ទូកទៅកំពង់នៅ
បទកាកគតិ
| – កូនអើយទូកទៅកំពង់នៅ | ចាស់លោកប្រដៅច្រើនតំណ |
| សាងអំពើបាបផលមិនល្អ | សាងបុណ្យស្មោះសរល្អពូជផៅ ។ |
| – ពេជ្រមិនទាន់ច្នៃថ្លៃមិនខ្ពស់ | មនុស្សអាប់កេរ្តិ៍ឈ្មោះព្រោះល្ងង់ខ្លៅ |
| ដាវដែលមុខមុតព្រោះដុតក្តៅ | មនុស្សចេះឆ្អិនឆ្អៅព្រោះសិក្សា ។ |
| – ប្រាជ្ញពឹងតំរេះចេះក្បួនច្បាប់ | ជរាពឹងស្លាប់ពាលពឹងក្លា |
| ទារកពឹងយំឃ្មុំពឹងផ្កា | រីស័ព្ទវាចាពឹងទំនុក ។ |
| – កុំពុសខ្លឹមឈើធ្វើជាខ្នួច | ហើយកុំសម្រួចឈើដែលពុក |
| ធ្វើស្រែមើលស្មៅជាត្រីយ៍មុខ | កូនចៅដាក់ទុកមើលសន្តាន ។ |
| – កូនអើយកុំធ្វើស្រែប្រវាស់ | កុំនៅរួមផ្ទះរួមជើងក្រាន |
| ជង្រុករលស់រង្គោះចាន | រណ្តំបែកបានមិនខានទេ ។ |
| – គ្រូកាចអាចនាំឱ្យសិស្សខូច | មារយាទសរពូជណាមាសមេ |
| សំដីសរជាតិមិនឃ្លាតទេ | ចេះឯងក្រែងគេចូរប្រយ័ត្ន ។ |
| – ទំពក់វាទៅទើបព្នៅមក | ទឹកមានរលកព្រោះខ្យល់ផាត់ |
| សាងល្អផលល្អឮមិនស្ងាត់ | សាងទោសវិបត្តិស្អុយកេរ្តិ៍ឈ្មោះ ។ |
| – នោះហើយទូកទៅនៅកំពង់ | ន័យនេះតម្រង់លើកិត្តិយស |
| មនុស្សជាតិឃ្លាតទៅសល់កេរ្តិ៍ឈ្មោះ | ពាក្យនេះពីរោះកូនអើយស្តាប់ ។ |
| – លោកថាសន្សឹមកុំបំបោល | ក្រែងពានពុំដល់គោលប្រញាប់ |
| លឿនណាស់ប៉ះគ្រោះមិនបានប្រាប់ | នោះកិច្ចការឆាប់ក្លាយជាយូរ ។ |
| – លោកថាតក់ៗពេញបំពង់ | ពាក្យពីយូរលង់ជាគំរូ |
| តក់ៗទឹកស្រក់បង្អក់យូរ | តែគង់ហៀរហូរពេញបំពង់ ។ |
| – ឳពុកផ្តាំស្ងួនកូនប្រុសស្រី | មុនគិតការអ្វីថ្លៃស្ទាបស្ទង់ |
| កុំស៊ីតាមឃ្លានហ៊ានតាមចង់ | ច្បាប់លោកតម្រង់ប្រដៅស្តី ។ |
| – បើខ្លួនទាបតូចស៊ីដូចមូស | គួរកុំខំជុះតាមដំរី |
| ពិចារណាចុះមាសប្រុសស្រី | ចាស់លោកស្រដីជាបណ្តាំ ។ |
| – កុំឃើញអ្នកមានមកចងមិត្ត | ខ្លាចគេមិនស្និទ្ធជាប់យូរឆ្នាំ |
| ខ្លួនក្រត្រដរខ្ចីបញ្ចាំ | លក់ច្បារដំណាំបង្អួតមិត្ត ។ |
| – បញ្ជោរអ្នកមានថាខ្លួនល្អ | ក្លើអើយអញក្រទ្រព្យមែនពិត |
| តែទោះអស់អ្វីអញមិនគិត | បានឯងជាមិត្តអញមានមុខ ។ |
| -ទូកតូចកុំផ្តួចរកកោ្តងធំ | ខ្យល់បក់រលំកលិយុគ |
| មើលមាឌមើលរាងនាងចាំទុក | នឹងឈានទៅមុខនឹកដានក្រោយ ។ |
| – ទឹកហូរពីទួលទៅទំនាប | ប្រុងប្រៀបរៀបប្រាណមុនបង់បោយ |
| ចូលស្ទឹងតាមបត់ពិតមិនធ្លោយ | នេះពុកដង្ហោយឱ្យគិតកែ្រង ។ |
| – កូនអើយបើក្រឱ្យទល់គ្រប | បើវ័ណ្ឌកន្ទបឱ្យហៀរកែង |
| ខ្សត់ខ្សោយកុំឱ្យខ្វះសំបែង | ខ្ទមឯងដេកស្រួលជាងជួលស្នាក់ ។ |
| – កុំត្រាប់សេដ្ឋីមានពន់ពេក | សំបូរអនេកសព្វមាសប្រាក់ |
| ផ្ទះធំមិនដេកខ្លាចប្រឡាក់ | ស៊ូអាស្រ័យស្នាក់ក្រោលក្របី ។ |
| – សម្បត្តិហៀរហូរសំបូរណាស់ | តែគង់មកខ្មាស់អ្នកក្រក្រី |
| សព្វអមែ្បងបែកចោលដោយដី | សេដ្ឋីហារខ្ចីឥតខ្មាស់អៀន ។ |
| – បំណាច់នឹងក្រឱ្យប្រពៃ | កុំស៊ូលើកដៃដើរសុំទាន |
| មានយសកុំរស់ដូចអត់ឃ្លាន | ដូនតាទូន្មាជាទម្លាប់ ។ |
| – កូនអើយខិតខំកុំឱ្យខក | លោកថាងើយស្កកឱនដាក់គ្រាប់ |
| ទោរទន់ធ្ងន់ធ្ងរទ្រដោយទ្រព្យ | ឈរឆើតអើតជាប់ដោយសំដី ។ |
| – ឧបមេយ្យនឹងមនុស្សខ្ពស់ខែងរ៉ែង | អួតអាងខ្លួនឯងប្រជាប្រិយ |
| ពើងទ្រូងបូញមាត់បត់ដុំដៃ | សម្បើមសំដីខ្វះសន្តាន ។ |
| – រីមនុស្សទោរទន់គន់សុភាព | កាយចិត្តបន្ទាបរាបសាប្រាណ |
| ចេះផ្គាប់គោរពគ្រប់សន្តាន | ប្រៀបបានឱបធ្ងន់ដោយធនធាន ។ |
| – មនុស្សខ្លះសម្បើមឆ្នើមសំបក | ដូចស្រូវដែលស្កកអង្ករគ្មាន |
| ងើបងើយខ្ពស់ពេកឥតខ្មាស់អៀន | ចាស់លោកនិទានថាគ្មានផល ។ |
| – លោកប្រដូចទៅស្រូវសំដី | ប្រៀបជនប្រុសស្រីលើសកល |
| ឫកខ្ពស់ហួសខ្នាតខាតលាភផល | ញាតិផងមិនខ្វល់មិនស្និទ្ធស្នេហ៍ ។ |
| – គេខ្ពើមអំណាចខ្លាចអំនួត | ត្បិតធ្លាប់តែអួតអាងពូកែ |
| លុះកាលទល់ច្រកបកមកស្នេហ៍ | ទោះខំត្អួញត្អែរគ្មានគេស្និទ្ធ ។ |
| – បើធ្លាប់ឱនទាបសុភាពប្រាណ | ញាតិមិត្តរាប់អានចោមចូលចិត្ត |
| អាសន្នអន់ក្រគេអាណិត | ឱនដាក់គ្រាប់ពិតដូចនិទាន ។ |
| – កូនអើយខ្មៅចុះឱ្យតែស | បើក្រៗចុះឱ្យតែមាន |
| ពាក្យពីបូរាណបានប្រាប់ប្រៀន | ទូន្មានអោយហ៊ានពិចារណា ។ |
| – ពាក្យខ្មៅហៅផ្ទុយពីពាក្យស | អាក្រក់ផ្ទុយល្អពិតពិស្តារ |
| ខ្មៅចុះឱ្យសបានន័យថា | អាក្រក់កាយាឱ្យល្អចិត្ត ។ |
| – ឯពាក្យក្រចុះឱ្យតែមាន | ចាស់លោកនិទានងាយរិះគិត |
| ន័យថាក្រចុះទ្រព្យពេ្រងព្រឹទ្ធ | តែសូមមានពិតត្រង់កិត្តិយស ។ |
| – មានញាតិសន្តានមានចិត្តល្អ | មានចិត្តស្មោះសរមានកេរ្តិ៍ឈ្មោះ |
| មានប្រាជ្ញាវៃស្តីពីរោះ | ប៉ុណ្ណោះទោះក្រក៏គប្បី ។ |
| – កូនអើយចូរចាំចំណាំទុក | ទំនុកពុកផ្តាំមាសប្រុសស្រី |
| មនុស្សមានអៀនខ្មាសព្រះប្រណី | មនុស្សទុ្រស្តវិន័យព្រះផ្តាសា ។ |

កំណាព្យនិពន្ធដោយៈ លោក សុខ សុធន
វាយអក្សរកុំព្យូទ័រជាថ្មីដោយៈ ភិក្ខុ កិច្ចភិរតោ ឡាយ រិន
វត្តខេមររតនារាម, ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៩


🔸កំណែចុងក្រោយ Last Updated on August 9, 2024 by Johnny ចន្នី





