ជីវប្រវត្តិវីរសមណៈសង្ឃ វ៉ា យ៉ាវ
លក្ខណៈពិសេស ១១ ចំណុច សម្ដេចព្រះមហាឃោសានន្ទ វ៉ា យ៉ាវ ត្រូវពិភពលោកទទួលស្គាល់
នៅ
ដោយ KC Virak
សម្ដេចព្រះមហាឃោសានន្ទ វ៉ា យ៉ាវ ជាព្រះសង្ឃខ្មែរ ដែលពិភពលោកស្គាល់ព្រះអង្គច្រើនជាងជនជាតិខ្មែរស្គាល់ព្រះអង្គ។ លក្ខណៈពិសេស ១១ របស់ សម្ដេចព្រះមហាឃោសានន្ទ វ៉ា យ៉ាវ មានដូចតទៅ៖
១. ជាព្រះសង្ឃខ្មែរទី១ ដែលទទួលបានការស្នើព្រះនាមដើម្បី “ទទួលពានរង្វាន់ណូប៊ែលសន្តិភាព” ពីសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិច (លោក Claiborne Pell) ចំនូន ៤ដង
២. ជាព្រះសង្ឃខ្មែរដែលនិយាយភាសាបរទេសបានច្រើនជាងព្រះសង្ឃខ្មែរណាៗទាំងអស់
៣. ជាព្រះសង្ឃខ្មែរទី១ ដែលបានចាត់ជា “ព្រះរស់របស់ផែនដី” ក្នុងចំណោមព្រះរស់ទាំង៥រូប នៅចុងសតវត្សទី២០ នៅក្នុងសៀវភៅ Buddha and Wisdom
៤. ជាព្រះសង្ឃខ្មែរទី១ ដែលចូលធ្វើការនៅអង្គការសហប្រជាជាតិក្នុងឋានៈជា “ទីប្រឹក្សាយោបល់” ផ្នែកសេដ្ឋកិច្ច និងវប្បធម៌
៥. ជាព្រះសង្ឃខ្មែរទី១ ដែលសម្ដែងធម៌ក្នុងសមរភូមិ (១៩៩៤) ដែលកំពុងច្បាំងគ្នា រវាងខ្មែរក្រហម និងទ័ពរដ្ឋាភិបាល ឱ្យមនុស្សប្រមាណ ១០០០នាក់ស្ដាប់ នៅភូមិគីឡូ៣៨ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
៦. ជាព្រះសង្ឃខ្មែរទី១ ដែលមានសមានទាននូវការ “មិននិយាយ” នៅជីវិតចុងក្រោយរហូតដល់ពេលសុគត
៧. ជាព្រះសង្ឃខ្មែរទី១ ដែលទទួលបានពានរង្វាន់សន្តិភាព “Niwano” ពីប្រទេសជប៉ុន និង ពានរង្វាន់ “Thorolf Rafto” ពីប្រទេសណ័រវេ
៨. ជាព្រះសង្ឃខ្មែរទី១ ដែលបានលះបង់ពេញមួយជីវិតរបស់ព្រះអង្គសម្រាប់ខ្មែរ ហើយត្រូវបានជនជាតិខ្មែររបស់ព្រះអង្គមិនស្គាល់ “ព្រះអង្គថាជានរណា?”
៩. ជាព្រះសង្ឃខ្មែរ ដែលពិភពលោកស្គាល់ព្រះអង្គច្រើនជាងជនជាតិខ្មែរស្គាល់ព្រះអង្គ
១០. ជាក្រុមព្រះសង្ឃខ្មែរទី១ (មហាអាំ សួន មហាវ៉ា យ៉ាវ និង មហាមាស ចន) ទៅរៀនព្រះពុទ្ធសាសនា នៅវិទ្យាស្ថាននាវលន្ទា ប្រទេសឥណ្ឌា ក្នុងឆ្នាំ១៩៥៥
១១. ជាព្រះសង្ឃខ្មែរទី១ ផ្ដើមធ្វើ “ធម្មយាត្រា” នៅកម្ពុជា ដើម្បីសន្តិភាព និង អហិង្សា។
គួរបញ្ជាក់ថា សម្តេចព្រះមហាឃោសនន្ទវ៉ា យ៉ាវ ប្រសូតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩១៣ នៅភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ។ សម្តេចព្រះមហាឃោសនន្ទ វ៉ា យ៉ាវ បានសុគតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០០៧ បន្សល់មហាសោកស្តាយសម្រាប់ជនរួមជាតិខ្មែរ និងមនុស្សជាតិដែលស្ញប់ស្ញែងព្រះអង្គចំពោះបុព្វហេតុសន្តិភាព៕