ទិសានមស្សការ ៦ យ៉ាង

ទិសានមស្សការ ៦ យ៉ាង

បទពាក្យប្រាំពីរ

ទី១-ខាងកើតទិសបុព្វាទុកជាមាតាបិតា
ដែលបង្កើតបុត្រក្នុងលោកគួរកូនស្នេហាអស់ពីចិត្ត ។
ត្រូវប្រតិបត្តិលោកដោយធម៌ប្រាំដែលអ្នកប្រាជ្ញផ្តាំមានកំរិត
កម្រៃថ្លៃគុណលោកអាណិតដោយមេត្តាចិត្តជួយកូនថ្លៃ ​។
ទី២-ខាងត្បូងទិសទក្ខិណាទុកជាអាចារ្យយើងសព្វថ្ងៃ
ដែលបង្រៀនធម៌ល្អថ្លាថ្លៃឱ្យបាននិស្ស័យទៅនិព្វាន ។
ត្រូវប្រតិបត្តិលោកដោយធម៌ប្រាំដែលអ្នកប្រាជ្ញផ្តាំទុកទូន្មាន
គឺពាក្យជាច្បាប់ឱវាទានទាំងនោះត្រូវមានចិត្តជ្រះថ្លា ។
ទី៣-ខាងលិចទិសបច្ឆិមានោះលោកទុកជាបុត្តភរិយា
ដែលនៅក្រោយខ្នងយើងរាល់គ្នានោះគឺជាក្រោមបង្គាប់ខ្លួន ។
ត្រូវធ្វើសង្គ្រោះដោយធម៌ប្រាំដែលអ្នកប្រាជ្ញផ្តាច់មាំមួន
ថាត្រូវមានចិត្តអាណិតខ្លួនកុំមានគុំគួនឬគ្នាន់ខ្នាញ់ ។
ទី៤-ខាងជើងទិសឧត្តរាលោកទុកថាមិត្រសំឡាញ់
ដែលមានចិត្តស្មើឥតផ្ចាលផ្ចាញ់រាប់អានស្រឡាញ់ឥតអាក់ឡើយ ។
ត្រូវប្រតិបត្តិគ្នាដោយធម៌ប្រាំដែលអ្នកប្រាជ្ញផ្តាំផ្តាច់មកហើយ
បើមិត្រមានទុក្ខជួយឱ្យស្បើយកុំខានសោះឡើយទើបត្រូវធម៌ ។
ទី៥-ខាងក្រោមទិសហេដ្ឋាលោកទុកជាទេសកម្មករ
ដែលជួយធ្វើការអាក្រក់ល្អដុតចិត្តស្មោះសរនឹងចៅហ្វាយ ។
ត្រូវនាយសង្គ្រោះដោយធម៌ប្រាំដែលអ្នប្រាជ្ញផ្តាំឱ្យខ្វល់ខ្វាយ
បើមានឈឺចាប់មិនសប្បាយត្រូវឱ្យចៅហ្វាយថែរក្សា ។
ទី៦-ខាងលើទិសឧទ្ធៈទុកជាសមណៈនឹងព្រាហ្មណា
ដែលយើងទាយកទាយិកាមានចិត្តជ្រះថ្លាហើយធ្វើទាន ។
ត្រូវប្រតិបត្តិលោកដោយធម៌ប្រាំដែលអ្នកប្រាជ្ញផ្តាំទុកទូន្មាន
លោកអ្នកប្រាប់ផ្លូវសួគ៌និព្វានថាទៅដោយយានគឺសីលអើយ ៕

ប្រភពៈ ទស្សនាវដ្តី កម្ពុជសុរិយា ឆ្នាំ១៩៤៤ (ចម្លងតាមច្បាប់ដើមទាំងអក្ខរាវិរុទ្ធ)

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace