នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸ងប់នឹងល្បែងតែងហិនហោច។
ឧបការគុណមាតា
បទពាក្យប្រាំពីរ
| អ្នកម្តាយមានគុណធ្ងន់ពេកក្រៃ | ធ្ងន់លើសឧបមេយ្យហាស្តីបាន |
| មិនអាចគណនាថាប៉ុន្មាន | ឱ្យធ្ងន់ស្មើបាននឹងគុណលោក ។ |
| គុណលោកពផ្ទៃថ្លៃវិសេស | គុណនេះមានន័យឱ្យផ្ទៃជ្រក |
| ដប់ខែម៉ែខំថែពន្លក | កាលជាទារកជ្រកក្នុងផ្ទៃ ។ |
| លោកមានមេត្តារក្សាគិត | ថ្នាក់ថ្នមអាណិតចិត្តភិតភ័យ |
| ទាំងយប់ទាំងថ្ងៃលោកមមៃ | គិតសត្វក្នុងផ្ទៃនៃអាត្មា ។ |
| លោកដើរលោកដេកឈរអង្គុយ | មិនហ៊ានប្រថុយតាមចិន្តា |
| លោកថ្នាក់លោកថ្នមគ្រប់ឥរិយា | ទោះទាំងពិសារអាហារក្តី ។ |
| លោកតែងគិតគូរជូរប្រៃហឹរ | ខ្លាចមានមន្ទិលមិនគប្បី |
| ប៉ះពាល់ដល់គភ៌ពក្នុងផ្ទៃ | កើតមានមោះមៃមិនសុខា ។ |
| ដប់ខែម៉ែខំទ្រាំពផ្ទៃ | ទាំងយប់ទាំងថ្ងៃទាំងឈឺជា |
| ចិត្តកាយខ្វាយខ្វល់ស្គាល់វេទនា | ស៊ូទ្រាំពុះពារស្ទើរមរណា ។ |
| កាលគ្រប់ដប់ខែម៉ែប្រសូត្រ | ស្ទើរផុតរលត់សូន្យសង្ខារ |
| វិស័យនាវិកឆ្លងជលសា | ក្រោមព្យុះព្យោមាកំបុតត្បូង ។ |
| ឆ្លងផុតសមុទ្រគ្រោះមរណា | លោកឮភាសាង៉ាឡូងៗ |
| លោកកើតករុណាពោរពេញទ្រូង | ចិត្តស្លុងអាសូរស្នូរសម្លេង ។ |
| សម្លេងគ្រលួចកួចសោតា | ចិត្តថ្លើមមាតាឱ្យវង្វេង |
| ភ្លេចឈឺចុកចាប់សោកសង្រេង | ចិត្តរងថ្លាឈ្វេងដោយរីករាយ ។ |
| ចង់ស្ទុះក្រសោបឱបថ្នាក់ថ្នម | បីបមប្រលែងលេងសប្បាយ |
| ភ្លេចគិតខ្លួនខ្សោយភ្លេចគិតកាយ | ភ្លេចគិតអន្តរាយសរសៃខ្ចី ។ |
| ចាប់ពីប្រសូត្ររហូតមក | លោកថែពន្លកដោយថ្នមបី |
| ចិញ្ចឹមបញ្ចុកនំចំណី | បំបៅទឹកក្សីរថ្លៃបវរ ។ |
| លោកខំចិញ្ចឹមនឹងថែថួន | តាំងខ្លួនបំរើដោយស្មោះស |
| ប្រាថ្នាឱ្យកូនបានបវរ | ផ្លូវលោកផ្លូវធម៌ល្អស្មើគ្នា ។ |
| បើកូនបានសុខលោកត្រេកអរ | សាទរដោយធម៌មុទិតា |
| ជូនពរថែមទៀតដោយជ្រះថ្លា | នេះហើយលោកថាមហាគុណ ។ |
| លោកតាមរក្សាគ្រប់វេលា | គ្រប់គ្រាសុខទុក្ខលោកផ្តល់ទុន |
| ផ្តល់មធ្យោបាយផ្តល់ទ្រព្យធន | គុណនេះមហាធ្ងន់ ធ្ងន់លើសលប់ ។ |
| លោកផ្តល់ជីវិតផ្តល់ចំណេះ | ផ្តល់ប្រាជ្ញផ្តល់ចេះផ្តល់សព្វគ្រប់ |
| ផ្តល់គ្រប់វេលាទាំងថ្ងៃយប់ | ផ្តល់មិនឈរឈប់តាមត្រូវការ ។ |
| មិនថាកូនតូចឬកូនធំ | មិនថាស្តុកស្តម្ភឬវេទនា |
| លោកតាមឧបត្ថម្ភគ្រប់ៗគ្នា | ដោយឧបេក្ខាព្រហ្មណ៍វិហារ ។ |
| នេះហើយលោកហៅឧបការគុណ | ធ្ងន់នោះសែនធ្ងន់ហួសគណនា |
| មិនអាចរៀបរាប់ឱ្យត្រូវជា | ប៉ុណ្ណេះប៉ុណ្ណានោះបានឡើយ ។ |
| ច្នេះហើយគួរកូនទាំងប្រុសស្រី | គប្បីគិតគូរកុំកន្តើយ |
| តបស្នងសងគុណព្រះឱ្យហើយ | ទាន់ឡើយនៅរស់ច្បាស់នឹងភ្នែក ។ |
| លោកថាធ្វើបុណ្យទាន់ខែភ្លឺ | កុំចាំលោកឈឺឬចាំបែក |
| ទើបខំធ្វើបុណ្យទាំងទឹកភ្នែក | ខំស្រែកហៅលោកមកពិសារ ។ |
| បុណ្យនោះឈ្មោះថាខែងងឹត | មិនបានឃើញពិតនឹងនេត្រា |
| ដូចលោកនៅរស់ទេជីវា | កុំចាំមរណាទើបខ្វាយខ្វល់ ។ |
| មាតាបិតាជាព្រះរស់ | កូនចៅទាំងអស់គួរតម្កល់ |
| គោរពបូជាឱ្យដិតដល់ | មគ្គផលនឹងផ្តល់ឱ្យគ្រប់គ្នា ។ |
| បូជាព្រះរស់នៅក្នុងផ្ទះ | នឹងមានតេជះឈ្នះអស់មារ |
| បានសុខចំរើនគ្រប់វេលា | លុះគ្រាអវសានប្រាកដហោង ៕ |

និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ
វត្តចាក់អង្រែក្រោម, ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៩


🔸កំណែចុងក្រោយ Last Updated on April 18, 2025 by Johnny ចន្នី






