នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸មាតានិងបិតាលោកហៅថា ព្រហ្ម (របស់បុត្រ)។
ដាក់អាយុសង្ខារ-បរិនិព្វាន
| អាកាសត្រជាក់ធ្លាក់ជំនោរ | តាមព្រែកទឹកហូរសូររងំ |
| ស្រណោះវាលស្រែខែក្អាត់យំ | ម៉ែឪនៅជុំសុខសប្បាយ។ |
| ថ្ងៃហើយនិងយប់កន្លងទៅ | បន្សល់ទុកនៅរឿងទាំងឡាយ |
| អ្នកស្លាប់បាត់បង់ទាំងរូបកាយ | អ្នករស់ខ្វល់ខ្វាយជាធម្មតា។ |
| អង្គព្រះទ្រង់ញាណមានតេជះ | សម្តែងប្រាប់ព្រះអានន្ទថា |
| រទេះដែលចាស់បរទៅណា | ទៅបានដោយសារអបឫស្សី។ |
| តថាគតចាស់គ្រាំគ្រាហើយ | ម្នាលអានន្ទអើយមានមាំអី |
| ដូចរទេះចាស់អបឫស្សី | វស្សាឆ្នាំថ្មីប៉ែតសិបហើយ។ |
| ក្រោយព្រះអានន្ទទ្រង់ចេញផុត | ពីព្រះសម្ពុទ្ធមិនយូរឡើយ |
| ក្រោយភត្តាហារថ្ងៃត្រង់ហើយ | មារមិនកន្តើយគាល់សាស្តា។ |
| ឆ្នាំម្សាញ់ខែមាឃថ្ងៃអាទិត្យ | ពេញបូណ៌មីពិតថ្ងៃនោះណា |
| ព្រះអង្គទ្រង់ដាក់អាយុសង្ខារ | ចំពោះមុខមារគ្រានោះឯង។ |
| នៅនាបាវាលចេតិយ | ក្បែរវេសាលីក្រៅកំផែង |
| កក្រើកធរណីគ្រប់កន្លែង | ផ្គរលាន់ខ្វាត់ខ្វែងខ្ទរអាកាស។ |
| ក្រោយមកភិក្ខុជួបជុំគ្នា | អង្គព្រះភគវាទ្រង់បានត្រាស់ |
| សម្តែងគាថាអស្ចារ្យណាស់ | រំលឹកយ៉ាងច្បាស់ត្រាស់ឱវាទ។ |
| ទ្រង់បានត្រាស់ថាសង្ខារទាំងឡាយ | តែងតែអន្តរាយវិនាសខូចខាត |
| ចូរអ្នកទាំងឡាយកុំបីប្រមាទ | ប្រឹងប្រែងសង្វាតឱ្យសម្រេចការ។ |
| ភាជន៍ដែលស្មូនឆ្នាំងដំដុតដោយដី | តូចក្តីធំក្តីឆៅឆ្អិនយ៉ាងណា |
| ចុងក្រោយរមែងតែងមានកិរិយា | បែកធ្លាយធម្មតានេះជាការពិត។ |
| យ៉ាងណាជីវិតសព្វសត្វនិករ | ក្មេងចាស់មានក្រពាលឬបណ្ឌិត |
| ចុងក្រោយរមែងតែងតែស្លាប់ពិត | បាត់បង់ជីវិតក៏យ៉ាងនោះដែរ។ |
| ជីវិតតថាគតមានប្រមាណតិច | គោរពពាក្យពេចន៍ឥតគេចកែប្រែ |
| ពីថ្ងៃនេះទៅនៅត្រឹមបីខែ | តថាគតត្រូវតែបរិនិព្វាន។ |
| បីខែកន្លងយ៉ាងរហ័ស | សែនសោកស្តាយណាស់ព្រះទ្រង់ញាណ |
| វេលាជិតភ្លឺទ្រង់ចូលឈាន | ហើយចូលនិព្វានកណ្តាលព្រៃ។ |
| នុងខែពិសាខថ្ងៃអង្គារ | ឆ្នាំម្សាញ់វេលាចុងរាត្រី |
| ថ្ងៃដប់ប្រាំកើតពេញបូណ៌មី | បរិស័ទប្រុសស្រីជុំត្រៀបត្រា។ |
| ទីទ្រង់និព្វាននោះតាំងនៅ | ក្បែរផ្លូវទៅក្រុងកុសិនារា |
| រាំងភ្នំមួយគូសាលព្រឹក្សា | មានផ្ទាំងសិលានៅចន្លោះ។ |
| កុំថាឡើយមនុស្សសោយសោកា | សូម្បីទេវតាស្ថានទាំងអស់ |
| យំសោកបោកប្រាណស្តាយស្រណោះ | លាន់កក្រើកអស់ភពផែនដី។ |
| ទីទ្រង់និព្វាននោះឥឡូវ | មានស្តូបតាំងនៅល្អប្រិមប្រិយ |
| សំគាល់ទីដែលព្រះជិនស្រី | និព្វានលើដីកុសិនារា។ |
| ក្នុងស្តូបមានព្រះបដិមាថ្ម | កសាងយ៉ាងល្អគួរជ្រះថ្លា |
| តំណាងព្រះសពព្រះសាស្តា | ស្តូកស្តឹងកាយាសែនអាសូរ។ |
| អ្នកទៅដល់ពិតចិត្តដិតជាប់ | ឃើញដូចព្រះសពនៅជ្រងោ |
| មានស្បង់ចីវរថ្វាយផ្លាស់ប្តូរ | ទឹកនេត្រាហូរនឹកព្រះអង្គ។ |
| នឹកហាក់ដូចជានៅថ្មីៗ | នឹកព្រះជិនស្រីប្រោសស្រោចស្រង់ |
| នឹកដល់ព្រះធម៌ល្អផូរផង់ | នឹកទាំងព្រះសង្ឃអង្គសាវក។ |
| ចាប់តាំងអំពីថ្ងៃនេះទៅ | សូមដើរតាមផ្លូវព្រះអរិយៈ |
| ក្រោមម្លប់ព្រះធម៌ដ៏ត្រជាក់ | ផុតពីអន្ទាក់នៃពួកមារ។ |
| សូមឱ្យលោកអ្នកបានសូធ្យស្តាប់ | ប្រវត្តិសារសព្ទព្រះភគវា |
| បានសុខចម្រើនគ្រប់ៗគ្នា | កុំបីឃ្លាតឃ្លាគ្រាណាឡើយ។ |

និពន្ធដោយៈ ឧបាសក គុយ សុធន Kuy, Sothon








