ដើរមានបី ស្តីមានបួន
បទណាក្យ៧
| – កូនអើយចាស់ថាដើរមានបី | រីបើនឹងស្តីនោះមានបួន |
| ន័យនេះល្អល្អះណាស់ណាស្ងួន | លោកទុកជាក្បួនប្រដៅស្តី ។ |
| – នេះន័យអត្ថបដិរូប | ពុកឆ្លើយបង្រួបសង្ខេបខ្លី |
| ពាក្យដែលលោកថាដើរមានបី | ពិតមានអត្ថន័យនិងខ្លឹមសារ។ |
| – ទីមួយមុនពេលចរលីលា | មើលពេលវេលាត្រូវយាត្រា |
| យប់ថ្ងៃមមៃប៉ងទៅណា | មិនគួរប្រាថ្នាតាមតែចិត្ត ។ |
| – ឧបមេយ្យអង្កេតហេតុឆោឡោ | ក្រែងជាន់ដានចោរជនឧក្រិដ្ឋ |
| ដូចអូសសម្រាស់ប៉ះពាក្យពិត | ត្រូវពាលទុច្ចរិតចោទតម្រង់ ។ |
| – ទីពីរមើលផ្លូវត្រូវដើរហើរ | មិនគាប់ប្រសើរគួរបង្អង់ |
| ឃ្លាមួយផ្លូវវៀចកុំបោះបង់ | ឯផ្លូវដែលត្រង់កុំដើរហោង ។ |
| – ដូច្នេះគួរត្រិះពិចារណា | បំណាច់យាត្រាកុំឱ្យហ្មង |
| គិតដល់ទិសដៅត្រូវត្រាច់ឆ្លង | តើផ្លូវណាផងល្អគប្បី ។ |
| – ទីបីគួរគិតពិនិត្យជាក់ | ចំពោះមិត្តភ័ក្តក្លើម្រាក់ក្តី |
| គួរដើរជាមួយឬកុំអី | ចូរស្ងួនប្រុសស្រីរំពៃស្តាប់ ។ |
| – ដើរហើរសេពគប់មិត្តស្មោះសរ | នាំខ្លួនឱ្យល្អមិនឱនអាប់ |
| ដើរចូលមិត្តពាលនាំឈឺចាប់ | មិត្តផ្តល់ក្តីស្លប់កុំរួមរក្ស ។ |
| – ពុកនឹងបកស្រាយន័យម្យ៉ាងទៀត | មិនឱ្យហួសឃ្លាតឆ្លៀតបញ្ជាក់ |
| ពាក្យដើរមានបីស្តីប្រត្យក្ស | បន្តឃ្លាវគ្គចាប់ចុងចួន ។ |
| – ទីមួយលោកថាកុំប្រមាថ | ជិវិតមនុស្សសត្វណាមាសស្ងួន |
| អំពើទុចរិតគិតគុំគួន | តាមក្បួនបាលីហៅបាណា ។ |
| – ទីពីរកុំលួចសម្បត្តិគេ | ច្បាប់ពីបុពេ្វផ្តល់ទោសា |
| អំពើឆក់ប្លន់ចិត្តឫស្យា | បាលីស្តីថាអទិនា្នទាន ។ |
| – ទីបីកុំក្បត់ប្រពៃណី | គួរកូនសំភីខំសូត្ររៀន |
| កុំកន្លងច្បាប់បូរាណប្រៀន | នោះមានកាមេសុមិច្ឆា។ |
| – នេះពុកផ្តែផ្តាំចាំឱ្យជាក់ | ឃ្លាទាំងបីវគ្គមានខ្លឹមសារ |
| ពាក្យដើរមានបីស្តីពិស្តារ | បូរាណចែងចារដូច្នេះឯង ។ |
| – ចំណែកអត្ថន័យស្តីមានបួន | លោកទុកជាក្បួនឱ្យគិតក្រែង |
| លោកចោទប្រស្នាឱ្យខំស្វែង | បកស្រាយថ្លឹងថ្លែងលើអត្ថន័យ។ |
| – ទីមួយកុំស្តីភរកុហក | ពោលពាក្យអាក្រក់មិនគប្បី |
| ភូតចាញ់អាត្មាដូនតាស្តី | បាលីពោលថាមុសាវាទ ។ |
| – ទីពីរកុំស្តីជេរទ្រគោះ | បញ្ចោរបញ្ជោះឈ្លោះមិត្តញាតិ |
| បាលីស្តីថាផរុស្សវាទ | ន័យនេះពុកឆ្លៀតប្រាប់ឆោមឆាយ។ |
| – ទីបីកុំស្តីពាក្យចាក់ដោត | ញុះញង់នោះសោតនាំខ្វល់ខ្វាយ |
| បង្កជម្លោះប្រទូស្តរាយ | បាលីបកស្រាយបិសុណាវាទ។ |
| – ទីបួនចូរស្ងួនចាំឱ្យច្បាស់ | សំខាន់ខ្លាំងណាស់កុំបីឃ្លាត |
| ហៅថាសម្ផប្បលាវាទ | កូនអើយកុំឃ្លាតឆ្លៀតត្រងត្រាប់។ |
| -នោះគឺមុនស្តីគប្បីគិត | កុំពោលប្រឌិតខុសក្បួនច្បាប់ |
| ពាក្យឥតប្រយោជន៍អាចនាំអាប់ | ពោលមិនចំណាប់អាប់អាត្មា។ |
| – ចូរចាំឱ្យជាក់វគ្គទីបួន | មុនស្តីគួរស្ងួនពិចារណា |
| កុំលលេងសើចខុសមាត្រា | ពាក្យមិនបានការណានឹមនួន។ |
| – កូនអើយកាយកម្មនោះមានបី | រីឯវចីកម្មមានបួន |
| ព្រះធម៌លោកចែងជាច្បាប់ក្បួន | ដើរបីស្តីបួនដូច្នេះឯង ។ |
| – រួមនិងមនោកម្មមានបី | គម្ពីបាលីលោកតាក់តែង |
| អំពើនៃចិត្តពិតជាក់ស្តែង | ចេតនានោះឯងផ្តល់វិបតិ្ត ។ |
| – ទីមួយកុំកួចគន់រំពៃ | ទ្រព្យអ្នកដទៃត្រូវប្រយ័ត្ន |
| កុំប៉ងចង់បានកេងបំបាត់ | លោកអនុម័តហៅអភិជ្ឈា។ |
| – ទីពីរហៅថាព្យាបាទៈ | កុំកាន់ទោសៈចិត្តយ័ក្ខមារ |
| កុំចងគំនុំគុំគួនគ្នា | បន្ទន់ឫកពាជាអ្នកល្អ ។ |
| – ទីបីគឺមិច្ឆាទិដ្ឋិ | នោះជាគតិលោកបន្ត |
| កុំយល់ខុសឆ្គងគន្លងធម៌ | កាន់ចិត្តស្មោះសរកុំបំភ្លៃ ។ |
| – ច្នេះហើយកូនអើយចូរចំណាំ | លោកផ្តាំមនោកម្មមានបី |
| ស្របនិងកាយកម្មក៏មានបី | រួមនិងវចីកម្មមានបួន ។ |
| – នោះពិតប្រសូតិពីកម្មបទ | កំណត់មានដប់គ្រប់ចំនួន |
| គឺកាយវាចាចិត្តណាស្ងួន | ប្រាកដតាមក្បួនលោកសង្ខេប ៕ |

កំណាព្យនិពន្ធដោយៈ លោក សុខ សុធន
វាយអក្សរកុំព្យូទ័រជាថ្មីដោយៈ ភិក្ខុ កិច្ចភិរតោ ឡាយ រិន
វត្តខេមររតនារាម, ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៩


🔸កំណែចុងក្រោយ Last Updated on August 9, 2024 by Johnny ចន្នី





