នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
សេពគប់ពាល ពាលនាំទៅរកខុស សេពគប់ប្រាជ្ញប្រុស ប្រាជ្ញនាំទៅរកត្រូវ ។ 🕯️សម្តេច ជួន ណាត
ព្រៃឫស្សី
| សូរសព្ទសាសងសរសើរសង្សារ | ចង់ចូលចរចាចាប់ចិត្តចាំចង |
| បបោសបីបាច់បើបានបៀតបង | ដណ្តឹងដប់ដងដុនដាបដិតដាម។ |
| លួចលាក់លលេងលិចលង់លបលោត | រហេតរហូតរហេមរហាម |
| រសាប់រសល់រសេមរសាម | ដឹងដល់ដៀមដាមដោះដៃដេញដោល។ |
| បែកបាក់បាត់បង់បបួលបែរបន់ | តាមតែតូចតន់តឹងតែងតែលតោល |
| ចចេសចូលចាប់ចុះចាញ់ចាកចោល | បំបរបំបោលបំបែកបំបាក់ ។ |
| ស្នូរស្នស្នាមស្នាស្នេហ៍ស្នងស្និទ្ធស្នាល | អ៊ីអ៊ំអុចអាលអល់អែកអន់អាក់ |
| ថ្លើមថ្លៃថ្លាថ្លែងថ្លោះធ្លោយថ្នាំងថ្នាក់ | ប្រឹងប្រែងប្រើប្រាក់ប្រែប្រួលគូព្រេង។ |
| រឿងរ៉ាវរៀបរាប់ចប់ឥតខ្លឹមសារ | រឿងរ៉ាវស្នេហាវិលវល់វង្វេង |
| បើរស់អត់សីលគ្មានធម៌ទប់ជ្រែង | ទោះអាយុវែងវែងតែវេលា ។ |
| សែសិបប្រាំបីវ័យវឌ្ឍនាការ | ប្រាំងទល់វស្សាឈឺពុំសូវជា |
| បើស្អែកមិនស្លាប់យើងបានជួបគ្នា | ស្តាប់ធម៌សន្ទនាចម្រើនបារមី។ |
| ចូលសែប្រាំបួនជួនជួបគុណគាប់ | បុណ្យធំជាទ្រព្យជួនខួបឆ្នាំថ្មី |
| នៅវត្តវេឡុវន័ហៅព្រៃឫស្សី | លងព្រះចេតិយឆ្លងខ្លោងទ្វារផ្លូវ។ |
| ខ្ញុំកើតមិនទាន់វេឡុវន័ស្រុកព្រះ | តែបានប្រទះវេឡុវន័ឥឡូវ |
| ចំថ្ងៃកំណើតហើយចែកសៀវភៅ | អានឱ្យចប់ទៅហើយទុកឱ្យគង់។ |
| ព្រោះការចេះចាំទោះច្រើនឬតិច | អាចភ្លាំងភ្លាត់ភ្លេចក្លាយទៅជាល្ងង់ |
| បើមានគម្ពីរទុកជួយទ្រទ្រង់ | បើភ្លេចក៏គង់នៅមានទីអាង។ |
| សំណល់សំណៅសំណេរសំណព្វ | ពេលខ្លះមានភ័ព្វក្លាយជាសំណាង |
| អ្នកប្រាជ្ញមានក្បួនទុកជាទីអាង | រក្សាភ័ស្តុតាងទុកមិនឱ្យបាត់។ |
| ដូចស្តេចមានទ័ពទុកជាកម្លាំង | ពេលមានចោរខ្មាំងទ័ពចេញកម្ចាត់ |
| បណ្ឌិតមានបុណ្យទុកជាសម្បត្តិ | អប់រំហ្វឹកហាត់សតិបញ្ញា។ |
| រីឯធម្មជាតិលើភពផែនដី | ភ្លឺដោយរស្មីនៃដួងសុរិយា |
| សូមឱ្យសព្វសត្វមានចិត្តភ្លឺថ្លា | ដោយមានបញ្ញាជាដួងរស្មី។ |
| ខ្យល់ជំនោរធ្លាក់ត្រជាក់សព្វសាយ | ត្រជាក់ផ្លូវកាយនៃជនប្រុសស្រី |
| សូមឱ្យសព្វសត្វត្រជាក់ហឫទ័យ | ដោយទឹកមន្តនៃទឹកចិត្តមេត្តា។ |
| សូមកុំចាញ់បោករៀងសង្សារវដ្ត | សូមកុំភ្លាំងភ្លាត់ផុងភក់តណ្ហា |
| សូមផ្លោះរំលងឆ្លងភពអន្ធការ | ផុតវដ្តសង្សារដល់ត្រើយនិព្វាន។ |

និពន្ធដោយៈ ឧបាសក គុយ សុធន Kuy, Sothon





