រឿង​ទន្សាយ​និង​ផ្លែ​ព្នៅ

មាន​សត្វ​ទន្សាយ​មួយ ទៅ​ដេក​នៅ​ក្រោម​ដើម​ព្នៅ ទៀប​ទី​ជើង​ដំបូក​មួយ ថ្ងៃ​នោះ​មាន​ផ្លែ​ព្នៅ​មួយ​ទុំ ដល់​ពេល​ក៏​ជ្រុះ​ធ្លាក់​ចាក​ទង​ដល់​ដី សព្ទ​សូរ​ឮ​ប្រោក​ខ្ទរ​ព្រៃ ។ ឯ​ទន្សាយ​ឮ​ហើយ ក៏​ភិតភ័យ​ដោយ​គិត​ថា​ផែនដី​ស្រុត ទើប​ស្ទុះ​ក្រោក​រត់​ចេញ​ទៅ​ដោយ​កំលាំង​ផ្អើល បោល​បោះ​ផ្លោះ​ទៅ​ដល់​សំណាក់​នៃ​គោ​ៗ ក៏​ស្រែក​សួរ​ថា “ទន្សាយ​អើយ ចៅ​រត់​ខ្លាំង​ម្ល៉េះ តើ​ដោយ​មាន​ការ​អ្វី ? ទន្សាយ​ប្រាប់​ថា “បង​គោ​អើយ ! ផែនដី​ស្រុត​ហើយ នៅ​នេះ​ពុំ​បាន​ទេ ទៅ​ឲ្យ​ឆាប់ៗ”។ គោ​ឮ​ដូច្នោះ ក៏​ភិតភ័យ​ស្ទុះ​បោល​ទៅ​ជា​មុន​នៃ​ទន្សាយ លុះ​បោល​ទៅ​សំណាក់​ជ្រូក ក្ដាន់​ៗ​ក៏​ផ្អើល​រត់​ទៅ​តាម​គោ ៗ បោល​ទៅ​ដល់​សំណាក់​ដំរី ៗ ឃើញ​គោ​បោល​មក​ក៏​សួរ​ថា ” គោ​ឯង​បោល​ដោយ​មាន​ការ​អ្វី? ។ គោ​ថា “នៅ​នេះ​ពុំ​បាន​ទេ មហា​ភ័យ​នឹង​កើត​មាន​ដល់​ពួក​យើង​ហើយ “។ ដំរី​ឮ​ដូច្នោះ​ហើយ ក៏​ភ័យ​ផ្អើល​ស្ទុះ​រត់​ទៅ​ជា​មុន​នៃ​គោ បាន​ទៅ​ដល់​សំណាក់​រាជសីហ៍​បរម​ពោធិសត្វ ជា​សត្វ​ប្រកប​ដោយ​សតិ​បញ្ញា កាល​បាន​យល់ ពួក​សត្វ​ចតុប្បាទ​ផ្អើល​រត់​ចលាចល​ដូច្នោះ ក៏​សួរ​ទៅ​ដំរី​ថា “ប្រស្ដែង​ដំរី ឯង​ផ្អើល​រត់​មក តើ​ព្រោះ​ដំណើរ​អ្វី ? ។ ដំរី​ថា ខ្ញុំ​នេះ​មិន​ដឹង​ដំណើរ​អ្វី​ទេ ឃើញ​តែ​គោ​បោល​ក៏​រត់​តាម​គោ​មក ដោយ​ឮ​ថា​មហា​ភ័យ​ដល់​ហើយ ” ។

ពោធិសត្វ​ក៏​សួរ​ទៅ​គោ​វិញ​ថា ” ប្រស្ដែង​គោ​ឯង​នាំ​គេ​រត់​មក​នេះ​តើ​ដោយ​ហេតុ​អ្វី ? ។ គោ​តប​ថា “ខ្លួន​ខ្ញុំ​បាទ​ក៏​ពុំ​ដឹង​ហេតុ​អ្វី ឃើញ​តែ​ជ្រូក​ក្ដាន់​ផ្អើល​រត់ ក៏​រត់​តាម​គេ​មក ” ។ ពោធិសត្វ​សួរ​ជ្រូក​ក្ដាន់ ៗ ក៏​ប្រាប់​ថា​មិន​ដឹង​ដូច​គ្នា តែ​អ្នក​ដែល​ផ្ដើម​នាំ​រត់​នោះ គឺ​សត្វ​ទន្សាយ​នេះ​ឯង​ជា​មុន​បង្អស់ ។

រាជសីហ៍​ពោធិសត្វ ក៏​សួរ​ទន្សាយ ៗ ប្រាប់​ថា ខ្ញុំ​បាទ​ក៏​ពុំ​ច្បាស់​ហេតុ​ភ័យ​នោះ មិន​ដឹង​ជា​សព្ទ​សូរ​អ្វី គឺ​កាល​ខ្ញុំ​បាទ​ដេក​នៅ​ជើង​ដំបូក ដែល​មាន​ដើម​ព្នៅ​មួយ​ដើម​ដុះ​នៅ​ខាង កំពុង​និទ្រា​ស្រួល​ស្រាប់​តែ​ឮ​សូរ​សន្ធឹក​អ្វី​ប្រោក​ខ្ជោក ខ្ទរ​ផែនដី​ខ្ទប់​ដល់​ត្រចៀក​ខ្ញុំ​បាទ ៗ ភិតភ័យ​តក្កមា​ហាក់​ដូច​ជា​ផែនដី​ស្រុត​ទ្រោម​ទ្រុឌ ឬ​កក្រើក​រំពើក​ញាប់ញ័រ​ជា​ប្រាកដ ហេតុ​នោះ​បាន​ជា​ខ្ញុំ​បាទ​រត់​ចេញ​មក​នេះ សូម​អ្នក​រាជសីហ៍​ជ្រាប​ហោង ” ។

ពោធិសត្វ​ឮ​ទន្សាយ​អធិប្បាយ​ដូច្នោះ ក៏​ពិចារណា​ដោយ​បញ្ញា​ត្រិះរិះ​អាការ​សម្លេង​នោះ ក៏​ជ្រាប​ការ​ឥត​សង្ស័យ ទើប​ប្រស្រ័យ​ទៅ​ថា “អ្នក​ឯង​អស់​នេះ​ជា​សត្វ​ឥត​សតិបញ្ញា ហៅ​ថា​សត្វ​គំនិត​ស្រាល កាល​ឮ​អ្វី ឃើញ​អ្វី​មិន​ទាន់​ច្បាស់​នឹង​ចក្ខុ​បញ្ញា​របស់​ខ្លួន ក៏​គិត​ស្មាន​ប្រមាណ ហើយ​ភ្ញាក់ផ្អើល​ភិតភ័យ​តាម​គ្នា នាំ​ឲ្យ​លំបាក​កាយ អស់​កំលាំង​ទទេ​យ៉ាង​នេះ យើង​គិត​ទៅ​យល់​ហើយ រឿង​សព្ទ​សូរ​ប្រោក​ខ្ជោក​នោះ មិន​មែន​អ្វី​ទេ គឺ​ផ្លែ​ឈើ​ចាក​ទង​នោះ​ឯង​ជា​ប្រាកដ ដូច្នេះ ចូរ​ចៅ​ទន្សាយ​ឯង​នាំ​យើង​ទៅ​មើល​ទី​នោះ” ។ ឯ​ទន្សាយ​ក៏​នាំ​ពោធិសត្វ​ទៅ​ត្រង់​ទី​ជើង​ដំបូក​ដែល​ខ្លួន​ដេក​នោះ ពោធិសត្វ​ដើរ​មើល​ទីនោះ ក៏​បាន​ឃើញ​ផ្លែ​ព្នៅ​ទុំ​មួយ​យ៉ាង​ធំ ដែល​ទើប​នឹង​ជ្រុះ​មក​ថ្មី​ៗ​នៅ​ទីនោះ ទើប​ប្រាប់​អស់​សត្វ​ទាំង​ឡាយ មាន​ទន្សាយ​ជា​ដើម​ឲ្យ​ចូល​ចិត្ត​ថា មហា​ភ័យ​ដែល​កើត​ដល់​អ្នក​ឯង​រាល់​គ្នា​នេះ គឺ​ផ្លែ​ព្នៅ​ទុំ​មួយ​នេះ​ឯង យើង​រក​ឃើញ​ហើយ ។ ឯ​សត្វ​ទាំង​ឡាយ​បាន​ដឹង​ហេតុ​ដើម គឺ​រាជសីហ៍​រក​ឃើញ​ហើយ ក៏​នាំ​គ្នា​ឲ្យ​សព្ទសាធុការ​ដល់​ពោធិសត្វ ហើយ​ត្មះតិះដៀល​ខ្លួន​ឯង​ដោយ​ឥត​សតិ​បញ្ញា​នឹង​ពិចារណា​ការ​អ្វី ៗ គ្រាន់​តែ​ឮ​គេ ឬ​ឃើញ​តែ​គេ​ផ្អើល មិន​សាកសួរ​ហេតុ​ឲ្យ​ច្បាស់​ការ​នោះ​ជាមុន​សិន មិន​ដឹង​ថា​ជា​អ្វី ៗ ក៏​ភិត​ភ័យ​ផ្អើល​ឆោឡោ​ចលាចល​ឡើង នាំ​ឲ្យ​ខូច​កំឡាំង​ខូច​ប្រយោជន៍​អាត្មា​ទីទៃ ៗ សត្វ​ទាំង​ឡាយ​នាំ​គ្នា​សរសើរ​ពោធិសត្វ​ហើយ ក៏​លា​ពោធិសត្វ​ទៅ​កាន់​លំនៅ​នៃ​អាត្មា​ទីទៃ​ៗ​ហោង ។ រឿង​និទាន​នេះ មាន​សេចក្ដី​ពិស្ដារ​ក្នុង​គម្ពីរ​ដីកា​មហាសមយសូត្រ​ឯណោះ អ្នក​ប្រាជ្ញ​គប្បី​ចូល​ចិត្ត​ចុះ ។

រឿង​និទាន​នេះ បាន​គតិ​ដល់​បុគ្គល​អ្នក​មាន​គំនិត​ស្រាល ដាល​ជឿ​តែ​គេ គ្មាន​គិត​គ្នេរ​រេ​រិះ​ឲ្យ​ដឹង​ដើម​ដឹង​ចង គ្រាន់​តែ​ឮ​គេ​ក៏​បណ្ដោយ​ផ្អើល​រត់​ទៅ បាន​នូវ​ក្ដី​ក្ដៅ​ក្រហាយ ដូច​សត្វ​ចតុប្បាទ​ទាំង​ឡាយ​ផ្អើល​តាម​ទន្សាយ​នោះ​ឯង អ្នក​ប្រាជ្ញ​គប្បី​ចូល​ចិត្ត​ទៀត​ចុះ ។

ទន់​អើយ​ទន្សាយ ព្នៅ​ធ្លាក់​ជិត​កាយ ហ្មាយ​ថា​ដី​ស្រុត មិន​មើល​ឲ្យ​ជាក់ ទៅ​ភ្ញាក់​តក់ស្លុត រត់​ស្ទើរ​នឹង​ផុត អស្វាតបស្វាត ។ ខំ​បោល​ខំ​បោះ ហាក់​ដូច​គេ​ហោះ នាំ​សត្វ​ចតុប្បាទ ឲ្យ​ផ្អើល​គ្រប់​ប្រាណ រត់​ពាន​ព្រៃ​ស្បាត មិន​ដឹង​ដើម​អាទិ៍ ខ្មោច​ព្នៅ​វា​លង ។

ចប់​តម្រា​កោលាហល​ឥត​យោបល់ ជា​គតិ​ទី ៥២ ។

🔸Last Updated កំណែចុងក្រោយ on May 4, 2023

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).