Linking to other…
អំពីអក្សរ ឬអក្ខរៈ
អក្សរ តាមពាក្យសំស្រ្កឹត មានន័យថា ទន់ភ្លន់ អាចបត់បែនបាន អាចយកទៅច្នៃបាន តាមការផ្សំជាមួយស្រៈ តាមការប្រកបជាមួយនឹងព្យញ្ជនៈមួយទៀត ឬតាមការផ្សំជាមួយជើងអក្សរណាមួយ ។ អក្សរ ឬអក្ខរៈ អាចហៅបានម្យ៉ាងទៀតថា “វណ្ណៈ” មានចែកជាបីក្រុមគឺ ៖
- ព្យញ្ជនៈ មាន ៣៣ តួ ។
- ស្រៈពេញតួ ១២ តួ ។
- ស្រៈនិស្ស័យពីមុនមាន ២១ តែត្រូវបន្ថែម ៧ ទៀតបានទៅជា ២៨ តួ បើគិតទាំងសំឡេង ។ តែបើគិតតែរូបមាន ២៧ តួ ព្រោះស្រៈ (អ) មាននៅគ្រប់ព្យញ្ជនៈទាំងឃោសៈទាំងអឃោសៈ ។
ព្យញ្ជនៈ
ព្យញ្ជនៈទាំង ៣៣ តួ ត្រូវរាប់តាមលំដាប់ពីដើមដល់ចប់៖
កខគឃង ចឆជឈញ ដឋឌឍណ តថទធន បផពភម យរលវ សហឡអ
ជើងព្យញ្ជនៈ
ព្យញ្ជនៈប្រៀបបាននឹងមនុស្សដែរ គឺមានសក់ . ៊ មានតួខ្លួន (ក) មានជើង ្ក ។ រូបនៃជើងព្យញ្ជនៈមានទ្រង់ទ្រាយដូចគ្នានឹងតួអង្គព្យញ្ជនៈដែរ ប៉ុន្តែគ្រាន់តែតូចជាងតួ និងពុំមាន”សក់”ទេ ។ ខាងក្រោមនេះ គឺជើងព្យញ្ជនៈ (Consonant Subscript) ។
្ក ្ខ ្គ ្ឃ ្ង ្ច ្ឆ ្ជ ្ឈ ្ញ
្ដ ្ឋ ្ឌ ្ឍ ្ណ ្ត ្ថ ្ទ ្ធ ្ន
្ប ្ផ ្ព ្ភ ្ម ្យ ្រ ្ល ្វ ្ស
្ហ ្ឡ ្អ
របៀបសរសេរ ជើងព្យញ្ជនៈ ភ្ជាប់ជាមួយតួព្យញ្ជនៈ ដូចខាងក្រោម ៖
ក្ខខ្ខគ្គឃ្ឃង្ង ច្ចឆ្ឆជ្ជឈ្ឈញ្ញ ដ្តឋ្ឋឌ្ឌឍ្ឍណ្ណ ត្តថ្ថទ្ទធ្ធន្ន ប្បផ្ផព្ពភ្ភម្ម យ្យរ្រល្លវ្វ ស្សហ្ហឡ្ឡអ្អ
ស្រៈពេញតួ
អ្នកប្រាជ្ញជំនាន់មុនចែងថា ស្រៈពេញតួមាន ១៥ តួ ដោយរាប់យក អ អា មកបញ្ចូលផង ។ ប៉ុន្តែអ្នកប្រាជ្ញបច្ចុប្បន្នលោកដកយក “អ” និង “អា” នេះចេញពីប្រព័ន្ធស្រៈពេញតួ ព្រោះលោកយល់ថា “អ” គឺជាព្យញ្ជនៈ ដែលត្រូបរាប់បញ្ចូល ទៅក្នុងក្រុមព្យញ្ជនៈ ទាំង៣៣ តួនោះវិញ ។ ឯ “អា” គឺតួព្យញ្ជនៈបំបែក យកតួ “ អ” មកផ្សំជាមួយស្រៈ “ ា ” ដូច្នេះស្រៈពេញតួបច្ចុប្បន្ននេះ មានតែ ១៣តួទេ គឺ ឥ ឦ ឧ ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ។ ចំពោះអស់លោកអ្នកប្រាជ្ញខ្លះទៀតយល់ថា ក្នុងចំណោមស្រៈពេញតួទាំង១៣នេះ ស្រៈ ឩ គេមិនសូវប្រើទេ ដូច្នេះ គួររាប់យកត្រឹមតែ ១២ តួវិញ ព្រោះសព្វថ្ងៃគេប្រើស្រៈពេញតួ ឩ នេះតែពាក្យ “ព្រះឩរូ” មួយម៉ាត់គត់ ដែលមាននៅក្នុងពាក្យ “ រាជស័ព្ទ ” មានន័យថា “ ភ្លៅស្ដេច ” ។
ស្រៈនិស្ស័យ
គឺតួអក្សរ ដែលជាទីពឹងពាក់អាស្រ័យនៃព្យញ្ជនៈ ។ បើសរសេរតែរូបវាដាច់តែឯងនោះ នឹងពុំមានន័យប្រាកដប្រជាថាយ៉ាងណាៗនោះឡើយ ។ ដូចជាស្រៈ ា ស្រៈ ៅ មានតែរូប និងសំឡេងផ្សំ តែពុំមានសារៈអ្វីទេ ។ ស្រៈនិស្ស័យមាន ២១ តួតាមការកំណត់របស់ក្បួនពីមុននោះគឺ៖
្ា ិ ី ឹ ឹ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ។
ប៉ុន្តែអស់លោកអ្នកអក្សរសាស្រ្តក្រោយមកសន្មតថា មានតែ២០តួវិញ ព្រោះថា ស្រៈ(អ) មានតែសំឡេងតែគ្មានរូប មិនគួរនឹងរាប់បញ្ចូលទេ ។ ស្រៈ(អ) នេះមានបង្កប់នៅគ្រប់ព្យញ្ជនៈទាំងអស់ ទោះជាឃោសៈក្តី អឃោសៈក្តី ប៉ុន្តែប្រសិនបើគេយកទៅផ្សំជាមួយនឹងព្យញ្ជនៈសំឡេងឃោសៈ គេអានតាមសំឡេងព្យញ្ជនៈ ឃោសៈ គឺសំឡេង(អ៊) ឧទាហរណ៍ ងា ងិ ងី ញោ ញៅ ទុំ ទាំ ទះ…. ។ បើផ្សំជាមួយនឹងព្យញ្ជនៈអឃោសៈ វាមានសំឡេង (អ) ដូចជា កា កី កោ ចូ ចើ ចេ ចែ ចៃ ចោ… ។ ចំពោះស្រៈ ួ ឿ និង ៀ ទោះគេយកទៅផ្សំនឹងព្យញ្ជនៈ ឃោសៈក្តី អឃោសៈក្តី វានៅតែមានសូរសំឡេង “អួ” (អឿ-អៀ) ដូចគ្នា នេះវាជាករណីលើកលែងសម្រាប់ស្រៈនិស្ស័យរបស់ខ្មែរយើង ។ រីឯស្រៈ៤ទៀតដូចជា ស្រៈុះ ិះ ោះ វិញនោះ កាលពីមុនលោកមិនយកមករាប់បញ្ចូលក្នុងស្រៈនិស្ស័យទេ ។ ប៉ុន្តែនៅពេលក្រោយមក ដោយបានពិនិត្យឃើញថា មានពាក្យជាច្រើន ដែលត្រូវការប្រើស្រៈទាំងនេះ នៅក្នុងពាក្យខ្មែរជាចាំបាច់នោះ ទើបលោកអ្នកប្រាជ្ញជាន់ក្រោយ ក៏បានសម្រេចបញ្ចូលបន្ថែមស្រៈទាំង៤នេះ ហើយស្រៈនិស្ស័យក៏បានកើនដល់ (២១-១)+៤ = ២៤ ហើយបើបន្ថែមស្រៈ ឹះ ,ស្រៈ ើះ, ស្រៈ ែះ ពីលើស្រៈនិស្ស័យដែលធ្លាប់ឃើញមាននៅក្នុងវចនានុក្រមសម្ដេច ជួន ណាត ក្ដី ក្នុងអត្ថបទនានាក្ដីទៀតនោះ ស្រៈនិស្ស័យអាចកើនឡើងដល់ ២៦ ឬ ២៧ ។
ការប្រើប្រាស់ជើងអក្សរ
ដោយហេតុថា មានករណីដោយឡែកខ្លះ ដែលពាក់ព័ន្ធទៅនឹងជើងអក្សរព្យញ្ជនៈខ្មែរយើងនោះ ខ្ញុំសូមអនុញ្ញាតជម្រាបថា ៖
ក/ ជើង “ត្ត” និងជើង “ដ្ដ” មានរូបរាងដូចគ្នាអាចច្រឡំ ព្រោះការប្រើប្រាស់កន្លងមក ហាក់ដូចជាច្របូកច្របល់បន្តិច ដូចជាពាក្យ ស្ដូកស្ដឹង, ផ្តិល(ទឹក), ផ្ដាច់ផ្តិល ។ ប៉ុន្តែអ្នកប្រាជ្ញបានកំណត់ប្រើជើង(ត្ត) នៅផ្ញើពីក្រោមអក្សរ (ន) វាមានសំឡេងជាជើង(ត្ត)ទាំងអស់ដូចជា ប៉ុន្តែ, កន្តែរ៉ែ, កន្តាំង, អន្តរាយ, បន្តិចបន្តួច ។ល។ លើកលែងតែពាក្យ ៥ ម៉ាត់ចេញ ដែលជើង (្ត) យកទៅផ្ញើនឹង (ន) ទៅជាមានសំឡេង“ដ”នោះគឺ សន្តោស, សន្តាន, ចិន្តា, អន្តរធាន, វេស្សន្ដរ ។ ប៉ុន្តែបើជើង (្ត) នៅផ្ញើនៅពីក្រោមតួព្យញ្ជនៈ (ណ) វិញនោះ វាមានសំឡេងជា “ដ” វិញ ដូចជា សណ្តែក, សណ្ដាន់, កណ្ដៀវ, កណ្ដុរ, កណ្ដាល, អណ្តូង, អណ្តើក ។ល។
ខ/ ចំពោះជើង “ញ” បើកាលណាត្រូវយកជើង (ញ) ទៅផ្ញើនឹងព្យញ្ជនៈ (ញ) នោះ អក្សរ(ញ)ខាងលើត្រូវកំបុតជើង (ខ្នែង ្ញ) ។ រីឯជើង(ញ)ដែលយកទៅផ្ញើនឹងតួ (ញ) នោះ មានសិទ្ធិអាចរក្សាជើង ( ខ្នែង ញ្ញ) នេះបាន ។ ឧទាហរណ៍ បញ្ញើក្អែក, បញ្ញត្តិ, អនុញ្ញាត, កញ្ញា, សញ្ញា ។
គ/ ជើង ឡ មិនដែលប្រើទេ
ឃ/ ជើង (្ព) និងជើង (្វ) អាចប្រើចូលគ្នាបាន ដោយយកជើង (្វ) ទៅផ្ញើពីក្រោមព្យញ្ជនៈ (ព) ដូចជា និញ្វន ។
សូមគូសបញ្ជាក់ថា
បុព្វបុរសយើងផ្លាស់ប្តូរ (ពៈ) ជា (វៈ) គឺប្រើជាមួយគ្នាជំនួសគ្នាបាន ប៉ុន្តែគេមិនអាចយកជើង (ព) ទៅផ្ញើនឹងតួ (វ) ឡើយ ។
អំពីវគ្គ
១-វគ្គ (ក) កខគឃង
២-វគ្គ (ច) ចឆជឈញ
៣-វគ្គ (ដ) ដឋឌឍណ
៤-វគ្គ (ត) តថទធន
៥-វគ្គ (ប) បផពភម
ឯតួអក្សរទាំង៨តួដែលសល់ពីវគ្គទាំង៥ខាងដើមនោះ លោកហៅថា សេសវគ្គ បានដល់ ៖ យ រ ល វ ស ហ ឡ អ ។
សំឡេងព្យញ្ជនៈ
ព្យញ្ជនៈ ៣៣ តួនេះ ចែកចេញសំឡេងជាពីរប្រភេទគឺ អឃោសៈ បានដល់ព្យញ្ជនៈដែលមានសំឡេងតូចស្រួយ មិនលាន់ឮគឹកកង មានដូចជា កខ ចឆ ដឋណ តថ បផ សហឡអ (១៥ តួ ) ។ ឃោសៈ ៖ ពួកព្យញ្ជនៈដែលមានសំឡេងធំគ្រលរ គឹកកង ដូចជា គឃង ជឈញ ឌឍ ទធន ពភម យរលវ (១៨ តួ)។ ព្យញ្ជនៈសំឡេងឃោសៈ ប្រទាញស្រៈនិស្ស័យ ឲ្យឮសូរគ្រលរគឹកកងដូចវាដែរ ។
ព្យញ្ជនៈប្តូរសំឡេង
ដើម្បីមានពាក្យប្រើប្រាស់គ្រប់គ្រាន់ ទៅតាមពាក្យទាំងប៉ុន្មានក្នុងភាសាខ្មែរយើង បុព្វបុរសយើងបានកែច្នៃ បំប្លែងសំឡេងព្យញ្ជនៈខ្លះៗពីឃោសៈទៅជាសំឡេងអឃោសៈ ដោយយកសញ្ញាមូសិកទន្ត (៉) មកដាក់សម្លាប់ពីលើ ,ឧ. ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉ (៧ តួ) ។ រីឯសញ្ញាត្រីសព្ទ (៊) នេះ លោកយកទៅដាក់ពីលើព្យញ្ជនៈអឃោសៈមួយចំនួនបំប្លែងសំឡេង ឲ្យទៅជាឃោសៈវិញ ដូចជា ៖ ប៊, ស៊, ហ៊, អ៊, ( ៤ តួ ) ។
កំណត់សម្គាល់
អក្សរដែលដាក់សញ្ញាត្រីសព្ទ (៊) ហើយបើកាលណាមកជួបប្រទះនឹងស្រៈ
ិ ី ឹ ឺ ើ
នោះគេផ្លាស់ត្រីស័ព្ទចេញហើយដាក់ (ុ) ជំនួសវិញចៀសវាងការទើសទែងដូចជាពាក្យ ស៊ី ហ៊ឺហា ។ ឯពាក្យសម្លាប់ដោយធ្មេញកណ្ដុរ (៉) ក៏យក (ុ) មកជំនួសមូសិកទន្តដែរ ដូចពាក្យ ប៉ិន ប៉ិច ។
ករណីពិសេស ក្នុងការសរសេរពាក្យ “ ប៊ិច ” ឈ្មោះ “ ប៊ិម ” គេមិនអាចអនុវត្តក្បួនខាងដើមនោះបានឡើយ ព្រោះបើយកស្រៈ “ ុ ” មកប្រើតាមក្បួនខាងលើ វាអាចច្រឡំនឹងពាក្យ “ ប៉ិច ” (ប៉ិចពន្លក) ឬទឹក “ ប៉ិម ” ហៀបនិងហូរចូលទូក ។
ព្យញ្ជនៈផ្ញើជើង
ផ្ញើជើង គឺជាវិធីយកជើងព្យញ្ជនៈមួយ ទៅផ្សំជាមួយនឹងព្យញ្ជនៈមួយទៀត ដើម្បីបង្កើតបានជាសំឡេងផ្សំពីរបញ្ចូលគ្នា ឲ្យលាន់ឮក្នុងព្យាង្គតែមួយ ។ នៅក្នុងភាសាខ្មែរយើង សម្បូរពាក្យដែលផ្សំសំឡេងពីររួមបញ្ចូលមកតែមួយព្យាង្គ សម្រាប់អាននិយាយចេញមកភ្ជាប់គ្នាដូចជាសំឡេងភ្លោះ ។
ឧទាហរណ៍
ក+្ប = ក្ប មានក្នុងពាក្យ “ ក្បាល ”
ខ+្ស = ខ្ស មានក្នុងពាក្យ “ ខ្សត់ ”
● របៀបយកជើងទៅផ្ញើ (ផ្សំ) ជាមួយព្យញ្ជនៈ “គោល” គឺព្យញ្ជនៈមានឋានៈជាម្ចាស់មានរបៀបប្លែកគ្នា ៖
ក-យកជើងផ្សំដាក់ពីក្រោមតួព្យញ្ជនៈគោល ៖ ខ្លី, ឆ្មា ។
ខ-យកជើងផ្សំដាក់ពីឆ្វេងតួព្យញ្ជនៈ ៖ ស្រែ ។
គ-យកជើងផ្សំដាក់ពីក្រោមនិងខាងស្តាំ ៖ សង្ឃ, អភិវឌ្ឍ, សប្បាយ, រក្សា ។
ព្យញ្ជនៈបន្ថែម
ដើម្បីអាចសម្របតម្រូវជាមួយសំណូរម្យ៉ាងតាមបែបសូរសៀងជាភាសាបរទេស ដែលយើងតែងតែខ្ចីយកមកប្រើខ្លះៗ មានភាសាបារាំង អង់គ្លេស…. គេយកតួព្យញ្ជនៈមកផ្សំជាមួយជើងព្យញ្ជនៈ ដូចជាពាក្យ guitare= ហ្គីតារ, frein ហ្រ្វាំង, café =កាហ្វេ, George Cœdès= ហ្ស៊ក សេដែស ។ល។
សិថិល និង ធនិត
ក/ សិថិល គឺព្យញ្ជនៈដែលមានសំឡេងស្រាលប្រមូលផ្តុំចេញសំឡេងដាច់តែមួយ ពុំមានខ្យល់ផ្សំពីព្យញ្ជនៈណាផ្សេង ៖ ក គ ច ជ ដ ឌ ត ទ ប ព ។
ខ/ ធនិត រាល់ព្យញ្ជនៈដែលមានគួបផ្សំដោយសំឡេង “ ហ ” មានដូចជា ខ< ក+ហ; ឆ< ច+ហ; ឋ< ដ+ហ; ថ< ត+ហ; ផ< ប+ហ; ឃ < គ+ហ; ឈ < ជ+ហ៊ ; ឍ < ឌ+ហ៊; ធ < ទ+ហ៊; ភ < ព+ហ៊ ។
ព្យញ្ជនៈគូ
នៅក្នុងតួព្យញ្ជនៈទាំង ៣៣ តួ ក្នុងវគ្គនីមួយៗ តែងតែមានព្យញ្ជនៈជាគូនឹងគ្នា ដែលមួយមានសំឡេង អឃោសៈ ហើយមួយទៀតមានសំឡេងឃោសៈ គឺ ៖
ក/ ផ្នែកអឃោសៈ ៖ ក គូនឹង ខ; ច គូនឹង ឆ; ដ គូនឹង ឋ; ត គូនឹង ថ ។
ខ/ ផ្នែកឃោសៈ ៖ គ គូនឹង ឃ; ជ គូនឹង ឈ; ទ គូនឹង ធ; ព គូនិង ភ ។
ចំពោះព្យញ្ជនៈសេសគូ នៅចុងវគ្គទាំង ៥ មាន ង, ញ, ណ, ន, ម និងព្យញ្ជនៈសេសវគ្គទាំង៨តួ មាន ៖ យ រ ល វ ស ហ ឡ អ នោះពុំមានគូទេ ។
កំណត់សម្គាល់ពីព្យញ្ជនៈឡាតាំង ដែលត្រូវនឹងព្យញ្ជនៈខ្មែរ
ការសរសេរជាភាសាខ្មែរនូវសូរបរទេសមួយចំនួនដែល យើងតែងប្រទះតាមរយៈពាក្យកម្ចីនិងត្រូវបានអនុម័តកាលពីថ្ងៃពុធ ទី ២៨ ខែ ឧសភា ឆ្នាំ ២០០៨គណៈកម្មាធិការជាតិភាសាខ្មែរ(គ.ជ.ភ.ខ.)៖
- [g] ដែលយើងត្រូវប្រើកន្សោមព្យញ្ជនៈ [ហ្គ/ហ្ក]
- [f] ដែលយើងត្រូវប្រើកន្សោមព្យញ្ជនៈ [ហ្វ]
- [ʒ] ដែលយើងត្រូវប្រើកន្សោមព្យញ្ជនៈ [ហ្ស]
- [∫] ដែលយើងត្រូវប្រើកន្សោមព្យញ្ជនៈ [ស្ហ]
- [s] / [z] ដែលយើងត្រូវប្រើព្យញ្ជនៈ [ស]
វណ្ណយុត្តិ (Signe Diacritique)
វណ្ណយុត្តិ គឺជាសញ្ញាទាំងឡាយដែលបង្កើតឡើង ដើម្បីកែប្រែ ផ្តួលសំឡេងព្យញ្ជនៈ ឬពាក្យពេចន៍ខ្លះ ឲ្យសមស្របទៅតាមតម្រូវការប្រើប្រាស់ ក្នុងភាសារបស់យើង ។ មិនតែប៉ុណ្ណោះ សញ្ញាទាំងនេះ ក៏អាចជួយបំប្លែងសំឡេងនៃពាក្យខ្លះ ដែលមានប្រភពមកពីភាសាបាលី ឬសំស្ក្រឹតផងដែរ ។
វណ្ណយុត្តិទាំងឡាយចែកចេញជាពីរពួកគឺ ៖
ក/ វណ្ណយុត្តិដែលបន្ថែមលើព្យញ្ជនៈ ដើម្បីលម្អៀងស័ព្ទឲ្យខ្លីឲ្យមានសូរផ្សេង ឲ្យប្លែកពីសំឡេងដើម (Signes diacritiques) ។
ខ/ វណ្ណយុត្តិ ដែលប្រើជាមួយនឹងពាក្យ ក្នុងឃ្លាប្រកប ដើម្បីកាត់ឃ្លាជាប្រយោគជាសង្កាត់ ដើម្បីសម្គាល់ន័យសេចក្តីផ្សេងៗ ។ វណ្ណយុត្តិពួកនេះហៅថា “ ខណ្ឌសញ្ញា ”( Signe de ponctuation ) ។
មូសិកទន្ត ឬធ្មេញកណ្ដុរ- ៉
ជាសញ្ញាប្រើសម្រាប់សម្លាប់, បំបែរសំឡេងព្យញ្ជនៈ ៧ តួ ដែលមានសំឡេងឃោសៈ ឲ្យទៅជាអឃោសៈ គឺ ង, ញ, ប, ម, យ, រ, វ, ឲ្យទៅជាសំឡេងអឃោសៈវិញ ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉, ។ ប្លែកតែតួ “ ប ” មួយ ដែលមានសំឡេងអឃោសៈស្រាប់ ប៉ុន្តែគ្រាន់តែលម្អៀងសូរពី ប ទៅ ប៉ ប៉ុណ្ណោះ ។ អក្សរប្តូរសំឡេងទាំងនេះ ត្រូវបានប្រើក្នុងពាក្យ ង៉ក់ង, ញ៉ែងញ៉ង, ប៉ប៉ាច់ប៉ប៉ោច, ម៉ែឪ, យ៉ាប់យ៉ឺន, រឿងរ៉ាវ, វ៉ូងវ៉ាង ។
● ចំណាំ ៖ កាលណាពាក្យទាំងនេះទៅប្រទះនឹងស្រៈ ិ ី ឹ ឺ ើ ឧទាហរណ៍ ៖ ផ្ទះប៉ិត យាប់យ៉ឺន, ល្បែងចាប៉ឹក… ។ គេត្រូវយកសញ្ញា (ុ) មកជំនួសធ្មេញកណ្ដុរ ដែលដាក់ពីលើ ដើម្បីកុំឲ្យវណ្ណយុត្តិនេះ ទើសទែងគ្នាជាមួយស្រៈខាងលើ ។
ត្រីស័ព្ទ- ៊
ជាសញ្ញាសម្រាប់ដាក់លើព្យញ្ជនៈ ៤ តួ ជាអឃោសៈ ប, ស, ហ, អ, ឲ្យទៅជាឃោសៈវិញ ៖ ប៊, ស៊, ហ៊, អ៊, ។ ព្យញ្ជនៈប្តូរសំឡេងទាំងនេះ ត្រូវបានយកទៅប្រើក្នុងពាក្យ សាប៊ូ, សម្លស៊ុប, ហ៊ាន, ទ្រអ៊ូ… ។ កាលណាសញ្ញាត្រីស័ព្ទនេះជួបប្រទះនឹងស្រៈ ិ ី ឹ ឺ ើ ក៏ត្រូវប្រែប្រួលរូបមកជា (ុ) ដូចករណីខាងលើដែរ ឧទាហរណ៍ ស៊ីបាយ, លេងហ៊ី… លើកលែងតែពាក្យ ប៊ិក, អ៊ីចុះ អ៊ីចឹង… ។
រស្សសញ្ញា ឬបន្តក់- ់
សម្រាប់ប្រើដាក់ថែមលើតួប្រកបនៃពាក្យ ដែលកើតឡើងពីស្រៈ “ អ ” និងស្រៈ “ អា ” ហើយកាត់ស័ព្ទវែងឲ្យទៅជាខ្លី ដែលត្រូវអានលឿនរហ័ស។ ឧទាហរណ៍ ៖ កាត = ស័ព្ទវែង, កាត់ = ស័ព្ទខ្លី, ចប = ស័ព្ទវែង, ចប់ = ស័ព្ទខ្លី ។
● កំណត់សម្គាល់
ក/ ចំពោះតួព្យញ្ជនៈប្រកបនឹងអក្សរ “ ម ” ត្រង់សំឡេងប្រកបលំដាប់ទី២នោះ មិនបាច់ប្រើសញ្ញា “រស្សៈ” ឬបន្តក់ទេ ឧទាហរណ៍ ៖ ចាម់ ។ ក្នុងករណីនេះ គេប្រើនិគ្គហិត( ៓) ឬស្រៈ “ ាំ” “ ចាំ ” ជំនួសវិញ ។
ខ/ រីឯតួព្យញ្ជនៈប្រកបនឹងអក្សរ “ យ ” ត្រង់សំឡេងប្រកបលំដាប់ទី២នោះ ក៏មិនបាច់ប្រើ “ រស្សសញ្ញា ” ឬបន្តក់ដែរ, ដូចជាពាក្យ “ ចាយ់ ” ក្នុងករណីនេះគេយកស្រៈ “ ៃ ” មកជំនួសវិញ ព្រោះមានសំឡេងដូចគ្នា ។
គ/ ចំពោះពាក្យទាំងឡាយណា ដែលក្លាយមកពីភាសាបាលីឬសំស្រ្កឹត មិនត្រូវប្រើសញ្ញា (់) នេះឡើយ ដូចជាពាក្យ បទ, សព, ភព, កុសល, ផល កិច្ចកល ធនធាន រសជាតិ លាមក … ពាក្យទាំងនេះមានសំឡេងខ្លីស្រេចហើយ តាមទម្លាប់អានបែបបាលីនិងសំស្រ្កឹត ។
សំយោគសញ្ញា- ័
ក/ គេប្រើវណ្ណយុត្តិនេះសម្រាប់លម្អៀងស័ព្ទរបស់ពាក្យក្លាយមកពីភាសាបាលី ឬសំស្រ្កឹត ដូចជា ៖ ភយ > ភ័យ, ជយ > ជ័យ, នយ > ន័យ, អាស្រយ > អាស្រ័យ, អាលយ > អាល័យ ។
ខ/ សញ្ញានេះក៏ប្រើលើពាក្យខ្មែរខ្លះ ដែលមានសំឡេងស្ទើរស្រៈ “ អ ” និង ស្រៈ “ អា ” ដើម្បីឲ្យមានសូរសំឡេងមួយត្រូវចំនឹងសំឡេងពិតនៃពាក្យនោះ គឺ ញ័រ, ជ័រ, ទំព័រ… ។
គ/ សម្រាប់ប្រើសម្រួលសំឡេងក្លាយពីពាក្យបរទេសខ្លះៗ ដូចជា ដុកទ័រ, ប៉ាស្ទ័រ, អាំងហ្សេនីញ័រ, កុំព្យូទ័រ, ត្រាក់ទ័រ ។
របាទ- ៌
វណ្ណយុត្តិនេះ ជាតំណាងអក្សរ “ រ ” ដែលគេកាត់យកក្បាលខាងលើរបស់វា មករក្សាទុកធ្វើជាសញ្ញារបាទ (៌)។ គេប្រើវណ្ណយុត្តិនេះ សម្រាប់ដាក់លើពាក្យដែលក្លាយមកពីភាសាសំស្រ្កឹត ដើម្បីសម្រួលសំឡេងអានតាមបែបសំឡេងខ្មែរ ។ គេកត់សម្គាល់ថា ពាក្យបាលីណា ដែលសរសេរតម្រួតនោះ កាលណាយើងសរសេរជាពាក្យសំស្រ្កឹតក្លាយខ្មែរ គេត្រូវដាក់ (៌) របាទនេះជំនួសវិញ ។
អស្តា- ៏
វណ្ណយុត្តិនេះ គឺមានទ្រង់ទាយជាលេខ ៨ ប៉ុន្តែបង្រួញឲ្យតូច ដើម្បីងាយយកមកដាក់លើព្យញ្ជនៈ “ ក ” និង “ ដ ” ដែលជានិបាតស័ព្ទ ។ ឧទាហរណ៍ ៖ ខ្ញុំក៏ទៅ, អ្នកក៏ទៅ, ទោះបីយ៉ាងណាក៏ដោយ …។ ក្រៅពីនេះគេប្រើលេខអស្តា សម្រាប់ដាក់លើពាក្យឧទានស័ព្ទខ្លះ ជាពាក្យភ្ញាក់ ស្ងើច រំភើប… ឱហ្ន៏ នុ៎ះហ្ន៏ ។
ទណ្ឌឃាត ឬបដិសេធ (៍)
វណ្ណយុត្តិនេះ មានរូបសណ្ឋានដូចសក់លេខ “ ៩ ” ។ គេប្រើទណ្ឌឃាត ដើម្បីដាក់លើអក្សរព្យញ្ជនៈណា ដែលគេមិនអាន ប៉ុន្តែគេត្រូវតែរក្សាទុកព្យញ្ជនៈនោះជាចាំបាច់ ក្នុងន័យរក្សាអក្ខរាវិរុទ្ធរបស់ពាក្យ និងជាគ្រឿងសម្គាល់ជាតិស័ព្ទរបស់ពាក្យ ។ ឧទាហរណ៍ ៖ ទូរទស្សន៍, ប្រយោជន៍, គមនាគមន៍, ព្រឹត្តិការណ៍, ពាក្យពេចន៍, វេយ្យាករណ៍, ត្រ័យរតន៍ ។ គេច្រើនប្រើទណ្ឌឃាតលើពាក្យក្លាយពីបាលីនិងសំស្រ្កឹត ។ សញ្ញានេះ ក៏យកមកប្រើចំពោះពាក្យខ្ចីពីបរទេសខ្លះ សម្រាប់រក្សាលំនាំអក្ខរាវិរុទ្ធដើមរបស់ពាក្យទាំងនោះ ដូចជា ស៊ីម៉ងត៍, អេដស៍, អាល់ប៊ែរត៍…។
វិសជ៌នី (ះ) ឬរះមុខ
គេប្រើសញ្ញានេះ សម្រាប់ប្រកបជំនួសខ្យល់ “ ហ ” ជាពាក្យកាត់កំបុតខ្លី ហើយអានដោយបើកចំហមាត់ដូចជា តិះ, រិះ, ចុះ, ចង្កើះ (ចង្កឹះ) ឈ្មោះ, ទះ, ដោះដូរ, លោតផ្លោះ ។ល។ វាមានសូរសំឡេងស្រដៀងនឹងពាក្យដែលប្រកបនឹងព្យញ្ជនៈ “ ស ” ដែរ ។
យុគលពិន្ទុ(ៈ) ឬហៅថា “ ចុចពីរ ” ក៏បាន
គេប្រើវណ្ណយុត្តិនេះសម្រាប់ ៖ ដាក់នៅចុងពាក្យមានកំណើតពីបាលី ឬសំស្រ្កឹត ដែលមានសូរ “ អាក់ ” ឬ “ អ៊ាក់ ” ដូចជា លោភៈ, មោហៈ, ទោសៈ…
● ចំណាំ ៖ បើពាក្យទាំងនេះនៅខាងដើមគេ ដូចជា ពលកម្ម, វណ្ណកម្ម សច្ចភាព, ខេមរភាសា នោះគេមិនចាំបាច់ដាក់យុគលពិន្ទុទេ ព្រោះពាក្យទាំងនេះជាសមាសនាម ។
● លើកលែងតែពាក្យ ៖ គណៈ ដែលទោះបីវានៅដើមគេ ឬកណ្តាលគេក្តី ក៏ត្រូវតែប្រើយុគលពិន្ទុជាដរាប ឧទាហរណ៍ គណៈប្រតិភូ, គណៈកម្មការ, គណៈសង្ឃ, គណៈរដ្ឋមន្រ្តី, គណៈប្រធានរដ្ឋ… ព្រោះថាក្នុងពាក្យទាំងនេះ “គណៈ” មិនចូលក្នុងសមាសនាមតាមក្បួនខ្នាតវេយ្យាករណ៍បាលី ។
● លើកលែងតែពាក្យ ៖ គណបក្ស, គណនា, គណនេយ្យ… ដែលគេមិនត្រូវប្រើយុគលពិន្ទុទេ ។
● រីឯពាក្យ ៖ កាលៈទេសៈ គេត្រូវប្រើយុគលពិន្ទុកទាំងពីរម៉ាត់តែម្តង ។ ក៏ប៉ុន្តែ បើគេសរសេរពាក្យនេះ “ បញ្រ្ចាស ” មកវិញ “ ទេសកាល ” នោះ គេមិនត្រូវប្រើយុគលពិន្ទុឡើយ ។
● ក្នុងសម័យនេះ គេយកយុគលពិន្ទុមក ប្រើក្លាយក្នុងឃ្លាប្រយោគខ្លះដែរ សម្រាប់រាប់រាយឈ្មោះអ្វីៗ ដូចពាក្យថា ទង់ជាតិបារាំងមាន ៣ ពណ៌គឺ ៖ ស, ខៀវ, ក្រហម ។ ប៉ុន្តែជាទូទៅ អ្នកនិពន្ធទាំងឡាយតែងតែប្រើ “ទ្វិពិន្ទុលេខ” ក្នុងករណីរៀបរាប់, ឧទ្ទេស បង្ហាញ… ព្រោះការប្រើសញ្ញាខណ្ឌបែបនេះត្រឹមត្រូវ និងសមហេតុសមផលជាង ។ យើងនឹងបានឃើញព្រមទាំងអធិប្បាយពន្យល់ អំពីខណ្ឌសញ្ញានេះនៅទំព័រខាងមុខ ។
រជ្ជុសញ្ញា ឬសហសញ្ញា (-) “Trait d’union”
ជាសញ្ញាបន្ទាត់ផ្ដេកខ្លីសម្រាប់ប្រើប្រាស់បានច្រើនយ៉ាងនៅក្នុងការសរសេរអត្ថបទ ឬតែងនិពន្ធជាដើម ។
ក/សម្រាប់បំបែកព្យាង្គនៃពាក្យមួយ កុំឲ្យអានច្រឡំជាប្រកប នាំឲ្យខុសពាក្យដូចជា ទូក-ង, កុក-ស, សម្បុរ-ស,ខ្សែ-ក…។
ខ/សម្រាប់តភ្ជាប់ពាក្យមួយ ដែលសរសេរមិនទាន់ចប់នៅចុងទំព័រ ហើយត្រូវត្រឡប់មកសរសេរនៅដើមបន្ទាត់វិញ ។
គ/ សម្រាប់ភ្ជាប់ពាក្យមួយដែលដាច់គ្នា ដើម្បីតម្រូវចាប់ចុងចួនក្នុងកំណាព្យ ។
ឃ/ សម្រាប់បញ្ជាក់អំពីការផ្លាស់ប្តូរឃ្លាសន្ទនានៃតួពីរ ឬច្រើននាក់ ។
ង/ សម្រាប់សម្គាល់នូវការរៀបរាប់ ជាលំដាប់លំដោយ អំពីគំនិត ឬចំណុចប្លែកៗ ។
កាកបាទ ឬជើងក្អែក (+)
គឺជាបន្ទាត់ខ្លីពីរ មួយផ្តេកមួយទៀតបញ្ឈរ គូសកាត់ខ្វែងគ្នាចំពាក់កណ្តាល ។ គេប្រើវណ្ណយុត្តិនេះ សម្រាប់ដាក់លើពាក្យឧទានស័ព្ទខ្លីៗមួយចំនួន ដែលមានសូរសៀងបង្អូស ឬត្អូញថ្ងូរ ដូចជាពាក្យ ចា៎ះ ! បា៎ទ ! ណា៎ ! ហ្ន៎, នុ៎ះ, ណ៎ះ, អូ៎, អ្ហា៎… ។ ខាងផ្នែកនព្វន្ត គេប្រើសញ្ញាជើងក្អែកជាសញ្ញាបូក, ឧទាហរណ៍ ៖ ១៥+៣៨ ។
លេខទោ (ៗ)
សញ្ញានេះគេប្រើសម្រាប់
ក/- ផ្ទួនពាក្យដែលតម្រូវឲ្យថា ឬអានពីរដង,
ខ/- សម្រាប់បញ្ជាក់អំពីចំនួនច្រើន ឬ ពហុវចនៈ ។
- ចំណាំ ៖ មិនមែនកំណត់ថា គ្រប់តែពាក្យដែលត្រូវថាឬអានពីរដងនោះ ត្រូវតែដាក់លេខទោទាំងអស់នោះ ទេ ។ ពាក្យបាលីខ្លះដែលយកមកប្រើក្នុងភាសាខ្មែរ ដូចជា នានា ធម្មសង្វេគ គេត្រូវសរសេរពាក្យ “នានា” នេះត្រួតគ្នាពីរដង ដោយគោរពទៅតាមវិធានបាលី ។ ដូចជាពាក្យថា ឯហិមម…? ។ បើប្រើជាមួយគុណនាម និយាយអំពីពណ៌នោះ ពាក្យស្ទួនដោយប្រើលេខទោ ចង់បញ្ជាក់អំពីប្រភេទពណ៌ ដោយឡែកៗរបស់វត្ថុ ។
ចំពោះពាក្យខ្មែរខ្លះ ដែលមានសំឡេងដដែលៗពីរដងដូចជាបបរ កករ ត្រូវតែសរសេរពីរដងជាន់គ្នាដូច្នេះជាដរាប ។ ហាមដាច់ខាត មិនឲ្យសរសេរ បរៗ, ករៗ, បែបនេះឡើយ ។
- លេខទោប្រើក្នុងករណីបញ្ជាក់ និងប្រៀបធៀប ។
- លេខទោប្រើជាមួយពាក្យមួយព្យាង្គ ។
- លេខទោប្រើជាមួយពាក្យពីរម៉ាត់ ។
- លេខទោប្រើជំនួសពាក្យបីម៉ាត់ឬច្រើនព្យាង្គ ។
ចំណាំ ៖ លេខទោមិនអាចប្រើផ្ទួនបាននៅខាងចុងពាក្យពិពណ៌នា អំពីរូបរាងមនុសឬសត្វ ដូចជា កូនគោនេះធាត់ទ្រលុកលុក មុខឡើងកំប្លង់ប្លង់ដូចវង់ចន្រ្ទា ។ ស្គមកំព្រឹងព្រឹង ។ - មិនត្រូវប្រើលេខទោនេះក្នុងករណីប្រើពាក្យដដែលច្រើនដង
ខណ្ឌសញ្ញា (Signes de ponctuation)
ខណ្ឌសញ្ញា គឺជាសញ្ញាមានរូបភាពប្លែកៗ សម្រាប់ប្រើក្នុងការសរសេរអត្ថបទផ្សេងៗ ដើម្បីសម្គាល់លក្ខណៈ ទម្រង់បែបបទ ដែលជាលំនាំឲ្យងាយយល់ ឲ្យអានបានត្រឹមត្រូវ ។
ក្បៀស ( , ) ឬកណ្ដកសញ្ញា (La virgule)
សញ្ញានេះ ប្រើសម្រាប់ញែកពាក្យក្នុងប្រយោគឲ្យដាច់ពីគ្នា ទោះពាក្យរៀបរាប់នោះ ជានាមក្តី ជាគុណនាមក្តី ជាកិរិយាស័ព្ទក្តី ។ គួរកត់សម្គាល់ថា ការប្រើក្បៀសក្នុងការសរសេររបស់ខ្មែរយើង ក៏ប្រហាក់ប្រហែលនឹងការប្រើក្បៀសរបស់លោកខាងលិចដែរ ។
ក/ ការប្រើក្បៀសក្នុងការពិពណ៌នា រៀបរាប់ជំពូកនាម
ខ/ ការពិពណ៌នារៀបរាប់អសាធារណនាម
គ/ ការពិពណ៌នារៀបរាប់គុណនាម
ឃ/ ការពិពណ៌នារៀបរាប់កិរិយាស័ព្ទ
● កំណត់សម្គាល់ នៅក្នុងឃ្លាប្រយោគបរទេសដូចជា ភាសាបារាំង អង់គ្លេស អេស្ប៉ាញ៉ុលជាដើមនោះ ប្រយោគល្បះណាដែលខ្មែរយើងត្រូវប្រើដកឃ្លា គេប្រើក្បៀសទាំងអស់ ។ នេះអាចជាទម្លាប់ភាសាគេ ឬក៏ធ្វើទៅតាមការតម្រូវចាំបាច់ នៃក្បួនវេយ្យាករណ៍ របស់គេ ។
អត្ថបទខ្មែរយើងពីបុរាណ ដែលចារនៅលើក្រាំងក្ដី សាស្ត្រាស្លឹករឹតក្ដី នៅក្នុងឃ្លាប្រយោគទាំងអស់នោះ ពុំដែលមានប្រើក្បៀសទាល់តែសោះ ។ យើងកត់សម្គាល់ឃើញថា ចាប់តាំងពីប្រទេសយើង ឋិតក្រោមរបបអាណានិគមបារាំងមក ប្រហែលដោយសារបានទទួលឥទ្ធិពល ពីរបៀបរបបសរសេរបែបបារាំង យើងក៏ចាប់ផ្ដើមប្រើក្បៀសជារៀងរហូតមក ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី យើងសង្កេតឃើញមានទំនោរពីរគឺ ៖
ក/-ប្រភេទជនដែលបានរៀនសូត្រចេះដឹងជ្រៅជ្រះភាសាបារាំង ច្រើនសរសេរប្រើក្បៀស ។
ខ/-ប្រភេទជនដែលចេះតែភាសាខ្មែរ ក៏ទទួលយកទម្លាប់មត៌កពីបុព្វបុរសជាន់ដើម ហើយសរសេរឥតប្រើក្បៀសទេ ។
និយាយរួមមក ការប្រើដកឃ្លា ជំនួសក្បៀស ឬប្រើដកឃ្លាផង និងប្រើក្បៀសផង គឺមិនមានអ្វីប្លែកគ្នាខ្លាំងពេកនោះទេ ។ ប៉ុន្តែការប្រើក្បៀស វាមានចរិតច្បាស់លាស់ប្រាកដប្រជាជាង ។
ទ្វិពិន្ទុលេខ ឬ ចំណុចពីរគូស (៖)
សញ្ញាដែលមានគំនូសផ្តេកនៅខណ្ឌចន្លោះសូន្យពីរ លើមួយក្រោមមួយនេះ គេប្រើសម្រាប់ ៖
ក/ ដាក់នៅចុងបញ្ចប់នៃប្រយោគ ក្នុងន័យកត់ត្រាសម្តីរបស់បុគ្គលណាមួយ ដែលគេស្រង់យកមកដាក់ក្នុងសញ្ញាអញ្ញប្រកាស(“ ”) គេកត់សម្គាល់ឃើញថា សញ្ញាបែបនេះ ច្រើនតែប្រើក្នុងទម្រង់រចនាបថប្រយោគពណ៌នាក្នុងរឿងព្រេង, រឿងនិទាន, ការនិយាយប្រាប់គ្នាពីហេតុការណ៍អតីតកាល ។ល។
ខ⁄ សម្រាប់ដាក់នៅចុងប្រយោគណា ដែលត្រូវបន្តទៅដល់ការរៀបរាប់ ដោយចាត់ជាពួក, ជាផ្នែក ។
សម្គាល់ ៖ មិនត្រូវច្រឡំយុគលពិន្ទុ (ៈ) ជាមួយនិងទ្វិពិន្ទុលេខ (៖) ទេ ។ យុគលពិន្ទុ គ្រាន់តែចុចចំណុចពីរលើក្រោមប៉ុណ្ណោះ, រីឯទ្វិពិន្ទុលេខ គឺមានសូន្យលើ ( ° ) សូនក្រោម (°) ហើយមានរជ្ជុសញ្ញាខណ្ឌចំកណ្តាល គឺយ៉ាងនេះ (៖) ។ សព្វថ្ងៃនេះ យើងឃើញគេប្រើយុគលពិន្ទុតាមបែបអឺរ៉ុប ជំនួសទ្វិពិន្ទុលេខ ដោយមកពីទម្រង់ពុម្ពអក្សរលីម៉ុន (font Limon) ពុំមានសញ្ញាទ្វិពិន្ទុលេខ ក៏តាំងតែយកយុគលពិន្ទុមកប្រើជំនួសឲ្យតែបានៗ សិន រង់ចាំអ្នកបច្ចេកទេសរកឃើញសញ្ញាទ្វិពិន្ទុលេខ នោះនឹងយកមកប្រើឲ្យបានត្រឹមត្រូវតាមវិធានវេយ្យាករណ៍។
ប៉ុន្តែគេអាចប្រើយុគលពិន្ទុបាន នៅក្នុងទម្រង់លិខិតខ្លះៗដូចជា កម្មវត្ថុ ៖ ស្នើសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនយោងៈ លិខិតលេខ… ចុះថ្ងៃទី….
កំណត់សម្គាល់អំពីការប្រើ ឬមិនប្រើយុគលពិន្ទុនៅពីមុខពាក្យ “ថា” ៖
ក/មិនប្រើយុគលពិន្ទុ ចំពោះតែពាក្យ “ថា[12]” ណាដែលជានិបាតស័ព្ទ ដែលអាចប្រៀបនឹងភាសាបារាំងថា “Que” បានដល់ពាក្យដែលត្រូវកត់ត្រាសម្តីមិនផ្ទាល់របស់តួអង្គ មាននិយាយក្នុង“ Style indirect ” របស់ភាសាបារាំង ដូចជាពាក្យ ៖ ពោលថា, និយាយថា, ទំនាយទាយថា, តិះដៀលថា, ជេរថា, ប្រាប់ថា… ពាក្យទាំងនេះ គេមិនត្រូវប្រើដាក់យុគលពិន្ទុ (ៈ) ពីមុខទេ ។
ខ/ត្រូវប្រើយុគលពិន្ទុ គេប្រើសញ្ញាយុគលពិន្ទុ (ៈ) ក្នុងករណីកត់ត្រាពាក្យសម្តីផ្ទាល់របស់អ្នកនិពន្ធ ត្រូវគ្នានឹងទម្រង់របស់ភាសាបារាំងថា (Style direct) ។
បុច្ឆនសញ្ញា (?) (Point d’interrogation)
ជាសញ្ញាប្រើសម្រាប់ដាក់ពីខាងក្រោយពាក្យ, ឃ្លា, ល្បះ ចោទសួរជានិច្ច ។ នៅក្នុងពាក្យ, ល្បះ, ឃ្លា, ប្រយោគដែលចោទសួរ គេតែងប្រើជាចាំបាច់នូវពាក្យ ឬរូបមន្តផ្សេងមានជាអាទិ៍៖ តើ, ព្រោះអ្វី, ហេតុអ្វី, ដូចម្តេច, (ក៏, ឬ, បានជា…) យ៉ាងម៉េចក៏…, អ្វីទៅ, ស្អីគេ, អង្កាល់, កាលណា, … ។ល។ ពាក្យសម្រាប់សួរអាចនៅដើមឃ្លា ឬ នៅចុងឃ្លាក៏បាន ។ ជួនកាលគេមិនចាំបាច់ ប្រើពាក្យសួរ គេគ្រាន់តែដាក់បុច្ឆនសញ្ញាទៅក៏បានដែរ ។
- ល្បះ, ឃ្លា, ពាក្យសំណួរខ្លីៗ ៖ ឃ្លានអ្វី? ម៉េចក៏យំ? ទៅសាលា? ដើរ? ជិះកង់ ?
- គប្បីកត់សម្គាល់ថា សំណួរដដែលគ្រាន់តែផ្លាស់ប្តូរដាក់ពាក្យណាមុន ពាក្យណាក្រោយ ក៏ឲ្យន័យ ឬ រំលេចន័យខុសគ្នាដែរ ។
ក្រៅពីនេះ រាល់សំណួរដែលសុទ្ធតែមានបុច្ឆនសញ្ញានៅចុងល្បះដូចគ្នានេះ អាចមានន័យខុសប្លែកគ្នា ទៅតាមសំឡេងលើកដាក់ថ្នាក់ថ្នម គំហកកំហែង អង្វរករលន់តួ ។
មានបុច្ឆនសញ្ញមួយបែបទៀត ដែលច្រើនឃើញប្រើនៅក្នុងរូបគំនូរកំប្លែង (Caricature) ។
ឧទានសញ្ញា (!) (Point d’exclamation)
សញ្ញាបង្គោលបញ្ឈរដែលមានចំណុច (!) មួយនៅពីក្រោមនេះ គេប្រើសម្រាប់ដាក់នៅពីក្រោយ ពាក្យ ឃ្លា ល្បះ ភ្ញាក់ផ្អើលតក់ស្លុត ស្ងើច ភ័យ អាសន្ន ខ្លាច បញ្ជាដាច់ខាត បែបន់ អធិដ្ឋាន សម្រែកជយឃោស គំរាមកំហែង ។ ជួនកាលគេក៏ប្រើឧទានសញ្ញាជាមួយនឹងឃ្លា កំហឹង បន្ទោស ឬ ជេរផងដែរ ។
អញ្ញប្រកាស ( “…” )
គឺជាសញ្ញាឃ្នាបម្យ៉ាង ដែលនៅខាងដើមមានរាងកោងខ្វឹកកួចពីរឡើងទៅលើ ឯខាងចុងជាសញ្ញាខ្វឹកពីររាងកោង កួចទម្លាក់ចុះក្រោម ។ គេប្រើសញ្ញានេះសម្រាប់៖
ក/ គាប ឬកត់ត្រាដកស្រង់សេចក្តីសំខាន់របស់ជនណាម្នាក់ ទុកជាសេចក្តីពិសេសដោយឡែក ជាការរំលេច ឬបញ្ជាក់ឲ្យប្លែកពីន័យរបស់បរិបទ ។
ខ/ ដកស្រង់គំនិត, សម្តីរបស់តួអង្គណាមួយក្នុងរឿង ។
គ/ ដកស្រង់តួអង្គណាមួយ ដែលមានកិត្តិស័ព្ទល្បីល្បាញ
ឃ/ ដកស្រង់សេចក្តីឬអត្ថន័យមានលក្ខណៈលេចធ្លោ ។
អព្ភន្តរសញ្ញា (‘…’)
សញ្ញានេះ ខុសប្លែកពីអញ្ញប្រកាស ដោយប្រើតែខ្វឹកសញ្ញាមួយនៅខាងដើម និងក្បៀសសញ្ញាមួយនៅខាងចុង ។ របៀបប្រើនសអព្ភន្តរសញ្ញាខុសគ្នាបន្តិច ពីសញ្ញាអញ្ញប្រកាស ដោយប្រើអព្ភន្តរសញ្ញាជាឃ្នាបពាក្យឋិតនៅក្នុងរង្វង់ផែនពាក្យ ដែលដាក់ឃ្នាបដោយសញ្ញាអញ្ញប្រកាស ។
សូមអនុញ្ញាតជម្រាបថា៖ នៅក្នុងសៀវភៅឯកសារជាទូទៅ គេកម្រឃើញអ្នកនិពន្ធប្រើសញ្ញានេះណាស់ ។ ជួនកាលគេប្រើអព្ភន្តរសញ្ញា ឬអញ្ញប្រកាស ក្នុងគោលដៅតែមួយដូចគ្នា ។ នៅក្នុងសៀវភៅវេយ្យាករណ៍របស់លោក ពូវ អ៊ុម លោកចាត់ទុកអព្ភន្តរសញ្ញាថា ជាសញ្ញាអញ្ញប្រកាស ( សៀវភៅវេយ្យាករណ៍ ពូវ អ៊ុម ទំព័រ ៨ ) ចំណែកនៅក្នុងវចនានុក្រមសម្តេចជួនណាត ទំព័រ ១៦៥៦-៥៧ វិញ ក៏បង្ហាញអព្ភន្តរសញ្ញា “ ….” មានរូបសណ្ឋានយ៉ាងនេះដែរ ។ លោកបានពន្យល់ពាក្យអព្ភន្តរសញ្ញាយ៉ាងនេះថា ៖ ពាក្យសន្មតហៅវណ្ណយុត្តិ ដែលពួកវេយ្យាករណ៍បណ្ឌិតក្នុងប្រទេសអឺរ៉ុប បង្កើតឡើងសម្រាប់ប្រើរាំងពាក្យ ឬសេចក្តីមានរូបសណ្ឋានពីរបែបគឺ (“…”) ឬ («…»)[16] ។
ដូច្នេះ ដោយយល់ឃើញថា កិច្ចការសរសេរតែងនិពន្ធនាពេលបច្ចុប្បន្ននេះ មានសភាពល្អិតល្អន់ស៊ីជម្រៅ និងហ្មត់ចត់ យើងគួរតែបញ្ចូលអព្ភន្តរសញ្ញា ដែលមានរូបសណ្ឋានបែបនេះ ( ‘… ’ ) មកប្រើបន្ថែមទៀត ដោយបំបែកចេញពីអញ្ញប្រកាស ( “…” ) ។
មច្ឆណ្ឌសញ្ញា ឬ ពងត្រី (…) (point de Suspension)
ជួនកាលគេហៅថា (ចំណុចរាយ) ផងក៏មាន ។ សញ្ញាដែលមានចំណុចបីបន្តបន្ទាប់ជាប់គ្នានេះ សម្រាប់សម្គាល់ប្រយោគណាមួយ ដែលនៅមានសេចក្តីបន្តទៀត ប៉ុន្តែអ្នកសរសេរបានផ្អាកបញ្ឈប់លែងពណ៌នា ដោយដាក់សញ្ញាពងត្រីនេះ ប្រាប់ជាដំណឹង ។ របៀបប្រើពងត្រីមានបែបផែនប្លែកៗដូចតទៅ ៖
ក/ ជាសញ្ញាកាត់ពាក្យសម្តីគូសន្ទនាម្នាក់ ដែលកំពុងនិយាយឲ្យដាច់កណ្តាលឃ្លា ។
ខ/ ជាសញ្ញាសម្រាប់ផ្អាកពាក្យសម្តី មិនចង់និយាយបន្តដោយទុកឲ្យគូសន្ទនាយល់ ឬ ក៏បង្កប់ទុកនូវពាក្យគំរាមកំហែង ពាក្យបណ្តាសា… ។
គ/ ផ្អាកសេចក្តីត្រឹមប៉ុណ្ណឹងសិន ឬស្លេះទុក ដោយមិនចង់ឲ្យសេចក្តីមានន័យដូចគ្នានេះ វែងអន្លាយពេក ។
ឃ/ សម្រាប់ប្រាប់អំពីពាក្យឃ្លា ដែលបាត់រលុបមានសេចក្តីមិនច្បាស់ ដកយកចេញពីសិលាចារឹកជាដើម ។
វង់ក្រចក ឬនខសញ្ញា ( )
បានជាគេឲ្យឈ្មោះដូច្នេះ ព្រោះវាមានសណ្ឋានរាងកោងដូចវង់ក្រចកយើងពិតៗ ។ គេប្រើសញ្ញាវង់ក្រចកសម្រាប់ ៖
ក/ គាបពាក្យ ឬសេចក្ដី ដែលគេចង់ពន្យល់ន័យ ។
ខ/ គាបពាក្យដែលសរសេរជាអក្សរកាត់ ។
វង់តង្កៀប […..]
នៅក្នុងភាសាខ្មែរគេមិនស្រូវប្រើសញ្ញាវង់តង្កៀបនេះទេព្រោះយើងមានវណ្ណយុត្តិ និងខណ្ឌសញ្ញាយ៉ាងច្រើន សមស្របនឹងប្រើក្នុងអត្ថបទជាភាសាខ្មែរគ្រប់គ្រាន់អស់ហើយ ។ ប៉ុន្តែនៅក្នុងការគណនាលេខផ្នែកពីជគណិត(Algèbre) យើងយកមកប្រើតាមពួកអឺរ៉ុប ។
រ៉ាត់ ឬឃ្នាប ( } ឬ { ….} ) (Accolade)
សញ្ញានេះ ខ្មែរខ្លះហៅថា ពុកមាត់មេអំបៅ ។
ក/ នៅក្នុងមុខវិជ្ជាពីជគណិត របៀបប្រើឃ្នាប ឬរ៉ាត់មានន័យដូចគ្នា នឹងការប្រើតង្កៀប ឬវង់ក្រចកដែរ ។ គេតែងតែប្រើរ៉ាត់មួយសម្រាប់បើក ( { ) និងរ៉ាត់មួយទៀតសម្រាប់បិទ ( } ) គឺបែបនេះ {…..} ។
ខ/ រ៉ាត់បើក និងរ៉ាត់បិទនេះ ប្រើសម្រាប់គាបពាក្យពីរ ឬច្រើនជាការសម្គាល់ថា ពាក្យទាំងនោះមានមុខងាររួមដូចគ្នា មិនបាច់សរសេរដដែលច្រើនដងនាំខាតពេល ។
បេយ្យាលៈ ឬ លៈ (៘)
គេមិនសូវអានថា បេយ្យាលៈទេ ព្រោះវែងពេក គេអានកាត់យកតែខាងចុងត្រង់សូរថា ឡាក់, ឡៈ សរសេរថា ៖ (។ល។) ត្រូវនឹងពាក្យបារាំងថា (et cetera) សរសេរអក្សរកាត់ថា (etc.) ។ គេប្រើសម្រាប់បំព្រួញសេចក្តីឯណានីមួយ ឬការរៀបរាប់ដែលវែងឲ្យនៅខ្លី ដោយគិតថា អ្នកអានក៏ដឹងថា នៅមានពាក្យ និងសេចក្តីអ្វីខ្លះទៀត ។
ខណ្ឌ ឬ ខណ្ឌសញ្ញា (។)
គេប្រើសញ្ញាខណ្ឌនេះ សម្រាប់រាំងខាំងប្រយោគ ឬសង្កាត់នៃសេចក្តីនីមួយៗ ឲ្យដាច់ស្រឡះពីគ្នា ។ កាលណាប្រយោគមួយចាប់សេចក្តីហើយ គេត្រូវដាក់សញ្ញា (។) នេះ មុននឹងបន្តទៅប្រយោគមួយទៀត ។ ខណ្ឌសញ្ញា ធ្វើឲ្យគេងាយយល់ អាចញែកសេចក្តីពីប្រយោគមួយទៅប្រយោគមួយ មិនឲ្យច្រឡំន័យ នាំច្របូកប្របល់ ។ ហើយនៅចន្លោះ ខណ្ឌសញ្ញា ការដកឃ្លា ក៏ជួយសម្រួលឲ្យអ្នកអានងាយយល់ ងាយចាប់សេចក្តីបាន ។ មានតែការប៉ិនប្រសប់របស់អ្នកសរសេរតែងនិពន្ធទេ ដែលអាចយល់ដឹងដល់ការចាំបាច់នៃការដកឃ្លា ការដាក់ខណ្ឌសញ្ញាឲ្យបានត្រឹមត្រូវទេ ទើបធ្វើឲ្យអត្ថបទមានតម្លៃ មានន័យគួរជាទីចាប់អារម្មណ៍ ។
ប៉ុន្តែកាលណាគេត្រូវប្តូរគំនិតចូលទៅវគ្គ ឬកថាខណ្ឌថ្មីនោះ គេត្រូវដាក់សញ្ញាខណ្ឌទៅចុងបញ្ចប់ប្រយោគ រួចហើយត្រូវចាប់សរសេរដោយចុះទៅបន្ទាត់ថ្មី ជាមួយនឹងការចោលលំហបន្តិចដែលគេតែងនិយមហៅថា ខណ្ឌ ចុះបន្ទាត់ឬចោលបន្ទាត់ និងចាប់ដើមបន្ទាត់ (នេះជាការប្រាប់ដំណឹងរបស់អ្នកហៅសរសេរតាមសូត្រ )
ខណ្ឌចប់ ( ៕ )
ជាសញ្ញាសម្រាប់ដាក់បញ្ចប់អត្ថបទ ឬរឿងមួយតែត្រឹមនេះពុំមានតសេចក្តី ឬរឿងរ៉ាវទៅមុខទៀតឡើយ ។
អាទិសង្កេត ( . )
គឺជាចំណុចមួយដែលដាក់ពីមុខអក្សរ ដែលគេសរសេរកាត់ដូចជា ស.រ.អា. (សហរដ្ឋអាមេរិក), អ.ស.ប. (អង្គការសហរប្រជាជាតិ) គ.ជ.ប. (គណៈកម្មការជាតិរៀបចំការបោះឆ្នោត) ជួនកាលគេប្រើអាទិសង្កេត ដើម្បីដាក់ពីមុខលេខរៀង មាតិកាដែលរៀបរាប់ចំណងជើងរង (Sous-titre) ដូចជា ៖
- មង្គលការ អបមង្គល
- ស្វាស្អប់ចេក ក្អែកស្អប់ពងមាន់
- ចង់រត់ចេញពីសង្គម…
ជួនកាលក្នុងករណីដូចខាងលើនេះ គេប្រើរជ្ជុសញ្ញា (-) ខ្លះ ៗ ដែរ ។
កុក្កុដនេត្រ ឬ ភ្នែកមាន់ (៙)
បុព្វកវីនិពន្ធខ្មែរធ្លាប់ប្រើសញ្ញានេះ សម្រាប់ចាប់ផ្តើមសរសេរអត្ថបទ ឬសេចក្តីរឿងអ្វីមួយ ដើម្បីកំណត់ទុកជាចំណុចចាប់ផ្តើម ។ តែពេលបច្ចុប្បន្ននេះ អ្នកនិពន្ធ កវីលែងប្រើសញ្ញានេះហើយ ។ ជាពិសេសនៅពេលចាប់ផ្តើមសរសេរកំណាព្យ នោះកវីបុរាណយើងច្រើនប្រើសញ្ញា (៙) ដូច្នេះ ។ បច្ចុប្បន្ននេះ មានកវីសម័យទំនើបខ្លះក៏ផ្តើមប្រើសញ្ញាផ្នែកមាន់ ដែលមានក្បៀសពីរនេះ នៅពេលចាប់ផ្តើមបើកបទកំណាព្យ ។
ខណ្ឌបរិយោសាន ឬ គោមូត្រ (។៚)
គឺជាសញ្ញាយកតាមរូបសណ្ឋានដាននោមគោ ដែលនោមផងដើរផង បណ្តាលឲ្យមានរាងក្ងិក្ងក់បែបនេះ ហើយខ្មែរបុរាណក៏សន្មតយកមកធ្វើជាសញ្ញាខណ្ឌបញ្ចប់ ដែលហៅតាមពាក្យបាលីថា “គោមូត្រ” គឺនោមគោដូច្នេះទៅ ។ ចាស់បុរាណលោកប្រើខណ្ឌបរិយោសាន ឬ បរិយាន ឬគោមូត្រនេះ សម្រាប់បញ្ជាក់សេចក្តីនិយាយពីរឿងរ៉ាវអ្វីមួយឬអត្ថបទ បទបាទបាលីគាថាណាមួយ ។ សព្វថ្ងៃនេះ អ្នកនិពន្ធមួយចំនួន បានប្រើសញ្ញាពីរគឺ៖ ឬមួយ ៕ ឬមួយ ។៚ ។ ការប្រើគោមូត្រនេះ គឺចង់រក្សាសម្បត្តិវប្បធម៌ពីបុរាណឲ្យនៅគង់វង្ស ។យើងឃើញអ្នកកាសែតមួយចំនួន មានប្រើសញ្ញាគោមូត្រផងដែរ ៕៚
Source: វេយ្យាករណ៍ខ្មែរ
Linking to other…
🔸Last Updated កំណែចុងក្រោយ on June 9, 2024