នាយកធម៌៦យ៉ាង
បទពាក្យប្រាំពីរ
លោកថាធម្មតាអ្នកដឹកនាំ | ត្រូវតែអត់ទ្រាំខំតាមធម៌ |
តាមតួនាទីទើបបវរ | មាននាយកធម៌ល្អប្រណិត ។ |
ទីមួយ ខមា ការអត់ធន់ | កិច្ចការស្រាលធ្ងន់ផ្លូវកាយចិត្ត |
ស៊ូទ្រាំលំបាកចាកទុច្ចរិត | កាន់ខ្ជាប់សុចរិតគិតវែងឆ្ងាយ ។ |
ទីពីរគឺ ជាគរិយៈ | រលឹកនឹកភ្ញាក់មិននឿយណាយ |
ដឹងខ្លួនជានិច្ចគេចអន្តរាយ | មានកាយឥតធ្វេសប្រហែសឡើយ ។ |
ទីបីឈ្មោះថា ឧដ្ឋានៈ | ព្យាយាមឥតអាក់ឥតកន្តើយ |
បំពេញការងារជាកោះត្រើយ | នោះហើយលោកហៅថាឧស្សាហ៍ ។ |
ទីបួនគឺ សំវិភាគៈ | ទ្រព្យធនភារៈច្រៀកសព្វសារ |
មិនស្វិតកំណាញ់ឆ្ងាញ់ឯកា | រំលែកចែកគ្នាប្រាថ្នាសុខ ។ |
ទីប្រាំត្រូវចាំគឺ ទយា | សន្តោសគ្នីគ្នាជាប្រមុខ |
សន្តានចិត្តល្អកម្រទុក្ខ | ជាតិនេះជាតិមុខសុខក្សេមក្សាន្ត ។ |
ទីប្រាំមួយគឺ ឥក្ខណា | រំពៃមើលការកិច្ចសព្វឋាន |
តូចធំទាបខ្ពស់តាមលំអាន | ល្អិតល្អន់មិនស្មាននាំភ្លាំងភ្លាត់ ៕ |
និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ
វត្តចាក់អង្រែក្រោម, ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៩
🔸Last Updated កំណែចុងក្រោយ on August 9, 2024
Facebook Comments