ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ

ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ

បទពាក្យប្រាំពីរ

ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាចកូនល្អ កែកកិច្ចការ
កែកគោត្តត្រកូលកែកមេបាកែកកោងឫស្យាកែកក្រឹត្យក្រម ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាចកូនល្អ ខ្វះខិតខំ
ខ្វះខាតខ្វាយខ្វល់ផលមិនសមខ្វះខ្វែងស្តុកស្តម្ភនាំទុក្ខា ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាចកូនល្អ គេចគិតការ
គេចគុណគួរគាប់គុណមេបាគេចគុណអាចារ្យគុណរៀមច្បង ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាចកូនល្អ ឃ្លាតគន្លង
ឃ្លាតឃ្លៀងឃ្លោងឃ្លាឃ្លាតប្អូនបងឃ្លាតឃ្លាញាតិផងឃ្លោងឃ្លាតផ្លូវ ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាចកូនល្អ ងរង៉ូវ
ងងើយងើបងើមិនមើល៍ឳងងាកខុសផ្លូវទៅងាប់ងាយ ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាចកូនល្អ ចាយខ្ជះខ្ជាយ
ចាយវាយតាមចិត្តមិនគិតឆ្ងាយចាយចូលអន្តរាយចាយចែវខ្ទង់
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាចកូនល្អ ឆោតឆៅល្ងង់
ឆោតឆៅល្ងីល្ងើភ្លីភ្លើផងឆោតឆៅសៅហ្មងឆ្គងឆ្គាំទៀត ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាចកូនល្អ ជិះជាន់ជាតិ
ជិះជាន់សាសនាជិះជាន់ញាតិជិះជាន់ប្លន់ជាតិកំណើតខ្លួន ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាចកូនល្អ ឈ្លើយឈ្លោះក្បួន
ឈ្លើយឈ្លោះឈ្លានពានហ៊ានគុំគួនឈ្លើយឈ្លោះឈ្លក់ខ្លួនឈ្លេមឥតន័យ ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាចកូនល្អ ញៀនស្រាស្រី
ញៀនល្បែងពាលាមិនគប្បីញៀនល្បែងស្រាស្រីក្តីវិនាស ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាចកូនល្អ ដើរផ្តេសផ្តាស
ដើរដេកផឹកស៊ីដួលចោលផ្ទះដើរដាច់កេរ្តិ៍ខ្មាសប៉ះដើមដាន ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាចកូនល្អ ឋិតឆ្ងាយឋាន
ឋិតឆ្ងាយទានសីលឆ្ងាយនិព្វានឋិតឆ្ងាយកល្យាណឆ្ងាយសួគ៌ា ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាចកូនល្អ ឌឺដងគ្នា
ឌឺដងឌុកដាន់ជាន់ដានមារឌឺដងដុះពៀរពេញចង្រៃ ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាចកូនល្អ ធូរធារដៃ
ធូរធារថែមថយធនធានក្ស័យធូរធារអត់ន័យក្លាយធូរថោក ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាច កូនល្អ ណាយនឹងស្លោក
ណាយនឹងណែនាំពាក្យពេចន៍លោកណាយហ្នឹងនាំថោកទាបអាត្មា ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាចកូនល្អ តុះតុញសារ
តុះតុញគំនិតគិតកិច្ចការតុះតុញប្រាជ្ញាការរាក់ជ្រៅ ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាច កូនល្អ ថ្លាថ្លែងទៅ
ថ្លាថ្លែងថ្លោះធ្លោយថ្លឹងមិនត្រូវថ្លាថ្លែងធ្លាក់ផ្លូវទៅលែងថ្លា ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាច កូនល្អ ទាស់ទែងគ្នា
ទាស់ទែងទាក់ទងពង្សញាតិសាទាស់គ្នាជាទោសទៅអបាយ ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាច កូនល្អ ធ្លោយធ្លាក់កាយ
ធ្លោយធ្លាក់គំនិតគិតមិនឆ្ងាយធ្លោយធ្លាក់អន្តរាយធ្លាយធូរធារ ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាច កូនល្អ និន្ទាគ្នា
និន្ទាឈ្នានីសនាំមានពៀរនិន្ទាជាទោសបន្សាបគុណ ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាច កូនល្អ បោះបង់បុណ្យ
បោះបង់បណ្តាំបំពានគុណបោះបង់នេះធ្ងន់ពន់ពេកណាស់ ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាច កូនល្អ ផឹកផិតផ្ទះ
ផឹកផិតភូតភរអាក្រក់ណាស់ផឹកផិតផ្តេសផ្តាស់ប៉ះផ្តឹងផ្តល់ ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាចកូនល្អ ពោលប៉ះពាល់
ពោលពាក្យមិនពិតពាំអំពល់ពោលពាក្យពិសពុលពារពូជពង្ស ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាច កូនល្អ ភរប្អូនបង
ភរភូតមិនពិតផុតផូរផង់ភរភូតច្រើនលង់ផុងអាត្មា ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាច កូនល្អ មិនមេត្តា
មិនមានមិត្តភ័ក្តិស្ម័គ្ររក្សាមិនមានមីងមាណារាប់រក ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាច កូនល្អ យាយីលោក
យាយីយុកយាក់ធ្លាក់ធ្លុងថោកយាយីយឺតយោកលោកហៅយ៉ាប់ ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាច កូនល្អ រស់រុលច្បាប់
រស់រុំរឿងរ៉ាវហួសរ៉ាយរ៉ាប់រស់រៀនគ្មានច្បាប់ជាប់ទារុណ្ឌ ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាច កូនល្អ លង់លោភលន់
លង់លក់លួចលាក់រលាកគុណលង់លក់លូកលាន់ជួនលិចលង់ ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាចកូនល្អ វង្វេងវង្ស
វង្វេងវត្តវ៉ាធម៌អារ្យផងវង្វេងគន្លងប្លង់វឌ្ឍនា ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាច កូនល្អ សូន្យឧស្សាហ៍
សូន្យសោះរៀនសូត្រស្រូតសិក្សាសូន្យសព្វសញ្ញាសូន្យសុខសាន្ត ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាច កូនល្អ ហៀរហួសប្រាណ
ហៀរហូរហឺហាហាច់ហំហានហៀរហួសប្រមាណហូរហួតអស់ ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាច កូនល្អ ឡូយឡេះឡោះ
ឡូយឆាយឡេមឡឺមមិនសមសោះឡូយថូយឡេះឡោះមិនល្អឡើយ ។
ពាក្យម្តាយធ្លាយតាមព្យញ្ជនៈ ព្រួយខ្លាច កូនល្អ អួតអត់ត្រើយ
អួតអាងអេចអូចមិនល្អឡើយអួតអាងនោះហើយនាំអំពល ។
ពាក្យម្តាយរាយតាមតួអក្ខរាបញ្ជាក់ប្រាប់ថាលោកខ្វាយខ្វល់
គិតគូរកូនចៅមិនមានសល់លោកសែនអំពល់គ្រប់វេលា ។
ច្នេះហើយសូមអស់កូនប្រុសស្រីគប្បីគិតគូរគុណគាប់ជា
គឺគុណព្រះព្រហ្មជុំគេហានឹងបានសុខាប្រាកដហោង ៕


និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ

វត្តចាក់អង្រែក្រោម, ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៩

🔸Last Updated កំណែចុងក្រោយ on August 9, 2024

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).