រឿង ភ្នំ​នាង​កង្រី (នៅ​ខេត្ត​កំពង់ឆ្នាំង)

នៅ​ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង មាន​ភ្នំ ១ ខ្ពស់ ជាង​គេ មើល​ពី​ចម្ងាយ​ទៅ​ឃើញ​ដូច​មនុស្ស​ដេក​សណ្ដូក​ខ្លួន ។ នៅ​លើ​ភ្នំ​នោះ មាន​រុក្ខ​ជាតិ​តូច​ធំ​ដុះ​ជា​ច្រើន ដូច​ភ្នំ​ឯ​ទៀត​នៅ​ជុំ​វិញ​នោះ​ដែរ តែ​ប្លែក​ជាង​គេ​ត្រង់​ចង្កេះ​ភ្នំ​នោះ​មាន​ដុះ​ម្អម​ដុះ​ច្រើន​ណែន​ណាន់​តាន់​តាប់, អ្នក​ស្រុក​នៅ​ជុំ​វិញ​ភ្នំ​នោះ​គេ​មិន​បរិភោគ​ម្អម​នោះ​ទេ ព្រោះ​គេ​ឮ​ចាស់​ៗ ដំណាល​ថា ភ្នំ​នោះ​កើត​ពី​រូប​នាង កង្រី​យក្ខិនី ជា​មហេសី ព្រះ​ពុទ្ធិសែន ហើយ​គេ​សន្មត​ថា​ម្អម​នោះ ជា​រោម​យោនី​នៃ​នាង កង្រី នោះ​ឯង ។ មិន​តែ​ប៉ុណ្ណោះ​នៅ​ជើង​ភ្នំ​នោះ មាន​ត្បាល់​ថ្ម ១ អង្រែ​ថ្ម ១ ធំ​តាំង​ពី​បុរាណ​មក មិន​ដឹង​ជា​នរណា​សាង​ទេ ។ ពួក​ជន​អ្នក​ឡើង​ទៅ​ដល់​ទី​នោះ លុះ​តែ​យក​អង្រែ​ថ្ម​បុក​ត្បាល់​ថ្ម​នោះ ទើប​មិន​ចាញ់ ហើយ​នឹង​បាន​សុខ​សប្បាយ ។ (នេះ​ជា​ជំនឿ​របស់​អ្នក​ស្រុក​ដែល​មាន​តាំង​ពី​បុរាណ​កាល) ។

ភ្នំនាងកង្រី (ខេត្តកំពង់ឆ្នាំង)

រឿង​នាង កង្រី មាន​សេចក្ដី​សង្ខេប​ដូច​តទៅ​នេះ ៖

កាល​ពី​ព្រេង​នាយ មាន​សេដ្ឋី​ម្នាក់ នៅ​នគរ​មួយ ជា​មនុស្ស​ឥត​កូន បាន​នាំ​ប្រពន្ធ​ទៅ​បន់​សុំ​កូន​នៅ​ដើម​ជ្រៃ​មួយ ។ ក្រោយ​ពី​បន់​មក ប្រពន្ធ​មាន​កូន ១២ នាក់ សុទ្ធ​តែ​ស្រី ។ លុះ​បាន​កូន​ហើយ សេដ្ឋី​ធ្លាក់​ខ្លួន​ជា​អ្នក​ទាល់​ក្រ​រក​អាហារ​ចិញ្ចឹម​គ្មាន ក៏​រទេះ​ដឹក​កូន​ទាំង ១២ ទៅ​ប្រោស​ចោល​ក្នុង​ព្រៃ​ជ្រៅ ។

ក្រោយ​ពី​ឪពុក​ប្រោស​ចោល កូន​ទាំង ១២ នាក់ ក៏​នាំ​គ្នា​ដើរ​ក្នុង​ព្រៃ​ទៅ​ដល់​នគរ​មួយ ជា​នគរ​យក្ស​ស្រី​ឈ្មោះ​នាង សន្ធមារ ។ យក្ស​ស្រី​នោះ មាន​កូន​ស្រី​មួយ​ឈ្មោះ​នាង កង្រី ។ នាង សន្ធមារ បាន​ឃើញ​នាង​ទាំង ១២ ក៏​តំណែង​ខ្លួន​ជា​មនុស្ស​ស្រី នាំ​យក​នាង​ទាំង​នោះ ទៅ​ទុក​ប្រាសាទ​របស់​ខ្លួន ឲ្យ​បម្រើ​នាង កង្រី ជា​កូន ។

កាល​នាង​ទាំង ១២ ដឹង​ថា នគរ​នោះ​ជា​នគរ​យក្ស នាង សន្ធមារ ជា​យក្ខិនី ហើយ​ក៏​នាំ​គ្នា​រត់​ចេញ ។ នាង សន្ធមារ តាម​រក​ទៅ​ឃើញ​នាង​ទាំង ១២ បាន​ជា​មហេសី​ព្រះបាទ រថសិទ្ធ នៅ​នគរ​មនុស្ស ក៏​តំណែង​ខ្លួន​ជា​ស្រី​ក្រមុំ បាន​ធ្វើ​ជា​មហេសី​ព្រះ​បាទ រថសិទ្ធ នោះ​ដែរ​ហើយ​នាង សន្ធមារ ពុត​ធ្វើ​ជា​ឈឺ​ធ្ងន់ ញុះញង់​ពេទ្យ​ឲ្យ​ទូល​ព្រះ​បាទ រថសិទ្ធ ឲ្យ​ឆ្កៀល​ភ្នែក​នាង​ទាំង ១២ យក​មក​ធ្វើ​ជា​ថ្នាំ​ព្យាបាល​រោគ​ខ្លួន និង​ឲ្យ​យក​នាង ១២ ដែល​មាន​គភ៌​គ្រប់​គ្នា​ទៅ​ទុក​ក្នុង​រណ្ដៅ​មួយ​ជាមួយ​គ្នា បង្អត់​អាហារ ហើយ​ឲ្យ​យក​គ្រាប់​ភ្នែក​នាង​ទាំង ១២ ទៅ​ទុក​ក្នុង​ឃ្លាំង​ឯ​នគរ​របស់​ខ្លួន ឲ្យ​នាង​កង្រី​ជា​កូន​ខ្លួន​ថែ​រក្សា ។

បណ្ដា​នាង​ទាំង ១២ នោះ នាង​បង​ៗ ១១ នាក់​ត្រូវ​គេ​ឆ្កៀល​ភ្នែក​ទាំង​សង​ខាង ឯ​នាង​ពៅ​ត្រូវ​គេ​ឆ្កៀល​ភ្នែក​តែ​ម្ខាង ដោយ​មក​ពី​ជាតិ​មុន នាង​ពៅ​ឆ្កៀល​ភ្នែក​ត្រី​ម្ខាង​ដែរ ។ នាង​ទាំង ១២ ដែល​មាន​គភ៌​នោះ នាង​ពៅ​មាន​ព្រះ​ពោធិសត្វ​មក​ចាប់​ផ្ទៃ ។ វេលា​នាង​បងៗ កើត​កូន​មក​ភ្លាម គេ​ហែក​សាច់​កូន​ចែក​គ្នា​ស៊ី​អស់ ។ ចំណែក​នាង​ពៅ​កើត​កូន​មក​ឲ្យ​ឈ្មោះ​ថា “ពុទ្ធិសែន” ហើយ​លាក់​ទុក​មិន​ឲ្យ​នាង​បង​ៗ​ដឹង ។

ចំណេរ​កាល​មក​ខាង​ក្រោយ វេលា ពុទ្ធិសែន ធំ​ពេញ​ជំទង់​ឡើង​នាង សន្ធមារ ដឹង​ថា​ជា​កូន​នាង ១២ ក៏​ប្រើ​ឲ្យ​ជិះ​សេះ​នាំ​សំបុត្រ​ទៅ​ឲ្យ​នាង កង្រី ដោយ​ដាក់​សេចក្ដី​ថា “បើ ពុទ្ធិសែន មក​ដល់​យប់​ឲ្យ​ស៊ី​ទាំង​យប់ ដល់​ថ្ងៃ​ឲ្យ​ស៊ី​ទាំង​ថ្ងៃ ” ។ តែ​ជា​ភ័ព្វ​របស់​ពុទ្ធិសែន នៅ​ពេល​ជិះ​សេះ​ទៅ​ដល់​ពាក់​កណ្ដាល​ព្រៃ មហា​ឫស្សី​បាន​ឃើញ ពុទ្ធិសែន កំពុង​ផ្ទំ​លក់ នឹង​ឃើញ​សំបុត្រ​ដែល​ចង​នៅ​ក​សេះ​ក៏​ហែក​សំបុត្រ​ចោល ហើយ​សរសេរ​សំបុត្រ​ជា​ថ្មី​ថា “បើ ពុទ្ធិសែន មក​ដល់​យប់​ឲ្យ​រៀប​ការ​ទាំង​យប់ ដល់​ថ្ងៃ​ឲ្យ​រៀប​ការ​ទាំង​ថ្ងៃ ជា​មួយ​នាង​ជា​កូន” ។ ពេល​ដែល ពុទ្ធិសែន ទៅ​ដល់​នគរ​យក្ស នាង កង្រី បាន​ឃើញ​សំបុត្រ​ក៏​រៀប​ការ​ជាមួយ ពុទ្ធិសែន ភ្លាម ។ ព្រះ ពុទ្ធិសែន បាន​សោយ​រាជ្យ​នៅ​នគរ​យក្ស​មិន​យូរ​ប៉ុន្មាន ដោយ​នាង កង្រី ថ្វាយ​ដំណឹង​អំពី​ប្រស្រី​ភ្នែក​មាតា​លោក និង​អំពី​ថ្នាំ​សម្រាប់​ដាក់​ភ្នែក​ឲ្យ​ជា ហើយ​និង​ថ្នាំ​សម្រាប់​បោះ​ទៅ​កើត​ជា​ទឹក​សមុទ្រ ជា​ភ្នំ​បាន ក៏​ទ្រង់​លួច​រត់​ចោល​នាង កង្រី ទាំង​អធ្រាត្រ​មក​នគរ​វិញ ។ នាង​ កង្រី តាម​មក ព្រះ ពុទ្ធិសែន បោះ​ថ្នាំ​ឲ្យ​កើត​ជា​ទឹក​សមុទ្រ​ខាំង​ផ្លូវ ។ នាង កង្រី ក៏​យំ​សោក​ស្លាប់​ខ្លួន​នៅ​កណ្ដាល​ព្រៃ ហើយ​ព្រះ ពុទ្ធិសែន មក​ដល់​នគរ​វិញ​ដោយ​សុវត្ថិភាព ទ្រង់​ដាក់​ថ្នាំ​ភ្នែក​មាតា និង​មាតា​ធំ​ទាំង​អស់​ឲ្យ​ជា​ឡើង ហើយ​ទ្រង់​សម្លាប់​នាង សន្ធមារ ទៅ ទ្រង់​បាយ​សោយរាជ្យ​ជំនួស​ព្រះ​បិតា​ជា​សុខក្សេមក្សាន្ត រហូត​ដល់​ទ្រង់​ព្រះ​ទិវង្គត។

🔸Last Updated កំណែចុងក្រោយ on June 29, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).