បឋមគាថា
បានឮថា ព្រះបច្ចេកពុទ្ធ អង្គនេះ ឈមចុះកាន់ភូមិបច្ចេកពោធិសត្វ បំពេញបារមីអស់ ២ អសង្ខេយ្យ និង ១ សែនកប្ប បួសក្នុងសាសនានៃព្រះមានព្រះភាគកស្សបៈ ជាអ្នកសមាទានការនៅព្រៃជាវត្ត បំពេញគតបច្ចាគតវត្តឲ្យបរិបូណ៌ បានធ្វើសមណធម៌ហើយ ។
បានឮថា បុគ្គលមិនបំពេញវត្តដូចពោលមកនេះ ឲ្យបរិបូណ៌ នឹងសម្រេចបច្ចេកពោធិញ្ញាណមិនបាន។
សួរថា វត្ត ឈ្មោះគតបច្ចាគតវត្ត គឺអ្វី។
ឆ្លើយថា ការនាំទៅ និងនាំត្រឡប់មក។
ខ្ញុំនឹងពោលរឿងជាការអធិប្បាយវត្តនោះ ឲ្យជាក់ច្បាស់ដូច្នេះថា
ភិក្ខុរូបខ្លះ ក្នុងសាសនានេះ នាំទៅ តែមិននាំត្រឡប់មក។ រូបខ្លះនាំត្រឡប់មក តែមិននាំទៅ។ រូបខ្លះមិននាំទៅ មិននាំត្រឡប់មក។ រូបខ្លះនាំទៅផង នាំត្រឡប់មកផង។ បណ្តាភិក្ខុទាំងនោះ ភិក្ខុណា ក្រោកឡើងអំពីព្រឹក ធ្វើវត្តត្រង់លានព្រះចេតិយ និងលានពោធិព្រឹក្ស ស្រោចទឹកត្រង់ដើមពោធិ យកក្អមដងទឹក នាំមកតម្កល់ទុកត្រង់រោងទឹកផឹក ធ្វើអាចរិយវត្តនិងឧបជ្ឈាយវត្ត សមាទានខន្ធកវត្ត ៨២ និងមហាវត្ត ១៤។ ភិក្ខុនោះ ជម្រះកាយហើយចូលកាន់សេនាសនៈ សម្ងំក្នុងទីអង្គុយដ៏ស្ងាត់ រហូតដល់ពេលត្រាច់បិណ្ឌបាត ដឹងថា បានពេលហើយ ស្លៀកស្បង់ ចងវត្ថពន្ធ ដណ្ដប់ចីវរឆៀងស្មាម្ខាង យកសង្ឃាដីដាក់លើស្មា ស្ពាយបាត្រត្រង់ចង្កួយស្មា ដាក់ចិត្តដល់កម្មដ្ឋាន ដើរទៅកាន់លានព្រះចេតិយ ថ្វាយបង្គំព្រះចេតិយ និងពោធិព្រឹក្ស ហើយឃ្លុំចីវរក្នុងទីជិតស្រុក កាន់បាត្រចូលក្នុងស្រុកដើម្បីបិណ្ឌបាត។ ភិក្ខុដែលចូលទៅហើយយ៉ាងនេះ ជាអ្នកមានលាភ មានបុណ្យ ដែលពួកឧបាសកឧបាសិកាធ្វើសក្ការគោរព ត្រឡប់មកត្រង់ត្រកូលរបស់ឧបដ្ឋាកឬរោងសម្នាក់ ត្រូវពួកឧបាសកនិងឧបាសិកាសួរបញ្ហានោះ ៗ រមែងលះមនសិការនោះ ចេញអំពីស្រុកទៅ ព្រោះឆ្លើយបញ្ហារបស់ឧបាសកឧបាសិកាទាំងនោះ និងព្រោះការរាយមាយដែលកើតអំពីការសម្តែងធម៌ មកកាន់វិហារ ត្រូវពួកភិក្ខុសួរបញ្ហា ក៏ត្រូវឆ្លើយបញ្ហាខ្លះ ពោលនូវធម៌ខ្លះ ដល់នូវការខ្វល់ខ្វាយក្នុងរឿងដទៃខ្លះ ខាតពេលជាមួយពួកភិក្ខុទាំងនោះ ដោយប្រការយ៉ាងនេះ អស់កាលក្រោយភត្ត ទាំងបឋមយាម និងមជ្ឈិមយាម ត្រូវភាពគ្រោតគ្រាតផ្លូវកាយគ្របសង្កត់ ក្នុងបច្ឆិមយាមក៏ដេក មិនដាក់ចិត្តដល់កម្មដ្ឋាន។ ភិក្ខុនេះ ហៅថា នាំទៅ តែមិននាំត្រឡប់មក។
ឯភិក្ខុណា ជាអ្នកមានជំងឺច្រើន ឆាន់ភត្តហើយ ក្នុងពេលទៀបភ្លឺ អាហារមិនរលួយល្អ ក្នុងពេលព្រឹក មិនអាចក្រោកឡើងធ្វើវត្តតាមដែលពោលបាន ឬមិនអាចមនសិការកម្មដ្ឋានបាន តែត្រូវការបបរ របស់ទំពា ភេសជ្ជៈឬភត្ត គ្រាន់តែបានពេលប៉ុណ្ណោះ ក៏កាន់បាត្រនិងចីវរចូលក្នុងស្រុក បាននូវបបរ របស់ទំពា ភេសជ្ជៈ និងភត្តក្នុងស្រុកនោះហើយ នាំបាត្រចេញមក ធ្វើភត្តកិច្ចស្រេចហើយ អង្គុយលើអាសនៈដែលគេក្រាលទុក ធ្វើទុកក្នុងចិត្តនូវកម្មដ្ឋាន សម្រេចគុណវិសេសក្ដី មិនបានសម្រេចក្ដី ត្រឡប់មកកាន់វិហារ នៅតែមនសិការនោះឯង។ ភិក្ខុនេះ ហៅថា នាំត្រឡប់មក តែមិននាំទៅ។ ពិតហើយ ភិក្ខុបែបនេះ ឆាន់បបរហើយ ចម្រើនវិបស្សនា សម្រេចអរហត្តក្នុងព្រះពុទ្ធសាសនា មានរាប់មិនអស់។ ក្នុងកោះសីហឡៈ អាសនៈតាមរោងឆាន់ក្នុងស្រុកនោះ ៗ ដែលភិក្ខុទាំងឡាយអង្គុយឆាន់បបរហើយ មិនសម្រេចអរហត្ត មិនមានឡើយ។
ឯភិក្ខុណា ជាអ្នកច្រើនដោយសេចក្តីប្រមាទ ដាក់នូវធុរៈ ទម្លាយវត្តទាំងពួង មានចិត្តចងដោយចំណង គឺចេតោខីលៈ៥ យ៉ាង មិនធ្វើទុកក្នុងចិត្តនូវកម្មដ្ឋាន ចូលទៅបិណ្ឌបាតក្នុងស្រុក ក៏យឺតយូរដោយការ ជជែកជាមួយនឹងពួកគ្រហស្ថ ជាមនុស្សទទេចាកចេញ ភិក្ខុនេះ ហៅថា មិននាំទៅ ទាំងមិននាំត្រឡប់មក។
ឯភិក្ខុណាក្រោកឡើងអំពីព្រលឹម ធ្វើវត្តគ្រប់យ៉ាងឲ្យបរិបូណ៌ដោយន័យដែលពោលក្នុងកាលមុននោះឯង ពត់ភ្នែន មនសិការកម្មដ្ឋានរហូតដល់វេលាភិក្ខាចារ។ ធម្មតាកម្មដ្ឋានមាន ២ យ៉ាង គឺសព្វត្ថកម្មដា្ឋន កម្មដា្ឋនដែលគប្បីចម្រើនគ្រប់ស្ថានទី ១ បារិហារិយកម្មដ្ឋាន គឺកម្មដ្ឋានដែលត្រូវនាំទៅ (រក្សា) ជានិច្ច ១។ ក្នុងកម្មដ្ឋាន ២ យ៉ាងនោះ មេត្តានិងមរណានុស្សតិ ឈ្មោះថា សព្វត្ថកម្មដ្ឋាន ព្រោះកម្មដ្ឋានដូចពោលនោះ ចាំបាច់ក្នុងទីគ្រប់កន្លែង ព្រោះហេតុនោះ ទើបហៅថា សព្វត្ថកម្មដ្ឋាន។ ធម្មតាមេត្តាចាំបាច់ក្នុងទីទាំងពួង មានក្នុងអាវាសជាដើម។ ពិតហើយ ភិក្ខុដែលមានប្រក្រតីនៅដោយមេត្តាក្នុងអាវាសទាំងឡាយ រមែងជាទីស្រឡាញ់ជាទីពេញចិត្តរបស់សព្រហ្មចារីទាំងឡាយ ដោយមេត្តានោះ ធ្វើឲ្យនៅជាសុខ មិនខ្ទាំងខ្ទប់គ្នា។ ភិក្ខុមានប្រក្រតីនៅដោយមេត្តាក្នុងទេវតាទាំងឡាយ នឹងជាបុគ្គលដែលពួកទេវតាគ្រប់គ្រងរក្សានៅជាសុខ។ ភិក្ខុមានប្រក្រតីនៅដោយមេត្តាក្នុងព្រះរាជា និងមហាមាត្យរបស់ព្រះរាជាជាដើម ជាបុគ្គលដែលព្រះរាជា និងមហាមាត្យទាំងនោះ ស្រឡាញ់រាប់អាន នៅជាសុខ។ ភិក្ខុអ្នកមានប្រក្រតីនៅដោយមេត្តាចំពោះអ្នកស្រុក និងអ្នកនិគមជាដើម ជាបុគ្គលដែលមនុស្សទាំងឡាយក្នុងទីគ្រប់កន្លែង មានទីត្រាច់ភិក្ខាជាដើម ធ្វើសក្ការគោរព រមែងនៅជាសុខ។ ឯការចម្រើនមរណានុស្សតិ ភិក្ខុរមែងលះនូវការជាប់ចំពាក់ក្នុងជីវិត ជាអ្នកនៅដោយសេចក្ដីមិនប្រមាទ។
ចំណែកកម្មដ្ឋានដែលត្រូវនាំទៅជានិច្ច ជាកម្មដ្ឋានដែលរៀនយកតាមសមគួរដល់ចរិត។ កម្មដ្ឋានណាមួយ បណ្ដាអសុភ១០ កសិណ១០ និងអនុស្សតិ១០ ចតុធាតុវវដ្ឋាន ហៅថា បារិហារិយកម្មដ្ឋាន ព្រោះចាំបាច់ត្រូវនាំទៅ ចាំបាច់ត្រូវរក្សា និងចាំបាច់ត្រូវចម្រើនសព្វកាលជានិច្ច។ បារិហារិយកម្មដ្ឋាននេះឯង ហៅថា មូលកម្មដា្ឋនក៏បាន។
កុលបុត្តណា ប្រាថ្នាប្រយោជន៍ បួសក្នុងសាសនានេះ នៅរួមគ្នា ១០ឆ្នាំខ្លះ ២០ឆ្នាំខ្លះ ៣០ឆ្នាំខ្លះ ៤០ឆ្នាំខ្លះ ៥០ឆ្នាំខ្លះ ១០០ឆ្នាំខ្លះ ធ្វើកតិកាវត្តថា នែអាវុសោទាំងឡាយ លោកទាំងឡាយមិនមែនបួសព្រោះជាកូនបំណុល មិនមែនបួសព្រោះមានភ័យ មិនមែនបួសដើម្បីចិញ្ចឹមជីវិត តែបំណងនឹងរួចផុតចាកទុក្ខ ទើបបានបួសក្នុងសាសនានេះ ព្រោះហេតុនោះ កិលេសកើតក្នុងពេលដើរ លោកទាំងឡាយ ចូរសង្កត់សង្កិនក្នុងពេលដើរនោះឯង កិលេសដែលកើតក្នុងពេលឈរ ចូរសង្កត់សង្កិនក្នុងពេលឈរនោះឯង កិលេសដែលកើតក្នុងពេលអង្គុយ ចូរសង្កត់សង្កិនក្នុងពេលអង្គុយនោះឯង កិលេសដែលកើតក្នុងពេលដេក ចូរសង្កត់សង្កិនក្នុងពេលដេកនោះឯង។
កុលបុត្តទាំងនោះ កាលធ្វើកតិកាវត្តយ៉ាងនេះហើយ ខណៈដើរទៅបិណ្ឌបាតក្នុងរវាងកន្លះឧសភៈ មួយឧសភៈ កន្លះគាវុតនិងមួយគាវុត មានថ្មទំនេរ ក៏យកដុំថ្មនោះជាទីចំណាំ ធ្វើទុកក្នុងចិត្តដល់កម្មដ្ឋាន ដើរទៅ។ បើក្នុងពេលដើរទៅ កិលេសកើតឡើងដល់បុគ្គលណា បុគ្គលនោះ រមែងសង្កត់កិលេសនោះ ក្នុងពេលដើរនោះឯង បើធ្វើយ៉ាងនោះមិនបាន ក៏ឈប់ហើយឈរ កាលភិក្ខុដើរមកតាមក្រោយក៏ឈប់ដូចគ្នា។ បុគ្គលនោះ នឹងចោទខ្លួនឯងឡើងថា ភិក្ខុនេះ ដឹងនូវការត្រិះរិះដែលកើតឡើងហើយដល់អ្នក សេចក្តីនេះ មិនសមគួរដល់អ្នក ដូច្នេះហើយ ចម្រើនវិបស្សនា រមែងឈានចុះកាន់អរិយភូមិក្នុងគ្រាឈរនោះឯង កាលមិនអាចធ្វើយ៉ាងនោះ ទើបអង្គុយ កាលភិក្ខុដើរមកតាមក្រោយទាន់គ្នា ក៏អង្គុយដែរ បែបនេះរឿយ ៗ ទៅ។ កាលមិនអាចឈានចុះកាន់អរិយភូមិ ក៏សង្កត់កិលេសនោះ ហើយដាក់ចិត្តដល់កម្មដ្ឋានប៉ុណ្ណោះ ដើរទៅ បើមានចិត្តឃ្លាតចាកកម្មដ្ឋាន មិនលើកជើង បើលើកជើង ត្រូវត្រឡប់មកឈរក្នុងទីដើមសិន ដូចព្រះមហាផុស្សទេវត្ថេរនៅក្នុងអាលិន្ទកវិហារដូច្នោះ។
បានឮថា ព្រះថេរៈនោះ បំពេញគតបច្ចាគតវត្តយ៉ាងមាំទាំអស់ ១៩ ឆ្នាំ ឯមនុស្សទាំងឡាយ ភ្ជួរស្រែ ព្រោះស្រូវ ដកសំណាប ធ្វើការងារក្នុងរវាងផ្លូវ ឃើញព្រះថេរៈដើរទៅយ៉ាងនោះ និយាយគ្នាថា ព្រះថេរៈដើរត្រឡប់ទៅត្រឡប់មក គង់វង្វេងផ្លូវ ឬភ្លេចអ្វីហ្ន៎។ ព្រះថេរៈមិនដាក់ចិត្តក្នុងវាចានោះ មានចិត្តប្រកបដោយកម្មដ្ឋានតែម្យ៉ាង ធ្វើនូវសមណធម៌ក្នុងឆ្នាំទី ២០ ក៏បានសម្រេចអរហត្ត។ ក្នុងថ្ងៃដែលព្រះថេរៈសម្រេចអរហត្តនោះឯង ទេវតាដែលអាស្រ័យនៅត្រង់ចុងទីចង្ក្រម បានឈរយកម្រាមដៃទាំងឡាយ ធ្វើពន្លឺឲ្យភ្លឺឡើង មហារាជទាំងបួន សក្កទេវរាជនិងសហម្បតីព្រហ្ម ក៏នាំគ្នាមកកាន់ទីបម្រើ។ ព្រះមហាតិស្សត្ថេរដែលនៅក្នុងព្រៃបានឃើញពន្លឺនោះ ក្នុងថ្ងៃទី ២ ក៏សួរថា ក្នុងពេលយប់ មានពន្លឺក្នុងសម្នាក់របស់អាវុសោ តើពន្លឺនោះ ជាពន្លឺអ្វី។ ព្រះថេរៈនោះ កាលធ្វើនូវការបន្លប់ ទើបពោលពាក្យយ៉ាងនេះថា ធម្មតាពន្លឺ ជាពន្លឺរបស់ប្រទីបក៏មាន ជាពន្លឺរបស់កែវមណីក៏មាន។ លុះព្រះមហាតិស្សត្ថេរចាប់ចំណុចបាន សួរថា លោកម្ចាស់បិទបាំងឬ ទើបទទួលថា ករុណា ហើយប្រាប់។
ដូចព្រះមហានាគត្ថេរអ្នកនៅក្នុងកាឡវល្លិមណ្ឌប បានឮថា ព្រះថេរៈនោះ កាលបំពេញគតបច្ចាគតវត្ត បានគិតថា ខាងដើម អញនឹងបូជាមហាបធាន (សេចក្ដីព្យាយាមធំ) របស់ព្រះមានព្រះភាគ ហើយអធិដ្ឋានការឈរ និងការចង្ក្រមប៉ុណ្ណោះ អស់ ៧ ឆ្នាំ បានបំពេញ គតបច្ចាគតវត្តអស់ ១៦ ឆ្នាំ ទើបសម្រេចអរហត្ត ។ ព្រះថេរៈមានចិត្តមាំទាំក្នុងកម្មដ្ឋានយ៉ាងនេះឯង ទើបលើកជើង កាលលើកជើងឡើង បើចិត្តប្រាសចាកកម្មដ្ឋាន ក៏បែរត្រឡប់មក លោកទៅរហូតជិតស្រុកហើយ ឈរក្នុងទីដែលអ្នកស្រែគួរសង្ស័យថា ជាគោ ឬជាបព្វជិតហ្ន៎ ទើបដណ្ដប់សង្ឃាដី កាន់បាត្រចូលទៅដល់ទ្វារស្រុក យកទឹកអំពីកុណ្ឌីដែលត្បៀតត្រង់ចន្លោះក្លៀកមកបៀមហើយ ទើបចូលស្រុកដោយគិតថា អាត្មាអញកុំបីលះបង់កម្មដ្ឋាន ដោយហេតុត្រឹមតែពោលនឹងពួកមនុស្សដែលចូលមករកដើម្បីប្រគេនភិក្ខា ឬដើម្បីថ្វាយបង្គំថា ចូរមានអាយុវែងចុះ។ បើពួកគេសួរដល់ថ្ងៃថា បពិត្រលោកម្ចាស់ ថ្ងៃនេះជាថ្ងៃ ៧ ឬថ្ងៃ ៨ លោកខ្ជាក់ទឹកហើយ ទើបប្រាប់ បើមិនមានបុគ្គលសួរដល់ថ្ងៃ ក្នុងពេលចេញទៅ លោកខ្ជាក់ទឹកត្រង់ទ្វារស្រុក ហើយដើរទៅ។
និងដូចភិក្ខុ ៥០រូប ចាំវស្សាក្នុងកលម្ពតិត្ថវិហារ ក្នុងកោះសីហឡៈ។ បានឮថា ក្នុងថ្ងៃវស្សូបនាយិកឧបោសថ ភិក្ខុទាំងនោះ បានធ្វើកតិកាគ្នាថា យើងទាំងឡាយ បើមិនសម្រេចអរហត្ត នឹងមិននិយាយគ្នា។ កាលចូលស្រុកដើម្បីបិណ្ឌបាត ក៏បៀមទឹកត្រង់ទ្វារស្រុកហើយ ទើបចូលទៅ។ កាលគេសួរដល់ថ្ងៃ ក៏ខ្ជាក់ទឹកហើយ ទើបប្រាប់ កាលមិនមានអ្នកសួរ ក៏ខ្ពុរចោលត្រង់ទ្វារស្រុក ហើយត្រឡប់មកកាន់វិហារ។ មនុស្សទាំងឡាយក្នុងទីនោះ ឃើញស្នាមទឹកដែលខ្ពុរ ក៏ដឹងបានថា ថ្ងៃនេះ មកមួយរូប ថ្ងៃនេះ មក ២ រូប នាំគ្នាគិតយ៉ាងនេះថា ភិក្ខុទាំងនេះ មិននិយាយជាមួយនឹងពួកយើង ឬមិននិយាយគ្នានឹងគ្នាដែរ បើមិននិយាយរកគ្នា គង់កើតជម្លោះពិត ណ្ហើយចុះ ពួកយើងនឹងឲ្យភិក្ខុទាំងនោះ ខមាទោសដល់គ្នានឹងគ្នា មនុស្សទាំងឡាយក៏នាំគ្នាទៅកាន់វិហារ កាលភិក្ខុ ៥០ រូបនៅក្នុងវិហារនោះ ចូលវស្សា មិនឃើញភិក្ខុ ២ រូប ក្នុងទីតែមួយ ។ លំដាប់នោះ បណ្ដាមនុស្សទាំងនោះ បុរសមានភ្នែកល្អម្នាក់ ពោលយ៉ាងនេះថា អ្នកដ៏ចម្រើនទាំងឡាយ ឱកាសនៃអ្នកទាស់ទែងគ្នា រមែងមិនដូច្នេះ លានព្រះចេតិយ លានពោធិព្រឹក្សស្អាតបាត អំបោសក៏រក្សាទុករៀបរយ ទឹកផឹក ទឹកប្រើប្រាស់ ក៏តម្កល់ទុកល្អ បន្ទាប់អំពីនោះ មនុស្សទាំងនោះ ក៏នាំគ្នាត្រឡប់។ ខាងក្នុងវស្សានោះឯង ភិក្ខុទាំងនោះ ចម្រើនវិបស្សនាបានសម្រេចអរហត្ត ក្នុងថ្ងៃមហាបវារណា ទើបបវារណាជាវិសុទ្ធិបវារណា។
ភិក្ខុដូចគ្នានឹងព្រះមហានាគត្ថេរដែលនៅក្នុងកាឡវល្លិមណ្ឌប និងដូចភិក្ខុដែលនៅចាំវស្សាក្នុងកលម្ពតិត្ថវិហារយ៉ាងនេះហើយ ភិក្ខុមានចិត្តប្រកបដោយកម្មដ្ឋានតែម្យ៉ាង ឈានជើងទៅ កាលចូលទៅក្បែរស្រុក ទើបបៀមទឹក កំណត់ផ្លូវដែលមិនមានបុគ្គលនាំឲ្យអន្តរាយ មានអ្នកលេងសុរា ដំរីកាច សេះកាចជាដើម ហើយដើរទៅតាមផ្លូវនោះ។ កាលត្រាច់បិណ្ឌបាតក្នុងផ្លូវនោះ មិនប្រញាប់ប្រញាល់ទៅ ឈ្មោះថា ធុតង្គរបស់ភិក្ខុដែលត្រាច់បិណ្ឌបាតដើរដោយរហ័ស មិនមាន នឹងដើរត្រង់ ៗ ដូចរទេះផ្ទុកទឹកពេញ ឆ្លងទីមិនរាបស្មើ។ កាលដល់លំដាប់ផ្ទះហើយ រង់ចាំកាលដែលសមគួរជាមុន ដើម្បីមើលថា មានមនុស្សពេញចិត្តប្រគេន ឬមិនមាន ទទួលភិក្ខាមកហើយ អង្គុយក្នុងទីដែលសមគួរ កាលដាក់ចិត្តក្នុងកម្មដ្ឋាន ឲ្យអាហារេបដិកូលសញ្ញា (សេចក្ដីសម្គាល់ថា គួរខ្ពើមក្នុងអាហារ) ប្រាកដឡើង ពិចារណាប្រៀបធៀបដោយប្រេងបន្ដក់ភ្លៅរទេះ ថ្នាំលាបដំបៅ និងសាច់កូនឯងថា
បានឮថា ស្វាមីភរិយាពកូនតូចធ្វើដំណើរឆ្លងកន្តារ គឺផ្លូវដាច់ស្រយាលមិនមានបាយនិងទឹក ដែលមានចម្ងាយ ១០០ យោជន៍ ដោយស្បៀងបន្តិចបន្តួច។ លុះធ្វើដំណើរបានចម្ងាយ ៥០យោជន៍ ស្បៀងក៏អស់ទៅ។ ជនទាំងពីរស្រេកឃ្លានជាខ្លាំង កម្លាំងក៏ថមថយ មិនអាចបន្តដំណើរទៅមុខទៀតបាន ក៏សម្រាកក្រោមដើមឈើមួយដើមដែលមានម្លប់ត្រសុំត្រសាយ។ ស្វាមីក៏និយាយទៅកាន់ភរិយាថា នែនាងដ៏ចម្រើន ពីនេះទៅមុខ ៥០យោជន៍ដោយជុំវិញ មិនមានស្រុក ឬនិគមឡើយ ឥឡូវនេះ កិច្ចដែលមនុស្សប្រុសគប្បីធ្វើ មានកសិកម្ម គោរក្ខកម្មជាដើម សូម្បីច្រើន ក៏ខ្ញុំមិនអាចដើម្បីធ្វើការងារទាំងនោះ (មកចិញ្ចឹមគ្រួសារ) បានឡើយ សូមនាងសម្លាប់ខ្ញុំ យកសាច់ពាក់កណ្ដាលបរិភោគ ហើយវេចខ្ចប់ពាក់កណ្ដាលធ្វើជាស្បៀង នាំកូនធ្វើដំណើរទៅចុះ។
ភរិយាពោលថា អ្នកជាម្ចាស់ កិច្ចដែលមនុស្សស្រីគប្បីធ្វើការងារ មានត្បាញរវៃអំបោះជាដើម សូម្បីច្រើន ក៏ខ្ញុំមិនអាចដើម្បីធ្វើការងារទាំងនោះ (មកចិញ្ចឹមគ្រួសារ) បានឡើយ សូមអ្នកសម្លាប់ខ្ញុំ យកសាច់ពាក់កណ្ដាលបរិភោគ ហើយវេចខ្ចប់ពាក់កណ្ដាល ធ្វើជាស្បៀងនាំកូនធ្វើដំណើរទៅចុះ។ ចំណែកស្វាមីក៏ពោលទៀតថា នាងដ៏ចម្រើន សេចក្ដីស្លាប់រមែងប្រាកដដល់មនុស្សពីរនាក់ ព្រោះការស្លាប់របស់ម្ដាយ ព្រោះថា កូនតូច បើអត់អំពីម្ដាយហើយ ក៏មិនអាចរស់នៅបាន តែបើយើងទាំងពីរនៅមានជីវិត នឹងបានកូនទៀត ណ្ហើយចុះ ពួកយើងនឹងសម្លាប់កូនប្រុសតូចឥឡូវនេះ កាន់យកសាច់បរិភោគ ហើយធ្វើដំណើរឆ្លងផ្លូវដាច់ស្រយាលនេះ។ លំដាប់នោះ មាតាក៏ពោលនឹងបុត្តថា នែបា ចូរកូនទៅរកឪពុកកូនចុះ។ កូនតូចនោះ ក៏ដើរទៅរកបិតា។ លំដាប់នោះ ឪពុកក្មេងតូចនោះពោលថា អញបានទទួលនូវសេចក្ដីទុក្ខមិនមែនតិច ព្រោះកសិកម្មនិងគោរក្ខកម្មជាដើម ដើម្បីរកទ្រព្យចិញ្ចឹមកូន អញមិនអាចសម្លាប់កូនបាន នាងនុ៎ះឯង ចូរសម្លាប់កូនរបស់នាង ហើយប្រាប់កូនថា នែបា ចូរកូនទៅរកម្ដាយរបស់កូនចុះ។ កូនតូចនោះ ក៏ដើរទៅរកមាតា។ លំដាប់នោះ ភរិយាពោលថា ខ្ញុំទទួលសេចក្ដីទុក្ខមិនមែនតិច ដោយការប្រព្រឹត្តគោវត្ត កុក្កុរវត្ត ព្រោះបន់ស្រន់សូមឲ្យបានបុត្ត និយាយទៅថ្វី ដល់ការរក្សាគភ៌ ខ្ញុំមិនអាចសម្លាប់កូនបានទេ ហើយពោលនឹងកូនតូចថា នែបា ចូរកូនទៅរកឪពុករបស់កូនចុះ។ ទារកដើរទៅដើរមកក្នុងរវាងឪពុកម្ដាយនោះឯង ក៏ដាច់ខ្យល់ស្លាប់ទៅ ដោយប្រការដូច្នេះ។ ស្វាមីភរិយាឃើញដូច្នោះ ក៏ទ្រហោយំ កាន់យកសាច់កូនទំពាស៊ី ចៀសចេញទៅ ដោយន័យដែលពោលហើយ។
អាហារ គឺសាច់កូនរបស់ជនទាំងពីរ គឺស្វាមីនិងភរិយានោះ មិនមែនបរិភោគដើម្បីលេង មិនមែនបរិភោគដើម្បីឲ្យស្រវឹង គឺឡើងកម្លាំង មិនមែនបរិភោគដើម្បីប្រដាប់តាក់តែង ព្រោះសាច់កូននោះ ជាសាច់បដិកូល (គួរខ្ពើម) ដោយហេតុ ៩ ប្រការ ជាអាហារដើម្បីឆ្លងកន្តារតែម្យ៉ាងប៉ុណ្ណោះ។
សួរថា បដិកូលដោយហេតុ ៩ ប្រការ គឺអ្វីខ្លះ។
ឆ្លើយថា
១-សជាតិមំសតាយ ជាសាច់មនុស្សមានជាតិដូចគ្នា
២-ញាតិមំសតាយ ជាសាច់របស់ញាតិ
៣-បុត្តមំសតាយ ជាសាច់របស់កូន
៤-បិយបុត្តមំសតាយ ជាសាច់របស់កូនដ៏ជាទីស្រឡាញ់
៥-តរុណមំសតាយ ជាសាច់ក្មេងតូច
៦-អាមកមំសតាយ ជាសាច់ឆៅ
៧-អភោគមំសតាយ ជាសាច់មិនគួរបរិភោគ
៨-អលោណតាយ ជាសាច់សាប
៩-អធូបិតតាយ ជាសាច់ដែលមិនបានចម្អិន។
ពិតណាស់ ស្វាមីភរិយានោះ បរិភោគសាច់កូនដែលបដិកូលដោយហេតុ ៩ ប្រការនោះ ដោយប្រការដូច្នេះ ទើបមិនបានបរិភោគដោយត្រេកអរ តែបរិភោគដោយចិត្តជាកណ្ដាល ៗ នោះឯង គឺបរិភោគដោយមិនមានសេចក្ដីពេញចិត្តនិងត្រេកអរឡើយ កាលទំពាស៊ី មិនបានរើសយកសាច់ដែលជាប់ឆ្អឹង សរសៃ និងស្បែកចេញ ហើយទំពាស៊ីតែសាច់ដែលល្អៗ ឡើយ ទំពាស៊ីតែសាច់ដែលនៅចំពោះមុខប៉ុណ្ណោះ មិនបានទំពាស៊ីតាមដែលត្រូវការរហូតពេញមាត់ តែទំពាស៊ីម្ដងបន្តិច ៗ ល្មមញ៉ាំងជីវិតឲ្យប្រព្រឹត្តទៅមួយថ្ងៃៗ ប៉ុណ្ណោះ មិនបានដណ្ដើមគ្នានឹងគ្នា ទំពាស៊ីដោយចិត្តបរិសុទ្ធពិតៗ ប្រាសចាកមន្ទិលគឹសេចក្ដីកំណាញ់ មិនបានទំពាស៊ីដោយវង្វេងថា ពួកយើងទំពាស៊ីសាច់ម្រឹគ ឬជាសាច់ក្ងោកជាដើម សាច់សត្វឯណានីមួយ តែទំពាស៊ីដោយដឹងថា នេះជាសាច់កូនជាទីស្រឡាញ់ មិនបានទំពាស៊ីដោយចំណង់ថា ធ្វើដូចម្ដេចហ្ន៎ អញនឹងបានសាច់កូនបែបនេះស៊ីទៀត មិនបានសន្សំទុកថា កាលឆ្លងផុតផ្លូវកន្ដារហើយ អញនឹងយកសាច់ដែលសល់នេះ ផ្សំជាមួយរសប្រៃរសជូរជាដើម ហើយបរិភោគ តែកាលឆ្លងផ្លូវកន្តារហើយ គិតថា មហាជនក្នុងក្រុង នឹងឃើញ ទើបកប់ក្នុងដី ឬយកភ្លើងដុត មិនបានប្រកាន់ខ្លួន និងអួតអាងថា អ្នកដទៃមិនបានស៊ីសាច់កូនបែបនេះ ដូចអញ តែទំពាស៊ីដោយកម្ចាត់នូវសេចក្ដីប្រកាន់ និងការអួតអាង មិនបានទំពាស៊ីដោយមើលងាយថា ប្រយោជន៍អ្វី ដោយសាច់បែបនេះ មិនប្រៃ មិនជូរ មិនបានចម្អិន មានក្លិនស្អុយ តែទំពាស៊ីដោយប្រាសចាកការមើលងាយ មិនមើលងាយគ្នានឹងគ្នាថា នេះចំណែកនាង នេះចំណែកខ្ញុំ កូនរបស់នាង កូនរបស់ខ្ញុំ មានការព្រមព្រៀងគ្នា ទំពាស៊ីនុ៎ះឯង [ស្រង់ចាកអដ្ឋកថា បុត្តមំសូបមសូត្រ បិ.៣១ ទំ.២១៥ ឃ.២៤១។] យ៉ាងណា បណ្ឌិតគប្បីទុកអាហារដែលខ្លួនបរិភោគហាក់ដូចជាសាច់កូន ក៏យ៉ាងនោះ។
ភិក្ខុអ្នកប្រព្រឹត្តគតបច្ចាគតវត្តនោះ បរិភោគអាហារដែលប្រកប ដោយអង្គ៨ គឺមិនមែនដើម្បីលេង ១ មិនមែនដើម្បីស្រវឹង ១ មិនមែនដើម្បីប្រដាប់តាក់តែង ១ មិនមែនដើម្បីឲ្យផូរផង់សម្បុរ ១ ដើម្បីឲ្យកាយតាំងនៅ ១ ដើម្បីញ៉ាំងជីវិតឲ្យប្រព្រឹត្តទៅ ១ ដើម្បីបំបាត់នូវសេចក្ដីលំបាក ១ ដើម្បីអនុគ្រោះព្រហ្មចរិយធម៌ ១ បរិភោគហើយធ្វើកិច្ចដោយទឹក បន្ទោបង់នូវសេចក្ដីលំបាកព្រោះភត្តមួយស្របក់ ហើយធ្វើទុកក្នុងចិត្តនូវកម្មដ្ឋាន អស់កាលខាងក្រោយភត្ត អស់បឋមយាម និងបច្ឆិមយាម ដូចកាលមុនភត្ត ។ ភិក្ខុនេះ ហៅថា នាំទៅផង នាំត្រឡប់មកផង។ ការនាំទៅនិងនាំត្រឡប់មកនេះ ហៅថា គតបច្ចាគតវត្ត។
ភិក្ខុបំពេញវត្តនេះ បើជាអ្នកដល់ព្រមដោយឧបនិស្ស័យ រមែងសម្រេចអរហត្តក្នុងបឋមវ័យនោះឯង បើមិនសម្រេចក្នុងបឋមវ័យ ក៏នឹងសម្រេចក្នុងមជ្ឈិមវ័យ បើមិនសម្រេចក្នុងមជ្ឈិមវ័យ ក៏សម្រេចក្នុងពេលជិតស្លាប់ បើមិនសម្រេចក្នុងពេលជិតស្លាប់ បានជាទេវបុត្តហើយនឹងសម្រេច បើជាទេវបុត្តមិនសម្រេច ក៏នឹងបានជាព្រះបច្ចេកសម្ពុទ្ធហើយបរិនិព្វាន។ បើមិនបានជាព្រះបច្ចេកសម្ពុទ្ធបរិនិព្វាន ក៏នឹងបានជា ខិប្បាភិញ្ញាបុគ្គល ក្នុងកាលបានចួបព្រះពុទ្ធទាំងឡាយ ដូចព្រះពាហិយត្ថេរ ឬនឹងជាអ្នកមានបញ្ញាច្រើន ដូចព្រះសារីបុត្តត្ថេរ។
ព្រះបច្ចេកពោធិសត្វអង្គនេះ បួសក្នុងសាសនារបស់ព្រះមានព្រះភាគកស្សបៈ ជាអ្នកសមាទានការនៅព្រៃជាវត្ត បំពេញគតបច្ចាគតវត្តនេះ អស់ ២ ម៉ឺនឆ្នាំ ធ្វើកាលកិរិយាហើយ កើតក្នុងកាមាវចរទេវលោក ចុតិអំពីនោះហើយ បដិសន្ធិក្នុងផ្ទៃនៃអគ្គមហេសីរបស់ព្រះបាទពារាណសី។ ស្ត្រីទាំងឡាយដែលជាអ្នកឈ្លាស រមែងដឹងនូវការតាំងគភ៌ក្នុងថ្ងៃនោះឯង អគ្គមហេសីអង្គនោះ ក៏ជាស្ត្រីមួយរូបក្នុងចំណោមស្ត្រីទាំងនោះ ព្រោះហេតុនោះ ព្រះនាងក៏ក្រាបទូលនូវការតាំងគភ៌នោះ ដល់ព្រះរាជា។ កាលសត្វអ្នកមានបុណ្យកើតឡើងក្នុងឧទរ ស្ត្រីរមែងបាននូវការរក្សាគភ៌នោះ សេចក្ដីនេះ ជាធម្មតា ព្រោះហេតុនោះ ព្រះរាជាបានប្រទាននូវការរក្សាគភ៌ដល់អគ្គមហេសីអង្គនោះ។ ចាប់តាំងអំពីនោះមក ព្រះនាងមិនបានបរិភោគរបស់ដែលក្ដៅខ្លាំង ត្រជាក់ខ្លាំង ជូរខ្លាំង ប្រៃខ្លាំង ហឹរខ្លាំង និងល្វីងខ្លាំង។ ព្រោះកាលមាតាបរិភោគរបស់ក្ដៅខ្លាំង សត្វដែលកើតក្នុងផ្ទៃ រមែងដូចនៅក្នុងលោហកុម្ភីនរក កាលបរិភោគរបស់ត្រជាក់ពេក រមែងដូចនៅក្នុងលោកន្តរនរក កាលបរិភោគរបស់ជូរពេក ប្រៃពេក ហឹរពេក ល្វីងពេក អវយវៈរបស់ទារកដល់នូវវេទនាដ៏ខ្លាំងក្លា ដូច ត្រូវកាត់ដោយកាំបិត ស្រោចដោយទឹកក្បុងជាដើម ទើបអ្នកថែរក្សាគភ៌ទាំងឡាយ ហាមព្រះនាងដោយការដើរច្រើន ឈរច្រើន អង្គុយច្រើន ដេកច្រើន ដោយបំណងថា ទារកក្នុងផ្ទៃ កុំមានសេចក្តីលំបាកព្រោះការកម្រើកឡើយ។ ព្រះនាងបានទទួលការអនុញ្ញាតឲ្យដើរទៅដើរមកជាដើម យ៉ាងគ្រប់គ្រាន់ លើទីដែលក្រាលដោយកម្រាលដ៏ទន់ បានសោយបាយនិងទឹកដែលសមគួរ ឆ្ងាញ់ ដល់ព្រមដោយពណ៌និងក្លិនជាដើម អ្នកថែរក្សាចាំផ្គង (គ្រាហ៍ ) ឲ្យព្រះនាងយាង គង់ និងក្រោកឡើង។
ព្រះនាងដែលគេរក្សាយ៉ាងនេះ ក្នុងពេលព្រះគភ៌ចាស់ យាងចូលផ្ទះប្រសូតិ ក្នុងពេលទៀបភ្លឺ ប្រសូតព្រះរាជឱរសដូចគ្នានឹងដុំមនោសិលា ដែលលាបដោយប្រេងដែលចម្រាញ់ហើយ ប្រកបដោយធញ្ញលក្ខណៈ និងបុញ្ញលក្ខណៈ។ ក្នុងថ្ងៃទី ៥ បន្ទាប់អំពីថ្ងៃនោះ ព្រះញាតិទាំងឡាយ ក៏នាំព្រះរាជឱរសដែលប្រដាប់តាក់តែងហើយ ទៅថ្វាយព្រះរាជាទត។ ព្រះរាជាទ្រង់សប្បាយព្រះរាជហឫទ័យ ឲ្យទំនុកបម្រុងដោយមេដោះ ៦៦ នាក់ ព្រះរាជឱរសនោះ ចម្រើនដោយសម្បត្តិទាំងពួង មិនយូរប៉ុន្មាន ទ្រង់ក៏ដល់នូវភាពជាអ្នកដឹងក្តី។ ព្រះរាជាទ្រង់អភិសេកព្រះរាជឱរសនោះ ដែលមានព្រះជន្ម ១៦ វស្សា ដោយរាជសម្បត្តិ និងឲ្យបម្រើដោយអ្នករបាំផ្សេង ៗ ព្រះរាជឱរសអភិសេកហើយ មានព្រះនាមថា ព្រហ្មទត្ត គ្រងរាជសម្បត្តិ មាននគរ ២ ម៉ឺន ក្នុងសកលជម្ពូទ្វីប។
បានឮថា ក្នុងកាលមុន ជម្ពូទ្វីបនេះ មាននគរ ៨ ម៉ឺន ៤ ពាន់ នគរទាំងនោះ វិនាសនៅសល់ ៦ ម៉ឺននគរ បន្ទាប់អំពីនោះ វិនាសនៅសល់ត្រឹម ៤ ម៉ឺននគរ ក្នុងពេលចុងក្រោយ នៅសល់ត្រឹមតែ ២ ម៉ឺននគរ។ ព្រះបាទព្រហ្មទត្តនេះ កើតឡើងក្នុងពេលនគរវិនាសអស់ ព្រោះហេតុនោះ ទើបទ្រង់មាននគរ ២ ម៉ឺន មានប្រាសាទ ២ ម៉ឺន មានពលដំរី ២ ម៉ឺន មានពលសេះ ២ ម៉ឺន មានពលរថ ២ ម៉ឺន មានពលថ្មើរជើង ២ ម៉ឺន មានស្ត្រី ២ ម៉ឺន គឺស្រីស្នំនិងស្រីរបាំ និងមានអាមាត្យ ២ ម៉ឺននាក់។
ព្រះបាទព្រហ្មទត្តអង្គនោះ កំពុងគ្រងមហារាជសម្បត្តិនោះឯង ទ្រង់ធ្វើនូវកសិណបរិកម្ម (ទ្រង់ញ៉ាំង) អភិញ្ញា ៥ និងសមាបត្តិ ៨ ឲ្យកើតឡើងបាន។ ធម្មតាព្រះរាជាដែលអភិសេកហើយ ត្រូវគង់ក្នុងសាលាវិនិច្ឆ័យជាប្រចាំ ព្រោះហេតុនោះ ព្រឹកថ្ងៃមួយ ទ្រង់សោយក្រយាស្ងោយព្រឹកហើយ គង់ក្នុងទីវិនិច្ឆ័យ។ ក្នុងទីនោះ ពួកមនុស្សបានធ្វើសំឡេងអឺងកង ទ្រង់ព្រះតម្រិះថា សំឡេងនេះ ជាឧបក្កិលេសនៃសមាបត្តិ ទើបឡើងកាន់ប្រាសាទគង់ប្រថាប់ បំណងនឹងចូលសមាបត្តិ ក៏មិនអាចចូលបាន ព្រោះក្រវល់ក្រវាយនឹងការគ្រប់គ្រងរាជ្យ ទើបសមាបត្តិវិនាស។ លំដាប់នោះ ទ្រង់ព្រះតម្រិះទៀតថា រាជសម្បត្តិប្រសើរ ឬសមណធម៌ប្រសើរ បន្ទាប់អំពីនោះ ទ្រង់ជ្រាបថា សេចក្ដីសុខក្នុងរាជសម្បត្តិបន្តិចបន្តួច មានទោសច្រើន តែសេចក្ដីសុខក្នុងសមណធម៌ទូលំទូលាយ មានអានិសង្សមិនមែនតិច បុរសដ៏ឧត្តមសេពហើយ ទើបទ្រង់បញ្ជាអាមាត្យម្នាក់ថា ចូរអ្នកគ្រប់គ្រងរាជសម្បត្តិនេះ ដោយធម៌ស្មើ កុំគ្រប់គ្រងដោយអធម៌ ដូច្នេះហើយ ប្រគល់រាជសម្បត្តិទាំងពួងឲ្យដល់អាមាត្យនោះ ហើយទ្រង់ឡើងកាន់ប្រាសាទ ទ្រង់ឲ្យពេលវេលាកន្លងទៅដោយសេចក្ដីសុខក្នុងសមាបត្តិ បុគ្គលណាមួយចូលទៅគាល់មិនបាន វៀរលែងតែអ្នកថ្វាយទឹកលុបព្រះភក្ត្រនិងឈើស្ទន់ និងអ្នកនាំព្រះក្រយាស្ងោយទៅថ្វាយប៉ុណ្ណោះ។
តមក ក្នុងកាលកន្លងទៅកន្លះខែ អគ្គមហេសីសួរថា មិនឃើញព្រះរាជាក្នុងទីណាមួយ ក្នុងការយាងទៅប្រពាតឧទ្យាន ការត្រួតពល និងការមើលស្រីរបាំជាដើម ព្រះរាជាទ្រង់យាងទៅណា។ អាមាត្យទាំងឡាយក៏ក្រាបទូលសេចក្ដីនោះ ដល់អគ្គមហេសី។ ព្រះនាងបញ្ជូនដំណឹងទៅប្រាប់អាមាត្យនោះថា កាលអ្នកទទួលរាជសម្បត្តិ សូម្បីខ្ញុំ ក៏ឈ្មោះថា អ្នកទទួលដែរ អ្នកចូរមក ចូរសម្រេចការនៅរួមជាមួយខ្ញុំ។ អាមាត្យនោះ បិទត្រចៀកទាំងពីរបដិសេធថា ព្រះនាងកុំមានព្រះសវនីយ៍យ៉ាងនេះ។
ព្រះនាងក៏បញ្ជូនដំណឹងទៅទៀត អស់វារៈ ២ដង ៣ដង ហើយគំរាមអាមាត្យនោះ ដែលមិនប្រាថ្នាថា បើអ្នកមិនធ្វើ យើងនឹងដកតំណែង នឹងឲ្យផ្ដាច់ជីវិតអ្នក។ អាមាត្យនោះខ្លាច គិតថា ធម្មតាមាតុគ្រាម ជាអ្នកចិត្តដាច់ ជួនកាលអាចធ្វើដូចពាក្យសម្ដីនោះ ថ្ងៃមួយ ទៅកាន់ទីស្ងាត់ សម្រេចការនៅរួមជាមួយព្រះនាងលើសិរីសយនា។ ព្រះនាងជាស្រីមានបុណ្យ មានសម្ផស្សទន់ អាមាត្យនោះត្រេកអរហើយ ដោយតម្រេកក្នុងសម្ផស្សរបស់ព្រះនាង ទាំងដែលមានការភ័យខ្លាច ចូលទៅក្នុងទីនោះឯងរឿយៗ ក្រោយមក អស់សេចក្ដីភ័យខ្លាច ចេញចូលដូចខ្លួនជាម្ចាស់ផ្ទះ។
លំដាប់នោះ ពួកមនុស្សរបស់ព្រះរាជា បានក្រាបទូលរឿងនោះដល់ព្រះរាជា។ ព្រះរាជាទ្រង់មិនជឿ ទើបនាំគ្នាក្រាបទូលអស់វារៈ ២ ដង អស់វារៈ ៣ ដង។ គ្រានោះ ព្រះរាជាទ្រង់លបសង្កេត បានឃើញដោយព្រះអង្គឯង ទើបត្រាស់ឲ្យប្រជុំអាមាត្យទាំងអស់ ហើយប្រាប់ឲ្យដឹង។ អាមាត្យទាំងនោះ ក្រាបទូលថា អាមាត្យនេះ ធ្វើខុសចំពោះព្រះរាជា គួរកាត់ដៃ គួរកាត់ជើង ។
ព្រះរាជាត្រាស់ថា ការសម្លាប់ ការចង និងការវាយបុរសនេះ វិហឹសាគឺការបៀតបៀន គប្បីកើតឡើងដល់យើង ក្នុងការផ្ដាច់ជីវិត បាណាតិបាតក៏គប្បីកើតមាន បើរឹបអូសយកទ្រព្យ អទិន្នាទានក៏គប្បីកើតមាន មិនគួរធ្វើកម្មបែបនេះ ពួកអ្នកចូរបណ្ដេញអាមាត្យនេះ ចេញអំពីអាណាចក្ករបស់យើង។ អាមាត្យទាំងឡាយបានធ្វើអាមាត្យនោះ ឲ្យជាមនុស្សមិនមានទីពឹង។ បុរសនោះ ក៏បាននាំបុត្ត ភរិយានិងទ្រព្យរបស់ខ្លួន ដែលល្មមនាំយកទៅបាន (ធ្វើដំណើរ) ទៅកាន់ដែននៃព្រះរាជាដទៃ។ ព្រះរាជាក្នុងដែននោះ ទ្រង់ជ្រាប ទើបត្រាស់សួរថា កឹ អាគតោសិ អ្នកមកដើម្បីអ្វី។
បុរសនោះ កា្របទូលថា ទេវ ឥច្ឆាមិ តំ ឧបដ្ឋាតុំ បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំប្រាថ្នានឹងបម្រើព្រះអង្គ។ ព្រះរាជាអង្គនោះ ក៏ទទួល។ លុះកន្លងទៅពីរបីថ្ងៃ អាមាត្យនោះ បានស្និទ្ធស្នាលហើយ ក្រាបទូលពាក្យនេះ នឹងព្រះរាជានោះថា បពិត្រមហារាជ ទូលព្រះបង្គំឃើញឃ្មុំមិនមានមេ អ្នកបរិភោគទឹកឃ្មុំនោះ ក៏មិនមាន។ ព្រះរាជាទ្រង់ព្រះតម្រិះថា បុរសនេះ និយាយបែបនេះ គង់និយាយលេង ទើបទ្រង់មិនស្ដាប់។ អាមាត្យនោះ បានឱកាស ក៏ពណ៌នាក្រាបទូលឲ្យល្អក្រៃលែងឡើងទៀត។ ព្រះរាជាត្រាស់សួរថា ទឹកឃ្មុំនោះ គឺអ្វី។
អាមាត្យនោះក្រាបទូលថា បពិត្រព្រះទេវៈ រាជសម្បត្តិក្នុងនគរពារាណសី។ ព្រះរាជាត្រាស់ថា លោកបំណងនាំយើងឲ្យទៅស្លាប់ឬ។
អាមាត្យនោះក្រាបទូលថា បពិត្រព្រះទេវៈ ទ្រង់កុំត្រាស់យ៉ាងនោះ បើទ្រង់មិនជឿ សូមទ្រង់បញ្ជូនមនុស្សទៅស៊ើបមើល។ ព្រះរាជាទ្រង់ក៏បញ្ជូនមនុស្សទាំងឡាយទៅ។ មនុស្សទាំងនោះទៅដល់ហើយ ក៏ជីករូងដីក្បែរខ្លោងទ្វារ ហើយផុសឡើងក្នុងដំណាក់ ត្រង់ក្រឡាបន្ទំរបស់ព្រះរាជា។ ព្រះរាជាទ្រង់ឃើញហើយ ត្រាស់សួរថា ពួកអ្នកមកធ្វើអ្វី ។
មនុស្សទាំងនោះក្រាបទូលថា បពិត្រមហារាជ ទូលព្រះបង្គំទាំងឡាយ ជាចោរ។ ព្រះរាជាបានឲ្យទ្រព្យដល់មនុស្សទាំងនោះ ហើយទូន្មានថា ពួកអ្នកកុំធ្វើយ៉ាងនេះទៀត ហើយដោះលែងទៅ។
មនុស្សទាំងនោះ ក៏មកក្រាបទូលដំណើរនោះ ឲ្យព្រះរាជារបស់ខ្លួនជ្រាប។ ព្រះរាជានោះ ទ្រង់ពិសោធយ៉ាងនោះឯង ពីរបីដងទៀត កាលទ្រង់ជ្រាបថា ព្រះបាទព្រហ្មទត្ត ទ្រង់មានសីល ទើបលើកកងទ័ពដែលមានអង្គ ៤ ចូលទៅជិតនគរមួយត្រង់ចន្លោះព្រំដែន ហើយបញ្ជូនដំណឹងដល់អាមាត្យក្នុងនគរនោះថា ឲ្យនគរដល់យើង ឬក៏ច្បាំង។
អាមាត្យទាំងនោះ ឲ្យមនុស្សក្រាបទូលរឿងនោះ ដល់ព្រះបាទព្រហ្មទត្តថា បពិត្រព្រះទេវៈ សូមទ្រង់បញ្ជាមកថា ច្បាំង ឬលើកនគរឲ្យស្ដេចនោះ។ ព្រះរាជាទ្រង់បញ្ជូនដំណឹងទៅថា មិនចាំបាច់ច្បាំងទេ ចូរឲ្យនគរ ហើយមកក្នុងទីនេះ។ អាមាត្យទាំងឡាយបានធ្វើតាមព្រះរាជបញ្ជាយ៉ាងនោះ ឯព្រះរាជាដែលជាសត្រូវ ដណ្ដើមយកនគរនោះបានហើយ ទ្រង់បញ្ជូនទូតទៅកាន់នគរដ៏សេសយ៉ាងនោះឯង។ អាមាត្យទាំងនោះ ក៏ក្រាបទូលដល់ព្រះបាទព្រហ្មទត្តយ៉ាងនោះដូចគ្នា។ កាលព្រះបាទព្រហ្មទត្តត្រាស់ថា មិនចាំបាច់ច្បាំង គប្បីមកក្នុងទីនេះ ទើបនាំគ្នាទៅកាន់នគរពារាណសី។
លំដាប់នោះ អាមាត្យទាំងឡាយ ក្រាបទូលដល់ព្រះបាទព្រហ្មទត្តថា បពិត្រមហារាជ ពួកទូលព្រះបង្គំនឹងច្បាំងជាមួយព្រះរាជាអង្គនោះ។ ព្រះរាជាទ្រង់ឃាត់ថា បាណាតិបាតនឹងមានដល់យើង។
អាមាត្យទាំងឡាយក្រាបទូលថា បពិត្រមហារាជ ពួកទូលព្រះបង្គំនឹងចាប់ព្រះរាជាអង្គនោះ ទាំងនៅមានព្រះជន្ម ហើយនាំមកក្នុងទីនេះឲ្យបាន ប្រើឧបាយផ្សេង ៗ ឲ្យព្រះរាជាទ្រង់អនុញ្ញាត ហើយក្រាបទូលថា បពិត្រមហារាជ សូមស្ដេចយាង ដូច្នេះហើយ ផ្ដើមនឹងទៅ។
ព្រះរាជាត្រាស់ថា បើអ្នកទាំងឡាយមិនធ្វើការសម្លាប់សត្វ មិនវាយ មិនប្លន់ យើងក៏នឹងទៅ។ ពួកអាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព ពួកទូលព្រះបង្គំនឹងមិនធ្វើ ពួកទូលព្រះបង្គំនឹងធ្វើឲ្យភ័យខ្លាច ហើយឲ្យគេចទៅ ដូច្នេះហើយ ទើបប្រមូលចតុរង្គិនីសេនា ដាក់ប្រទីបក្នុងឆ្នាំង ដើរទៅទាំងកណ្តាលរាត្រី។
ថ្ងៃនោះ ព្រះរាជាជាសត្រូវដណ្ដើមនគរក្នុងទីជិតនគរពារាណសី បានហើយ ទ្រង់ព្រះតម្រិះថា ឥឡូវនេះ គង់មិនមានអ្វីក្នុងពេលរាត្រី ទើបឲ្យដោះក្រោះ ជាអ្នកប្រមាទ ឈានចុះកាន់និទ្រា មួយអន្លើដោយពួកពល។ លំដាប់នោះ អាមាត្យទាំងឡាយ បាននាំព្រះបាទព្រហ្មទត្តទៅដល់បន្ទាយរបស់ព្រះរាជាដែលជាសត្រូវ ហើយឲ្យនាំប្រទីបចេញអំពីឆ្នាំងទាំងអស់ ធ្វើឲ្យភ្លឺទូទៅ ហើយធ្វើនូវការស្រែកហ៊ោ។ អាមាត្យរបស់ព្រះរាជាជាសត្រូវ ឃើញពួកពលដ៏ច្រើន ភ័យខ្លាច ក៏ចូលទៅគាល់ព្រះរាជារបស់ខ្លួន បានធ្វើនូវសំឡេងខ្លាំងថា សូមទ្រង់តើនឡើង សោយទឹកឃ្មុំដែលមិនមានមេ ។ អាមាត្យទី ២ ក្ដី អាមាត្យទី ៣ ក្ដី ក៏បានធ្វើយ៉ាងនោះដូចគ្នា។ ព្រះរាជាដែលជាបដិបក្ខ ទ្រង់តើនឡើងដោយសំឡេងនោះ ទ្រង់ដល់នូវការភ័យខ្លាច ព្រោះសំឡេងកងរំពងរាប់រយកំពុងប្រព្រឹត្តទៅ ទ្រង់ព្រះតម្រិះថា អញជឿពាក្យរបស់អ្នកដទៃ ទើបធ្លាក់នៅក្នុងកណ្តាប់ដៃរបស់សត្រូវ ទ្រង់ត្រាស់ពាក្យនោះ ៗ អស់មួយរាត្រី ក្នុងថ្ងៃទី ២ ទ្រង់គិតថា ព្រះបាទព្រហ្មទត្តនោះ ជាព្រះរាជាទ្រទ្រង់នូវធម៌ មិនគប្បីដាក់ទោស អញនឹងទៅសូមខមាទោសព្រះអង្គ ដូច្នេះហើយ ទើបយាងទៅគាល់ព្រះរាជា ទ្រង់លុតព្រះជានុទាំងពីរហើយពោលថា បពិត្រមហារាជ សូមទ្រង់អភ័យទោសចំពោះកំហុសរបស់ទូលព្រះបង្គំចុះ។
ព្រះរាជាទ្រង់ទូន្មានព្រះរាជាដែលជាសត្រូវនោះហើយ ត្រាស់ថា សូមទ្រង់ក្រោកឡើង យើងអត់ទោសឲ្យដល់ទ្រង់។ ព្រះរាជាដែលជា សត្រូវនោះ លុះព្រះបាទពារាណសីត្រាស់ត្រឹមតែប៉ុណ្ណេះ ទ្រង់ដល់នូវការធូរស្បើយក្នុងព្រះហឫទ័យក្រៃលែង ទ្រង់បានរាជសម្បតិ្តក្នុងជនបទជិតព្រំដែនរបស់ព្រះបាទពារាណសី ព្រះរាជាទាំងពីរអង្គនោះ បានជាសម្លាញ់នឹងគ្នា។
លំដាប់នោះ ព្រះបាទព្រហ្មទត្តទ្រង់ទតសេនាទាំងពីរចំណែកដែលត្រេកអររាក់ទាក់រកគ្នា ទ្រង់ព្រះតម្រិះថា ព្រោះអាត្មាអញតែម្នាក់តាមរក្សាចិត្ត ទើបមិនមានតំណក់ឈាម សូម្បីត្រឹមតែមួយចម្អែតរុយកើតឡើងក្នុងពួកមហាជនទាំងនេះ ឱល្អពិតហ្ន៎ ! ឱប្រសើរពិតហ្ន៎ ! សត្វទាំងឡាយទាំងពួង ចូរមានសេចក្ដីសុខ កុំបីមានពៀរ កុំបៀតបៀនគ្នា ទ្រង់ធ្វើមេត្តាឈានឲ្យកើតឡើង ទ្រង់ធ្វើមេត្តាឈាននោះឯង ឲ្យជាបាទ ពិចារណាសង្ខារទាំងឡាយ ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ សម្រេចភាពជាព្រះសយម្ភូហើយ។
អាមាត្យទាំងឡាយថ្វាយបង្គំហើយ ក្រាបទូលព្រះបាទព្រហ្មទត្តដែលជាអ្នកមានសេចក្ដីសុខដោយសុខក្នុងមគ្គ និងផល ដែលប្រថាប់គង់លើកដំរីថា បពិត្រមហារាជ ដល់កាល ( ដែលត្រូវយាងត្រឡប់ហើយ ) ទ្រង់គប្បីធ្វើសក្ការៈដល់ពួកពលដែលឈ្នះ គប្បីឲ្យស្បៀងគឺភត្ត ដល់ពួកពលដែលចាញ់។
ព្រះបច្ចេកពុទ្ធពោលថា នែអ្នកទាំងឡាយ យើងមិនមែនជាព្រះរាជា យើងឈ្មោះថា ព្រះបច្ចេកពុទ្ធ។ អាមាត្យទាំងឡាយក្រាបទូលថា បពិត្រព្រះសម្មតិទេព ទ្រង់ត្រាស់អ្វី ព្រះបច្ចេកពុទ្ធទាំងឡាយ មិនមែនមានសភាពយ៉ាងនេះឡើយ។
ព្រះបច្ចេកពុទ្ធសួរថា នែអ្នកទាំងឡាយ ព្រះបច្ចេកពុទ្ធទាំងឡាយតើដូចម្ដេច។ អាមាត្យទាំងនោះទូលថា ធម្មតាព្រះបច្ចេកពុទ្ធទាំងឡាយ ជាអ្នកមានសក់ និងពុកមាត់ ២ ធ្នាប់ មួយអន្លើដោយបរិក្ខារ ៨ ។ ព្រះបច្ចេកពុទ្ធយកព្រះហស្តស្ទាបព្រះសិរសា រំពេចនោះឯង ឃរាវាសភេទក៏អន្ដរធានទៅ បព្វជិតភេទក៏ប្រាកដឡើង លោកមានព្រះកេសា និងព្រះមស្សុប្រមាណពីរធ្នាប់ មានបរិក្ខារ ៨ ( ស្បង់ ចីពរ សង្ឃាដី វត្ថពន្ធចង្កេះ បាត្រ ធម្មក្រក កាំបិតកោរ ម្ជុល ) ដូចគ្នានឹងព្រះថេរៈមានវស្សា ១០០។ ព្រះបច្ចេកពុទ្ធចូលចតុត្ថជ្ឈាន ហោះអំពីកដំរីទៅកាន់អាកាស គង់លើផ្កាឈូក។ ពួកអាមាត្យថ្វាយបង្គំហើយទូលសួរថា បពិត្រលោកម្ចាស់ អ្វីជាកម្មដ្ឋាន លោកសម្រេចបានដូចម្ដេច។ ព្រោះលោកមានកម្មដ្ឋាន គឺមេត្តាជាអារម្មណ៍ លោកឃើញច្បាស់នូវមេត្តានោះ ទើបបានសម្រេច ហេតុនោះ កាលលោកសម្ដែងសេចក្ដីនោះ ទើបពោលគាថានេះ ដែលជាគាថាឧទាន ជាគាថាព្យាករណ៍ថា
សព្វេសុ ភូតេសុ និធាយ ទណ្ឌំ អវិហេឋយំ អញ្ញតរម្បិ តេសំ
មេត្តេន ចិត្តេន ហិតានុកម្បី ឯកោ ចរេ ខគ្គវិសាណកប្បោ។
បុគ្គលទម្លាក់ចោលនូវអាជ្ញា ចំពោះសត្វទាំងពួង មិន បៀតបៀននូវសត្វទាំងនោះ សូម្បីសត្វណាមួយទេ ទាំងជាអ្នកអនុគ្រោះចំពោះប្រយោជន៍ ដោយមេត្តាចិត្ត គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។
បណ្ដាបទទាំងនោះ បទថា សព្វេសុ ភូតេសុ និធាយ ទណ្ឌំសេចក្ដីថា ដាក់ គឺវៀរចាកការសម្លុតគំរាម ការទម្លាយ ការសម្លាប់ និងការចង មិនបៀតបៀនសត្វណាមួយ គឺសត្វណាសូម្បីតែមួយ ក្នុងរវាងសត្វទាំងពួងនោះ គឺមិនធ្វើឲ្យលំបាក មានចិត្តប្រកបដោយមេត្តា គឺមានចិត្តសហគតៈដោយមេត្តាថា សត្វទាំងឡាយទាំងពួង ចូរមានសេចក្ដីសុខទាំងជាអ្នកអនុគ្រោះដោយប្រយោជន៍ ដោយចិត្ត គឺអនុគ្រោះដោយប្រយោជន៍ដែលជាសភាវៈ ។ ម្យ៉ាងទៀត ពាក្យថា សព្វេសុ ក្នុងបទថា សព្វេសុ ភូតេសុ និធាយ ទណ្ឌំ នេះ ជាបទចង្អុលបង្ហាញ គឺការរួមយកទាំងអស់មិនសេសសល់។ ក្នុងបទថា ភូតេសុ គប្បីជ្រាបដូច្នេះថា សត្វដែលតក់ស្លុតនិងសត្វដែលមិនតក់ស្លុត ហៅថា ភូត។ សត្វទាំងឡាយណា លះនូវតណ្ហាដែលធ្វើឲ្យតក់ស្លុត មិនបាន ទាំងលះនូវភ័យនិងការខ្លាច មិនបាន សត្វទាំងនោះ ឈ្មោះថា តក់ស្លុត។
សួរថា ព្រោះហេតុអ្វី ទើបហៅថា តក់ស្លុត។
ឆ្លើយថា សត្វពួកណា រមែងតក់ស្លុត គឺតក់ស្លុតឡើង តក់ស្លុតជុំវិញ រមែងខ្លាច រមែងដល់នូវការតក់ស្លុតព្រម ព្រោះហេតុនោះ ទើបសត្វទាំងនោះ លោកហៅថា ជាអ្នកតក់ស្លុត។ សត្វពួកណា លះនូវតណ្ហាដែលធ្វើឲ្យតក់ស្លុតបាន ទាំងលះនូវភ័យនិងការខ្លាចបាន សត្វទាំងនោះ ឈ្មោះថា ជាអ្នកមិនតក់ស្លុត។
សួរថា ព្រោះហេតុអ្វី ទើបហៅថា ជាអ្នកមិនតក់ស្លុត។
ឆ្លើយថា សត្វពួកណា រមែងមាំទាំ គឺមិនតក់ស្លុត មិនតក់ស្លុតឡើង មិនតក់ស្លុតដោយជុំវិញ មិនខ្លាច មិនដល់នូវការតក់ស្លុតព្រម ព្រោះហេតុនោះ ទើបសត្វទាំងនោះ លោកហៅថា ជាអ្នកមិនតក់ស្លុត។
អាជ្ញាមាន ៣ យ៉ាង គឺកាយអាជ្ញា វចីអាជ្ញា និងមនោអាជ្ញា។កាយទុច្ចរិត ៣ ឈ្មោះថា កាយអាជ្ញា វចីទុច្ចរិត ៤ ឈ្មោះថា វចីអាជ្ញាមនោទុច្ចរិត ៣ ឈ្មោះថា មនោអាជ្ញា។ ដាក់ គឺទម្លាក់ចុះ លើកចុះ លើកចុះព្រម ដាក់ទុក គឺរម្ងាប់អាជ្ញា ៣ យ៉ាងនោះ ក្នុងភូត គឺសត្វទាំងពួង គឺទាំងអស់ បានដល់ មិនកាន់យកអាជ្ញាដើម្បីបៀតបៀន ព្រោះហេតុនោះ ទើបឈ្មោះថា ដាក់ចុះនូវអាជ្ញាក្នុងសត្វទាំងពួង។
បទថា អវិហេឋយំ អញ្ញតរម្បិ តេសំ សេចក្ដីថា មិនបៀតបៀន សូម្បីសត្វមួយដោយបាតដៃ ឬដុំដី ដំបង សស្ត្រា ខ្នោះ ខ្សែ មិនបៀតបៀនសត្វគ្រប់ប្រភេទដោយបាតដៃ ឬដុំដី ដំបង សស្ត្រា ខ្នោះ ខ្សែ មិនបៀតបៀនសត្វទាំងនោះ សូម្បីសត្វមួយ។
បទថា ឯកោ សេចក្ដីថា ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថា ជាបុគ្គលម្នាក់ឯង ព្រោះចំណែកបព្វជ្ជា ជាបុគ្គលម្នាក់ឯង ព្រោះអត្ថថា មិនមានបុគ្គលជាគម្រប់ពីរ ជាបុគ្គលម្នាក់ឯង ព្រោះអត្ថថា លះបង់តណ្ហា ជាបុគ្គលម្នាក់ឯង ព្រោះហេតុប្រាសចាករាគៈដោយដាច់ខាត ជាបុគ្គលម្នាក់ឯង ព្រោះហេតុប្រាសចាកទោសៈដោយដាច់ខាត ជាបុគ្គលម្នាក់ឯង ព្រោះហេតុប្រាសចាកមោហៈដោយដាច់ខាត ជាបុគ្គលម្នាក់ឯង ព្រោះហេតុមិនមានកិលេសដោយដាច់ខាត ជាបុគ្គលម្នាក់ឯង ព្រោះហេតុទៅកាន់ផ្លូវជាទីទៅតែម្នាក់ឯង ជាបុគ្គលម្នាក់ឯង ព្រោះហេតុត្រាស់ដឹងនូវបច្ចេកសម្ពោធិដ៏ប្រសើរតែម្នាក់ឯង។
ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថា ជាបុគ្គលម្នាក់ឯង ព្រោះចំណែកបព្វជ្ជា តើដូចម្ដេច។ ព្រះបច្ចេកសម្ពុទ្ធនោះ ទ្រង់កាត់បលិពោធក្នុងឃរាវាស កាត់បលិពោធក្នុងបុត្តនិងភរិយា កាត់បលិពោធក្នុងញាតិ កាត់បលិពោធក្នុងមិត្តនិងអាមាត្យ កាត់បលិពោធក្នុងការសន្សំ កោរសក់ពុកមាត់ និងពុកចង្កា ស្លៀកដណ្ដប់សំពត់កាសាយៈ ចេញចាកផ្ទះចូលទៅកាន់ផ្នួស ដល់នូវភាពមិនមានកង្វល់ ជាបុគ្គលម្នាក់ឯង ចរទៅ ត្រាច់ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថា ជាបុគ្គលម្នាក់ឯង ព្រោះចំណែកបព្វជ្ជា យ៉ាងនេះ។
ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថាជាបុគ្គលម្នាក់ឯង ព្រោះអត្ថថាមិនមានបុគ្គលជាគម្រប់ពីរ តើដូចម្ដេច។ ព្រះបច្ចេកសម្ពុទ្ធនោះ កាលបួសហើយយ៉ាងនេះ ជាបុគ្គលម្នាក់ឯង គប់រកសេនាសនៈដ៏ស្ងាត់ គឺព្រៃរបោះនិងព្រៃញៀតស្បាត ជាទីមិនមានសំឡេង មិនមានសំឡេងគឹកកង ប្រាសចាកខ្យល់ដែលកើតអំពីសរីរៈមនុស្ស ជាទីស្ងាត់កំបាំងរបស់មនុស្ស សមគួរដល់ទីពួនសម្ងំ លោកដើរទៅម្នាក់ឯង ឈរនៅម្នាក់ឯង អង្គុយម្នាក់ឯង សិងម្នាក់ឯង ចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាតម្នាក់ឯង ត្រឡប់មកវិញម្នាក់ឯង អង្គុយក្នុងទីស្ងាត់ម្នាក់ឯង អធិដ្ឋានចង្ក្រមម្នាក់ឯង ត្រាច់ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅម្នាក់ឯង ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថា ជាបុគ្គលម្នាក់ឯង ព្រោះអត្ថថា មិនមានបុគ្គលជាគម្រប់ពីរ យ៉ាងនេះ។
ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថា ជាបុគ្គលម្នាក់ឯង ព្រោះអត្ថថាលះបង់តណ្ហា តើដូចម្ដេច។ ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គលម្នាក់ឯង ឥតមានបុគ្គលជាគម្រប់ពីរយ៉ាងនេះហើយ ជាអ្នកមិនប្រហែស មានព្យាយាមដុតកម្ដៅកិលេស មានចិត្តស្លុង (ទៅកាន់ព្រះនិព្វាន ) ផ្គងព្យាយាមធំ កម្ចាត់បង់មារ ព្រមទាំងសេនានៃមារដែលមិនដោះលែង [មារមានឈ្មោះថា នមុចិ ព្រោះមិនប្រាថ្នាឲ្យសត្វទាំងឡាយរួចផុត ទើបមានពាក្យថា មិនដោះលែងនេះ។] ជាផៅពង្សនៃបុគ្គលប្រហែស គឺថា លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ញ៉ាំងតណ្ហាដូចជាបណ្ដាញដែលហូរទៅ ផ្សាយទៅ ឲ្យដល់នូវការមិនកើតមាន។
តណ្ហាទុតិយោ បុរិសោ ទីឃមទ្ធាន សំសរំ ឥត្ថភាវញ្ញថាភាវំ សំសារំ នាតិវត្តតិ
ឯវមាទីនវំ ញត្វា តណ្ហំ ទុក្ខស្ស សម្ភវំ វីតតណ្ហោ អនាទានោ សតោ ភិក្ខុ បរិព្វជេ។
បុរសមានតណ្ហាជាគម្រប់ពីរ កាលអន្ទោលទៅអស់កាលដ៏វែង រមែងមិនកន្លងផុតសង្សារ មានភាពបែបនេះ និងភាពដទៃ ភិក្ខុអ្នកមានសតិ ប្រាសចាកតណ្ហា មិនមានសេចក្ដីប្រកាន់ លុះឃើញទោសយ៉ាងនេះហើយ គួរវៀរនូវតណ្ហា ជាដែនកើតទុក្ខចេញ [បិ.៦៨ ទំ.១៩៦ ឃ.២៣៥។]។
ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថា ជាបុគ្គលម្នាក់ឯង ព្រោះអត្ថថា លះបង់នូវតណ្ហា យ៉ាងនេះ។
ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថា ជាបុគ្គលម្នាក់ឯង ព្រោះប្រាសចាករាគៈដោយដាច់ខាត តើដូចម្ដេច។ ជាបុគ្គលម្នាក់ឯង ព្រោះប្រាសចាករាគៈដោយដាច់ខាត ព្រោះលោកលះរាគៈហើយ។ ជាបុគ្គលម្នាក់ឯង ព្រោះប្រាសចាកទោសៈដោយដាច់ខាត ព្រោះលោកលះ ទោសៈហើយ។ ជាបុគ្គលម្នាក់ឯង ព្រោះប្រាសចាកមោហៈដោយដាច់ខាត ព្រោះលោកលះមោហៈហើយ។ ជាបុគ្គលម្នាក់ឯង ព្រោះហេតុមិនមានកិលេសដោយដាច់ខាត ព្រោះលោកលះកិលេសទាំងឡាយហើយ។ ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គលម្នាក់ឯង ព្រោះប្រាសចាករាគៈដោយដាច់ខាត យ៉ាងនេះ។
ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គលម្នាក់ឯង ព្រោះហេតុទៅកាន់ផ្លូវជាទីទៅម្នាក់ឯង តើដូចម្ដេច។ សតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពលៈ៥ ពោជ្ឈង្គៈ៧ អរិយមគ្គប្រកបដោយអង្គ៨ លោកហៅថា ផ្លូវជាទីទៅម្នាក់ឯង។
ឯកាយនំ ជាតិខយន្តទស្សី មគ្គំ បជានាតិ ហិតានុកម្បី
ឯតេន មគ្គេន តរឹសុ បុព្វេ តរិស្សន្តិ ចេវ តរន្តិ ឱឃំ។
បុគ្គលអ្នកឃើញទីបំផុតនៃកិរិយាអស់ជាតិ ជាអ្នកអនុគ្រោះនូវប្រយោជន៍ រមែងដឹងច្បាស់នូវផ្លូវជាទីទៅម្នាក់ឯង ពួកអរិយបុគ្គលបានឆ្លងហើយក្នុងអតីតកាលក្ដី នឹងឆ្លងក្នុងអនាគតក្ដី កំពុងឆ្លងក្នុងបច្ចុប្បន្ននេះក្ដី នូវឱឃៈ តាមផ្លូវនេះឯង [បិ.៦៨ ទំ.១៩៧ ឃ.២៣៥។] ។
ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គលម្នាក់ឯង ព្រោះហេតុទៅកាន់ផ្លូវជាទីទៅម្នាក់ឯង យ៉ាងនេះ។
ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គលម្នាក់ឯង ព្រោះហេតុត្រាស់ដឹងនូវបច្ចេកសម្ពោធិដ៏ប្រសើរតែម្នាក់ឯង តើដូចម្ដេច។ ញាណ បញ្ញា បញ្ញិន្ទិ្រយ បញ្ញាពលៈ ធម្មវិចយសម្ពោជ្ឈង្គៈ វីមំសា វិបស្សនា សម្មាទិដ្ឋិក្នុងមគ្គទាំង ៤ លោកហៅថា ពោធិ។ ព្រះបច្ចេកសម្ពុទ្ធនោះ ត្រាស់ដឹងហើយនូវសច្ចៈទាំងឡាយដោយបច្ចេកពុទ្ធញ្ញាណនោះ ត្រាស់ដឹងហើយថា សង្ខារទាំងពួង មិនទៀង ត្រាស់ដឹងហើយថា សង្ខារទាំងពួង ជាទុក្ខ ត្រាស់ដឹងហើយថា ធម៌ទាំងពួង ជាអនត្តា។ ត្រាស់ដឹងហើយថា សង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ ត្រាស់ដឹងហើយថា វិញ្ញាណ (កើតមាន) ព្រោះសង្ខារជាបច្ច័យ ត្រាស់ដឹងហើយថា នាមនិងរូប (កើតមាន) ព្រោះវិញ្ញាណជាបច្ច័យ ត្រាស់ដឹងហើយថា អាយតនៈ ៦ (កើតមាន) ព្រោះនាមរូបជាបច្ច័យ ត្រាស់ដឹងហើយថា ផស្សៈ (កើតមាន) ព្រោះអាយតនៈ ៦ ជាបច្ច័យ ត្រាស់ដឹងហើយថា វេទនា (កើតមាន) ព្រោះផស្សៈជាបច្ច័យ ត្រាស់ដឹងហើយថា តណ្ហា (កើតមាន) ព្រោះវេទនាជាបច្ច័យ ត្រាស់ដឹងហើយថា ឧបាទាន (កើតមាន) ព្រោះតណ្ហាជាបច្ច័យ ត្រាស់ដឹងហើយថា ភព (កើតមាន) ព្រោះឧបាទានជាបច្ច័យ ត្រាស់ដឹងហើយថា ជាតិ (កើតមាន) ព្រោះភពជាបច្ច័យ ត្រាស់ដឹងហើយថា ជរានិងមរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យ។ ត្រាស់ដឹងហើយថា ការរលត់សង្ខារ ព្រោះការរលត់ទៅនៃអវិជ្ជា ត្រាស់ដឹងហើយថា ការរលត់វិញ្ញាណ ព្រោះការរលត់សង្ខារ ត្រាស់ដឹងហើយថា ការរលត់នាមរូប ព្រោះការរលត់វិញ្ញាណ ត្រាស់ដឹងហើយថា ការរលត់អាយតនៈ ៦ ព្រោះការរលត់នាមនិងរូប ត្រាស់ដឹងហើយថា ការរលត់ផស្សៈ ព្រោះការរលត់អាយតនៈ ៦ ត្រាស់ដឹងហើយថា ការរលត់វេទនា ព្រោះការរលត់ផស្សៈ ត្រាស់ដឹងហើយថា ការរលត់តណ្ហា ព្រោះការរលត់វេទនា ត្រាស់ដឹងហើយថា ការរលត់ឧបាទាន ព្រោះការរលត់តណ្ហា ត្រាស់ដឹងហើយថា ការរលត់ភព ព្រោះការរលត់ឧបាទាន ត្រាស់ដឹងហើយថា ការរលត់ជាតិ ព្រោះការរលត់ភព ត្រាស់ដឹងហើយថា ការរលត់ជរាមរណៈ ព្រោះការរលត់ជាតិ។ ត្រាស់ដឹងហើយថា នេះទុក្ខ ត្រាស់ដឹងហើយថា នេះការកើតទុក្ខ ត្រាស់ដឹងហើយថា នេះការរលត់ទុក្ខ ត្រាស់ដឹងហើយថា នេះបដិបទាជាដំណើរទៅកាន់ការរលត់ទុក្ខ។ ត្រាស់ដឹងហើយថា ទាំងនេះអាសវៈ ត្រាស់ដឹងហើយថា នេះការកើតអាសវៈ ត្រាស់ដឹងហើយថា នេះការរលត់អាសវៈ ត្រាស់ដឹងហើយថា នេះបដិបទាជាដំណើរទៅកាន់ការរលត់អាសវៈ។ ត្រាស់ដឹងហើយថា នេះពួកធម៌គួរត្រាស់ដឹង ត្រាស់ដឹងហើយថា នេះពួកធម៌គួរលះបង់ ត្រាស់ដឹងហើយថា នេះពួកធម៌ គួរធ្វើឲ្យជាក់ច្បាស់ ត្រាស់ដឹងហើយថា នេះពួកធម៌គួរចម្រើន។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ គឺហេតុឲ្យកើតផង ឲ្យរលត់ផង សេចក្ដីរីករាយផង ទោសផង រលាស់ចេញផង នៃផស្សាយតនៈ ៦ ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ គឺហេតុឲ្យកើតផង ឲ្យរលត់ផង សេចក្ដីរីករាយផង ទោសផង រលាស់ចេញផង នៃឧបាទានក្ខន្ធ ៥។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ គឺហេតុឲ្យកើតផង ឲ្យរលត់ផង សេចក្ដីរីករាយផង ទោសផង រលាស់ចេញផង នៃមហាភូតរូប ៤ ។ ត្រាស់ដឹង ត្រាស់ដឹងចំពោះនូវធម៌ថា ធម្មជាតណាមួយ មានការកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានការរលត់ទៅជាធម្មតា។
គឺថា ត្រាស់ដឹង ត្រាស់ដឹងតាម ត្រាស់ដឹងឯង ប៉ះពាល់ ធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលត្រូវត្រាស់ដឹង ដែលត្រូវត្រាស់ដឹងតាម ដែលត្រូវត្រាស់ដឹងឯង ដែលត្រូវប៉ះពាល់ ដែលត្រូវធ្វើឲ្យជាក់ច្បាស់ទាំងអស់ ដោយបច្ចេកពោធិញ្ញាណនោះ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គលម្នាក់ឯង ព្រោះហេតុត្រាស់ដឹងនូវបច្ចេកសម្ពោធិដ៏ប្រសើរម្នាក់ឯងយ៉ាងនេះ។
បទថា ចរេ បានដល់ ចរិយា៨ គឺឥរិយាបថចរិយា១ អាយតនចរិយា១ សតិចរិយា១ សមាធិចរិយា១ ញាណចរិយា១ មគ្គចរិយា១ បត្តិចរិយា១ លោកត្ថចរិយា១។
ចរិយាក្នុងឥរិយាបថទាំង ៤ ឈ្មោះថា ឥរិយាបថចរិយា។ ចរិយាក្នុងអាយតនៈខាងក្នុង ៦ និងអាយតនៈខាងក្រៅ ៦ ឈ្មោះថា អាយតនចរិយា ។ ចរិយាក្នុងសតិប្បដ្ឋាន ៤ ឈ្មោះថា សតិចរិយា។ ចរិយាក្នុងឈាន ៤ ឈ្មោះថា សមាធិចរិយា។ ចរិយាក្នុងអរិយសច្ច ៤ ឈ្មោះថា ញាណចរិយា។ ចរិយាក្នុងអរិយមគ្គ ៤ ឈ្មោះថា មគ្គចរិយា ។ ចរិយាក្នុងសាមញ្ញផល ៤ ឈ្មោះថា បត្តិចរិយា។ ការប្រព្រឹត្តប្រយោជន៍ដើម្បីសត្វលោកទាំងអស់ របស់ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ របស់ព្រះបច្ចេកសម្ពុទ្ធដោយចំណែកខ្លះ របស់សាវ័ក ទាំងឡាយដោយចំណែកខ្លះ ឈ្មោះថា លោកត្ថចរិយា។
ម្យ៉ាងទៀត ចរិយារបស់បុគ្គលដែលដល់ព្រមដោយការតម្កល់ខ្លួនទុកប្រពៃ ឈ្មោះថា ឥរិយាបថចរិយា។ ចរិយារបស់បុគ្គលដែលគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ ឈ្មោះថា អាយតនចរិយា។ ចរិយារបស់បុគ្គលដែលមានប្រក្រតីនៅដោយការមិនប្រមាទ ឈ្មោះថា សតិចរិយា។ ចរិយារបស់បុគ្គលដែលប្រកបរឿយ ៗ ក្នុងអធិចិត្ត ឈ្មោះថា សមាធិចរិយា។ ចរិយារបស់បុគ្គលដែលសម្បូរដោយបញ្ញាជាគ្រឿងត្រាស់ដឹង ឈ្មោះថា ញាណចរិយា។ ចរិយារបស់បុគ្គលដែលបដិបត្តិដោយប្រពៃ ឈ្មោះថា មគ្គចរិយា។ ចរិយារបស់បុគ្គលដែលសម្រេចផលហើយ ឈ្មោះថា បត្តិចរិយា និងចរិយារបស់ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ របស់ព្រះបច្ចេកសម្ពុទ្ធចំណែកខ្លះ របស់សាវ័កទាំងឡាយចំណែកខ្លះ ឈ្មោះថា លោកត្ថចរិយា នេះជាចរិយា ៨ ប្រការ។
ចរិយា ៨ ដទៃទៀត គឺបុគ្គលកាលបង្អោនចិត្តជឿ រមែងប្រព្រឹត្តដោយសទ្ធា ១ កាលផ្គង រមែងប្រព្រឹត្តដោយព្យាយាម ១ កាលចូលទៅតាំងមាំ រមែងប្រព្រឹត្តដោយសតិ ១ កាលធ្វើនូវការមិនរាយមាយ រមែងប្រព្រឹត្តដោយសមាធិ ១ កាលឃើញច្បាស់ រមែងប្រព្រឹត្តដោយបញ្ញា ១ កាលដឹងច្បាស់ រមែងប្រព្រឹត្តដោយវិញ្ញាណចរិយា ១ កាលមនសិការថា កុសលធម៌ទាំងឡាយ រមែងប្រព្រឹត្តទូទៅដល់អ្នកបដិបត្តិយ៉ាងនេះ រមែងប្រព្រឹត្តដោយអាយតនចរិយា ១ កាលមនសិការថា អ្នកបដិបត្តិយ៉ាងនេះ រមែងសម្រេចគុណវិសេស រមែងប្រព្រឹត្តដោយវិសេសចរិយា ១ នេះជាចរិយា ៨ ប្រការ។
ចរិយា ៨ ដទៃទៀត គឺចរិយាក្នុងសម្មាទិដ្ឋិ ឈ្មោះថា ទស្សនចរិយា គឺចរិយាក្នុងការឃើញ ១ ចរិយាក្នុងសម្មាសង្កប្បៈ ឈ្មោះថា អភិនិរោបនចរិយា គឺចរិយាក្នុងការលើកចិត្ត ១ ចរិយាក្នុងសម្មាវាចា ឈ្មោះថា បរិគ្គហចរិយា គឺចរិយាក្នុងការកំណត់ ១ ចរិយាក្នុងសម្មាកម្មន្តៈ ឈ្មោះថា សមុដ្ឋានចរិយា គឺចរិយាក្នុងការប្រឹងប្រែង ១ ចរិយាក្នុងសម្មាអាជីវៈ ឈ្មោះថា វោទានចរិយា គឺចរិយាក្នុងសេចក្ដីផូរផង់ ១ ចរិយាក្នុងសម្មាវាយាមៈ ឈ្មោះថា បគ្គហចរិយា គឺចរិយាក្នុងការផ្គង ១ ចរិយាក្នុងសម្មាសតិ ឈ្មោះថា ឧបដ្ឋានចរិយា គឺចរិយាក្នុងការប្រាកដ ១ ចរិយាក្នុងសម្មាសមាធិ ឈ្មោះថា អវិក្ខេបចរិយា គឺចរិយាក្នុងការមិនរាយមាយ ១ នេះជាចរិយា ៨ ប្រការ។
បទថា ខគ្គវិសាណកប្បោ សេចក្ដីថា ធម្មតារមាសមានកុយតែមួយប៉ុណ្ណោះ មិនមានកុយជាគម្រប់ ២ យ៉ាងណា ព្រះបច្ចេកសម្ពុទ្ធនោះ ក៏យ៉ាងនោះ ដូចគ្នា ដូចកុយរមាសនោះ មានចំណែកប្រៀបដោយកុយរមាសនោះ។ វត្ថុមានរសប្រៃក្រៃលែង អ្នកផងតែងនិយាយថា ដូចអំបិល វត្ថុមានរសល្វីងក្រៃលែង អ្នកផងតែងនិយាយថា ដូចម្រះ វត្ថុមានរសផ្អែមក្រៃលែង អ្នកផងតែងនិយាយថា ដូចទឹកឃ្មុំ កម្ដៅដ៏ក្រៃលែង អ្នកផងតែងនិយាយថា ដូចភ្លើង វត្ថុត្រជាក់ក្រៃលែង អ្នកផងតែងនិយាយថា ដូចព្រឹល (ឬទឹកកក) ធារនៃទឹកច្រើន អ្នកផងតែងនិយាយថា ដូចសមុទ្ទ សាវ័កដែលដល់នូវកម្លាំងអភិញ្ញាដ៏ច្រើន អ្នកផងតែងនិយាយថា ដូចព្រះសាស្ដា យ៉ាងណាមិញ ព្រះបច្ចេកសម្ពុទ្ធនោះ ក៏ដូចកុយរមាស ប្រាកដស្មើដោយកុយរមាស មានការប្រៀបដោយកុយរមាស ជាបុគ្គលឯក មិនមានបុគ្គលជាគម្រប់ពីរ របូតចាកចំណងហើយ តែងចរ ត្រាច់ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅក្នុងលោកដោយប្រពៃ ក៏យ៉ាងនោះដែរ ព្រោះហេតុនោះ ទើបឈ្មោះថា គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។
កាលព្រះបច្ចេកពុទ្ធត្រាស់យ៉ាងនេះហើយ អាមាត្យទាំងឡាយសួរថា បពិត្រលោកម្ចាស់ដ៏ចម្រើន ឥឡូវនេះ លោកម្ចាស់និមន្តទៅណា។
លំដាប់នោះ ព្រះបច្ចេកពុទ្ធពិចារណាថា ព្រះបច្ចេកពុទ្ធទាំងឡាយក្នុងកាលមុន នៅក្នុងទីណាហ្ន៎ កាលជ្រាបហើយ ទើបពោលថា អាត្មានឹងទៅកាន់ភ្នំគន្ធមាទន៍។ អាមាត្យទាំងឡាយក្រាបទូលទៀតថា បពិត្រលោកម្ចាស់ដ៏ចម្រើន ឥឡូវនេះ លោកលះបង់ពួកខ្ញុំទៅ មិនប្រាថ្នាពួកខ្ញុំហើយឬ។ លំដាប់នោះ ព្រះបច្ចេកសម្ពុទ្ធពោលពាក្យទាំងពួងថា
សព្វេសុ ភូតេសុ និធាយ ទណ្ឌំ អវិហេឋយំ អញ្ញតរម្បិ តេសំ
ន បុត្តមិច្ឆេយ្យ កុតោ សហាយំ ឯកោ ចរេ ខគ្គវិសាណកប្បោ។
បុគ្គលទម្លាក់ចោលនូវអាជ្ញា ចំពោះពួកសត្វទាំងពួង មិនបៀតបៀនចំពោះសត្វទាំងនោះ សូម្បីសត្វណា មួយទេ មិនបានប្រាថ្នានូវបុត្ត (ទៅហើយ) តើនឹងប្រាថ្នានូវសម្លាញ់អំពីណា គប្បីប្រព្រឹត្តតែម្នាក់ឯង ដូច កុយរមាស។
សព្ទថា ន ក្នុងពាក្យថា ន បុត្តមិច្ឆេយ្យ កុតោ សហាយំ ជាពាក្យបដិសេធ។ បទថា បុត្តំ បានដល់ កូន ៤ ប្រភេទ គឺ អត្រជោកូនកើតអំពីខ្លួន ១ ខេត្តជោ កូនកើតក្នុងខេត្ត មានកើតលើគ្រែ លើបល្ល័ង្ក លើភ្លៅជាដើម ១ ទិន្នកោ កូនដែលគេឲ្យ ១ អន្ដេវាសិកោកូនសិស្ស ១ ព្រះបច្ចេកពុទ្ធមិនប្រាថ្នាបុត្តទាំងឡាយនេះ តើការប្រាថ្នាសម្លាញ់ មានមកអំពីណា។
ក្នុងបទថា សហាយំ គប្បីជ្រាបថា ការមក ការទៅ ការឈរ ការអង្គុយ ការហៅរក ការចរចា ការសន្ទនា ជាមួយបុគ្គលណា យ៉ាងសប្បាយ បុគ្គលនោះ លោកហៅថា សម្លាញ់។ បទថា ន បុត្តមិច្ឆេយ្យ កុតោ សហាយំ សេចក្ដីថា សូម្បីបុត្ត ក៏មិនចង់បាន មិនត្រេកអរ មិនប្រាថ្នា មិនត្រូវការ មិនចង់មាន ធ្វើម្ដេចចង់បាន ត្រេកអរ ប្រាថ្នា ត្រូវការ ចង់មានបុគ្គលដែលស្និទ្ធស្នាល បុគ្គលដែលទើបតែស្និទ្ធស្នាល ឬសម្លាញ់នោះ ព្រោះហេតុនោះ ឈ្មោះថា មិនប្រាថ្នាសូម្បីតែបុត្ត តើនឹងត្រូវការសម្លាញ់មកអំពីណា។
ក្នុងពាក្យនោះ មានអធិប្បាយថា ឥឡូវនេះ អាត្មាមិនប្រាថ្នាសូម្បីតែបុត្តប្រភេទណានីមួយ មានបុត្តកើតអំពីខ្លួនជាដើម នឹងប្រាថ្នាសម្លាញ់ អម្បាលពួកអ្នកដូចម្ដេចកើត ព្រោះហេតុនោះ បណ្ដាពួកអ្នក អ្នកណាចង់ទៅជាមួយអាត្មា ឬចង់ដូចអាត្មា អ្នកនោះ គប្បីជាបុគ្គលម្នាក់ឯង ត្រាច់ទៅដូចកុយរមាសដូច្នោះ។ ម្យ៉ាងទៀត កាលអាមាត្យទាំងនោះ ក្រាបទូលថា បពិត្រលោកម្ចាស់ដ៏ចម្រើន ឥឡូវនេះ លោកលះបង់ពួកខ្ញុំ មិនត្រូវការពួកខ្ញុំទេឬ។
ព្រះបច្ចេកពុទ្ធពោលថា បុគ្គលមិនប្រាថ្នាកូន នឹងប្រាថ្នាសម្លាញ់អំពីណាកើត បានឃើញគុណនៃការត្រាច់ទៅម្នាក់ឯង ដោយអត្ថតាមដែលពោលហើយ ទើបត្រេកអរ កើតនូវបីតិសោមនស្ស បន្លឺឧទាននេះថា គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ដូច្នេះ។ លុះពោលដូច្នេះហើយ កាលមហាជនកំពុងឃើញនោះឯង ក៏ហោះទៅកាន់ភ្នំគន្ធមាទន៍តាមផ្លូវអាកាស។
ឈ្មោះថា ភ្នំគន្ធមាទន៍នេះ នៅត្រង់ហិមវន្តប្បទេស រំលងភ្នំ ៧ ទៅ គឺចូឡកាឡបព៌ត ១ មហាកាឡបព៌ត ១ នាគបលិវេឋនបព៌ត ១ ចន្ទគព្ភបព៌ត ១ សុរិយគព្ភបព៌ត ១ សុវណ្ណបស្សបព៌ត ១ ហិមវន្តបព៌ត ១។ ត្រង់ភ្នំគន្ធមាទន៍នោះ មានញកឈ្មោះនន្ទមូលកៈ ជាលំនៅរបស់ព្រះបច្ចេកពុទ្ធទាំងឡាយ មានគុហា ៣ គឺសុវណ្ណគុហា ១ មណិគុហា ១ រជតគុហា ១។ បណ្ដាគុហាទាំង ៣ នោះ ត្រង់ទ្វារមណិគុហា មានដើមឈើ ឈ្មោះថា មញ្ជូសកៈ (ដើមឪឡោក) កម្ពស់ ១ យោជន៍ ទំហំ ១ យោជន៍។ ផ្កាទាំងឡាយ (ដែលមាននៅ) ក្នុងទឹក ឬលើគោក មានប្រមាណត្រឹមណា ដើមមញ្ជូសកៈនោះ ក៏បញ្ចេញផ្កាទាំងឡាយទាំងពួងនោះ មានប្រមាណត្រឹមនោះ ដោយវិសេស ក្នុងថ្ងៃដែលព្រះបច្ចេកពុទ្ធនិមន្ដមកដល់។ បន្ទាប់អំពីដើមឈើនោះទៅ មានផ្ទះរតនៈគ្រប់ប្រភេទ ក្នុងផ្ទះរតនៈនោះ ខ្យល់ដែលធ្វើការបោស ក៏បោសសំរាមយកទៅចោល ខ្យល់ដែលធ្វើផ្ទៃដីឲ្យរាប ក៏កៀរខ្សាច់ដែលសម្រេចហើយដោយរតនៈឲ្យរាបស្មើ ខ្យល់ដែលស្រោចទឹក ក៏នាំទឹកមកអំពីអនោតត្តស្រះមកស្រោច ខ្យល់ដែលធ្វើក្លិនក្រអូប ក៏នាំក្លិនក្រអូបមកអំពីព្រៃហិមពាន្ត ខ្យល់ដែលរោយ ក៏រោយផ្កាទាំងឡាយឲ្យធ្លាក់ចុះមក ខ្យល់ដែលក្រាល ក៏ក្រាលកម្រាលក្នុងទីទាំងពួង ក្នុងរោងនោះ ក្រាលអាសនៈរៀបរយទុកជាប្រចាំ សម្រាប់ជាទីដែលព្រះបច្ចេកពុទ្ធទាំងពួងអង្គុយប្រជុំ ក្នុងថ្ងៃដែលព្រះបច្ចេកពុទ្ធកើតឡើង និងក្នុងថ្ងៃឧបោសថ នេះជាប្រក្រតីក្នុងទីនោះ។ ព្រះបច្ចេកពុទ្ធអង្គនេះ ទៅក្នុងទីនោះហើយ អង្គុយលើអាសនៈដែលក្រាលទុក។ លំដាប់នោះ បើក្នុងពេលនោះ មានព្រះបច្ចេកពុទ្ធអង្គដទៃ ៗ ព្រះបច្ចេកពុទ្ធទាំងអស់នោះ ក៏មកប្រជុំគ្នា អង្គុយលើអាសនៈដែលក្រាលទុកមួយរំពេច កាលអង្គុយហើយ នាំគ្នាចូលសមាបត្តិខ្លះ ហើយចេញអំពីសមាបត្តិ បន្ទាប់អំពីនោះ ដើម្បីឲ្យព្រះបច្ចេកពុទ្ធទាំងពួង អនុមោទនា ព្រះសង្ឃត្ថេរក៏សួរកម្មដ្ឋាននឹងព្រះបច្ចេកពុទ្ធដែលទើបមកថ្មីយ៉ាងនេះថា លោកម្ចាស់សម្រេចដូចម្ដេច។ ក្នុងកាលនោះ ព្រះបច្ចេកពុទ្ធដែលទើបមកថ្មី ក៏ពោលឧទានគាថា និងព្យាករណ៍គាថារបស់ខ្លួននោះឯង។ ព្រះមានព្រះភាគត្រូវព្រះអានន្ទសួរ ក៏ត្រាស់គាថានោះដដែលទៀត ព្រះអានន្ទក៏ពោលគាថានោះ ក្នុងកាលសង្គាយនា រួមសេចក្ដីមក គាថានីមួយ ៗ មានការពោល ៤ ដង គឺក្នុងទីត្រាស់ដឹងបច្ចេកសម្ពោធិញ្ញាណ ១ ក្នុងរោងក្បែរដើមមញ្ជូសកៈ ១ ក្នុងពេលដែលព្រះអានន្ទក្រាបបង្គំទូលសួរ ១ ក្នុងពេលសង្គាយនា ១ ដោយប្រការដូច្នេះ។
បឋមគាថា ចប់។
សូមអនុមោទនា !!!
👇មាតិកាគាថាបន្តក្នុងវគ្គនិមួយៗ
☸️បច្ចេកពុទ្ធសំយុត្តកថា វគ្គ១
🔸👉លំនាំដើម
🔸អាមន្តនាគាថា ទី៦
🔸ខិឌ្ឌារតិគាថា ទី៧
🔸ចាតុទ្ទិសគាថា ទី៨
🔸ទុស្សង្គហគាថា ទី៩
🔸កោវិឡារគាថា ទី១០
☸️បច្ចេកពុទ្ធសំយុត្តកថា វគ្គ២
🔸សហាយគាថា ទី១-២
🔸អទ្ធាបសំសាគាថា ទី៣
🔸សុវណ្ណវលយគាថា ទី៤
🔸អាយតិភយគាថា ទី៥
🔸កាមគាថា ទី៦
🔸ឦតិគាថា ទី៧
🔸សីតាលុកគាថា ទី៨
🔸នាគគាថា ទី៩
🔸អដ្ឋានគាថា ទី១០
🔸🔸❁🙏❁🔸🔸
ប្រភព-Source: ឈូកក្រហម
🔸Last Updated កំណែចុងក្រោយ on September 14, 2024