ខុទ្ទកបាឋ រតនសូត្រ

ខុទ្ទកបាឋ រតនសូត្រ


សម្រង់ចេញពី គម្ពីរព្រះត្រៃបិដក ភាគ៥២

[៧] ពួកភូតណា ឋិតនៅលើផែនដីក្តី ពួកភូតណា ឋិតនៅឰដ៏​អាកាសក្តី ដែលមក​ជួបជុំ​ក្នុងទី​នេះ ពួកភូត​ទាំងអស់​នោះ ចូរមាន​ចិត្តល្អ មួយទៀត ចូរស្តាប់​នូវភាសិត​ដោយ​គោរព ព្រោះ​ហេតុនោះ អ្នកទាំងឡាយ ជាភូត​ទាំងអស់ ចូរស្តាប់ (នូវព្រះបរិត្ត) ចូរ​ធ្វើនូវ​មេត្តាចិត្ត ដល់​ពពួកសត្វ​ជា​មនុស្សជាតិ មនុស្ស​ទាំងឡាយ​ណា តែងនាំ​មកនូវពលី ក្នុង​ពេលថ្ងៃ និង​ពេល​យប់ ព្រោះហេតុនោះ សូមអ្នក​ទាំងឡាយ កុំប្រហែស​ធ្វេស រក្សានូវ​មនុស្ស​ទាំងនោះ។ ទ្រព្យណាមួយ ក្នុងលោកនេះក្តី ក្នុងលោក​ខាងមុខក្តី រតនវត្ថុ​ដ៏ឧត្តម​ណា ក្នុងឋាន​សួគ៌ក្តី ទ្រព្យ និង​រតនវត្ថុ​ទាំងនោះឯង ស្មើដោយ​ព្រះតថាគត មិនមាន​ឡើយ រតនៈ គឺព្រះពុទ្ធ​នេះឯង ជា​រតនៈដ៏​ឧត្តម ដោយសច្ចៈ​នេះ សូម​មានសិរី​សួស្តី។

ព្រះសក្យមុនី ទ្រង់មានព្រះទ័យ​ដំកល់មាំ បានត្រាស់ដឹង​ហើយ នូវ​ព្រះធម៌ណា ជា​ទីក្ស័យ​ទៅនៃ​កិលេស ជាទី​ប្រាសចាក​រាគៈ ជាធម៌​មិនស្លាប់ ជាធម៌ឧត្តម រតនៈ​នីមួយ​ស្មើដោយ​ព្រះធម៌នោះ​មិនមាន រតនៈ គឺព្រះធម៌​នេះឯង ជារតនៈ​ដ៏ឧត្តម ដោយ​ពាក្យ​សច្ចៈនេះ សូមមាន​សិរីសួស្តី។

ព្រះពុទ្ធជាបុគ្គលប្រសើរ ទ្រង់សរសើរ​នូវ​សមាធិណា ថាជា​ធម៌ដ៏ស្អាត បណ្ឌិត​ទាំងឡាយ ពោលហើយ​នូវ​សមាធិណា ថាជាធម៌​ឲ្យផល​ដោយ​លំដាប់ សមាធិ​ឯទៀត ស្មើដោយ​សមាធិនោះ មិនមានឡើយ រតនៈ គឺព្រះធម៌​នេះឯង ជារតនៈ​ដ៏ឧត្តម ដោយពាក្យ​សច្ចៈនេះ សូមមាន​សិរីសួស្តី។

បុគ្គលទាំងឡាយណា ៨ ពួក ដែលពួក​សប្បុរស​សរសើរ​ហើយ រាប់ជាគូ មាន ៤ គូ បុគ្គល​ទាំងឡាយ​នោះ ជាសាវ័ក​របស់​ព្រះសុគត លោកគួរ​ដល់​ទក្ខិណាទាន ទានទាំង​ឡាយ ដែលបុគ្គល​ឲ្យហើយ ចំពោះ​ទក្ខិណេយ្យបុគ្គល​ទាំងឡាយនោះ ជាទាន​មានផល​ច្រើន រតនៈ គឺព្រះសង្ឃ​នេះឯង ជា​រតនៈ​ដ៏ឧត្តម ដោយពាក្យ​សច្ចៈនេះ សូម​មាន​សិរីសួស្តី។

អរិយបុគ្គលទាំងឡាយណា ក្នុងសាសនា​នៃ​ព្រះសម្ពុទ្ធ​ព្រះនាមគោតម ប្រកប​ត្រូវល្អ​ហើយ មានចិត្តខ្ជាប់ខ្ជួន ឥតមាន​សេចក្តី​ប្រាថ្នាឡើយ អរិយបុគ្គល​ទាំងឡាយនោះ ដល់ហើយ​នូវ​អរហត្តផល សម្រេច​ហើយនូវ​ព្រះនិព្វាន បាននូវ​ការរលត់​កិលេស​ដោយ​ទទេ (ឥតមាន​ទិញដូរ​ឡើយ) ហើយ​ទទួល​នូវផល រតនៈ គឺព្រះសង្ឃ​នេះឯង ជារតនៈ​ដ៏ឧត្តម ដោយពាក្យ​សច្ចៈនេះ សូមមាន​សិរីសួស្តី។

សសរគោល ដែលគេបោះ​ភ្ជាប់នឹង​ផែនដី ជារបស់​មិនកំរើក​ញាប់ញ័រ​ដោយ​ខ្យល់ព្យុះ ដែលបក់​មកអំពី​ទិសទាំង ៤ យ៉ាង​ណាមិញ អ្នកណា​ពិចារណាឃើញ​នូវ​អរិយសច្ច​ទាំងឡាយ តថាគត​ហៅអ្នក​នោះ ថាជា​សប្បុរស (មិនញាប់ញ័រ​ដោយ​លោកធម៌​ទាំងឡាយ) ដូច​សសរគោល​ដូច្នោះឯង រតនៈ គឺ​ព្រះសង្ឃ​នេះឯង ជារតនៈ​ដ៏ឧត្តម ដោយពាក្យ​សច្ចៈនេះ សូមមាន​សិរីសួស្តី។

អរិយបុគ្គលទាំងឡាយណា ធ្វើឲ្យជាក់ច្បាស់​នូវ​អរិយសច្ច​ទាំងឡាយ ដែល​ព្រះតថាគត ព្រះអង្គ​មានប្រាជ្ញា​ដ៏ជ្រាលជ្រៅ សំដែង​ប្រពៃហើយ អរិយ​បុគ្គលទាំងនោះ ទុកជា​ប្រមាទ​ដ៏លើសលប់​ក៏ដោយ អរិយបុគ្គល​ទាំងនោះ គង់មិន​កាន់យក​ភពជា​គំរប់ ៨ គឺមិនកើត​ទៀតហួសពី ៧ ជាតិឡើយ រតនៈ គឺ​ព្រះសង្ឃ​នេះឯង ជារតនៈ​ដ៏ឧត្តម ដោយពាក្យ​សច្ចៈ​នេះ សូមមាន​សិរីសួស្តី។

(សំយោជនក្កិលេស ៣ យ៉ាងគឺ) សក្កាយទិដ្ឋិ វិចិកិច្ឆា និង​សីលព្វតបរាមាសៈ​ណាមួយ ធម៌ទាំងឡាយ ៣ នោះ សោតាបន្នបុគ្គល​នោះ បានលះ​បង់ហើយ ជាមួយ​នឹង​ទស្សនសម្បទា គឺ​សោតាបត្តិមគ្គ មួយទៀត សោតាបន្នបុគ្គល រួចស្រឡះ​ចាក​អបាយ​ទាំង ៤ ផង មិនអាច​ធ្វើនូវ​អភិដ្ឋាន [សំដៅយក​អនន្តរិយកម្ម ៥ និង​ការបែរចិត្ត​ទៅកាន់​សាសនា​ដទៃ។] ទាំងឡាយ ៦ ផង រតនៈ គឺព្រះសង្ឃ​នេះឯង ជារតនៈ​ដ៏ឧត្តម ដោយពាក្យ​សច្ចៈនេះ សូមមាន​សិរីសួស្តី។

ប្រសិនបើ​សោតាបន្នបុគ្គល​នោះ ធ្វើនូវ​បាបកម្ម​ដោយ​កាយ វាចា ឬដោយ​ចិត្ត​ក៏ដោយ (ព្រោះ​សេចក្តី​ភ្លាំងភ្លាត់) សោតាបន្នបុគ្គល​នោះ មិនដែល​បិទបាំង​នូវ​បាបកម្ម​នោះឡើយ ភាវៈ​នៃបុគ្គល​មានផ្លូវ​នៃ​ព្រះនិព្វាន​ឃើញហើយ ជាបុគ្គល​មិនដែល​បិទបាំង​បាបកម្ម ព្រះពុទ្ធ​ទាំងឡាយ បានត្រាស់​សំដែង​ហើយ រតនៈ គឺព្រះសង្ឃ​នេះឯង ជារតនៈ​ដ៏ឧត្តម ដោយពាក្យ​សច្ចៈនេះ សូមមាន​សិរីសួស្តី។

គុម្ពឈើក្នុងព្រៃ មានត្រួយលូតលាស់ ក្នុងខាងដើម​គិម្ហរដូវ គឺខែក្តៅ យ៉ាង​ណាមិញ ព្រះពុទ្ធ​បានត្រាស់​សំដែង​ហើយ​នូវធម៌​ដ៏ប្រសើរ ជាធម៌​អាចញ៉ាំង​សត្វ​ទាំងឡាយ ឲ្យដល់​នូវព្រះនិព្វាន ដើម្បី​ប្រយោជន៍​ដ៏ឧត្តម ដូចជា​គុម្ពឈើ​មានក្នុងព្រៃ ដូច្នោះ​ឯង រតនៈ គឺ​ព្រះពុទ្ធ​នេះឯង ជារតនៈ​ដ៏ឧត្តម ដោយពាក្យ​សច្ចៈនេះ សូមមាន​សិរីសួស្តី។

ព្រះសម្មាសម្ពុទ្ធ ជាបុគ្គល​ប្រសើរ ទ្រង់ជ្រាបនូវ​ធម៌ដ៏ប្រសើរ ទ្រង់ប្រទាន​នូវធម៌​ដ៏ប្រសើរ ទ្រង់នាំ​មកនូវធម៌​ដ៏ប្រសើរ ព្រះអង្គ​ប្រសើរ ឥតមាន​អ្នកណា​មួយស្មើ ទ្រង់ត្រាស់​សំដែងហើយ​នូវធម៌​ដ៏ប្រសើរ រតនៈ គឺព្រះពុទ្ធ​នេះឯង ជារតនៈ​ដ៏ឧត្តម ដោយ​ពាក្យសច្ចៈ​នេះ សូមមាន​សិរីសួស្តី។

កម្មចាស់ (របស់អរិយបុគ្គលណា) អស់ហើយ កម្មថ្មី រមែងមិន​កើតប្រាកដ អរិយបុគ្គល​ទាំងឡាយ​ណា មានចិត្ត​នឿយណាយ​ហើយ​ក្នុងភពតទៅ អរិយបុគ្គល​ទាំងឡាយ​នោះ មានពូជ​អស់ហើយ មានឆន្ទៈ គឺសេចក្តី​ប៉ុនប៉ង​ក្នុងចិត្ត មិនដុះ​ចំរើនឡើង ជាអ្នក​មាន​ប្រាជ្ញា តែងរលត់​ទៅ ដូចប្រទីប ដែលរលត់​ទៅនេះ រតនៈ គឺ​ព្រះសង្ឃ​នេះឯង ជារតនៈ​ដ៏ឧត្តម ដោយពាក្យ​សច្ចៈនេះ សូមមាន​សិរីសួស្តី។

ពួកភូតណា ឋិតនៅលើ​ផែនដីក្តី ពួកភូតណា ឋិតនៅឰដ៏​អាកាសក្តី ដែលមក​ប្រជុំគ្នា ក្នុងទីនេះ យើងទាំងឡាយ សូម​នមស្ការ​នូវ​ព្រះពុទ្ធ​ជាម្ចាស់ ទ្រង់បាន​ត្រាស់មក​ហើយ​ដូចគ្នា ដែលទេវតា និងមនុស្ស​តែងបូជា សូមមាន​សិរីសួស្តី។

ពួកភូតណា ឋិតនៅលើ​ផែនដីក្តី ពួកភូតណា ឋិតនៅ​ឰដ៏អាកាស​ក្តី ដែលមក​ប្រជុំគ្នា ក្នុងទីនេះ យើងទាំងឡាយ សូម​នមស្ការ​នូវព្រះធម៌​ដែលមាន​មកហើយ​ដូចគ្នា ដែល​មនុស្ស និងទេវតា​តែងបូជា សូមមាន​សិរីសួស្តី។

ពួកភូតណា ឋិតនៅលើ​ផែនដីក្តី ពួកភូតណា ឋិតនៅ​ឰដ៏អាកាស​ក្តី ដែលមក​ប្រជុំគ្នា ក្នុងទីនេះ យើងទាំងឡាយ សូម​នមស្ការ​នូវ​ព្រះសង្ឃ ដែលមាន​មកហើយ​ដូចគ្នា ដែល​ទេវតា និងមនុស្ស​តែងបូជា សូមមាន​សិរីសួស្តី។

ចប់ រតនសូត្រ

🔸🔸❁🙏❁🔸🔸


ប្រភព-Source: ឈូកក្រហម

🔸Last Updated កំណែចុងក្រោយ on August 15, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).