សំសគ្គគាថា
គាថាថា សំសគ្គជាតស្ស ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។
ព្រះបច្ចេកពោធិសត្វអង្គនេះ ក៏បានធ្វើសមណធម៌ក្នុងសាសនានៃ ព្រះមានព្រះភាគកស្សបៈអស់ ២ ម៉ឺនឆ្នាំ ដោយន័យក្នុងរឿងមុននោះឯង ធ្វើកសិណបរិកម្ម ញ៉ាំងបឋមជ្ឈានឲ្យកើតហើយ កំណត់នាមនិងរូប ពិចារណាត្រៃលក្ខណ៍ តែមិនទាន់សម្រេចអរិយមគ្គ ក៏ទៅកើតក្នុងព្រហ្មលោក។ ព្រះបច្ចេកពោធិសត្វនោះ ចុតិអំពីព្រហ្មលោកនោះហើយ កើតក្នុងផ្ទៃរបស់អគ្គមហេសីនៃព្រះបាទពារាណសី ចម្រើនវ័យ ឡើងដោយន័យមុននោះឯង។ ចាប់តាំងអំពីការដឹងផ្សេងគ្នាថា នេះជាស្រី នេះជាប្រុសហើយ មិនគាប់ចិត្តនៅក្នុងដៃរបស់ពួកស្ត្រី មិនត្រេកអរសូម្បីត្រឹមតែការអប់ ការងូតនិងការប្រដាប់ជាដើម បុរសប៉ុណ្ណោះ ចិញ្ចឹមព្រះបច្ចេកពោធិសត្វនោះ ក្នុងកាលឲ្យបៅដោះ ស្រីស្នំទាំងឡាយ ក្លែងភេទជាបុរស បំបៅព្រះបច្ចេកពោធិសត្វនោះ។ ព្រះបច្ចេកពោធិសត្វនោះ បានធុំក្លិន ឬបានឮសំឡេងរបស់មនុស្សស្រី ក៏យំ ទោះបីដឹងក្ដីហើយ ក៏មិនប្រាថ្នានឹងឃើញស្រី ព្រោះហេតុនោះ ទើបមនុស្សទាំងឡាយថ្វាយព្រះនាមព្រះបច្ចេកពោធិសត្វនោះថា អនិត្ថិគន្ធៈ (អ្នកមិនប្រាថ្នាក្លិនស្រី)។
កាលអនិត្ថិគន្ធកុមារនោះ មានព្រះជន្ម ១៦ វស្សា ព្រះរាជាទ្រង់ព្រះតម្រិះថា យើងនឹងឲ្យតាំងវង្សត្រកូល ទើបទ្រង់បញ្ជាអាមាត្យម្នាក់ ឲ្យនាំស្រីក្រមុំទាំងឡាយដែលសមគួរដល់ព្រះរាជកុមារនោះ មកអំពីត្រកូលផ្សេង ៗ ហើយត្រាស់ថា កុមារំ រមាបេហិ ចូរធ្វើឲ្យព្រះរាជកុមារត្រេកអរ។ អាមាត្យនោះ មានបំណងឲ្យព្រះរាជកុមារនោះ ត្រេកអរដោយឧបាយ ទើបឲ្យបាំងវាំងននទុក ក្នុងទីមិនឆ្ងាយអំពីព្រះរាជកុមារនោះ ហើយឲ្យពួកស្រីរបាំ ច្រៀង រាំក្នុងវាំងនន។ ព្រះរាជកុមារនោះ បានស្តាប់ឮសំឡេងច្រៀង និងសំឡេងប្រគំតូរ្យតន្ត្រីហើយ ត្រាស់សួរថា នេះសំឡេងរបស់អ្នកណា។
អាមាត្យក្រាបទូលថា បពិត្រព្រះទេវៈ នេះជាសំឡេងពួកស្រីរបាំរបស់ព្រះអង្គ អ្នកមានបុណ្យទាំងឡាយ ទើបមានស្រីរបាំបែបនេះ បពិត្រព្រះទេវៈ ទ្រង់មានបុណ្យច្រើន សូមទ្រង់ត្រេកអរក្រៃលែងចុះ។
ព្រះរាជកុមារបានឲ្យវាយអាមាត្យនោះ ដោយដំបង ហើយឲ្យអូសចេញទៅ។ អាមាត្យនោះ ក៏ក្រាបទូលដល់ព្រះរាជា។ ព្រះរាជាយាងទៅមួយអន្លើដោយព្រះជននីរបស់ព្រះរាជកុមារ ឲ្យព្រះរាជកុមារសូមខមាទោសហើយ ត្រាស់បង្គាប់អាមាត្យនោះ ឲ្យញ៉ាំងព្រះរាជកុមារឲ្យត្រេកអរទៀត។ ព្រះរាជកុមារត្រូវព្រះបិតាជាដើមនោះ រំអុកពេក ទើបឲ្យមាសដែលមានសាច់ល្អ ហើយត្រាស់នឹងពួកជាងមាសថា សុន្ទរំ ឥត្ថិរូបំ ករោថ ពួកអ្នក ចូរធ្វើរូបស្រីឲ្យស្អាត។ ជាងមាសទាំងនោះ ធ្វើរូបស្រីប្រដាប់ដោយគ្រឿងអលង្ការសព្វយ៉ាង ដូចវិស្សកម្មទេវបុត្តនិម្មិត ហើយឲ្យព្រះរាជកុមារទត។ ព្រះរាជកុមារទ្រង់ឃើញហើយ ទ្រង់ងក់សីសៈ ដោយការចម្លែកព្រះហឫទ័យ ទ្រង់បញ្ជូនមនុស្សឲ្យទៅក្រាបទូលព្រះជនកនិងព្រះជននីថា បើបានស្រីបែបនេះ ខ្ញុំនឹងទទួល។
លំដាប់នោះ អាមាត្យទាំងនោះ ក៏បានគិតដូច្នេះថា ពួកយើងនឹងទៅកាន់ដែនមទ្ទរដ្ឋសិន កាលពួកយើងទៅដល់នគរពារាណសីហើយ ព្រះរាជាកុំបញ្ជូនពួកយើងទៅទៀត គិតដូច្នេះហើយ អាមាត្យទាំងនោះ ក៏សម្រេចចិត្តនាំគ្នាទៅកាន់សាគលនគរ ក្នុងដែនមទ្ទរដ្ឋ។ ក្នុងសាគល នគរនោះ មានព្រះរាជាព្រះនាមថា មទ្ទវៈ ធីតារបស់ព្រះអង្គ មានព្រះជន្មាយុ ១៦ វស្សា មានព្រះរូបឆោមល្អ។ ពួកវណ្ណទាសីរបស់ព្រះរាជធីតានោះ នាំគ្នាទៅកាន់កំពង់ទឹកដើម្បីដងទឹក ឃើញរូបមាសដែលពួកអាមាត្យតម្កល់ទុកត្រង់កំពង់ទឹកនោះ អំពីចម្ងាយ នាំគ្នាពោលថា ព្រះរាជបុត្រីបញ្ជូនពួកយើងមកដងទឹក ហេតុអ្វីក៏យាងមកឯង ទើបទៅជិត ហើយពោលថា នេះមិនមែនជាព្រះនាង ព្រះនាងរបស់ពួកយើងមានរូបស្អាតជាងនេះ។ អាមាត្យទាំងឡាយបានស្ដាប់ដូច្នោះ ទើបចូលទៅគាល់ព្រះរាជា ហើយទូលសូមទារិកាដោយន័យដែលសមគួរ។ ព្រះរាជាក៏ទ្រង់ព្រះរាជទាន។ អាមាត្យទាំងនោះ ក៏បញ្ជូនដំណឹងទៅក្រាបទូលព្រះបាទពារាណសីថា បពិត្រព្រះទេវៈ ទូលព្រះបង្គំទាំងឡាយ បាននាងកុមារិកាហើយ ទ្រង់យាងមកឯង ឬឲ្យទូលព្រះបង្គំទាំងឡាយនាំទៅ។
ព្រះជនកនិងព្រះជននីត្រាស់ថា បុត្តរបស់យើងមានបុណ្យច្រើន គង់នឹងរកបានទារិកាណានីមួយ ដែលបានធ្វើបុណ្យរួមជាមួយបុត្តរបស់យើងនោះ ដែលមកកើតក្នុងលោកនេះ (យ៉ាងពិតប្រាកដ) ទើបឲ្យលើករូបមាសនោះ ដាក់លើរថ ប្រាប់ដល់អាមាត្យថា គច្ឆថ ឦទិសឹ ទារិកំ គវេសថ អ្នកទាំងឡាយចូរទៅ ចូរស្វែងរកទារិកាដែលមានរូបដូចរូបមាសនេះ។ អាមាត្យទាំងនោះ នាំរូបមាសនោះ ត្រាច់ទៅក្នុងជនបទធំទាំង ១៦ ទៅដល់ស្រុកនោះ ៗ ឃើញពួកជនក្នុងទីណាមួយ មានកំពង់ទឹកជាដើម ក៏យករូបមាសដែលមានសភាពដូចទេពធីតា តម្កល់ទុកក្នុងទីនោះ ៗ ធ្វើនូវការបូជាដោយផ្កា សំពត់ គ្រឿងអលង្ការផ្សេង ៗ ចងពិតាន ហើយឈរក្នុងចំណែកម្ខាង ដោយទន្ទឹងថា បុគ្គលណាមួយធ្លាប់ឃើញទារិកាមានរូបបែបនេះ បុគ្គលនោះ នឹងពោលឡើង។ អាមាត្យទាំងឡាយត្រាច់ទៅហើយ គ្រប់ជនបទដោយឧបាយនោះ វៀរលែងតែមទ្ទរដ្ឋ មើលងាយដែនមទ្ទរដ្ឋនោះថា ជាដែនតូច ទើបមិនទៅក្នុងដែននោះ នាំគ្នាត្រឡប់។
ព្រះរាជាទ្រង់បញ្ជូនរាជសាសន៍ទៅថា កាលយើងទៅ នឹងមានការបៀតបៀននូវជនបទ ពួកលោកនោះឯង ចូរនាំមក។
អាមាត្យទាំងឡាយនាំទារិកានោះ ចេញអំពីនគរ ហើយបញ្ជូនដំណឹងថ្វាយព្រះរាជកុមារថា បានកុមារិកាដូចរូបមាសហើយ ។ ព្រះរាជកុមារគ្រាន់តែបានស្ដាប់ឮប៉ុណ្ណោះ ត្រូវរាគៈគ្របសង្កត់ សាបសូន្យចាកបឋមជ្ឈាន។ ព្រះរាជកុមារនោះ ក៏បញ្ជូនដំណឹងទៅរឿយ ៗ ថា ពួកអ្នកចូរប្រញាប់នាំមក ពួកអ្នកចូរប្រញាប់នាំមក។ អាមាត្យទាំងនោះ ក៏មកដល់ក្រុងពារាណសី ដោយសម្រាកក្នុងទីគ្រប់កន្លែង ត្រឹមមួយយប់ ហើយបញ្ឈប់រថខាងក្រៅនគរ បញ្ជូនដំណឹងទៅថ្វាយព្រះរាជាថា តើពួកទូលព្រះបង្គំគួរចូលទៅក្នុងថ្ងៃនេះឬ។
ព្រះរាជាត្រាស់ថា កុមារិកានាំមកអំពីត្រកូលដ៏ប្រសើរ ពួកយើងធ្វើមង្គលកិរិយាហើយ នាំចូលទៅដោយសក្ការៈធំ អ្នកទាំងឡាយចូរនាំនាងទៅកាន់ព្រះរាជឧទ្យានសិន។ អាមាត្យទាំងនោះ បានធ្វើតាមព្រះរាជបញ្ជា។ កុមារិកានោះ ជាស្រីសុខុមាលជាតិ អស់កម្លាំងព្រោះយានរលាក់ កើតរោគខ្យល់ ព្រោះលំបាកក្នុងផ្លូវឆ្ងាយ ដូចផ្កាស្រពោន ទើបស្លាប់ក្នុងកណ្ដាលរាត្រី។ អាមាត្យទាំងឡាយបរិទេវនាការថា ពួកយើងជាអ្នកវិនាសចាកសក្ការៈហើយ។ ព្រះរាជានិងអ្នកនគរកន្ទក់កន្ទេញថា វង្សត្រកូលវិនាសហើយ។ ព្រះនគរទាំងមូល ក៏កើតកោលាហល។ សេចក្ដីសោកដ៏ខ្លាំងកា្ល បានកើតឡើងហើយដល់ព្រះរាជកុមារ ព្រោះបានស្ដាប់ដំណឹងនេះប៉ុណ្ណោះ។
លំដាប់នោះ ព្រះរាជកុមារផ្ដើមជីកឫសគល់របស់សេចក្ដីសោកទ្រង់ព្រះតម្រិះថា ឈ្មោះថា សេចក្ដីសោកនេះ រមែងមិនមានដល់អ្នកមិនកើត តែសម្រាប់បុគ្គលដែលកើតមកហើយ រមែងមាន ព្រោះហេតុនោះ សេចក្ដីសោកមាន ព្រោះអាស្រ័យជាតិ។ ជាតិមាន ព្រោះអាស្រ័យអ្វី។ ទ្រង់ជ្រាបថា ជាតិមាន ព្រោះអាស្រ័យភព។ កាលទ្រង់មនសិការដោយឧបាយ ដោយអានុភាពនៃការអប់រំភាវនាក្នុងកាលមុន ទើបទ្រង់បានឃើញបដិច្ចសមុប្បាទទាំងអនុលោមនិងបដិលោម។ កាលត្រឡប់ពិចារណាសង្ខារទាំងឡាយដោយអនុលោមទៀត គង់ប្រថាប់ក្នុងទីនោះឯង បានធ្វើឲ្យជាក់ច្បាស់នូវបច្ចេកសម្ពោធិញ្ញាណហើយ។
អាមាត្យទាំងឡាយឃើញព្រះរាជកុមារមានសេចក្ដីសុខ ដោយសុខក្នុងមគ្គនិងផល មានឥន្ទ្រិយស្ងប់ មានចិត្តស្ងប់ប្រថាប់គង់ ទើបថ្វាយបង្គំ ហើយក្រាបទូលថា បពិត្រព្រះសម្មតិទេព សូមទ្រង់កុំសោយសោកឡើយ ជម្ពូទ្វីបធំ ទូលព្រះបង្គំទាំងឡាយ នឹងនាំកញ្ញាដទៃដែលស្អាតជាងនេះ មកថ្វាយ។
ព្រះបច្ចេកពុទ្ធត្រាស់ថា អាត្មាមិនសោក អាត្មាអស់សេចក្ដីសោកហើយ អាត្មាជា ព្រះបច្ចេកពុទ្ធ។ អាមាត្យទាំងឡាយក្រាបទូលថា បពិត្រព្រះសម្មតិទេព ទ្រង់ត្រាស់អ្វី ព្រះបច្ចេកពុទ្ធទាំងឡាយ មិនមែន មានសភាពបែបនេះឡើយ។
ព្រះបច្ចេកពុទ្ធត្រាស់សួរថា នែអ្នកទាំងឡាយ តើព្រះបច្ចេកពុទ្ធទាំងឡាយ មានសភាពដូចម្ដេច។ អាមាត្យទាំងនោះ ក្រាបទូលថា ឈ្មោះថា ព្រះបច្ចេកពុទ្ធទាំងឡាយ លោកមានសក់ និងពុកមាត់ ពុកចង្កា ត្រឹមតែ ២ ធ្នាប់ មួយអន្លើដោយបរិក្ខារ ៨ ប៉ុណ្ណោះ ។ ព្រះបច្ចេកពុទ្ធក៏យកព្រះហស្តស្ទាបសិរសា រំពេចនោះឯង ឃរាវាសភេទ ក៏អន្ដរធានទៅ បព្វជិតភេទ ក៏ប្រាកដឡើង ព្រះអង្គមានព្រះកេសានិងព្រះមស្សុប្រមាណពីរធ្នាប់ប៉ុណ្ណោះ ប្រកបដោយបរិក្ខារ ៨ ដូចគ្នានឹងព្រះថេរៈ មានវស្សា ១០០។ ព្រះបច្ចេកពុទ្ធចូលចតុត្ថជ្ឈាន ហោះឡើងទៅកាន់អាកាស ហើយគង់លើផ្កាឈូក។
អាមាត្យទាំងឡាយថ្វាយបង្គំហើយទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាកម្មដ្ឋាន ទ្រង់សម្រេចបានដូចម្ដេច។ ព្រះបច្ចេកពុទ្ធព្រោះមានកម្មដ្ឋានដែលមានការជាប់ចំពាក់ជាអារម្មណ៍ ទ្រង់ឃើញច្បាស់ក្នុងវិបស្សនា ទើបត្រាស់ដឹង ព្រោះហេតុនោះ កាលសម្ដែងសេចក្ដីនោះ ទើបត្រាស់គាថាដូច្នេះថា
សំសគ្គជាតស្ស ភវន្ដិ ស្នេហា ស្នេហន្វយំ ទុក្ខមិទំ បហោតិ
អាទីនវំ ស្នេហជំ បេក្ខមានោ ឯកោ ចរេ ខគ្គវិសាណកប្បោ។
សេចក្ដីស្រឡាញ់របស់សត្វ ដែលនៅច្រឡូកច្រឡំគ្នា រមែងមាន ឯសេចក្ដីទុក្ខនេះ មានឡើង ព្រោះអាស្រ័យសេចក្ដីស្រឡាញ់ បុគ្គលកាលឃើញទោស ដែលកើតអំពីសេចក្ដីស្រឡាញ់ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។
ឯការពណ៌នាគាថា គប្បីជ្រាបដូច្នេះថា បទថា សំសគ្គជាតស្ស ប្រែថាកើតការជាប់ចំពាក់។
ក្នុងបទថា សំសគ្គជាតស្ស នោះ សំសគ្គ (ការច្រឡូកច្រឡំ) មាន ៥ យ៉ាង គឺ ទស្សនសំសគ្គ ច្រឡូកច្រឡំដោយការឃើញ ១ សវនសំសគ្គ ច្រឡូកច្រឡំដោយការស្ដាប់ ១ កាយសំសគ្គ ច្រឡូកច្រឡំដោយកាយ ១ សមុល្លបនសំសគ្គ ច្រឡូកច្រឡំដោយការចរចា ១ សម្ភោគសំសគ្គ ច្រឡូកច្រឡំដោយការបរិភោគរួម ១។
ក្នុងការច្រឡូកច្រឡំ ៥ យ៉ាងនោះ រាគៈកើតក្នុងចក្ខុវិញ្ញាណវិថី ព្រោះឃើញគ្នានឹងគ្នា ឈ្មោះថា ទស្សនសំសគ្គ (ច្រឡូកច្រឡំដោយការឃើញ)។ បណ្ដាសំសគ្គៈទាំងនោះ មានរឿងខាងក្រោមនេះ ជាឧទាហរណ៍ថា
បានឮថា ភិក្ខុកំលោះ ១ រូប ទៅកាន់កាលទីឃវាបិទ្វារវិហារដើម្បីរៀនឧទ្ទេស។ អាចារ្យឃើញអន្តរាយរបស់លោក ក៏មិនឲ្យឱកាសភិក្ខុកំលោះនោះ ក៏ព្យាយាមជាប់តាមអាចារ្យទៅ។ អាចារ្យពោលថា បើលោកមិនចូលទៅក្នុងស្រុក ខ្ញុំនឹងបង្រៀនឧទ្ទេសដល់លោក។ លោកទទួលពាក្យហើយរៀនឧទ្ទេសចប់ ក៏ថ្វាយបង្គំលាអាចារ្យទៅ ដោយគិតថា អាចារ្យរបស់អញ មិនឲ្យអញចូលទៅក្នុងស្រុកនោះ តើមានរឿងអ្វីហ្ន៎ ឃ្លុំចីវរហើយ ក៏ចូលទៅកាន់ស្រុក។ សម័យនោះ កុលធីតាម្នាក់ ស្លៀកសំពត់ពណ៌លឿងឈរត្រង់ផ្ទះ ឃើញភិក្ខុកំលោះ រាគៈក៏កើតឡើង យកវែកដួសបបរដាក់ក្នុងបាត្រហើយ ត្រឡប់ទៅដេកលើគ្រែ។ លំដាប់នោះ មាតាបិតាសួរថា តើកូនមានរឿងអ្វី។ កុលធីតានោះឆ្លើយថា បើបានភិក្ខុកំលោះដែលឈរត្រង់ទ្វារអម្បាញ់មិញនេះ ខ្ញុំនឹងមានជីវិត បើមិនបាន ខ្ញុំនឹងស្លាប់។
មាតាបិតាក៏រលះរលាំងទៅចួបភិក្ខុនោះ ត្រង់ទ្វារស្រុក ថ្វាយបង្គំហើយពោលថា សូមលោកម្ចាស់ត្រឡប់មកចុះ ខ្ញុំនឹងប្រគេនភិក្ខា។ ភិក្ខុកំលោះពោលថា អាត្មាគ្រប់គ្រាន់ហើយ។
មាតាបិតាទារិកានោះអង្វរថា រឿងនេះ មានដូច្នេះ ក្នុងផ្ទះរបស់ខ្ញុំមានទ្រព្យប្រមាណប៉ុណ្ណេះ ខ្ញុំមានកូនស្រីតែមួយប៉ុណ្ណោះ សូមលោកម្ចាស់មកជាកូនប្រសារបស់ខ្ញុំចុះ លោកម្ចាស់នឹងរស់នៅយ៉ាងសប្បាយ។
ភិក្ខុកំលោះនោះពោលថា អាត្មាមិនត្រូវការដោយកង្វល់ទាំងនេះហើយធ្វើដំណើរទៅ។
មាតាបិតាចូលទៅប្រាប់កូនស្រីថា នែកូន ពួកយើងមិនអាចធ្វើឲ្យភិក្ខុនោះ ត្រឡប់បានឡើយ ចូរកូនជ្រើសរើសបុរសដទៃ ហើយក្រោកឡើងបរិភោគបាយទឹកចុះ។ កុលធីតានោះ មិនប្រាថ្នាបុរសដទៃ សូម្បីអាហារក៏មិនត្រូវការ នាងអត់អាហារអស់ ៧ ថ្ងៃ ក៏ស្លាប់ទៅ។ មាតាបិតាធ្វើឈាបនកិច្ចស្រេចបាច់ហើយ ក៏យកសំពត់ពណ៌លឿងនោះ ទៅប្រគេនភិក្ខុដែលនៅក្នុងវិហារ។ ភិក្ខុទាំងឡាយក៏ហែកសំពត់នោះ ជាចម្រៀកតូចធំចែកគ្នា។ ភិក្ខុចាស់ ១ រូបទទួលចំណែករបស់ខ្លួនហើយ ត្រឡប់មកកាន់កល្យាណវិហារ។ ភិក្ខុកំលោះនោះគិតថា ទៅថ្វាយបង្គំ ព្រះចេតិយ ក៏ធ្វើដំណើរទៅកាន់វិហារនោះ អង្គុយសម្រាកពេលថ្ងៃ។ ភិក្ខុចាស់ចាប់យកសំពត់ពណ៌លឿងនោះ ប្រាប់ភិក្ខុកំលោះថា សូមលោកម្ចាស់ប្រើប្រាស់សំពត់នេះ ជាតម្រងទឹកចុះ។ ភិក្ខុកំលោះសួរថា លោកម្ចាស់បានសំពត់នេះ មកអំពីណា។ ភិក្ខុចាស់ក៏តំណាលរឿងទាំងអស់ប្រាប់ភិក្ខុកំលោះនោះ។ ភិក្ខុកំលោះស្ដាប់រឿងនោះហើយ គិតថា អញមិនបាននៅរួមជាមួយស្រីនោះហ្ន៎ ត្រូវភ្លើងរាគៈដុតរោល ក៏សុគតក្នុងទីនោះឯង [ស្រង់ចាកអដ្ឋកថា រថវិនីតសូត្រ បិ.២១ ទំ.៨០ ឃ.៣០។] ។ នេះឈ្មោះថា ច្រឡូកច្រឡំដោយការឃើញ។
រាគៈកើតតាមសោតវិញ្ញាណវិថី ព្រោះបានស្ដាប់អំពីរូបសម្បត្តិជាដើម ដែលអ្នកដទៃពោល ឬបានស្ដាប់សំឡេងសើច សំឡេងចរចានិងសំឡេងច្រៀងដោយខ្លួនឯង ឈ្មោះថា សវនសំសគ្គ គឺច្រឡូកច្រឡំដោយការស្ដាប់។ ក្នុងរឿងច្រឡូកច្រឡំដោយការស្ដាប់ មានរឿងជាបុគ្គលាធិដ្ឋានថា
បានឮថា ព្រះថេរៈជាព្រះខីណាស្រពមួយអង្គ គិតថា អញនឹងថ្វាយបង្គំព្រះមហាចេតិយ និងព្រះមហាពោធិព្រឹក្ស ទើបមកអំពីជនបទ មកកាន់មហាវិហារជាមួយសាមណេរដែលកាន់ភណ្ឌៈ សាមណេរនោះ ជាអ្នកបាននូវសមាបត្តិ ហើយចូលទៅកាន់បរិវេណវិហារ។ កាលភិក្ខុសង្ឃជាច្រើនថ្វាយបង្គំព្រះចេតិយក្នុងពេលល្ងាច ព្រះថេរៈក៏មិនទាន់ចេញទៅដើម្បីថ្វាយបង្គំនូវព្រះចេតិយឡើយ។
សួរថា ព្រោះហេតុអ្វី។
ឆ្លើយថា ព្រោះព្រះខីណាស្រព មានសេចក្ដីគោរពច្រើនក្នុងព្រះរតនត្រៃ ព្រោះហេតុនោះ កាលភិក្ខុសង្ឃថ្វាយបង្គំត្រឡប់ទៅហើយ ក្នុងវេលាដែលពួកមនុស្សបរិភោគអាហារល្ងាច ព្រះថេរៈមិនឲ្យសាមណេរដឹង គិតថា នឹងថ្វាយបង្គំព្រះចេតិយ ទើបចេញទៅតែមួយអង្គឯងប៉ុណ្ណោះ។ សាមណេរគិតថា ព្រះថេរៈនិមន្តទៅតែមួយអង្គឯង ក្នុងវេលាដែលមិនមែនជាកាល អញនឹងដឹង ទើបធ្វើដំណើរតាមស្នាមជើងរបស់ព្រះឧបជ្ឈាយ៍ទៅ ព្រះថេរៈមិនដឹងថា សាមណេរមកតាមក្រោយឡើយ ព្រោះមិនបានគិតដល់ ទើបឡើងកាន់លានព្រះចេតិយតាមទ្វារទិសខាងត្បូង សាមណេរក៏ឡើងតាមស្នាមជើងទៅ ព្រះមហាថេរសម្លឹងមើលមហាចេតិយ មានបីតិក្នុងព្រះពុទ្ធជាអារម្មណ៍ សង្រួមចិត្តទាំងអស់ថ្វាយបង្គំព្រះចេតិយ សាមណេរឃើញអាការថ្វាយបង្គំរបស់ព្រះថេរៈ គិតថា ឧបជ្ឈាយ៍របស់អញមានចិត្តជ្រះថ្លាក្រៃលែង ថ្វាយបង្គំព្រះចេតិយ បើបានផ្កាឈើហើយ តើលោកបូជាដែរឬហ្ន៎។ កាលព្រះថេរៈក្រោកឡើងផ្គងអញ្ជលីលើសិរសា សម្លឹងមើលមហាចេតិយនោះឯង សាមណេរ ក៏គ្រហែមឲ្យព្រះថេរៈដឹងថា ខ្លួនមក។ ព្រះថេរៈសម្លឹងមើល ហើយសួរថា នែសាមណេរ អ្នកមកអំពីថ្មើរណា។
សាមណេរពោលថា បពិត្រលោកម្ចាស់ ក្នុងវេលាដែលលោកម្ចាស់ថ្វាយបង្គំព្រះចេតិយ លោកម្ចាស់ជ្រះថ្លាពន់ពេក ក្នុងការថ្វាយបង្គំព្រះចេតិយនេះ បើលោកម្ចាស់បានផ្កាហើយ គប្បីបូជាដែរឬទេ ។
ព្រះថេរៈពោលថា អើសាមណេរ ឈ្មោះថា ការបញ្ចុះព្រះធាតុមានប្រមាណប៉ុណ្ណេះ ក្រៅអំពីក្នុងព្រះចេតិយនេះហើយ រមែងមិនមានទេ បើបានផ្កាហើយ អ្នកណាមិនបូជាមហាសថូប ដែលមិនមានទីដទៃដូចយ៉ាងនេះ។
សាមណេរពោលថា បពិត្រលោកម្ចាស់ បើដូច្នោះ សូមលោកម្ចាស់បង្អង់សិន ខ្ញុំនឹងនាំផ្កាមកប្រគេន។ រំពេចនោះឯង សាមណេរក៏ចូលឈាន ហោះទៅកាន់ព្រៃហិមពាន្តដោយឫទ្ធិ បេះផ្កាដែលសម្បូរដោយពណ៌និងក្លិន ដាក់ក្នុងធម្មក្រក (តម្រងទឹក ) រហូតពេញ កាលព្រះមហាថេរចេញពីច្រកទ្វារខាងត្បូង មិនទាន់ដល់មុខខាងលិច (នៃព្រះចេតិយ ) សាមណេរក៏មកដល់វិញ ដាក់ធម្មក្រកទុកក្នុងដៃរបស់ព្រះថេរៈ ហើយពោលថា សូមលោកម្ចាស់បូជាចុះ ។ ព្រះថេរៈពោលថា សាមណេរ ផ្ការបស់អ្នកតិចពេកណាស់។
សាមណេរពោលថា សូមលោកម្ចាស់និមន្តទៅ ហើយរឭកដល់គុណព្រះមានព្រះភាគបូជាចុះ។ ព្រះថេរៈឡើងជណ្ដើរតាមច្រកទ្វារខាងលិច ផ្ដើមធ្វើការបូជាដោយផ្កាក្នុងទីសម្រាប់បូជា យកផ្កាបាចបូជា វេទិកា (រានផ្កា ) ក៏ពេញទាំងអស់ ផ្កាធ្លាក់ទៅពេញក្នុងជាន់ទីពីរដោយប្រមាណត្រឹមក្បាលជង្គង់ ព្រះថេរៈចុះអំពីជាន់ទីពីរ ក៏ញ៉ាំងជាន់ខាងក្រោមឲ្យពេញ កាលជាន់ខាងក្រោមពេញហើយ ទើបពោលថា នែសាមណេរ ផ្ការបស់អ្នកមិនទាន់អស់ឡើយ។
សាមណេរពោលថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ផ្កាប់ធម្មក្រកចុះ។ ព្រះថេរៈផ្កាប់ធម្មក្រកហើយក៏រលាស់ ក្នុងកាលនោះ ផ្កាក៏អស់ទៅ ព្រះថេរៈឲ្យធម្មក្រកដល់សាមណេរ ហើយធ្វើប្រទក្សិណព្រះចេតិយដែលមានកំពែងកម្ពស់ ៦០ ហត្ថ ៣ ជុំ ថ្វាយបង្គំក្នុងទិសទាំងបួន ហើយត្រឡប់ទៅកាន់បរិវេណ គិតថា សាមណេរនេះ មានឫទ្ធិច្រើនហ្ន៎ តើសាមណេរអាចរក្សាឥទ្ធានុភាពនេះ ទុកបានឬទេ។ បន្ទាប់អំពីនោះ ព្រះថេរៈឃើញថា មិនអាចរក្សាបាន ទើបពោលនឹងសាមណេរថា នែសាមណេរ ឥឡូវនេះ អ្នកមានឫទ្ធិច្រើន ក្នុងកាលជាខាងក្រោយ កាលឫទ្ធិវិនាស អ្នកនឹងផឹកទឹកបាយដែលស្រីជាងតម្បាញខ្វាក់ភ្នែកម្ខាង ច្របាច់ដោយដៃ។ នេះឈ្មោះថា ទោសរបស់យុវវ័យ។ សាមណេរនោះ ដែលឧបជ្ឈាយ៍ឲ្យតក់ស្លុតហើយ ដោយពាក្យនោះ ក៏មិនសូមថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ប្រាប់កម្មដ្ឋានដល់ខ្ញុំចុះ សាមណេរគិតថា ព្រះឧបជ្ឈាយ៍របស់អញពោលអ្វី ធ្វើហាក់ដូចជាមិនបានឮពាក្យនោះ ហើយក៏ទៅ។
ព្រះថេរៈ កាលថ្វាយបង្គំមហាចេតិយ និងមហាពោធិព្រឹក្សហើយ ទើបឲ្យសាមណេរទទួលបាត្រនិងចីវរ ហើយទៅកាន់កុដេឡិតិស្សមហាវិហារតាមលំដាប់។ សាមណេរដើរជាប់តាមឧបជ្ឈាយ៍ទៅ តែមិនដើរ ទៅបិណ្ឌបាតជាមួយ សួរឧបជ្ឈាយ៍ថា បពិត្រលោកម្ចាស់ លោកម្ចាស់ចូលទៅកាន់ស្រុកមួយណា ។ កាលដឹងថា ឥឡូវនេះ ព្រះឧបជ្ឈាយ៍របស់អញជិតដល់ទ្វារស្រុកហើយ ទើបកាន់បាត្រនិងចីវររបស់ព្រះឧបជ្ឈាយ៍ ហោះទៅ ប្រគេនបាត្រនិងចីវរដល់ព្រះថេរៈហើយ ទើបចូលទៅបិណ្ឌបាត។
ព្រះថេរៈទូន្មានជានិច្ចថា នែសាមណេរ អ្នកកុំធ្វើយ៉ាងនេះ ឈ្មោះថា ឫទ្ធិរបស់បុថុជ្ជន ជាធម្មជាតិកម្រើកញាប់ញ័រ មិនមាំមួនទេ កាលបានអារម្មណ៍ មានរូបជាដើម ដែលមិនជាទីសប្បាយ សូម្បីបន្តិចបន្តួចប៉ុណ្ណោះ ក៏បែកធ្លាយបាន។ សាមណេរមិនប្រាថ្នាស្ដាប់ ដោយគិតថា ព្រះឧបជ្ឈាយ៍របស់អញពោលអ្វី ក៏នៅតែធ្វើដូចមុនដដែល។ ព្រះថេរៈថ្វាយបង្គំព្រះចេតិយទៅដោយលំដាប់ គឺនិមន្តទៅកាន់កម្មពិន្ទុវិហារ កាលព្រះថេរៈនៅក្នុងវិហារនោះ សាមណេរក៏នៅតែធ្វើយ៉ាងនោះឯង។
សម័យថ្ងៃមួយ ធីតារបស់ជាងតម្បាញម្នាក់ ជាស្ដ្រីមានរូបស្អាត នៅក្នុងបឋមវ័យ ចេញអំពីកម្មពិន្ទុគ្រាម ចុះទៅក្នុងស្រះឈូក ស្រែកច្រៀងបណ្ដើរ បេះផ្កាឈូកបណ្ដើរ។ សម័យនោះ សាមណេរក៏ហោះទៅខាងលើស្រះឈូក កាលហោះទៅ ជាប់ចិត្តនឹងសំឡេងច្រៀងរបស់ស្ដ្រីនោះ ដូចរុយខ្វាក់ភ្នែកជាប់ចំពាក់ក្នុងទឹករម្អិលដូច្នោះ [ក្នុងទីខ្លះថា ដូចមេត្រីខ្វាក់ភ្នែកជាប់ជំពាក់ក្នុងទឹករម្អិលដូច្នោះ។] រំពេចនោះឯង ឫទ្ធិរបស់សាមណេរនោះ ក៏វិនាសទៅ ហាក់ដូចជាក្អែកបាក់ស្លាបដូច្នោះ តែដោយផលរបស់សមាបត្តិនៅមាន សាមណេរមិនធ្លាក់ទៅលើទឹកដូចដុំដីធ្លាក់នោះឡើយ គឺធ្លាក់ចុះទៅថ្នម ៗ ដោយលំដាប់ ដូចសំឡីដូច្នោះ ហើយឈរក្បែរមាត់ស្រះឈូកនោះ សាមណេរនោះ ប្រញាប់ទៅប្រគេនបាត្រនិងចីវរដល់ព្រះឧបជ្ឈាយ៍ ហើយត្រឡប់។ ព្រះមហាថេរគិតថា អាត្មាអញឃើញហេតុនោះ ក្នុងកាលមុនហើយ ទោះបីហាម ក៏សាមណេរមិនត្រឡប់ ទើបមិនពោលពាក្យណាមួយឡើយ ហើយនិមន្តទៅបិណ្ឌបាត។
សាមណេរទៅដល់មាត់ស្រះ រង់ចាំស្រីនោះ ឡើងមក សូម្បីស្រីនោះ ក៏ឃើញសាមណេរទាំងក្នុងខណៈដែលមកតាមអាកាស និងក្នុងខណៈដែលមកឈរ ក៏ដឹងថា សាមណេរនេះ អផ្សុកព្រោះអាស្រ័យអាត្មាអញដោយពិត ទើបពោលថា សាមណេរ សូមចៀសចេញទៅ។ សាមណេរនោះ ក៏ចៀសចេញទៅ។ ស្រីនោះឡើងមក ផ្លាស់សំពត់ហើយ ចូលទៅរកសាមណេរ សួរថា លោកម្ចាស់ត្រូវការអ្វីឬ។ សាមណេរក៏ប្រាប់សេចក្ដីនោះ នាងសម្ដែងទោសក្នុងការគ្រប់គ្រងផ្ទះ ដោយហេតុច្រើនយ៉ាង និងអានិសង្សនៃការនៅក្នុងព្រហ្មចរិយៈ សូម្បីទូន្មាន (យ៉ាងនេះហើយ) ក៏មិនអាចបន្ទោបង់សេចក្ដីអផ្សុក (ការចង់សឹក) របស់សាមណេរនោះបាន ទើបគិតថា សាមណេរនេះ វិនាសចាកឫទ្ធិមានសភាពបែបនេះ ព្រោះតែអាត្មាអញ ឥឡូវនេះ អញមិនគួរនឹងបោះបង់លោកឡើយ ទើបពោលថា សូមលោកម្ចាស់ចាំនៅទីនេះចុះ ហើយទៅកាន់ផ្ទះរបស់ខ្លួន ប្រាប់រឿងនោះដល់មាតាបិតា។ ឯមាតាបិតាក៏មក ហើយទូន្មានច្រើនយ៉ាង បានពោលនឹងសាមណេរដែលមិនស្ដាប់នោះថា សូមលោកកុំយល់ថា ពួកខ្ញុំមានត្រកូលខ្ពង់ខ្ពស់ ពួកខ្ញុំត្រឹមតែជាត្រកូលជាងតម្បាញ លោកនឹងធ្វើត្រឹមតែការងារត្បាញប៉ុណ្ណោះ។
សាមណេរពោលថា ឧបាសក ធម្មតាបុគ្គលដែលជាគ្រហស្ថ គួរធ្វើការងារត្បាញ ឬគួរធ្វើការងារត្បាញផែងក៏បាន លោកកំណាញ់អ្វី ត្រឹមតែសំពត់សាដកនេះ។ ជាងតម្បាញឲ្យសំពត់សាដកដែលចងត្រង់ពោះ ហើយនាំទៅកាន់ផ្ទះ លើកកូនស្រីឲ្យ។
បុរសនោះ សឹកអំពីសាមណេរហើយ រៀនធ្វើការងាររបស់ជាងតម្បាញ ធ្វើការងារក្នុងរោងតម្បាញ ជាមួយពួកជាងដទៃនោះឯង។ បណ្ដាភរិយារបស់ជាងតម្បាញដទៃ បានត្រៀមអាហារនាំមកអំពីព្រឹក ភរិយារបស់បុរសនោះ ក៏មិនទាន់មកនៅឡើយ។ បុរសនោះ កាលអ្នកដទៃបរិភោគអាហារ ក៏អង្គុយរង់ចាំដោយត្បាញបណ្ដើរ ៗ នោះឯង។ ភរិយាក៏មកឯក្រោយ។ លំដាប់នោះ បុរសនោះ ក៏គំហកដាក់ភរិយាថា ហេតុអ្វី ក៏មកយឺតម្ល៉េះ។
ធម្មតាមាតុគ្រាមដឹងថា សូម្បីស្ដេចចក្កពត្តិដែលមានចិត្តជាប់ចំពាក់ក្នុងខ្លួន ក៏គង់សម្គាល់ថា ដូចជាទាសៈ ព្រោះហេតុនោះ ទើបនាងពោលថា ក្នុងផ្ទះរបស់អ្នកដទៃ គេមានឧស បន្លែ និងអំបិលស្រាប់ សូម្បីអ្នកបម្រើរបស់គេក៏មាន តែខ្ញុំជាស្រីម្នាក់ឯងប៉ុណ្ណោះ អ្នកមិនដឹងថា ក្នុងផ្ទះរបស់យើង វត្ថុនេះ មាន វត្ថុនេះ មិនមាន បើអ្នកត្រូវការ ក៏ចូរបរិភោគចុះ បើមិនត្រូវការ កុំបរិភោគឡើយ។
បុរសនោះគំហកថា នាងមិនត្រឹមតែនាំអាហារមកយឺតប៉ុណ្ណោះទេ ថែមទាំងនៅនិយាយបញ្ជោះទៀត គាត់មានចិត្តខឹងក្រោធ កាលមិនឃើញវត្ថុសម្រាប់ប្រហារ (បៀតបៀន) ដទៃ ទើបដោះត្រល់ ហើយពួយទៅ ត្រល់នោះក៏ហើរទៅតម្រង់មុខរបស់ភរិយា។ ស្ដ្រីនោះ ឃើញ ត្រល់ហើយ គេចបន្តិច ចុងត្រល់ក៏មុតត្រង់កន្ទុយភ្នែក ស្រីនោះយកដៃទាំងពីរក្ដោបភ្នែក ឈាមហូរចេញក្នុងទីដែលមុត។ បុរសនោះ រឭកដល់ពាក្យរបស់ឧបជ្ឈាយ៍បាន ក្នុងពេលនោះថា ឧបជ្ឈាយ៍គង់សំដៅដល់ហេតុនេះ ទើបពោលថា ក្នុងអនាគត អ្នកនឹងផឹកទឹកបាយ ដែលស្រីជាងតម្បាញខ្វាក់ភ្នែក ច្របាច់ដោយដៃ ដូច្នេះ ព្រះថេរៈគង់ឃើញហេតុនេះ ដោយពិត ទើបទ្រហោយំ ពោលថា ឱ ! លោកម្ចាស់ឃើញកាលវែង។
ពួកជាងតម្បាញដទៃ ៗ បានពោលនឹងបុរសនោះថា ណ្ហើយចុះអ្នក អ្នកកុំយំឡើយ ធម្មតាភ្នែកដែលបែកហើយ មិនអាចធ្វើឲ្យដូចដើមវិញបានទេ តើអ្នកយំធ្វើអ្វី។
បុរសនោះពោលថា ខ្ញុំមិនបានយំដល់រឿងនោះទេ ខ្ញុំយំសំដៅដល់ហេតុឈ្មោះនេះ ហើយប្រាប់រឿងទាំងអស់តាមលំដាប់ ដោយប្រការដូច្នេះ។ សមថវិបស្សនាទាំងឡាយដែលកើតឡើងហើយ កាលរលត់ទៅវិញ រមែងប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍យ៉ាងនេះ [ស្រង់ចាកអដ្ឋកថា មហាសកុលុទាយិសូត្រ បិ.២៤ ទំ.១៣២ ឃ.៧៥ និងអដ្ឋកថា អភិធម្ម សម្មប្បធានវិភង្គ បិ.៨១ ទំ.១៦៧ ឃ.២១១។]។
រាគៈកើតឡើង ព្រោះការស្ទាបអង្អែលអវយវៈនៃគ្នានឹងគា្ន ឈ្មោះថា កាយសំសគ្គៈ គឺការជាប់ចំពាក់ដោយកាយ។ ក្នុងរឿងកាយសំសគ្គៈនេះ មានភិក្ខុកំលោះអ្នកពោលធម៌ និងព្រះរាជធីតាជាគំរូ។ បានឮថា មានភិក្ខុកំលោះមួយរូបនៅក្នុងមហាវិហារ ជាអ្នកសម្ដែងធម៌។ មហាជនទាំងឡាយនាំគ្នាមកក្នុងវិហារនោះ សូម្បីព្រះរាជានិងព្រះអគ្គមហេសីមួយអន្លើដោយព្រះរាជធីតា ក៏បានយាងមកដែរ។ ខណៈនោះ ព្រោះអាស្រ័យរូបនិងសំឡេងរបស់ភិក្ខុនោះ រាគៈដ៏មានកម្លាំង ក៏កើតឡើងដល់ព្រះរាជធីតាផង កើតឡើងដល់ភិក្ខុកំលោះផង។ ព្រះរាជាទតឃើញដូច្នោះ ទ្រង់ក៏ឲ្យមហាជនយកវាំងននមកបាំង។ ជនទាំងពីរក៏ពាល់ត្រូវកាយ ឱបក្រសោបគ្នានឹងគ្នា។ កាលមហាជនបើកវាំងននចេញហើយ ក៏បានឃើញជនទាំងពីរស្លាប់ក្នុងទីនោះឯង [ស្រង់ចាកអដ្ឋកថា បច្ចេកពុទ្ធាបទាន បិ.៧២ ទំ.១៦ ឃ.២។]។
មានរឿងមួយទៀតថា
បានឮថា ត្រង់មហាចេតិយង្គណៈ ពួកភិក្ខុកំលោះធ្វើការស្វាធ្យាយពួកភិក្ខុនីអង្គុយស្ដាប់ធម៌អំពីខាងក្រោយ ពួកភិក្ខុកំលោះទាំងនោះ។ បណ្ដាភិក្ខុកំលោះទាំងនោះ មានភិក្ខុកំលោះមួយរូប លាដៃចេញទៅ ក៏ពាល់ត្រូវកាយភិក្ខុនីក្រមុំមួយរូប។ ភិក្ខុនីក្រមុំនោះ ក៏ចាប់ដៃភិក្ខុកំលោះនោះ មកផ្អឹបត្រង់ដើមទ្រូងរបស់ខ្លួន។ ដោយកាយសំសគ្គៈនោះ ជនទាំងពីរមិនអាចនៅក្នុងព្រហ្មចរិយធម៌បាន ក៏សឹកមកជាគ្រហស្ថ [ស្រង់ចាកអដ្ឋកថា រថវិនីតសូត្រ បិ.២១ ទំ.៨០ ឃ.៣០។]។
មានរឿងមួយទៀតថា
រាគៈកើតឡើង ព្រោះការហៅរកនិងការចរចាគ្នា ឈ្មោះថា សមុល្លបនសំសគ្គ ជាប់ចំពាក់ដោយការចរចា។ រាគៈដែលកើតឡើង ព្រោះភិក្ខុធ្វើការបរិភោគរួមគ្នាជាមួយភិក្ខុនីទាំងឡាយ ឈ្មោះថា សម្ភោគសំសគ្គ ជាប់ចំពាក់ដោយការបរិភោគរួមគ្នា។
ក្នុង សំសគ្គ ទាំង ២ នេះ មានភិក្ខុភិក្ខុនីដែលត្រូវអាបត្តិបារាជិកជាគំរូ។ បានឮថា ក្នុងកាលឆ្លងមរិចវដ្ដិមហាវិហារ ព្រះបាទទុដ្ឋគាមណិអភ័យបានធ្វើមហាទានចំពោះឧភតោសង្ឃ មានភិក្ខុ ១ សែនរូប ភិក្ខុនី ៩ ម៉ឺនរូប។ សាមណេរមួយរូបទទួលយាគូក្តៅ ក៏ដាក់លើជាយចីវរម្ដង ដាក់លើផែនដីម្ដង សាមណេរីមួយរូបឃើញដូច្នោះ ក៏ប្រគេនរង្វេលបាត្រដែលធ្វើអំពីភ្លុក ហើយពោលថា សូមលោកម្ចាស់ដាក់បាត្រលើរង្វេលនេះ ហើយសឹមទៅ។ ក្នុងកាលក្រោយមកទៀត កាលភ័យកើតឡើង ទាំងពីររូបនោះ ក៏ទៅកាន់បរសមុទ្ទវិហារ។ បណ្ដាជនទាំងពីរនោះ ភិក្ខុនីទៅមុន។ ភិក្ខុនីនោះបានឮថា ភិក្ខុអ្នកសីហឡៈមួយរូបនិមន្ដមក ក៏ទៅកាន់សម្នាក់ព្រះថេរៈ ធ្វើបដិសណ្ឋារៈ អង្គុយហើយសួរថា បពិត្រលោកម្ចាស់ ក្នុងកាលឆ្លងមរិចវដ្តិវិហារ លោកម្ចាស់មានព្រះជន្មប៉ុន្មាន ។
លោកឆ្លើយថា ក្នុងកាលនោះ ខ្ញុំជាសាមណេរអាយុ ៧ ឆ្នាំ ចុះនាងមានអាយុប៉ុន្មាន។
ភិក្ខុនីនោះពោលថា ក្នុងកាលនោះ ខ្ញុំជាសាមណេរីមានអាយុ ៧ ឆ្នាំ ខ្ញុំបានប្រគេនរង្វេលបាត្រដល់សាមណេរមួយរូប ដែលទទួលបបរមានសភាពក្ដៅ។ ព្រះថេរៈនោះពោលថា សាមណេរក្នុងកាលនោះ គឺខ្ញុំនេះឯង ហើយក៏យករង្វេលបាត្របង្ហាញ។ ដោយ សម្ភោគសំសគ្គ នោះឯង ជនទាំងពីរមិនអាចបន្ដព្រហ្មចរិយធម៌បាន ក៏សឹកក្នុងទីនោះ។ ភិក្ខុនិងភិក្ខុនីនោះ មិនអាចទ្រទ្រង់នូវព្រហ្មចរិយៈ ព្រោះសំសគ្គៈនោះ មានប្រមាណប៉ុណ្ណេះ ជនទាំងពីររូប (ត្រូវអាបត្តិបារាជិក) ហើយទើបសឹក ក្នុងកាលនៃខ្លួនមានអាយុ ៦០ ឆ្នាំ [ស្រង់ចាកអដ្ឋកថា រថវិនីតសូត្រ បិ.២១ ទំ.៨០ ឃ.៣០ និងអដ្ឋកថា បច្ចេកពុទ្ធាបទាន បិ.៧២ ទំ.១៦ ឃ.២។]។
សេចក្ដីស្នេហា រមែងមានដល់បុគ្គលដែលធ្វើនូវការច្រឡូកច្រឡំ ដោយការច្រឡូកច្រឡំណាមួយ បណ្ដាសំសគ្គៈ ៥ យ៉ាង ដោយប្រការដូច្នេះ។ បន្ទាប់អំពីរាគៈដ៏ខ្លាំងក្លានោះ សេចក្ដីទុក្ខនេះ កាលទៅតាមសេចក្ដីស្រឡាញ់ រមែងកើត គឺថា សេចក្ដីទុក្ខនេះ មានប្រការផ្សេងៗ មានសេចក្ដីសោក សេចក្ដីខ្សឹកខ្សួលជាដើម ដែលគប្បីឃើញក្នុងបច្ចុប្បន្ន និងលោកខាងមុខ ការជាប់តាមនូវសេចក្ដីស្រឡាញ់នោះឯង រមែងកើតមាន ហូរចេញមក មានប្រាកដ។
អាចារ្យពួកដទៃពោលថា ការបណ្ដោយចិត្ដទៅក្នុងអារម្មណ៍ ឈ្មោះថា សំសគ្គៈ សេចក្ដីស្រឡាញ់បន្ទាប់អំពីសំសគ្គៈនោះ ចាត់ជាទុក្ខដែលកើតព្រោះសេចក្ដីស្រឡាញ់នេះ ដូច្នេះ។ ព្រះបច្ចេកពុទ្ធនោះ ពោលកន្លះគាថានេះ ដែលមានអត្ថយ៉ាងនេះហើយ ទើបពោលថា សេចក្ដីទុក្ខ មានសោកជាដើម ជាប់តាមសេចក្ដីស្រឡាញ់ឯណា អាត្មាជីកនូវឫសគល់នៃសេចក្ដីស្រឡាញ់នោះ បានសម្រេចបច្ចេកពោធិញ្ញាណ ហើយ។
កាលព្រះបច្ចេកពុទ្ធពោលយ៉ាងនេះហើយ អាមាត្យទាំងឡាយនោះ ក្រាបទូលសួរថា បពិត្រលោកម្ចាស់ ឥឡូវនេះ យើងខ្ញុំទាំងឡាយ គួរធ្វើដូចម្ដេច។
លំដាប់នោះ កាលព្រះបច្ចេកពុទ្ធពោលថា អ្នកទាំងឡាយ ឬអ្នកឯណានីមួយ ដែលប្រាថ្នាដើម្បីនឹងផុតចាកសេចក្ដីទុក្ខនេះ អ្នកទាំងអស់នោះ គប្បីឃើញទោសដែលកើតព្រោះសេចក្ដីស្រឡាញ់ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាសដូច្នោះ។ ក្នុងទីនេះ គប្បីជ្រាបថា លោកសំដៅយកពាក្យដែលពោលថា សេចក្ដីទុក្ខនេះ ជាប់តាមនូវសេចក្ដីស្រឡាញ់ រមែងកើតឡើង ទើបពោលថា បុគ្គលកាលឃើញទោសដែលកើតព្រោះសេចក្ដីស្រឡាញ់ ដូច្នេះ ។
ម្យ៉ាងទៀត ភ្ជាប់សេចក្ដីយ៉ាងនេះថា សេចក្ដីស្រឡាញ់ រមែងមានដល់បុគ្គលដែលច្រឡូកច្រឡំដោយសំសគ្គៈ តាមដែលពោលហើយ សេចក្ដីទុក្ខប្រព្រឹត្ដទៅតាមសេចក្ដីស្រឡាញ់នេះ (មានច្រើន ) អាត្មាឃើញទោស ដែលកើតព្រោះសេចក្ដីស្រឡាញ់តាមសេចក្ដីពិតយ៉ាងនេះ ទើបសម្រេចហើយ។ គប្បីជ្រាបថា ព្រះបច្ចេកពុទ្ធពោលបាទទី ៤ ដោយអំណាចសេចក្ដីស្រឡាញ់ ដោយន័យដូចពោលហើយខាងដើម។ ខាងមុខអំពីនេះទៅ បទទាំងពួងដូចគ្នាតាមដែលពោលហើយ ក្នុងគាថា ទី ១ នោះឯង ។
សំសគ្គគាថាទី ២ ចប់។
សូមអនុមោទនា !!!
👇មាតិកាគាថាបន្តក្នុងវគ្គនិមួយៗ
☸️បច្ចេកពុទ្ធសំយុត្តកថា វគ្គ១
🔸👉លំនាំដើម
🔸មិគោអរញ្ញគាថា ទី៥
🔸អាមន្តនាគាថា ទី៦
🔸ខិឌ្ឌារតិគាថា ទី៧
🔸ចាតុទ្ទិសគាថា ទី៨
🔸ទុស្សង្គហគាថា ទី៩
🔸កោវិឡារគាថា ទី១០
☸️បច្ចេកពុទ្ធសំយុត្តកថា វគ្គ២
🔸សហាយគាថា ទី១-២
🔸អទ្ធាបសំសាគាថា ទី៣
🔸សុវណ្ណវលយគាថា ទី៤
🔸អាយតិភយគាថា ទី៥
🔸កាមគាថា ទី៦
🔸ឦតិគាថា ទី៧
🔸សីតាលុកគាថា ទី៨
🔸នាគគាថា ទី៩
🔸អដ្ឋានគាថា ទី១០
🔸🔸❁🙏❁🔸🔸
ប្រភព-Source: ឈូកក្រហម
🔸Last Updated កំណែចុងក្រោយ on September 14, 2024