ច្រាបឈ្លីកពកនាងទាប
ឈើទាលទិព្វទឹក ។
មានញស្រុកញព្រៃជ្រៅស្តុកញក្លាយញទឹក
ញស្បាតញធំញិញយំរីកព្រឹកញិញបាតស្អាតស្លឹក
ញ៉ាំញឹកខ្មៅធ្មេញ ។
មានដក់ចាន់ដកដាវក្រវ៉ាន់ដួងចែមប្រផេញ
ដង្កោដង្កៀបក្តាមក្តុលដូងម្តេញដក-ព-ពឹសចេញ
ដង្ហិតដីប្លី ។
ឋិតឆ្ងាយឋានរកថាមិនបានស្មានមិនត្រូវអី
ស្វែងរកមិនឃើញសូមទានអភ័យជួយចាត់លកលៃ
ចែកជូនញាតិសា ។
មានឌាឌិមខ្លះហៅឌាលិមសំស្ក្រឹតភាសា
ប្រែជាសម្រាយទទឹមផលារសឆ្ងាញ់ពិសា
មានគុណភាពល្អ ។
ធីបទុកចុះគ្មានមួយដើមសោះឈ្មោះហៅថាក្រ
សូមញាតិប្រុសស្រីជួយរកបន្តបើមានផលល្អ
មេត្តាប្រណី ។
មានណាគ្រីល្អល្អះសោភីប្រៀបនារីស្រី
អប់ក្លិនក្រអូបយប់យន់សម័យឆ្លងផុតរាត្រី
ក្លាយជាអស់ក្លិន ។
មានត្រាចត្បែងតាត្រៅត្នោតត្រែងតៅតែងត្បាល់កិន
ត្រមូងត្រសេកត្រយឹងថ្នាំចិនត្របែកចែកក្លិន
ត្រយឹងត្រយ៉ង់ ។
មានថ្កូវថ្ងាន់ថ្លនថ្មចង្ក្រានថ្នាំងថ្នាងអង្ក្រង
ថ្នាំថ្នឹងថ្ពាល់ត្រីថ្លាញថ្លើមទឹកផងថ្មទាប់រាប់ថ្មង
ថ្នក់ទឹកថ្លឹកថ្លែន ។
មានទន្សែទន្លាប់ហូបផ្លែទទឹមទុរេន
ទឹកដោះទៀបទៀនទ្រៀកទ្រាំងគូលេនទំពាំងពុំសែន
ទ្រៀលទ្រលឹងទឹង ។
មានធ្លកធ្លាយធ្នង់ធ្នាស់ឈ្នះក្រាយធ្មេញត្រីត្រយឹង
ធ្មៃព្រៃធ្មាទឹកនឹកដល់កំភ្លឹងកំភ្លងសាច់រឹង
ជាងកំភ្លៅនាង ។
មាននាងនួននាងខ្មៅហំហួននួនស្រីច្រនៀង
នាងសនាងដែងនាងធំចង្គ្រាងនាងផ្អែកចំហៀង
នាងនិលពិសី ។
មានបាយក្តាំងបាយក្រៀមភូវំាងបាយម៉ាតប្រម៉ាត់ដី
បាយកកបាយទាបង្កែវដំរីបូព្រឹកស្លឹកបី
បេងបាសប្រោះស្វា ។
មានផ្តៅផ្ចឹកផ្តៅត្រែសផ្តៅទឹកផ្តៅសោមផ្តៅស្វា
ផ្តៀកផ្តៅផ្អាវផ្អុងផ្លុងផ្លាងផ្លែផ្កាផ្ទុះផ្ទីបន្លា
ផ្កាយព្រឹកផ្កាត្រែ ។
មានពង្រព្រូសពពូលថ្មពួចពពាលខែ
ពពេលពាលពេចពុទ្រាហូបផ្លែព្រិចព្រាលវេញខ្សែ
ព្រហ៊ូតព្រីងព្រុម ។
មានភ្នំភ្នែងភ្នែកមាន់ឆ្កែស្រែងភ្លៅនាងក្រមុំ
ភ្លៅមាន់ភ្នែកព្រាបភ្លូតូចភ្លូធំភ្លូបាតភ្លូភ្នំ
ភ្លូភ្លុកភ្លងក្អែក ។
មានម៉ាក់ប្រាងម៉ាក់ប្រេងផ្អែមខ្លាំងម្ទេសខ្មាំងទឹកភ្នែក
មង្ឃុតមៀនម្កាក់មាក់ក្លឿផ្លែជ្រែកមៃសាក់បាក់មេឃ
ម្រេចម្រះបះទង ។
មានយីហ៊ុបអប់ក្លិនថ្ងៃយប់ឈ្ងុយឈ្ងប់កន្លង
ជាទីប្រាថ្នាមិនថាប្អូនបងយិតថោផូរផង់
យុថ្កាបន្លា ។
មានរំដួលរំចេករំជួលរំចងទងផ្កា
រយាងរំយោលរលួសរការយោងរាជា
រាំងទឹករាំងភ្នំ ។
មានលាំងសាតល្ងៀងទឹកល្ងៀងស្បាតល្វាស្រុកល្វាធំ
ល្ពៅល្មុតសែដាលួតតូចលួតភ្នំល្វៀងល្វេល្ហុងទុំ
លាំងជៃដំរី ។
មានវល្លិ៍ចារវល្លិ៍ជណ្ណើរស្វាវល្លិ៍ផ្កាធ្មេញត្រី
វល្លិ៍បណ្តូលពេជ្រវល្លិ៍បាស់ស្លឹកខ្ចីវល្លិ៍ជុយចងដៃ
ពេលបាក់គ្រេចថ្លោះ ។
មានសង្កែសង្ឃ័រស្មាច់ស្មែសូក្រំកកោះ
ស្រគំស្រងាំស្រឡៅស្ងាវខ្ពស់ស្វាយស្ទាវស្តៅស្តោះ
ស្រល់ស្បែងស្លែងស្លាក់ ។
មានហៃសានស័ក្តិសមចំណានបានស្លឹកត្រជាក់
លាបភ្លឺហើរបាត់ហង់ទឹកជ្រៅរាក់ហង់ហើមហូរធ្លាក់
ដូចបាក់ទំនប់ ។
មានឡេវអាវខ្លះចូលចិត្តហៅទៅថាជាងប់
និងវល្លិ៍ឡែឡក្រងព្រួលទ្រូលបឡតស្លឹកទុកទប់
ចុកឆ្នុកក្រឡាន ។
មានអម្ពិលអង្គាបុស្សសិលអង្កាញ់កំញ៉ាន
អង្កោលអំពៅអង្គញ់ថ្កូវថ្ងាន់អំបែងបែកចាន
អែមអង្គាដី ។
រៀបរាប់ព្រឹក្សារាយតាមអក្ខរាចារជូនខ្លីៗ
បើមានខុសឆ្គងសូមទានប្រណីសូមចប់សេចក្តី
ប៉ុណ្ណេះឯងហោង ៕


និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ

វត្តខេមររតនារាម, ថ្ងៃទី៥ ខែសីហា ឆ្នាំ២០០៩

🔸Last Updated កំណែចុងក្រោយ on August 9, 2024

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).