បទដាក់ទង់ព្រះពុទ្ធសាសនា
ស្តាប់សម្លេងសូត្រ
បទដាក់ទង់ព្រះពុទ្ធសាសនា
| ជាតិយើងអ្នកកាន់សាសនា | ត្រូវដឹងច្បាស់ថាព្រះពុទ្ធជិនស្រី |
| ទ្រង់មានឆព្វណ្ណរង្សី | គឺព្រះរស្មីទាំងប្រាំមួយពណ៌ ។ |
| ផ្សាយចេញពីព្រះកាយទ្រង់ | រុងរឿងឫទ្ធិរង្គប្រសើរបវរ |
| ឆ្វៀលឆ្វាត់កាយឆើតឆាយល្អ | ទាំងប្រាំមួយពណ៌ស្រស់ល្អសោភា ។ |
| កំណើតនៃព្រះរស្មី | កើតដោយបារមីនៃព្រះភគវា |
| ធ្វើទានឥតមានរួញរា | កាលដែលនៅជាព្រះពោធិសត្វ ។ |
| រស្មីពណ៌ខៀវនោះណា | កាលឆ្កៀលនេត្រាទ្រង់ដោយចិត្តកាត់ |
| ធ្វើទានដល់ឥន្ទព្រាហ្មណ៍ពិត | កាលនៅជាក្សត្រនាមស្រីភិរាស្ត្រ។ |
| រស្មីពណ៌លឿងភ្លឺថ្លា | កាលដែលទ្រង់អារសាច់ផែធ្វើមាស |
| បិទពុទ្ធរូបភ្លឺល្អឱភាស | ព្រះឥន្ទ្រជាងមាសទ្រង់វៃបណ្ឌិត ។ |
| រស្មីក្រហមនោះណា | កាលដែលមាតាពស់ខាំស្លាប់ពិត |
| បទុមស៊ូប្តូរជីវិត | កាត់បេះដូងបិទធ្វើថ្នាំមាតា ។ |
| រស្មីពណ៌សសុទ្ធសាធ | កាលដែលព្រះបាទវេស្សន្តរក្សត្រា |
| ឱ្យទានដំរីសសោភា | ដល់ព្រាហ្មណ៍ប្រាថ្នាយកពោធិញាណ។ |
| រស្មីពណ៌ដូចជើងហង្ស | កាលមាតាទ្រង់យក្ខចាប់យកបាន |
| វិជ្ជាធរអារសាច់ខ្លួនប្រាណ | ឱ្យយក្ខសាមាន្យស៊ីប្តូរជីវិត ។ |
| រស្មីពណ៌ផ្លេកពណ្ណរាយ | កាលជាទន្សាយឈ្មោះសោមបណ្ឌិត |
| ឱ្យទានសាច់ឈាមជីវិត | ដល់ឥន្ទព្រាហ្មណ៍គិតថាអត់អាហារ ។ |
| រស្មីខៀវលឿងក្រហម | សហង្សបាទព្រមភ្លឺផ្លេកអស្ចារ្យ |
| ត្រូវជាប្រាំមួយប្រការ | ទាំងចាស់កុមារចូរចាំទុកអើយ ។ |

ព្រះរាជនិពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ


🔸កំណែចុងក្រោយ Last Updated on July 16, 2024 by Johnny ចន្នី

