ក្រកិច្ច ក្រកល

ក្រកិច្ច ក្រកល

បទកាកគតិ

ក្រកិច្ចក្រកល
ក្រដឹងក្រយល់ក្រវៃច្នៃទាស់ទាំងប្រាំនេះសុទ្ធ
តែក្រទាំងអស់ប្រាជ្ញាស្រួចស្រស់ទើបក្រឃ្លាតបាន ។
ខ្វះការអប់រំ
រមែងច្រឡំខ្លះៗពុំខានបើលុះតែខំ
អប់រំឱ្យមានការថ្នឹកទើបបានរួចផុតចាកក្រ ។
កុំយល់ថាងាយ
ទោះការសម្ទាយសុទ្ធតែកម្រលុះតែបានរៀន
បានស្តាប់តៗទើបបានការក្រក្លាយជាងាយខ្លះ ។
ទោះកិច្ចតូចទេ
ខ្វះការរិះរេធ្វើទៅតែងខ្វះទោះធ្វើទៅកើត
ក៏មិនស្អាតជ្រះព្រោះពាក្យថាខ្វះផ្ទុយនឹងគ្រប់គ្រាន់ ។
ចំណែកខាងកល
ឧបាយក្រយល់ក៏ច្រើនតែភ័ន្ត្តជួនកាលគំនិត
វង្វេងវង្វាន់ជួនកាលស្លោស្លន់យល់ខុសទទេ ។
បើប្រើតាមកល
ដែលគិតពុំយល់ខ្វះការរិះរេចេះតែស្មានៗ
បំពានធ្វេសទ្វេឬតាមតែគេនាំខុសជាត្រូវ ។
រីឯការដឹង
បើគ្មានដំណឹងក៏ឥតមានផ្លូវណាប្រាប់ឱ្យដឹង
មិងមាំងស្រខូវការខុសឬត្រូវក៏ឥតបានដឹង ។
ការដឹងក៏ក្រ
បើគ្មានតំណតជាដំណឹងឥតមានគំនិត
ងងឹតសូន្យឈឹងហេតុនោះការដឹងក៏ឈ្មោះថាក្រ ។
ចំណែកខាងយល់
ជាការអំពល់មួយដ៏កម្របើគ្រាន់តែដឹង
ដោយឮតៗប៉ុន្តែខ្លួនសប្រាប់ថាពុំយល់ ។
ដូចគេសួរថា
តើអ្នករាល់គ្នាយល់ឬពុំយល់រឿងដែលខ្លួនដឹង
ដំណឹងសល់វ៉ល់ខ្លួនថាពុំយល់ខ្ញុំគ្រាន់តែដឹង ។
ហេតុនេះការយល់
លុះតែអំពល់គិតពេញទំហឹងបើឥតគំនិត
រិះរេជញ្ជឹងក៏គ្រាន់តែដឹងកម្របានយល់ ។
ឯវៃច្នៃទាស់
ក្រជាងទាំងអស់ព្រោះច្រើនកើលកលនៅគាំងជ្រងោ
ដោយគិតមិនដល់ក៏នៅស្រងល់ដោះស្រាយពុំរួច ។
នៅពេលជំនុំ
ឬគេមកជុំគេតាំងផ្តើមផ្តួចគេសួរបញ្ហា
ណាមួយក្របួចឯងឆ្លើយពុំរួចនៅធ្មឹងតែម្តង ។
នៅពេលជំនុំ
ឬគេមកជុំគេតាំងផ្តើមផ្តួចគេសួរបញ្ហា
ណាមួយក្របួចឯងឆ្លើយពុំរួចនៅធ្មឹងតែម្តង ។
បើមានប្រាជ្ញា
រហ័សក្លៀវក្លាគំនិតហ្មត់ហ្មងឆ្លើយបានភ្លាមភ្លែត
ត្រដែតកន្លងអ្នកសួរឥតសងសួរសបវិញទៀត ។
ហេតន៉ោះបានជា
ចាស់លោកពោលថាការណ៍នេះចង្អៀតកម្រមានអ្នក
ឈ្លាសវៃឆ្លាក់ឆ្លៀតគេសួរថែមទៀតពុំអាចឆ្លើយឆ្លង ។
បើរឿងទោះធំ
អាចនឹងរលំខូចការតែម្តងហេតុនោះបានជា
ព្រឹទ្ធាចារ្យផងអ្នកចេះហ្មត់ហ្មងពោលទុកថាក្រ ។
ក្រវៃច្នៃទាស់
លើសក្រទាំងអស់ហៅពេញជាក្រលុះតែរៀនពិត
ឱ្យបានល្អិតល្អនោះទើបក្តីក្រនេះឃ្លាតចេញឆ្ងាយ ៕


និពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ

ថ្ងៃពុធ ទី២៤ ខែកក្កដា ព.ស.២៥១២ គ.ស.១៩៦៨

🔸Last Updated កំណែចុងក្រោយ on November 10, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace