លោក​គ្រូ​ចៅ​អធិការ​និង​សិស្ស​ពីរ​នាក់

ដកស្រង់ចេញពី គតិលោកភាគទី៥

មាន​លោក​សង្ឃ​អង្គ ១ ជា​ចៅអធិការ នាំ​ក្មេង​ពីរ​នាក់​ជា​កូន​សិស្ស​ចេញ​ចាក​អារាម​ទៅ​ព្រៃ ដើម្បី​នឹង​ទិញ​ឈើ​ធ្វើ​កុដិ កូន​សិស្ស​ក៏​ស្ពាយ​កញ្ចប់​ចង្ហាន់​យក​ទៅ ដើម្បី​ឆាន់​ពេល​ថ្ងៃ​ត្រង់។

លុះ​ទៅ​ដល់​ត្រពាំង ១ មាន​ទឹក​ដ៏​ថ្លា​ស្អាត មាន​រុក្ខជាតិ​ដុះ​ជិត​ជុំ ម្លប់​ត្រសុំ​សប្បាយ ជួន​ពេល​ថ្ងៃ​ត្រង់ លោក​សង្ឃ​នោះ ចូល​ឈប់​ប្រារព្ធ​នឹង​ឆាន់​បាយ ទើប​ក្មេង​ទាំង ២ នាក់ ក៏​ចាត់ចែង​ក​ចង្ហាន់​កញ្ចប់​នោះ​ប្រគេន ឯ​ម្ហូប​នោះ​មាន​តែ​ត្រី​កន្ត្រប់​អាំង ១ ។ លោក​ចៅ​អធិការ​ក៏​តាំង​ឆាន់ ឯ​ក្មេង​ទាំង ២ នាក់​វា​អង្គុយ​គាល់​លោក​ឆាន់ វា​នឹក​ក្នុង​ចិត្ត​វា​ថា លោក​គ្រូ​ប្រហែល​ជា​ឆាន់​ត្រី​កន្ត្រប់​នេះ តែ ១ ចំហៀង​ខាង​លើ ឯ​ចំហៀង​ខាង​ក្រោម​សោត គង់​តែ​លោក​នឹង​ទុក​ឲ្យ​យើង​កូន​សិស្ស​ពីរ​នាក់ ក្មេង​គិត​ដូច្នោះ​ហើយ វា​ក៏​ខ្សឹប​ប្រាប់​គ្នា​វា​ឲ្យ​ដឹង​ជា​សញ្ញា។

ឯ​លោក​ចៅអធិការ លុះ​ឆាន់​បាយ​អស់​ត្រី​អាំង ១ ចំហៀង​ហើយ​ក៏​នៅ​ឆ្ងាញ់ ទើប​ប្រែ​ត្រឡប់​ត្រី​កន្ត្រប់​ឆាន់​ខាង​ចំហៀង​ក្រោម​ទៀត ។

ឯ​កូន​សិស្ស ឃើញ​លោកគ្រូ​ត្រឡប់​ត្រី​អាំង​ឆាន់​ចំណែក​ខ្លួន​វា​ដូច្នោះ វា​ក៏​នាំ​គ្នា​ក្រោក​ឈរ​ឡើង​ហើយ​វា​ថា វ៉ឺយ​គ្នា​យើង ឥឡូវ​នេះ​ប្រែ​ហើយ នៅ​ផង​ពុំ​បាន​ទេ អា​ដែង ។

ក្នុង​ខណៈ​នោះ មាន​ក្របី​ព្រៃ ១ ដើរ​មក​ផឹក​ទឹក​ត្រពាំង បាន​ឃើញ​មនុស្ស​នៅ​នោះ វា​ក៏​បោល​ចូល​មក​វ័ធ ។

ឯ​កូន​សិស្ស​ទាំង​ពីរ​នាក់ បាន​ឃើញ​ក្របី​ព្រៃ​បោល​ដេញ​មក​ដូច្នោះ ទើប​វា​នាំ​គ្នា​រត់​ចោល​លោកគ្រូ ហើយ​វា​ឡើង​ដើម​ឈើ ត្រា​តែ​ដល់​ចុង ផុត​អន្តរាយ​នឹង​ក្របី ឯ​លោក​ចៅអធិការ​កំពុង​តែ​ឆាន់​ឆ្ងាញ់ ស្រាប់​តែ​ក្របី​ព្រៃ​មក​ជិត ក៏​ភិតភ័យ​តក់ស្លុត​ក្រោក​ឡើង​នឹង​រត់ ហើយ​ស្រែក​ហៅ​កូន​សិស្ស​ឲ្យ​ជួយ​ដោយ​រួសរាន់​ណាស់។

ឯ​កូន​ក្មេង​នៅ​លើ​ចុង​ឈើ វា​នាំ​គ្នា​ស្រែក​ទៅ​ថា​ផែនដី​ប្រែ​ហើយ នរណា​ឡើយ​នឹង​ទៅ​ជួយ ត្រី​កន្ត្រប់​តូច​មួយ ឆាន់​អស់​នៅសល់​តែ​ឆ្អឹង ចូល​លោក​គ្រូ​ខំ​ប្រឹង​រត់​ទៅ​តែ​ឯង តាម​យថាកម្ម​រៀង​ខ្លួន​ចុះ យើង​មិន​ចុះ​ទៅ​ជួយ​ទេ ។

ឯ​លោក​នោះ រត់​មិន​រួច​ពី​ក្របី ៗ ក៏​វ័ធ​ដល់​នូវ​មរណកាល​កណ្ដាល​ព្រៃ​នោះ​ហោង ។

រឿង​និទាន​នេះ បាន​សេចក្ដី​ជា​គតិ​យ៉ាង​ណា ចូរ​ថា​ទៅ​មើល ?

កូន​សិស្ស​តប​ថា រឿង​និទាន​នេះ បាន​គតិ​ដូច​ពាក្យ​សុភាសិត​ច្បាប់​ចាស់​ថា ” បាន​ស្ករ​នឹង​ទឹក​ឃ្មុំ​ពួន​ក្នុង​ផ្ទះ​ស៊ី​ម្នាក់​ឯង ” ។ បុគ្គល​ទាំង​ឡាយ​ក្នុង​លោក​នេះ សឹង​មាន​អាហារ​ជា​ថ្នាំ​កែ​រោគ​ឃ្លាន គឺ​គំលាន​នេះ​ជា​រោគ​ធំ​បំផុត បុគ្គល​ណា​ចង់​រស់​រស់​តែ​ឯង មិន​គិត​ដល់​អ្នក​ដទៃ​ផង បុគ្គល​នោះ លុះ​មាន​ក្ដី​ភ័យ​ឯ​ណា​មួយ មក​ដល់​ខ្លួន​ហើយ នឹង​ស្រែក​រក​ឲ្យ​គេ​ជួយ គេ​ក៏​ពុំ​មក​ជួយ​ឡើយ ហៅ​ថា​ពុំ​ដឹង​ប្រមាណ​ក្នុង​ការ​បរិភោគ ។ អ្នក​មាន​បញ្ញា​គួរ​ត្រិះរិះ​តទៅ​ទៀត​ចុះ ។

ចប់​តម្រា​គតិ​បរិភោគ​អាហារ​មិន​គិត​គេ ទី ១១ តម្រា​ប្រែ ផែនដី​ក្របី​វ័ធ​ស្លាប់ អញ្ជើញ​អ្នក​ស្ដាប់ កុំ​ត្រាប់​យក​ជា​គតិ ។

🔸Last Updated កំណែចុងក្រោយ on May 4, 2023

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace