សំដីជាឯក

សំដីជាឯក

បទកាកគតិ

សម្តីជាឯក
ក្នុងការជជែកថ្លែងការណ៍នានាបើអន់សម្តី
គប្បីយល់ថាជជែកតវ៉ាជាដើមតែងភ្លាត់ ។
ទោះមានការយល់
តែស្តីមិនដល់គ្រាន់តែហើបមាត់ពីរបីបួនម៉ាត់
គេស្កាត់សង្កត់ទៅជាបិទមាត់ហើបហាមិនរួច។
សម្តីស្រួចស្រស់
កិច្ចការទាំងអស់ឡើងខ្ពស់ត្រដួចក្នុងការជជែក
វែកញែកចងកួចក្រសោបក្របួចឱ្យជាប់កុនបាន ។
ហេតុនោះបានជា
ភាសិតវាចាអ្នកប្រាជ្ញបុរាណហ៊ានចងទុកមក
យកតាមលំអានប្រាជ្ញមុនថាមានសម្តីជាឯក ។
ឯលេខនព្វន្ត
ប្រើការគិតគន់ចំនួនប្លែកៗលេខបូកលេខគុណ
លេខសងលេខចែកមិនទុកជាឯកទុកថាជាទោ ។
ប៉ុន្តែសព្វថ្ងៃ
នព្វន្តឡើងថ្លៃគណិតសេដ្ឋោសម្រាប់ប្រើប្រាស់
គន់គិតរាវរក៏គំនិតគាំងគគណិតអាចប្រាប់។
អ្នករៀនវិទ្យា
នេះទាំងអស់គ្នាបើមិនប្រញាប់ខំប្រឹងសិក្សា
វិទ្យានេះអាប់ប្រឡងប្រុងជាប់ត្រឡប់ជាឃែត ។
លុះតែខិតខំ
សិក្សាថែមផ្សំពិនិត្យសង្កេតប្រឡងក្រោយទៀត
ទើបបានខានឃែតចិត្តខ្ពស់ត្រដែតអរស្ទើរលោតហ៊ោ។
អក្សរជាត្រី
សរសេរសេចក្តីកើតជាអខោប្រើពុំដែលអស់
ហាក់ស្រស់សន្ធោចេញមុខធ្លោៗជាគ្រូវិទ្យា ។
វិទ្យាបវរ
បើឥតអក្សរបានអ្វីកត់ត្រាហេតុនេះលោករាប់
ថាជាសាស្តាចំណេះនានាអក្សរជាមេ ។
បើតាមន័យនេះ
ឃើញថាចំណេះដែលប្រាជ្ញរិះរេសរសេរកត់ត្រា
ក្រែងមាត់ទទេយូរទៅធ្វេសទ្វេនឹងភ្លេចសូន្យបង់។
គួរលើកអក្សរ
ជាគ្រូបវរនេះឱ្យសមអង្គឱ្យឡើងថ្នាក់ឯក
ឬទោទើបត្រង់ត្រូវតាមទម្រង់ដែលគួរសន្មត ។
ប៉ុន្តែអក្ខរា
បានជាចាស់ថាសម្រាប់តែកត់កុំឱ្យរសាយ
រលាយបែបបទទើបចាស់កំណត់ឱ្យជាត្រីវិញ ។
អ្នករៀនវិទ្យា
គួរពិចារណាកុំមានក្តីម្នេញរឿងឯករឿងទោ
រឿងត្រីនេះមិញឆ្ងល់គួរទន្ទេញកាព្យនេះឱ្យចាំ ។
គិតយូរៗទៅ
កុំតែសៅដៅនឹងអាចចំណាំបើយល់ន័យហើយ
ត្រូវនឹកឱ្យចាំចាំស្ទាត់អាចនាំឱ្យលែងឆ្ងែឆ្ងល់ ។


និពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ

វត្តឧណ្ណាលោម, ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ព.ស.២៥១២ – គ.ស.១៩៦៨

🔸Last Updated កំណែចុងក្រោយ on November 10, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).