ព្យញ្ជនៈខ្ជាក់បក្សាបក្សី

ព្យញ្ជនៈខ្ជាក់បក្សាបក្សី

បទកាកគតិ

សម្បតិ្តធម្មជាតិសម្បូរព្រោងព្រាតជាតិជាបក្សា
បក្សីតូចធំជុំសព្វទិសាព្រៃស្រុកសីមា
ច្រើនហួសហាស្តី ។
ខ្លះរស់ក្នុងស្រុកខ្លះទៀតឃើញមុខនៅតែឯព្រៃ
ខ្លះមានសំបុកទុំជ្រកអាស្រ័យខ្លះរស់ផ្ទាល់ដី
តាមនិស្ស័យខ្លួន ។
ខ្លះមានរូងរន្ធ។ការពារអាសន្នបានយ៉ាងមាំមួន
ពេលមានសត្រូវប៉ងបៀតបៀនខ្លួនរត់រកជ្រកពួន
រួចខ្លួនគ្រប់គ្រា ។
ខ្ញុំសូមរៀបរាប់រើសរកមកភ្ជាប់ជាប់តួអក្ខរា
ចារឆ្លាក់ខ្ជាក់ឈ្មោះអស់សព្វបក្សាបក្សី(1)ផងណា
ចារជាលំដាប់ ។
មានកេងកងកុកក្រកកុកគ្រោងកុកសកុកសាប់
ក្រសាក្រៀលក្រួចក្អែកកាចាតចាប់កង្កួច កដប
កំផ្លុកក្ងោកក្ង ។
មានខ្ទប់ដីខ្មៅសស្រុកព្រៃខ្ទប់ដីលឿងពណ៌
ខ្វែកត្រោកតូចធំខ្វែកអុច-ក-សខ្លែងឆាបលឿងល្អ
ខ្លែងស្រាកខ្លែងខ្មោច ។
មានគូកសត្វយំយាមមិនស្ងាត់គួរឱ្យអាណោច
គ្រលីងគ្រលោងយំឮក្រលួចគ្រលែងវែកហួច
គ្រលួចជាប់ចិត្ត ។
ឃើញតែឃ្មុំស្រុកព្រៃជ្រោះភ្នំធំតូចតាមផ្លិត
មានទឹកឈ្ងុយឆ្ងាញ់ផ្អែមស្អិតជាប់ចិត្តមួយទៀតក្រពិត
ពោលគឺសត្វឃ្លុំ ។
  មានងាវកកស្រដៀងកុកក្រក់ស្លក-ក-ដូចត្រុំ
ចូលចិត្តព្រៃស្រោងជ្រលងជ្រោះភ្នំដល់ពេលស្រែកយំ
យំហៅខ្លួនឯង ។
មានចចាតចេកទុំសំស្អាតចេកខ្ចីខ្លីវែង
ចាបពូកចាបចៀបចាបក្រចគ្រឹកគ្រេងចាបដង្កូវក្មេង
ចាបលេងកំប៉ោយ ។
ដូចជាឆោតឆ្លេឆ្លារហូតស្រូតស្រែកដង្ហោយ
ដង្ហៅឆ្វេងស្តាំមិនចាំមុខក្រោយឥឡូវថ្លោះធ្លោយ
រុះរោយបាត់អស់ ។
មានជើងទៀនជើងទោក៏មានជើងទៀនជើងស្រស់
ច្រើននៅសមុទ្រច្រើនផុតតាមកោះជ្រឹងធំជ្រឹងកោះ
ជ្រឹងអង្កាមស្រែ ។
ឈាមស្ងៀមឈឹងមិនមានដំណឹងដឹងឈ្មោះអ្វីទេ
ឈឺឬមួយជាឈានឈប់ឈរក្បែរឬឈ្មួញថៅកែ
លួចលក់អស់ហើយ ។
មិនមានសោះឬមិនទាន់ញាស់ឬស្លាប់អស់ហើយ
សួរសព្វញាតិសាប្រាថ្នាចម្លើយគ្មាននរណាឆ្លើយ
ឱ្យបានដឹងដាន ។
មានដូនតាដល់ខែវស្សាដេរដាសពេញឋាន
ពិសេសខែភ្ជុំយំរកសន្តានសាច់សាព្រៀងលាន
ដូចឃ្លានអាហារ ។
ឋិតឋានឆ្ងាយហួសហាបរិយាយរាយរាប់ប្រាប់ថា
មានឬមិនាមានព្រោះគ្មានសញ្ញាសូមសព្វញាតិសា
មេត្តាជួយផង ។
ដូចតែគ្នាសួរសព្វមីងមាញាតិមិត្តប្អូនបង
គ្មាននរណាមួយដឹងត្រួយដើមដងយកមកចងក្រង
ចងទុកជាក្រាំង ។
មានឍាមរាហង្សជាតិបក្សាមហាក្លាខ្លាំង
ជាស្តេចបក្សីគ្មានអ្វីប្រឆាំងឬហ៊ានតតាំង
ទប់ទល់តប់ត ។
មានណូរីបក្សីសោភីរូបស្រស់បវរ
ស្រដៀងសេកសោមរូបឆោមលោមពណ៌ក្រហមស្រស់ល្អ
ឆ្លុះពណ៌ស្រទំ ។
មានតាវ៉ៅត្មាតភ្លើងត្មាតខ្មៅត្រដក់ថ្នក់ធំ
ត្រុំត្រដេវិចត្រយងស្រែកយំត្រចៀកកាំត្លុម
ត្រសេះត្រុំត្វា ។
ថាមិនត្រូវសាកសួរម៉ែឳមីងមាយាយតា
មានតែថ្លាន់ថ្លែនលោកថ្លែងដោះសារមិនមែនបក្សា
ថាសោះតែខាន ។
មានទទាទីទុយទុងទាទោមទៀវតិរច្ឆាន
ទាទឹកទាគោកស្រុកព្រៃក៏មានទុកទ្រូរំខាន
យំគ្មានទំនេរ ។
ធីបទុកសិនរងចាំសុបិនឬស៊ើបសួរគេ
បើមានចម្លើយឆ្លើយឆ្លងហូរហែខ្ញុំនឹងរិះរេ
ចារជូនជាថ្មី ។
មានរនាលរាងស្ទើរជាងក្រៀលក-ជើងមិនខ្លី
ចូលចិត្តមច្ឆាមានចង្វាត្រីចឹកជាចំណី
ចិញ្ចឹមអាត្មា ។
មានបគូប៉ោលតោកយំយូរប្រមង់សង្ហា
ប្រវឹកប្រវែកមិនស្រែកឡូឡាប្រចៀវមុខស្វា
យាត្រាពេលយប់ ។
ដូចផិតផើយមិនមានឃើញឡើយឬនៅក្រៅភព
ឬភឿនផឹកស៊ីផុងផុតទំនប់ស៊ីផឹកមិនឈប់
ស៊ីផុតពូជអស់ ។
មានពពេចពពូលបូលព្រិចព្រាបយំស្រណោះ
ពភ្លាក់ភ្លីភ្លើមិនមើល៍អីសោះពពុះទឹកទាស់
យំខ្សោះទឹកភ្នែក ។
មានភូវាំងភពភូមិទីតាំងដឹងដោយសម្រែក
ស្រែកគួរឱ្យខ្លាចកំណាចកាចប្លែកភមរាយំយែក
ស្រែកប្រាប់ភរិន្ទ ។
មានមាន់ស្រុកមាន់ព្រៃគរគោកមានទឹកមុមធិន(2)
មាន់ទោរមាន់ទោមមៀមមុមធុំក្លិនមុខមាំឆ្អៅឆ្អិន
មើលចំចង់ខ្លាច ។
យក្ខយឹត(3)អស់យឹតមិនស្រណោះយឹតព្រោះអំណាច
យឹតមិនរើសមុខយឹតមិនកោតខ្លាចយឹតដល់តែដាច់
ផុតពូជពង្សអស់ ។
មានរំពេស្ទឹងបឹងទន្លេសមុទ្រត្រើយកោះ
មានច្រើនអនេកត្រារាប់មិនអស់រនាលស៊ីរ៉ស
រៃយំសោកា ។
មានលលកបាយខ្មោចទ្រាំងគូកល្វាចេកបែកសារ
ប៉ប៉ាច់ប៉ប៉ោចខូចខាតសាច់ការល្អូតតូចធំថា
ពួកអាអេចអូច ។
វីវរហើយមិនមានឃើញឡើយតាមត្រើយធំតូច
ដូចជាវិនាសនិរាសផុតពូជឬមានអ្នកខូច
លបលួចលក់អស់ ។
មានសេកសោមសារិកាកែវឆោមស្ទាំងស្លាបឆាបហោះ
សេកសោមបណ្ឌិតគិតមិនទើសទាស់សារិកាកែវស្រស់
ឈ្មោះគួរស្រឡាញ់ ។
មានសត្វហង្សកេរ្តិ៍ឈ្មោះផូរផងហង្សគួរស្រឡាញ់
ហង្សលឿងខៀវសហង្សប្រាក់ទាក់ខ្លាញ់(4)ហង្សមាសកណ្តាញ់
ហង្សលើករាសី ។
មានឳឡស្រែកឮឡើងខ្ទ័រញ័រអស់ស្មារតី
ស្រែកទៅទិសណាទិសនោះភិតភ័យកើតគ្រោះអប្រិយ
ចង្រៃអន្តរាយ ។
មានឥន្ទ្រីអាអូតឈ្មោលញីអកអន្ទេបបាយ
អន្ទេបខ្មៅសប្រផេះកន្ត្រៃអកចាំប្រឡាយ
ចាំចឹកចំណី ។
រៀបរាប់បក្សារាយតាមអក្ខរាចារជូនខ្លីៗ
បើមានខុសឆ្គងសូមទានប្រណីសូមចប់សេចក្តី
ប៉ុណ្ណេះឯងហោង ៕
  1. ១- សូមបញ្ជាក់ថាៈ ឈ្មោះសត្វដែលមាននៅក្នុងអត្ថបទកំណាព្យនេះ មិនមែនសុទ្ធតែបក្សាបក្សីទាំងអស់នោះទេ, សូមមេត្តាអភ័យទោសផង! ↩︎
  2. ២- មុមធិន គ្រលាស់ថា មិនធំ ↩︎
  3. ៣- យឹត មានន័យថា ស៊ីមិនគិត ឬ បំផ្លាញមិនគិត ↩︎
  4. ៤- ទាក់ខ្លាញ់ មានន័យថា ទាក់លាភ ↩︎


និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ

វត្តខេមររតនារាម, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៩

🔸Last Updated កំណែចុងក្រោយ on August 9, 2024

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).