បច្ចេកពុទ្ធសំយុត្តកថា “អាមន្ដនាគាថា”

អាមន្ដនាគាថា


គាថាថា អាមន្តនា ហោតិ ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។

បានឮថា អាមាត្យទាំងឡាយចូលទៅគាល់ក្នុងសម័យបម្រើធំរបស់ព្រះបាទពារាណសី។ បណ្ដាអាមាត្យទាំងនោះ អាមាត្យម្នាក់ក្រាបទូលថា បពិត្រព្រះទេវៈ មានវត្ថុដែលគួរស្ដាប់ ហើយទូលឲ្យទ្រង់យាងទៅក្នុងចំណែកម្ខាង ព្រះរាជាទ្រង់ក្រោកចាកអាសនៈ ហើយយាងទៅ។ អាមាត្យម្នាក់ទៀត ក្រាបទូលសូមឲ្យព្រះរាជាគង់ក្នុងទីបម្រើធំទៀត។ អាមាត្យម្នាក់ទៀត ទូលសូមឲ្យគង់លើ ក ដំរី អាមាត្យម្នាក់ទៀត ក្រាបទូលសូមឲ្យគង់លើខ្នងសេះ អាមាត្យម្នាក់ទៀត ក្រាបទូលសូមឲ្យគង់ក្នុងរថមាស អាមាត្យម្នាក់ទៀត ក្រាបទូលសូមឲ្យគង់ក្នុងវ យាងទៅកាន់ព្រះរាជឧទ្យាន។ ព្រះរាជាចុះអំពីវនោះ យាងទៅ។ អាមាត្យម្នាក់ទៀត ក្រាបទូលសូមឲ្យទ្រង់យាងទៅប្រពាសជនបទ។ ព្រះរាជាទ្រង់ស្ដាប់ពាក្យរបស់អាមាត្យនោះ ទើបចុះអំពីដំរី ហើយយាងទៅក្នុងទីមួយកន្លែង។ កាលបើដូច្នោះ ទ្រង់នឿយណាយក្នុងពួកអាមាត្យទាំងនោះ ទើបទ្រង់បួស។ អាមាត្យទាំងឡាយចង់បានភាពជាធំក្រៃលែង។ បណ្ដាអាមាត្យទាំងនោះ អាមាត្យម្នាក់ទៅក្រាបទូលព្រះរាជាថា បពិត្រមហារាជ សូមទ្រង់ប្រទានជនបទឈ្មោះនោះ ដល់ទូលព្រះបង្គំ។

ព្រះរាជាទ្រង់ត្រាស់ថា បុគ្គលឈ្មោះនោះ បរិភោគ (គ្រប់គ្រង)។

អាមាត្យនោះ មិនអើពើនឹងព្រះតម្រាស់របស់ព្រះរាជា ក្រាបទូលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំនឹងទៅកាន់យកជនបទនោះ គ្រប់គ្រង ហើយទៅកាន់ជនបទនោះ បង្កនូវជម្លោះ។ ជនទាំង ២ នាំគ្នាមកកាន់សម្នាក់របស់ព្រះរាជាទៀត  ហើយក្រាបទូលទោសនៃគ្នានឹងគ្នា។ ព្រះរាជាទ្រង់ព្រះតម្រិះថា អញមិនអាចឲ្យពួកអាមាត្យទាំងនេះ ត្រេកអរបាន ទ្រង់ឃើញទោសក្នុងសេចក្ដីលោភរបស់អាមាត្យទាំងនោះ ចម្រើនវិបស្សនា បានធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណហើយ បានពោលឧទាននេះថា

អាមន្តនា ហោតិ សហាយមជ្ឈេ

វាសេ ឋានេ គមនេ ចារិកាយ

អនភិជ្ឈិតំ សេរិតំ បេក្ខមានោ

ឯកោ ចរេ ខគ្គវិសាណកប្បោ។

ការហៅរក រមែងមាន ក្នុងកណ្ដាលនៃសម្លាញ់ គឺក្នុងលំនៅ ក្នុងទីបម្រើ ក្នុងការដើរ ក្នុងការត្រាច់ចារិក បុគ្គលកាលប្រាថ្នានូវសេរីភាព ដែលពួកជនពាលមិនប្រាថ្នា  គប្បីប្រព្រឹត្ដតែម្នាក់ឯង ដូចកុយរមាស។

សេចក្តីនៃគាថានេះថា ការប្រឹក្សាដោយប្រការនោះ ៗ ដោយន័យថា អ្នកចូរស្តាប់ពាក្យនេះរបស់ខ្ញុំ អ្នកចូរឲ្យវត្ថុនេះ ដល់ខ្ញុំជាដើម ក្នុងលំនៅ គឺទីសម្រាកពេលថ្ងៃ ក្នុងទីឈរ  គឺការបម្រើធំ ក្នុងទីទៅ ទីទៅគឺឧទ្យាន  ក្នុងទីត្រាច់ចារិក គឺទីត្រាច់ចារិកទៅក្នុងជនបទ រមែងមានដល់បុគ្គលដែលនៅក្នុងកណ្តាលនៃសម្លាញ់ ព្រោះហេតុនោះ អាត្មាភាពនឿយណាយក្នុងការប្រឹក្សា ក្នុងកណ្តាលនៃសម្លាញ់ទាំងនោះ កាលសម្លឹងឃើញបព្វជ្ជាដែលមានអានិសង្សច្រើន មានសេចក្តីសុខដោយចំណែកមួយ ដែលអរិយបុគ្គលសេពហើយ កាលបើដូច្នោះ ក៏ជាបព្វជ្ជាដែលពួកមនុស្សអាក្រក់ទាំងពួង ត្រូវសេចក្តីលោភគ្របសង្កត់ហើយ មិនត្រូវការ មិនប្រាថ្នា និងសម្លឹងការប្រព្រឹត្តតាមការពេញចិត្ត ដោយការមិនធ្លាក់ទៅក្នុងអំណាចរបស់បុគ្គលដទៃ និងដោយអំណាចនៃបុគ្គលដែលរស់នៅដោយធម៌ ដែលមនុស្សអាក្រក់មិនប្រាថ្នាហើយ ប្រារព្ធវិបស្សនា បានសម្រេចបច្ចេកសម្ពោធិញ្ញាណដោយលំដាប់។ ពាក្យដ៏សេស មានន័យដូចដែលពោលហើយនោះឯង។

អាមន្ដនាគាថា ទី៦ ចប់។

សូមអនុមោទនា !!!


☸️បច្ចេកពុទ្ធសំយុត្តកថា វគ្គ១

🔸👉លំនាំដើម

🔸👉បឋមគាថា ទី១

🔸👉សំសគ្គ​គាថា ទី២

🔸👉មិត្តសុហជ្ជគាថា ទី៣

🔸👉វំសក្កឡីរគាថា ទី៤

🔸👉មិគោអរញ្ញគាថា ទី៥

🔸👉អាមន្តនាគាថា ទី៦

🔸👉ខិឌ្ឌារតិគាថា ទី៧

🔸ចាតុទ្ទិសគាថា ទី៨

🔸ទុស្សង្គហគាថា ទី៩

🔸កោវិឡារគាថា ទី១០

☸️បច្ចេកពុទ្ធសំយុត្តកថា វគ្គ២

🔸សហាយគាថា ទី១-២

🔸អទ្ធាបសំសាគាថា ទី៣

🔸សុវណ្ណវលយគាថា ទី៤

🔸អាយតិភយគាថា ទី៥

🔸កាម​គាថា ទី៦

🔸ឦតិគាថា ទី៧

🔸សីតាលុកគាថា ទី៨

🔸នាគគាថា ទី៩

🔸អដ្ឋានគាថា ទី១០

🔸🔸❁🙏❁🔸🔸


ប្រភព-Source: ឈូកក្រហម

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).