តាខេ

សម្លេងតាខេ

ខ្មែរហៅថា តាខេ ស្រដៀងគ្នានឹងភាសាសៀមហៅថា ចរខេ៍តៈខេរ៍ មានន័យថា សត្វក្រពើ ។ ពាក្យថា តាខេ ក៏មានន័យថា សត្វក្រពើដែរ ពីព្រោះឧបករណ៍តាខេនេះមានរូបរាងដូចសត្វក្រពើសុទ្ធសាធ កាលពីសម័យដើម ប៉ុន្ដែបច្ចុប្បន្ននេះ តាខេមានរូបរាងធម្មតាបាត់លក្ខណៈជារូបរាងសត្វក្រពើអស់ហើយ ។ នៅក្នុងសង្គមកម្ពុជាយើងសព្វថ្ងៃ ខ្លះហៅថា តៈខេ ខ្លះទៀតហៅថា តាខេ
ឧបករណ៍នេះមានមុខងារសំខាន់ក្នុងវង់ ភ្លេងមហោរី, វង់ភ្លេងអាយ៉ៃ, វង់ភ្លេងការ សម័យទំនើប និងប្រគំម្នាក់ឯង ជួនកាលចំរៀងដេញបែបចាប៉ីដងវែងក៏មាន ។
នៅក្នុងវង់ភ្លេងមហោរី គេច្រើនតែយកតាខេណាធំៗ មានសំនៀងក្រាងក្រអៅធ្ងន់ មកចូលរួមប្រគំ ប៉ុន្ដែនៅក្នុងវង់ភ្លេងអាយ៉ៃ និងវង់ភ្លេងការសម័យទំនើបវិញ គេច្រើនតែយកតាខេតូចជាងបន្ដិចមានសំនៀងចរចាតស្រាលមកប្រគំ ។ តាខេ មានដំណើរសាច់បទចិញ្ច្រាំញាប់ធ្វើ ឱ្យសំនៀងចង្អៀតជាងឧបករណ៍ដទៃ ។
ជាមួយគ្នានោះដែរ បើយោងតាមលោក មីស្ហែល ឫទ្ធី មានប្រសាសន៍ថា អ្នកដេញតាខេនេះ ឈ្មោះ យាយប៉ិន នៅស្រុក(ភូមិ) កំចាយចាន (ឬ កំសៃចារ? ) ខែត្រសុរិន្ទ ឈ្មោះជាផ្លូវការ ថា กำไสจาน។ លោកគ្រូ ជ័យមង្គលទំនងជាស្គាល់ ហើយអាចប្រាប់ពត៌មានបន្ថែមទៀតបាន។ នៅជំនាន់នោះ យាយប៉ិន មានឈ្មោះល្បីល្បាញណាស់ នៅខេត្តសុរិន្ទ។ គាត់ធ្លាប់បានទៅលេងតន្ត្រីនេះ នៅចំពោះមុខ ព្រះមហាក្សត្រ ហើយក៏ធ្លាប់បានសម្តែង តាមប៉ុស្តិ៍ទូរទស្សន៍ លេខ៣ និង លេខ៩ នៃប្រទេសថៃ ។ គាត់ថាមានខ្មែរក្រោម មកពីស្រុកបារាំង មកបបួលគាត់ទៅសម្តែង នៅស្រុកខ្មែរដែរ តែគាត់ថាមិនហ៊ានទៅទេ ខ្លាចមានគ្រោះថ្នាក់។
លោក មីស្ហែល ឫទ្ធី បានផ្តល់ប្រសាសន៍ ថែមទៀត ថាកាលពីសម័យដើម តៈខេឬតាខេ មានរូបរាងដូចសត្វក្រពើសុទ្ធសាធ ។ ខ្មែរយើងចូលចិត្ត ឆ្លាក់ក្បាលតាខេ ជារូបរាង ក្រពើហារមាត់មានធ្មេញ និងភ្នែក។ ប៉ុន្តែ ដល់រយៈកាល ក្រោយៗតមក កាលៈទេសៈ បានបង្ខំអោយកូនខ្មែរ បោះបង់ចោល ការច្នៃប្រឌិត ក្បាច់ចំលាក់រូបភាពផ្សេង ៗ នៅលើឧបករណ៍ប្រើប្រាស់ហើយក៏បានធ្វើឧបករណ៍ ជាតាខេធម្មតាៗ ដូចយើងបានឃើញ សព្វថ្ងៃនេះ។ ពេលនោះលោក មីស្ហែល ឫទ្ធី ពុំបានចាប់អារម្មណ៍ នឹងគ្រឿងភ្លេងបុរាណ ប៉ុន្មានទេ ព្រោះលោកទៅស្រុកថៃ ដើម្បីរៀនអាន សាស្ត្រាស្លឹករឹតខ្មែរ នៅឈៀងហ្មៃ ហើយចង់ធ្វើ ការស្រាវជ្រាវ អំពី ចម្រៀងបរ៉ឺន (ប្រឺន) របស់ខ្មែរសុរិន្ទទើបមិនសូវបានសាកសួរយាយប៉ិន ប៉ុន្មានអំពីប្រវត្តិតាខេ។ លោកមានប្រសាសន៍ថាមានខ្មែរសុរិន្ទម្នាក់ បាននាំលោកទៅជួបយាយប៉ិន បាននិយាយគ្នាក្រោមផ្ទះ ៤-១០ នាទី សួរពីចម្រៀងប្រឺន តែយាយប៉ិនប្រាប់ថា នៅក្នុងភូមិរបស់គាត់នោះមិនមាននរណា ច្រៀងប្រឺនទេ មានតែកន្ទ្រឹម។ បន្ទាប់មក គេក៏នាំគ្នាឡើងទៅលើផ្ទះ ដើម្បីស្តាប់យាយប៉ិន លេងតេខេ ១ ភ្លែត។ នៅមុនពេលចាប់ផ្តើម ដេញតាខេឲ្យញាតិស្តាប់លេង យាយប៉ិនបានអុជធូប ដោតនៅលើក្បានតាខេនោះ ជាមុនសិន ។
បែរមកអត្ថន័យ ពាក្យថា តាខេ នេះវិញម្តង។ តាខេ មានន័យថា ក្រពើ ព្រោះតាមពាក្យសៀមថា จระเข้ (ចរះខេ้) អានថា /ច-រ៉ៈ-ខេ/ ភាសានិយាយថា ตะเข้ (តះខេ้) /តៈ-ខេ/ ។ ឯគ្រឿងភ្លេង ហៅ จะเข้ (ចះខេ้) អានថា /ចៈ-ខេ/ តាមវចនានុក្រមសៀម ចៈខេ ក៏សំដៅទៅលើសត្វក្រពើដែរ តែជាពាក្យបុរាណ ។ គ្រូភាសាសៀមមួយរូប មានប្រសាសន៍ថា តាខេ ទំនងជាពាក្យមន–ខ្មែរ ឬ ពាក្យខ្ចីពី ភាសាមន ព្រោះជាពាក្យដែលមាន ២ ឬ ៣ ព្យាង្គ តែពាក្យសៀមសុទ្ធសាធ មានតែមួយព្យាង្គ ។ ប៉ុន្តែ គួរអោយឆ្ងល់ដែរ ព្រោះមនហៅ ក្រពើ ថា ကျာံ (ក្យាំ) ម្ល៉ោះហើយ លោកមីសែល ក៏ផ្ញើអ៊ីមែល ទៅសួរ លោក ម៉ាធីយ៉ាស យ៉េន្នី (ជាជនជាតិស្វ៊ិស) ដែលបង្រៀនភាសាមន (ភាសាសៀម និងភូមា ក៏ចេះស្ទាត់ដូចគ្នា) ។ លោកបានឆ្លើយតបវិញថា ជនជាតិមន ប្រើពាក្យថា ក្យាំ សម្រាប់ហៅទាំងសត្វក្រពើ ហើយគ្រឿងខ្សែតាខេនោះ ក៏មានរូបសណ្ឋាន ដូចជាសត្វក្រពើដែរ ដូច្នេះ លោកប្រាប់ថា យើងត្រូវពិនិត្យរកមើលពាក្យ ដែលមានន័យថា ក្រពើ ក្នុងអម្បូរភាសាថៃវិញ ។ ភាសាលាវ និងភាសាថៃធំ (ថៃយ៉ៃ) ហៅសត្វក្រពើ ថា ແຂ້ (េេខ้) អានថា /ខែ/ គឺជាពាក្យមួយព្យាង្គ។ ម្យ៉ាងទៀត ស្រៈក៏ខុសពីពាក្យនេះ ក្នុងភាសាសៀមដែរ។ លោកក៏មានយោបល់បន្ថែមថា សៀមបានផ្លាស់ស្រៈ ដើម្បីតមពាក្យ មិនអោយប្រើពាក្យសាហាវ ព្រោះក្រពើជាសត្វសាហាវ ។
<p>សព្វថ្ងៃតាខេនៅកម្ពុជាយើងធ្វើអំពីឈើខ្នុរ ដែលជាប្រភេទឈើឱ្យសំនៀងល្អជាងឈើដទៃ ។ ដូនតាយើងបានបែងចែកតាខេទាំងមូលជា៣ផ្នែក គឺក្បាលដងខ្លួន និងពោះ ។ នៅត្រង់ក្បាលមានព្រលួត៣ ច្រើនធ្វើ អំពីឈើរឹងៗ មានកំប៉ក់អាចម៍ឆ្កែ១ (ពកនៅលើច្រមុះក្រពើ បុរាណហៅថា កំប៉ក់អាចម៍ឆ្កែ) បន្ដុបពីលើសំរាប់លំអ ។ មានធរណី (ប្រកៀន) ដាក់បន្ទាប់ពីព្រលួត គឺជាខ្ទង់ ដែលខ្ពស់ជាងគេសំរាប់ទ្រខ្សែឱ្យផុតពីខ្ទង់ដទៃ ។ នៅក្រោមក្បាលមានជើងមួយសំរាប់ទ្រ ។
នៅលើខ្លួនមានខ្ទង់១២ ធ្វើអំពីឈើរឹង ឬ ឆ្អឹងដំរី ។ នៅលើខ្ទង់នីមួយៗមានបិទឆ្អឹង ឬ ខ្នងឫស្សីរឹងបន្ដុបពីលើសំរាប់ការពារភាពសឹករឹលនៃខ្ទង់ ។ ខ្ទង់ទាំង១២នេះរាយចន្លោះពី មួយទៅមួយតាមកំរិតសំនៀងរបស់ខ្លួន ។ នៅលើពោះមានប្រអប់មួយធ្វើអំពីឈើ ឬស្ពាន់មានឈ្មោះហៅថា ក្រាញ (គីង្គក់) នៅលើក្រាញមានបន្ទះឫស្សីតូចស្ដើងសំរាប់កល់ខ្សែសំនៀងឱ្យមានសំនៀងក្រាងៗ ដែលជាលក្ខណៈសំនៀងរបស់តាខេ ។ នៅខាងក្រោមពោះមានជើង៤ ឬ២សំរាប់ទ្រតួតាខេ ។
ខ្សែសំនៀងមាន៣ ៖
-ខ្សែទី១ ហៅថា ខ្សែឯក មានសំនៀងតូច ជាងគេ ពីដើមគេប្រើសរសៃសូត្រវេញចូលគ្នា បច្ចុប្បន្នគេប្រើជ័រនីឡុងជំនួសវិញ ។
-ខ្សែទី២ ហៅថា ខ្សែគ មានសំនៀងគ្រលរ ធ្វើអំពីសរសៃសូត្រដែរ ប៉ុន្ដែឥឡូវគេប្រើ ខ្សែនីឡុងវិញ ។
-ខ្សែទី៣ ហៅថា ខ្សែបន្ទរ មានសំនៀងធំ ធ្វើអំពីខ្សែលោហធាតុប្រើសំរាប់តែបន្ទរ ។
ក្រចកកេះខ្សែសំនៀង មានរាងមូលទ្រ វែងជមផ្នែកខាងកេះ ក្រចកនេះធ្វើអំពីឈើ រឹង ឬភ្លុកដំរី មានដោតខ្សែចំកណ្ដាល សំរាប់ ទុករុំភ្ជាប់នឹងចង្អុលដៃកេះ ។
ក្នុងពេលប្រគំបទភ្លេងម្ដងៗ គេប្រើប្រាស់ ខ្សែឯកច្រើនជាងគេសំរាប់រាយសាច់បទ ឯ ខ្សែគ និងខ្សែបន្ទរពុំសូវប្រើឡើយ ។ តន្ដ្រីករ តាខេគ្រប់រូបប្រើម្រាមដៃតែ៣ សំរាប់ចុច ខ្សែសំនៀង ចំណែកឯមេដៃ និងកូនដៃគេ ច្រើនតែទុកនៅទំនេរ ។

🔸Last Updated កំណែចុងក្រោយ on October 10, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).