ធម្មទេសនា

ធម្មទេសនា

របស់​ព្រះ​មហា ហួត វត្ត​លង្កា ក្រុងភ្នំពេញ

ព.ស.២៤៨២  គ.ស.១៩៣៨


របៀប​ធម៌​ទេសនាដែល​រាជ​ការ ​លោក​កុង្សីយ​សេនាបតី​ បាន​ចាត់​ឲ្យ​ទៅ​សំដែង​ក្នុង​ទី​ប្រជុំ១៣ កន្លែង ក្នុង​ខែត្រ​ស្វាយ​រៀង ។ តាំង​ពី​ថ្ងៃ​ទី២៨ ខែមិថុនា​ដល់​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៣៨ សំដែង​កំណើត​សាសនា (ពាក្យ​ប្រៀន​ប្រដៅ) ដែល​កើត​ឡើង​ក្នុង​លោក​នេះ មាន​គតិ​ជា​ពីរ​យ៉ាង​គឺ៖

 ក) កើត​ឡើង​ដោយ​គំនិត​របស់​អ្នក​ដែល​តាំង​ផ្តើម​នោះ ប្រាថ្នា​រក​សេចក្តី​សុខ​ឲ្យ​ដល់​មនុស្ស​ជាតិ​ដូច​គ្នា ។ ព្រោះ​ថា​ពួក​មនុស្ស​នេះ ទោះ​ជា​គ្មាន​ស្នែង​ស្រួច​ដូចគោ​-ក្របី គ្មាន​ក្រចក​ចង្កូម​មុត​ដូច​ខ្លា ឬ​ខ្លាំង​ដូច​ដំរី​នឹង​រមាស, គ្មាន​ពិស​កំណាច​កាច​ដូច​ពស់ គឺ​ថា​គ្មាន​វត្ថុ​អ្វី​ដែល​គួរ​ខ្លាច​នៅ​ជាប់​នឹង​រាង​កាយ​ក៏​ពិត​មែន តែ​មនុស្ស​នេះ​មាន​ពុត​កំណាច​អាក្រក់​លើស​ពី​ពិស​កំណាច​ទៅ​ទៀត ។ នៅកណ្តាល​ពួក​មនុស្ស​ឥត​ធម៌​ឥត​ច្បាប់ បាន​ទុក្ខ​លំបាក​អាច​ដល់​ស្លាប់ លើស​ពី​ការ​នៅ​កណ្តាល​ហ្វូង​ខ្លា-ដំរី ឬ​សត្វ​សាហាវ​ដទៃ​ទៅ​ទៀត ។ ហេតុ​នោះ​បាន​ជា​មាន​អ្នក​ប្រាជ្ញ​មួយៗ​គិត​ស្វែង​រក​ឧបាយ​នឹង​ដឹក​នាំ​មនុស្ស​ឲ្យ​បាន​សុខ ទូន្មាន​ប្រៀន​ប្រដៅ​ចង​ឡើង​ជាច្បាប់​នាំ​ឲ្យ​មនុស្ស​កាន់​តាម ហាម​មិន​ឲ្យ​ធ្វើ​អំពើ​អាក្រក់​ដល់​គ្នី​គ្នា​ឲ្យ​ខំ​ប្រព្រឹត្ត​ល្អ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ។ មាន​មនុស្ស​ជឿ​និយម​កាន់​តាម​ច្រើន​ឡើង ពាក្យ​ប្រៀន​ប្រដៅ​នេះ​ហៅ​ថា សាសនា ។ សាសនា​យ៉ាង​នេះ​ឈ្មោះ​ថា កើត​ឡើង​ដោយ​គំនិត​ដើម​ល្អ ។ តែ​គំនិត​អ្នក​តាំង​សាសនា​មួយៗ​នោះ​ផ្សេង​គ្នា​ដោយ​ប្រាជ្ញា គឺ​អ្នក​ណា​មាន​ប្រាជ្ញា​តិច​ក៏​រក​សេចក្តី​សុខ​មក​ទូន្មាន​មនុស្ស​បាន​តិច អ្នក​មាន​ប្រាជ្ញា​ច្រើន ក៏​រក​សេចក្តី​សុខ​ប្រាប់​មនុស្ស​បាន​ច្រើន ។ ហេតុ​នោះ​គួរ​ដឹង​ថា​ សាសនា​មួយៗ​ក្នុង​ពួក​នេះ សុទ្ធ​តែ​មានល្អ​គ្រប់​តែ​សាសនា ចាញ់​ឈ្នះ​គ្នា​តែ​ត្រង់​ល្អ​តិច-ច្រើន​ជាង​គ្នា​ប៉ុណ្ណោះ ។

ខ) សាសនា​មួយ​បែប​ទៀត កើត​ឡើង​ដោយ​គំនិត​អ្នក​តាំង​មិន​បរិសុទ្ធ ប្រាថ្នា​នឹង​យក​សាសនា​ដាក់​ឡាំង​ហើយ​ធ្វើ​អំពើ​អាក្រក់​អ្វី​មួយ ឬ​ដើម្បី​នឹង​ចិញ្ចឹម​ជីវិតក៏​សឹង​មាន​ ព្រោះ​គេ​ឃើញ​ថា មនុស្ស​ដែល​មាន​គំនិត​តិច រមែង​ឆោត​ច្រើន ហើយ​ច្រើន​ជឿ​ប្រកាន់​ផ្សេងៗ គេ​រក​ឧបាយ​អ្វី​ផ្សេងៗ មក​តម្រូវ​ឲ្យ​ត្រូវ​នឹង​អ្នក​ត្រូវ​ការ​នោះ ហើយ​ទើប​គេ​គិត​បាញ់​យក​ប្រយោជន៍ ​អំពី​អ្នក​ជឿ​កាន់​តាម​នោះ សាសនា​នេះ​ឈ្មោះ​ថា​កើត​ដោយ​គំនិត​អាក្រក់ ។ ក្រៅ​អំពី​សាសនា​ទាំង​ពីរ​ខាង​លើ​នេះ នៅ​មាន​សាសនា​មួយ​បែប​ទៀត សន្និដ្ឋាន​ថា កើត​ឡើង​ដោយ​គំនិត​មនុស្ស​នឹក​ស្រមៃ​ស្មាន​យក​ច្រើន​ប្រឌិត​យក​របស់​ដែល​ចាប់​មិន​បាន ស្មាន​មិន​ត្រូវ​ដូច​ឃើញ​អ្វី​ដូច​ឮ​អ្វី​ប្លែក​សម្បើម ក៏​ស្មាន​ថា ប្រហែល​ជា​មាន​អ្វី​វិសេស​អស្ចារ្យ​នៅ​ក្នុង​ទីនោះ ។ ហើយ​ក៏​បបួល​គ្នា​គោរព​បូជា ក៏​កើត​ឡើង​ជា​សាសនា​មួយ​ឡើង​ទៀត ។ ន័យ​មួយ​ទៀត សូម្បី​សាសនា​ដែល​កើត​ឡើង​ដោយ​គំនិត​អ្នក​ដើម​ល្អ​នោះ​សោត អាច​ក្លាយ​ទៅ​ជា​អាក្រក់​វិញ​ក៏​សឹង​មាន ព្រោះ​ក្លាយ​ដោយ​គំនិត​របស់​ពួក​សាវក គឺ​អ្នក​ដែល​ទទួល​កាន់​ការ​តៗ​មក​នោះ​យល់​សេចក្តី​មិន​ដល់ នឹង​យល់​សេចក្តី​ហួស ឬ​ជ្រក​កោន​សាសនា​តែ​ខ្លួន ចំណែក​ចិត្ត​នោះ​នៅ​តែ​មិន​លះ​បង់​សេចក្តី​អាក្រក់ គិត​យក​សុខ​ចំពោះ​ខ្លួន​ច្រើន​ជាង​ សុខ​ធំជា​សុខ​សាធារណ៍​ដល់​អ្នក​ដទៃ ដែល​នាំ​ឲ្យ​ចំរើន​ដល់​ជាតិ​ប្រទេស​ជា​ដើម ជា​ការ​ឃ្វៀង​ឃ្វាត​អំពី​បំណង​របស់​អ្នក​មុន​ដំបូង​បំផុត ។ ហេតុ​នោះ​គួរ​យល់​ថា​ការ​កាន់​សាសនា​មួយៗ​នោះ​មិន​មែន​សុទ្ធ​តែ​បាន​សុខ​ទាំង​អស់​នោះ​ទេ គួរ​គិត​ពិចារណា​ឲ្យ​ឃើញ​ហេតុ​ផល​ល្អិត​ល្អ​ផង ទើប​ជា​ការ​ល្អ កុំ​ឲ្យ​ប្រើ​វិធី​រមូល​លេប​នោះ នាំ​ឲ្យ​ទាស់​ដល់​ខ្លួន ព្រោះ​ថា​បើ​យើង​ជា​អ្នក​ចង់​សុខ ហើយ​ធ្លាក់​ខ្លួន​ទៅ​ជា​ឈ្លើយ របស់​សាសនា​ប្ល៉ម ឬ​លើ​ពួក​អ្នក​ដែល​ដឹក​នាំ​អាក្រក់​ហើយ​យើង​នឹង​ក្លាយ​ខ្លួន​ទៅ​ជា​ចំណី ទៅ​ជា​បរិវារ​ឬ​ដូច​គេ​ថា​ទៅ​គ្រាន់​ហែល​មក​ដល់​ត្រើយ ហើយ​រក​សំពត់​ស្លៀក​ពាក់​គ្មាន ក៏​យក​ឈើ​ខ្ទាស់​ស្លៀក​ដើរ​មក​សុំបាយ​អ្នក​ស្រុក​ទទួល​ទាន ។ អ្នក​ស្រុក​សំគាល់​ថា​ជា​អរហន្ត​វិសេស ក៏​នាំ​គ្នា​គោរព​បូជា​ដោយ​លាភ​សក្ការៈ ឯ​អ្នក​នោះ​យល់​ឃើញ​ថា​ខ្លួន​ដែល​សម្បូរ​ដោយ​គ្រឿង​សក្ការៈ​នេះ ព្រោះ​ដោយ​សារ​តែ​សំលៀក​ស្លឹក​ឈើ​នេះ ហើយ​ក៏​ទំរន់​នៅ​ស្លៀក​តែ​ស្លឹក​ឈើ ទោះ​គេ​យក​សំពត់​ទៅ​ឲ្យ​ក៏​មិន​ព្រម​ស្លៀក សំដែង​ពុត​ថា​ជា​អ្នក​ប្រាថ្នា​តិច តាំង​ការ​ប្រៀន​ប្រដៅ​អ្នក​ស្រុក​តាម​តែ​នឹក​ឃើញ កើត​បាន​ជា​លទ្ធិ​១​ឡើង ។ រឿង​ភិក្ខុទេវទត្ត​ប្រាថ្នា​ចង់​ធំ ហើយ​ទៅ​សូម​ការ​គ្រប់​គ្រង​គណៈសង្ឃ​អំពី​ព្រះពុទ្ធ លុះ​មិន​សម​ដូច​សេចក្តី​ប្រាថ្នា ហើយ​រិះ​គិត​បង្កើត​វត្ថុ​៥​ប្រការ ឲ្យ​តឹងជាង​ព្រះពុទ្ធ ដើរញ្ឆោត​ពួក​អ្នក​ល្ងង់​ឲ្យ​ភាន់​ភាំង​ជឿ​ថា​ខ្លួន​ប្រព្រឹត្ត​តឹង​វិសេស​ជាង​ព្រះ​សម្ពុទ្ធ​នេះ ក៏​ក្លាយ​ទៅ​ជា​លទ្ធិ​សាសនា​មួយ​ដោយ​ឡែក​ទៀត ។ ការ​កាន់​សាសនា​គួរ​ពិនិត្យ​ឲ្យ​ឃើញ​សម​ហេតុ​សម​ផល កុំ​យក​អាការ​កិរិយា​ក្រៅ​ជា​ប្រមាណ ដូចឃើញ​ថា ​គេ​មាន​ហើយ គេ​ធំ​ហើយ គេ​សុទ្ធ​តែ​ចេះ សុទ្ធ​តែ​ត្រូវ​នោះ ដូច​ពាក្យ​លោក​ថា “ជើង​៤​ជួន​មាន​ភ្លាត់ ទោះ​ចេះ​ស្ទាត់ លែងអ្វី​​មិនភ្លាំង” គួរ​នឹក​ដល់​រឿង​ជា​តក​ដែល​ដំណាល​អំពី​ពោធិសត្វ​នឹង​ពួក​អ្នក​ជំនួញ​រទេះ ព្រម​ចិត្ត​គ្នា​បររទេះ​កាត់​ទី​វាល​ខ្សាច់​ដ៏​ធំ ក្នុង​ពេល​យប់ ដោយ​អា​ងយក​អ្នក​ស្គាល់​ផ្កាយ ឲ្យ​ជា​មគ្គ​នាយក​នាំ​ផ្លូវ លុះ​រទេះ​បរ​ទៅ​ជាង​ពាក់​កណ្តាល​យប់ នឹង​ជាង​ពាក់​កណ្តាល​ផ្លូវ​ហើយ អ្នក​នាំ​ផ្លូវ​នោះ​ងក់​ដេក​លក់ នាំ​រទេះ​វិល​ក្រោយ​វិញ​ ទម្រាំ​តែ​ដឹង​ជា​ត្រឡប់​ក្រោយ​វិញ ក៏​ជិត​ភ្លឺ​ណាស់​ទៅ​ហើយៗ នៅ​ចំ​កណ្តាល​វាល​ខ្សាច់ ឆ្ងាយ​អំពី​មាត់​ព្រៃ​ទាំង​សង​ខាង ដែល​ជា​ហេតុ​នាំ​គ្នា​ក្តៅ​ស្លាប់​ក្នុង​ពេល​ព្រះ​អាទិត្យ​រះ​ឡើង តែ​ទទួល​ជួន​ពេល​នោះ មាន​ព្រះ​ពោធិសត្វ​មាន​ប្រាជ្ញា ជួយ​ប្រាប់​ឧបាយ​ឲ្យ​រទេះ​មក​ព័ទ្ធ​ដំកង់​ជុំ​វិញ ហើយ​យក​សំពត់​ចេញ​មក​ត្រដាង​ជា​បារាំ​បាំង​នឹង​រក​កន្លែង​ជីក​អណ្តូង​ប្រយោជន៍​ឲ្យ​បាន​ទឹក​សម្រាប់​ប្រើ​ប្រាស់ ការ​ពារ​ក្តៅ​នឹង​ស្រេក ។ រឿង​នេះ​ជា​គតិ​ឲ្យ​ឃើញ​ថា កុំ​ឲ្យ​ទុក​ចិត្ត​គេ​ចេះ​គេ​គ្រាន់​បើ គេ​ជាលោក​គ្រូ​គ្រប់​កន្លែង​ពេក ​តែ​ហាម​ថា​ជឿអ្វី​ឲ្យ​មាន​រិះ​គិត​ផងទើប​ល្អ ។ ការ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម​ពាក្យ​ប្រៀន​ប្រដៅ ដែល​ហៅ​ថា សាសនា​ល្អ​នោះ រមែង​បាន​សេចក្តី​សុខ ។ ការ​កាន់​តាម​សាសនា​ហើយ​ត្រឡប់​បាន​ទុក្ខ​នោះ ទាស់មក​ពី​ធ្លាក់​ខ្លួន​ទៅ​លើ​សាសនា​ប៉្លម នឹង​ជឿ​ប្រកាន់​តាម​សេចក្តី​ដឹក​នាំ​របស់​សមណ​ញ្រហ្មណ៍ ដែល​មាន​គំនិត​ទុច្ចរិត ឬ​ក៏​ដោយ​ហេតុ​ដែលធ្វើ​តាម​ដល់​កម្រិត​និង​ហួស​កម្រិត​ធម៌​ ដែល​គេ​កំណត់​ឲ្យ​ធ្វើ រឿង​នេះ​គួរ​គិត​ដូច​អាហារ ដែល​បរិភោគ ។ ធម្មតា​អាហារ​ទាំង​អស់​កុំ​ឲ្យ​ចូល​ចិត្ត​ថា សុទ្ធ​តែ​ទទួល​ទាន​ឲ្យ​រស់​ខ្លួន​នោះ មាន​ឲ្យ​ស្លាប់​ខ្លួន​វិញ​ក៏​សឹង​មាន​ដែរ ។ ដូច​ម្តេច​ដែល​បរិភោគ​ត្រឡប់​ជា​ស្លាប់​ខ្លួន​នោះ? ។ ដូច​បរិភោគ​អួល បរិភោគ​អាហារ​ផ្អូម, អាហារ​ដែល​បណ្តាល​ឲ្យ​កើត​រោគ​ពួក​នេះ បើ​ទុក​ជា​មិន​ដល់​ស្លាប់ ក៏​គង់​បាន​ទុក្ខ​វេទនា​ក្បែរ​ស្លាប់​មិន​ខាន នេះ​ឯង​ដូច​គ្នា​នឹង​ការ​កាន់​សាសនា​ត្រូវ​ល្អ តែ​កាន់​ធូរ​ថយ​ខ្ជី​ខ្ជា​ឬ​តឹង​រ៉ឹង​ហួស​ហេតុ នឹង​កាន់​សាសនា​ប៉្លម ឬ​សាសនា​ដែល​មានមនុស្ស​ខូច​ប្ល៉មខ្លួន​អែប​នែប​នៅ​ខាង​ក្នុងនេះ​ហើយការ​កាន់​សាសនា​ដែល​ត្រឡប់​បាន​ផល​ផ្ទុយ គឺ​ត្រឡប់​ផ្ទុយ​ទុក្ខ​ជំនួស​សុខ ។ អស់​លោក​ទាំង​ឡាយ​គួរ​រើ​គំនិត​គិត​ជា​ថ្មីឡើង​វិញ ការ​កាន់​សាសនា​ហើយ​មិន​បាន​សុខ​ចំរើន​សម​ដូច​សេចក្តី​ប្រាថ្នា​នោះ ក្រែង​មាន​បើ​យើង​កាន់​ទាស់​អ្វី​ហើយ​ទេ​ដឹង បាន​ជា​មិន​បាន​ផល​សម​បំណង​យ៉ាង​នេះ ។ គួរ​គិត​ថា សូម្បី​តែ​ការ​ស្ល​ដណ្តាំ ទោះ​ជា​មាន​បន្លែ​ត្រី​អ្វី​សព្វ​គ្រប់ គង់​មាន​ខ្លះ​ស្ល​មិន​បាន​ការ មិន​មាន​រស​ជាតិ មិន​ឆ្ងាញ់ បរិភោគ​មិន​កើត​ នេះ​មក​ពី​ផ្សំ​គ្រឿង​មិន​ត្រូវ ។ ការ​ដាំ​បាយ​ក៏​មាន​ទំនង​ដូច​គ្នា ដាំ​ឲ្យ​ឆៅ​ឲ្យ​ជ្រាយ​ហួស​ឲ្យ​ខ្លោច​ឬ​ទាំង​ឆៅ​ទាំង​ជ្រាយ ទាំង​ខ្លោច តើ​នឹង​ទទួល​ទាន​កើត​ឬ​ទេ? មួយ​ទៀត​ដូច​នាឡិកា ដែល​យឺត​ពេក លឿន​ពេក​ឬ​ឈប់ មិន​ដើរ មិន​ទៀត​ទាត់ តាម​កំណត់​ពេល​វេលា យ៉ាង​នេះ​តើ​នឹង​អាស្រ័យ​យក​ជា​គ្រឿង​ប្រាប់​កាល​វេលា​បាន​ឬ​ទេ? បើ​យ៉ាង​ហ្នឹង​គួរ​នឹង​ចោល​ទៅ​ឬ​គួរ​រើ​ខ្ចៅ​ដុស​លាង​ដាក់​ប្រេង​រៀបចំ​ឲ្យ​ត្រូវ​ខ្ចៅ​ឡើង​វិញ? ឧបមាមួយ​ទៀត​ការ​កាន់​ធម៌​មាន​គតិ​ដូច​ឳប​កែវ​ដំបូក កាន់​ខ្ជី​ខ្ជា​ក៏​ធ្លាក់​បែក កាន់​ប្រយ័ត្ន​ជ្រុល​ឳប​រិត​ខ្លាំង​ពេក​ក៏​បែក​ដូច​គ្នា ។  ព្រះពុទ្ធ​សាសនា​របស់​យើង ឈ្មោះ​ថា​កើត​ឡើង​ដោយ​សេចក្តី​បរិសុទ្ធ ព្រោះ​ព្រះសម្ពុទ្ធ​ដែល​ជា​អ្នក​តាំង​សាសនា​នេះ​ឡើង ព្រះ​អង្គ​ជាតិ​ជា​ក្សត្រិយ៍ បាន​សោយ​រាជ​សម្បត្តិ​យ៉ាង​សុខ​សប្បាយ ហើយ​ទ្រង់​លះ​រាជ​សម្បត្តិ​ចោល ចេញ​ទៅ​សាង​ព្រះ​ផ្នួស ទ្រង់​ខំ​ធ្វើ​ទុក្ករកិរិយា​ជា​ការ​ធ្វើ​តាម​សាសនា​ដទៃៗ ដែល​មាន​ក្នុង​សម័យ​នោះ ដើម្បី​ពិសោធន៍​ល្បង​ឲ្យ​ដឹង​លទ្ធិ​សាសនា​ទាំង​នោះ អស់​វេលា ​៦ ឆ្នាំ​ ទើប​ទ្រង់​ត្រឡប់​ធ្វើ​តាម​ព្រះ​សតិបញ្ញា​របស់​ព្រះ​អង្គ ក៏​បាន​ត្រាស់​ជា​ព្រះ​សម្មាសម្ពុទ្ធ​ឡើង​ក្នុង​លោក ។ ពុទ្ធ​សាសនា​យើង​នេះ ឥត​មាន​ការ​រង្កៀស​ថា ម្ចាស់សាសនា​នេះ ជា​ជាតិ​ថោក​ទាប ព្រោះ​ព្រះអង្គ​ជា​ក្សត្រិយ៍ ។ ឥត​មាន​រង្កៀស​ថា​ព្រះ​អង្គ​ជា​អ្នក​ក្រី​ក្រ តាំង​សាសនា​ដោយ​ប្រាថ្នា​នឹង​ចិញ្ចឹម​ជីវិត​នោះ ព្រោះ​ព្រះ​អង្គ​បាន​សោយរាជ្យ ។ ឥត​មាន​រង្កៀស​ថា ក្រែង​ព្រះ​អង្គ​ប្រដៅ​មិន​ត្រូវ​មិន​ត្រឹម​ស្មើ​នឹង​សាសនា​ដទៃ​នោះ ព្រោះ​ព្រះ​អង្គ​ពិនិត្យ​ល្បង​មើល​លទ្ធិ​សាសនា​ដទៃ​ ដោយ​ការ​ធ្វើ​ទុក្ក​កិរិយា​អស់​៦​ឆ្នាំហើយ ។ ធម៌​ដែល​ព្រះ​ពុទ្ធ​ទ្រង់​សំដែង​ទាំង​ប៉ុន្មាន ឈ្មោះ​ថា​ព្រះ​អង្គ​បាន​ពិនិត្យ​ស្រិត​ស្អាត​ល្អ​សព្វ​គ្រប់​ហើយ ប្រៀប​ដូច​ជាង​មាស​បាន​ដេញ​មន្ទិល​មាស​ចេញ​ស្អាត​ហើយ ទើប​រចនា​ជា​ប្រដាប់​ប្រដា​សង្វារ​ខ្សែក​ជា​ដើម ។ ព្រះ​បរម​សាស្តា​របស់​យើង ឈ្មោះ​ថា​មាន​ព្រះ​ប្រាជ្ញា​បរិសុទ្ធ​ខ្ពស់​បំផុត​ពិត ព្រោះ​ព្រះ​អង្គ​ប្រដៅ​សាសនា​ក្នុង​រវាង ៤៥ វស្សា​ ធ្វើ​ការ​មិន​មាន​ស្ទោក ទោះ​ជា​មាន​ពាល​គិត​បៀត​បៀន​ខ្លះ ក៏​ព្រះ​អង្គ​មិន​ដែល​មាន​គ្រោះ​ថ្នាក់​អ្វី ប្រសិន​បើ​ព្រះ​អង្គ​មិន​ឆ្លាត សំដែង​ធម៌​មិន​ត្រូវ ហើយ​ទ្រង់​ប្រកាស​សាសនា​ក្នុង​កណ្តាល​ពួក​សាសនា​ដទៃ ដែល​ជា​ការ​ដូច​ជា​ប្រណាំង​ប្រជែង​នឹង​សាសនា​របស់​គេ ជា​ហេតុ​នាំ​ឲ្យ​គេ​ទាស់​ចិត្ត​គិត​ព្យាបាទ​យ៉ាង​នេះ ​ម្ល៉េះ​សម​ជា​ព្រះ​អង្គ​គង់​ត្រូវ​គេ​ធ្វើ​អន្តរាយ​អ្វី​ខ្លះ​មិន​ខាន​ទៅ​ហើយៗ មួយ​ទៀត ពុទ្ធសាសនា​នេះ ក៏​ឈ្មោះ​ថា​មាន​មក​យូរ​ឆ្នាំ​រាប់​ប្រមាណ​ជាង​ពីរ​ពាន់​ប្លាយ​ឆ្នាំ​ហើយ ប្រសិន​បើ​ធម៌​​នោះ​មិន​ពិត​មិន​ត្រឹម​ត្រូវ ប្រហែល​ជា​ពុទ្ធ​សាសនា​នេះ​មិន​គង់​អាយុ​មក​ដល់​យើង​សព្វ​ថ្ងៃ​នេះ​ទេ តែ​ពុទ្ធសាសនា​មាន​ដំឡៃ​ ចំពោះ​អ្នក​ស្គាល់​ប្រយោជន៍​ចេះ​ប្រើ បើ​មិន​ស្គាល់​ទេ ឬ​ធ្លាក់​ទៅ​លើ​ពួក​ដែល​ឥត​ពិចារណា​ហើយ ក៏មិន​ខុស​អំពី​ពាក្យ​លោក​ថា “ស្វា​បាន​កែង” ប៉ុន្មាន​ទេ ហេតុ​នេះ​ហើយ បាន​ជា​មាន​ពួក​ដែល​មិន​ស្គាល់​ដំលៃពុទ្ធ​សាសនា ​ច្រើន​តិះ​ដៀល​ថា ពុទ្ធ​សាសនា​ឥត​ផល​ប្រយោជន៍ គិត​ងាក​ចោល​ពុទ្ធ​សាសនា បែរ​គំនិត​ទៅ​ជា​មនុស្ស​ទំនេរ​ឯងៗ ឬ​ទៅ​ចូល​កាន់​លទ្ធិ​ដទៃ​ដែល​ជា​របស់​អសារ​ឥត​ការ​សោះ ក៏​សឹង​មាន សូម​ឲ្យ​មាន​គំនិត​ថា មុន​ដែល​ចោល​ពុទ្ធសាសនា គួរ​សង្កេត​ឲ្យ​អស់​ជើង​សិន ក្រែង​ចុះ​ក្នុង​ដំរា​លោក​ថា “ចាក់អង្ករ​យក​អង្កាម” វិញ​ទេ​ដឹង គួរ​ចាំ​ទុក​ថា ពុទ្ធសាសនា​នេះ បើ​យើង​ដុស​ខាត់​ពិចារណា​ណាស់ ក៏​រិត​តែ​ជ្រះ​ថ្លា​ណាស់ ព្រោះ​ឱវាទ​ក្នុង​សាសនា​នេះ​បរិសុទ្ធ​ល្អ​បំផុត ឥត​មាន​មន្ទិល​ដែល​នាំ​អ្នក​កាន់​តាម​ឲ្យ​វិនាស​ឡើយ ។

២) សេចក្តី​ប្លែក​របស់​ពុទ្ធសាសនា​នឹង​សាសនា​ដទៃ គួរ​ជ្រាប​ថា​សាសនា​ក្នុង​លោក​នេះ ពិត​មែន​ជា​មាន​ច្រើន មាន​លទ្ធិ​ផ្សេងៗ​គ្នា តែ​ក៏​មិន​មែន​ហួស​វិស័យ​ដែរ​យើង​នឹង​កំណត់​មិន​បាន​នោះ​ទេ មាន​លទ្ធិ​ប្លែក​គ្នា​តែ​ពីរ​បី​យ៉ាង​ប៉ុណ្ណោះ គឺ​ពួក​មួយ​អាង​កម្ម (អាង​យក​អំពើ​ដែល​សត្វ​ធ្វើ​នោះ ជា​ហេតុ​ឲ្យ​សុខ​ឲ្យ​ទុក្ខ) ។ ពួក​មួយ​អាង​យក​វត្ថុ​ខាង​ក្រៅ​ប្រកាន់​ថា សត្វ​ដែល​បាន​សុខ​ក្តី ទុក្ខ​ក្តី មក​អំពី​អ្នក​វិសេស​ណា​មួយ​ចាំ​ឲ្យ ។ មួយ​ពួក​ទៀត​បដិសេធ​ទាំង​កម្ម​ទាំង​អ្វីៗ​ខាង​ក្រៅ​ទាំង​អស់ ជឿ​ប្រកាន់​ថា​ស្រេច​តែ​នឹង​ទទួលជួន ដូច​ការ​ប្រព្រឹត្តិ​អំពើ​អាក្រក់​ណា​មួយ កុំ​ឲ្យ​តែ​គេ​ដឹង​គេ​ចាប់​បាន ក៏​រួច​ខ្លួន​គ្មាន​បាប​អ្វី​ទេ ។

ពួក​ទី​១ ធ្វើ​អំពើ​អ្វី​ៗ ប្រយ័ត្ន​តែ​កាយ​វាចា-​ចិត្ត​មិន​ឲ្យ​ទាស់ ប្រព្រឹត្តធ្វើ​តែកាយ-វាចា-ចិត្ត​ឲ្យ​សុចរិត។

ពួក​ទី​២ ​ធ្វើ​អ្វីៗ ដោយ​កាយ-វាចា-ចិត្ត​ហើយ ក៏​មិន​គិត​ដល់​កម្ម គិត​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​ទាស់​នឹង​របស់​ខាង​ក្រៅ​ប្រព្រឹត្ត​ផ្គាប់​ចិត្ត​បួង​សួង​បន់​ស្រន់​ចំពោះ​របស់​សក្កិ​សិទ្ធិ៍​ដែល​ខ្លួន​ជឿ​ប្រកាន់​ថា ជា​អ្នក​ចាំ​ឲ្យ​សុខ​ឲ្យ​ទុក្ខ ។

ពួក​ទី​៣ លែង​គិត​អ្វី​ទាំង​អស់​ប្រើ​តែ​ប្រាជ្ញា​ប្រុង​គេច​វេះ កុំ​ឲ្យ​តែ​គេ​ចាប់​បាន​ប៉ុណ្ណោះ ។ ចំណែក​ព្រះ​ពុទ្ធ​ជា​ម្ចាស់​របស់យើង​ទ្រង់​អាង​យក​កម្ម​ជា​ធម៌​ ទ្រង់​ប្រដៅ​ឲ្យ​ប្រុង​កាយ-វាចា-​ចិត្ត​ឲ្យ​ស្អាត លះ​បង់​ទុច្ចរិត ឱ្យប្រព្រឹត្ត​សុចរិត ព្រោះ​ថា​សុខ-ទុក្ខ​ទាំង​ពួង ស្រេច​ហើយ​តែ​នឹង​ធ្វើ បើ​ធ្វើ​ល្អ​ក៏​បាន​ល្អ ធ្វើ​អាក្រក់​ក៏​បាន​អាក្រក់ មិន​មាន​អ្នក​ណា​មួយ​ឲ្យ​សុខ​ទុក្ខ​ដល់​គ្នា​បាន​ទេ​ ទុក​ជា​អ្នក​ក្រៅ​គេ​ឲ្យ​សុខ​ឲ្យ​ទុក្ខ​ក្តី ក៏​អាស្រ័យ​មក​អំពី​អំពើ​ល្អ អាក្រក់​របស់​ខ្លួន​ដែរ ។ ការ​ដែល​ធ្វើ​ល្អ​ហើយ​មិន​បាន​សុខ​សម​បំណង​នោះ​ត្រូវ​ចូល​ចិត្ត​ថា​មក​អំពី​ខ្លួន​ធ្វើ​ទាស់​ទេ ដូច​អធិប្បាយ​មក​ហើយ​អំពី​ខាង​ដើម ហេតុ​នោះ បើ​យើង​ជា​អ្នក​កាន់​ពុទ្ធ​សាសនា​ពិត គួរ​យើង​គិត​ប្រកាន់​តែ​កម្ម​ឲ្យ​មាំ​កុំ​អាង​វត្ថុ​ខាង​ក្រៅ ដូច​អាង​រក​អ្នក​វិសេស អ្នក​មាន​បុណ្យ​ពេក​នោះ ជា​ការ​ហួស​ហេតុ​ហើយ ត្រូវ​ខំ​តែ​ធ្វើ​ឲ្យ​ត្រូវ​តាម​ព្រះ​ដំបូន្មាន​ព្រះ​សម្ពុទ្ធ​ឲ្យ​សព្វ​គ្រប់​ចុះ សេចក្តី​សុខ​កាយ​សប្បាយ​ចិត្ត​ប្រាកដ​ជា​នឹង​បាន​ដូច​សេចក្តី​ប្រាថ្នា​មិន​ខាន​ឡើយ ។

៣) ពាក្យ​ប្រៀន​ប្រដៅ​ក្នុង​សាសនា​ទាំង​អស់ គួរ​យើង​កំណត់​ទុក​ថា​ពួក​ខ្លះ​ប្រដៅ​ឲ្យ​ស្គាល់​តែ​ប្រយោជន៍​បច្ចុប្បន្ន​ប៉ុណ្ណោះ ខ្លះ​ក៏​ប្រដៅ​ឲ្យ​ស្គាល់​ទាំង​ប្រយោជន៍​បច្ចុប្បន្ន​នឹង​អនាគត ខ្លះ​ក៏​ប្រដៅ​ឲ្យ​ស្គាល់​រហូត​ដល់​បរមត្ថ​ប្រយោជន៍ គឺ​ប្រយោជន៍​ខ្ពស់​បំផុត ដែល​ជា​សុខ​ទៀង​ទាត់​ឥត​ប្រែ​ប្រួល (ប្រយោជន៍​ព្រះនិញ្វន) ។ ន័យ​មួយ​ទៀត​ពួក​ខ្លះ​ប្រដៅ​បាន​ចំពោះ​តែ​ត្រង់​កុំ​ឲ្យ​ធ្វើ​អាក្រក់ នឹង​ប្រដៅ​ឲ្យ​ធ្វើ​ល្អ​ដែល​ជា​កិច្ច​ឲ្យ​រក្សា​ល្អ​បាន ចំពោះ​តែ​កាយ​នឹង​វាចា​ប៉ុណ្ណោះ ខ្លះ​ក៏​ប្រដៅ​ឲ្យ​ចេះ​ដុស​ខាត់​ចិត្ត​ឲ្យ​ស្អាត​ថែម​ទៀត ។ ក្រៅ​អំពី​ព្រះ​ពុទ្ធសាសនា​ហើយ ឃើញ​ថា ប្រដៅ​ប្រយោជន៍​មិន​បាន​គ្រប់​ទាំង​៣​នោះ​ទេ ទាំង​ប្រដៅ​មិន​បាន​គ្រប់​ទាំង​កាយ-​វាចា-​ចិត្ត​នោះ​ទេ ។

៤) ការ​កាន់​សាសនា​មាន​ប្រយោជន៍​អ្វី? ត្រង់​នេះ​គួរ​ជ្រាប​ដល់​របស់​ដែល​យើង​ត្រូវ​រៀន​នឹង​ត្រូវ​ធ្វើ​ជា​មុន​សិន ។ របស់​ដែល​ត្រូវ​រៀន​ត្រូវ​ធ្វើ​ក្នុង​លោក​នេះ​សោត ពិត​មែន​ជា​មាន​ច្រើន​រាប់​ស្ទើរ​មិន​អស់ តែ​ក៏​ច្រើន​ចំពោះ​តែ​មុខ​ការ​ទេ បើ​នឹង​ទាញ​យក​មក​ដាក់​ក្នុង​ខ្លួន​យើង​ហើយ​ក៏​នឹង​ឃើញ​ថា យើង​ដែល​នឹង​ខំ​រៀន​ខំ​ធ្វើ​ទាំង​អម្បាល​ម៉ាន ប្រយោជន៍​តែ​នឹង​ចិញ្ចឹម​ជីវិត នឹង​រក្សា​ខ្លួន​ឲ្យ​ល្អ​ប៉ុណ្ណោះ។ វិជ្ជា​លេខ-អក្សរ-​ត្បាញ-​រវៃ-ជំនួញ នឹង​គ្រឿង​យន្ត​ជា​ដើម ជា​វិជ្ជា​សម្រាប់​ចិញ្ចឹម​ជីវិត ។ វិជ្ជា​ដែល​គិត​ធ្វើ​ដូច​ម្តេច​ក្នុង​ពេល​ដែល​យើង​មាន​ប្រាក់​ចាយ មាន​បាយ​ទទួល​ទាន​ហើយ​ឲ្យ​បាន​សុខ​ផង​នោះ នេះ​ជា​វិជ្ជា​រក្សា​ខ្លួន សំដៅ​យក​ចរិយា (សេចក្តី​ប្រព្រឹត្តិ) ។ មនុស្ស​ដែល​កើត​ក្នុង​ត្រកូល​ខ្ពស់​ត្រកូល​អ្នក​មាន​ស្តុក​ស្តម្ភ មាន​វិជ្ជា​សម្រាប់​ចិញ្ចឹម​ជីវិត​ហើយ នៅ​តែមិន​បាន​សុខ​នោះ មក​តែ​ពី​គ្មាន​ចរិយា គឺ​វិជ្ជា​រក្សា​ខ្លួន​នេះ ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​វិជ្ជា​នេះ​ជាង​វិជ្ជា​ចិញ្ចឹម​ជីវិត​ទៅ​ទៀត ។ ព្រោះ​វិជ្ជា​រក្សា​ខ្លួន​នេះ​ជា​មេ​លើ​វិជ្ជា​ទាំង​អស់ ។ គួរ​ជ្រាប​ថា​ខ្លួន​យើង​នេះ​ចែក​ជា​ពីរ​ចំណែក​គឺរូប​កាយ​១ នាម​កាយ១ ។ ធាតុ​ទាំង​៤ គឺ​ ដី​ទឹក​ភ្លើង​ខ្យល់ (បាន​ដល់​សាច់​សរសៃ, សក់, ឆ្អឹង, ឈាម, ខ្យល់​ដង្ហើម​ចេញ​ចូល​នឹង​របស់​ក្តៅ​ជា​ដើម ដែល​ក​ឡើង​បាន​ជា​រូប​រាង​កាយ​នេះ) ១ចំណែក, របស់​ដែល​មាន​តែ​ឈ្មោះ​ដូច​វេទនា (ការ​ទទួល​សុខ-ទុក្ខ-​ឧបេក្ខា), សញ្ញា (សេចក្តី​កត់​សំគាល់​ចាំ​បាន), សង្ខារ (ការ​តាក់​តែង​ឲ្យ​កើត​ឲ្យ​មាន​ឡើង), វិញ្ញាណ​(ការ​ទទួល​ដឹង​ការ​ល្អ-អាក្រក់) ដែល​ជា​ប៉ែក​រួម​ចូល​ខាង​ចិត្ត​នេះ​១ចំណែក ។ វិជ្ជា​ចិញ្ចឹម​ជីវិត​សម្រាប់​ទំនុក​បំរុង​រូប​កាយ​នេះ ឲ្យ​ស្រស់​ឲ្យ​សុខ រួម​សេចក្តី​ឲ្យ​ខ្លី​គឺ​វិជ្ជា​ឲ្យ​សុខ​កាយ នឹង​វិជ្ជា​ឲ្យ​សប្បាយ​ដល់​ចិត្ត ។ វិជ្ជា​ឲ្យ​សុខ​កាយ​នេះ ជា​ភារៈ​លើ​យើង​រាវ​រក​ខ្លួន​ឯង​ចុះ សាសនា​ទទួល​ប្រាប់​ពន្យល់​តែ​វិជ្ជា​រក្សា​ខ្លួន​ប៉ុណ្ណោះ ព្រោះ​វិជ្ជា​នេះ​ក្រ​ហើយ​ជា​វិជ្ជា​មួយ​គាំ​ទ្រ​វិជ្ជា​ដទៃ​ទាំង​អស់ ។ ចរិយា​គឺ​វិជ្ជា​ខាង​សេចក្តី​ប្រព្រឹត្ត​ខ្លួន​ឲ្យ​បាន​សុខ​នេះ ក្នុង​ព្រះ​ពុទ្ធ​សាសនា​យើង សម្បូរ​បំផុត​ឥត​ខ្វះ មិន​បាច់​យើង​ទៅអាស្រ័យ​សាសនា​ដទៃ​ទេ ។ គួរ​ចាំ​ទុក​ថា ចរិយា​ក្នុង​ពុទ្ធ​សាសនា​នេះ បើ​រៀន​បាន​ហើយ​ប្រព្រឹត្ត​តាម​បាន​ត្រឹម​ត្រូវ​ហើយ សេចក្តី​សុខ​កាយ​សប្បាយ​ចិត្ត​ក៏​នឹង​បាន​ព្រម ដោយ​ហេតុ​វិជ្ជា​នេះ​ជា​កម្លាំង​ជួយ​ដោល​គំនិត​យើង​ឲ្យ​កើត​សេចក្តី​ឧស្សាហ៍​ខំ​ស្វែង​រក​ហេតុ​ដែល​ឲ្យ​យើង​បាន​ស្រួល​ទាំង​កាយ​ទាំង​ចិត្ត គឺ​មិន​ឲ្យ​យើង​ភ្លេច​គិត​លក់​គំនិត​គិត​តែ​១ផ្លូវៗ កុំ​ឲ្យ​រក​តែ​វិជ្ជា​ប្រដៅ​ខ្លួន​មិន​រក​វិជ្ជា​រក្សា​ជីវិត​ផង ឬ​គិត​តែ​វិជ្ជា​រក្សា​ជីវិត​ភ្លេច​គិត​រក​វិជ្ជា​រក្សា​ខ្លួន​ផង ។ ហេតុ​នោះ​បើ​យើង​ប្រាថ្នា​ដើរ​ឲ្យ​ទាន់​ជាតិ​គេ​ជុំវិញ​ខ្លួន​យើង​នោះ ត្រូវ​យើង​កុំ​លក់​គំនិត​ដូច​កិច្ច​ដែល​ធ្លាប់​ធ្វើ​មក​ហើយ​នោះ ត្រូវ​យើង​រើ​គំនិត​គិត​ឡើង​ជា​ថ្មី​ថា យើង​ខំ​រៀន​វិជ្ជា​ចិញ្ចឹម​ជីវិត​អ្វី​មួយៗ ឲ្យ​ចេះ​ស្ទាត់​ប្រាកដ ហើយ​ខំរៀន​វិជ្ជា​ប្រដៅ​ខ្លួន​ឲ្យ​ចេះ​មែន​ទែន ខំ​ប្រព្រឹត្ត​ឲ្យ​បាន​ល្អ​ទាំង​កាយ​វាចា​ចិត្ត​តាម​គន្លង​ច្បាប់​ ដែល​ព្រះ​សម្ពុទ្ធ​ទ្រង់​ប្រោស​ប្រទាន​ទូន្មាន​មក ។ ត្រង់​ដែល​យើង​ខំ​ធ្វើ​បាន​យ៉ាង​នេះ ប្រាកដ​ជា​បាន​សុខ ត្រង់​បាន​សុខ​នេះ​ហើយ​ត្រូវ​ចូល​ចិត្ត​ថា ហ្នឹង​ហើយ​ដែល​ហៅ​ថា​បាន​បុណ្យ ព្រោះ​ពាក្យ​ថា​បុណ្យ ក៏​សំដៅ​យក​សេចក្តី​សុខ​កាយ​សុខ​ចិត្ត​ទាំង​ពីរ​នេះ ។ ការ​តាំង​សាសនា​ប្រយោជន៍​ឲ្យ​បាន​បុណ្យ​គឺ​ឲ្យ​បាន​សុខ​ទាំង​ពីរផ្លូវ ដែល​លោក​ហៅ​ថា កាយិក​សុខ (សុខ​ខាង​កាយ) ចេត​សិក​សុខ (សុខ​ខាង​គំនិត) ដូច​អធិប្បាយ​យក​នេះ​ឯង ។

៥) ពុទ្ធសាសនា ប្រែ​ថា​ដូច​ម្តេច? ការ​ដែល​គេ​តាំង​សាសនា​ឡើង​មួយៗ សុទ្ធ​តែ​គេ​ប្រកាស​ឈ្មោះ ប្រាប់​ឈ្មោះ​អ្នក​តាំង​ដើម​ក៏​មាន​ យក​សេចក្តី​បំណង​របស់​អ្នក​តាំង​ផ្តើម​ឡើង ​តើ​គេ​ប្រាថ្នា​ឲ្យ​អ្នក​កាន់​តាម​បាន​ប្រយោជន៍​អ្វី​ នោះ​ជា​ឈ្មោះ​ក៏​មាន ដូច​សាសនា ​មោហម័ទ ឬ​ហៅ​ថា​ឥស្លាម សាសនា​យេស៊ូ​ឬ​កាតូលីក សាសនា​អចេល អាជីវក បរិញ្វ​ជក និគ្រន្ថ អន្យតិរ្ថិយ តាបស ឥសី ញ្រហ្មណ៍​ជា​ដើម សាសនា​ពួក​នេះ​សុទ្ធ​តែ​ប្រកាស​ថា សាសនា​គេ​នោះ​កំចាត់​សេចក្តី​អាក្រក់​ប្រាថ្នា​តិច វៀរ​បាប​ជុំ​វិញ ឥត​ធម៌​អាក្រក់​សាំ​ញ៉ាំ​ជា​ដើម តែ​នឹង​បាន​ល្អ​ដូច​គេ​ថា​មែន​ឬ​ទេ​នោះ មិន​បាច់​និយាយ​ដល់ ត្រូវ​យើង​គិត​ចំពោះ​តែ​សាសនា​ដែល​យើង​កាន់​នេះ​ចុះ ដើម្បី​ឲ្យ​ដឹង​ថា ព្រះ​បរមសាស្តា​របស់​យើង​ទ្រង់​មាន​ព្រះ​បំណង​អ្វី​នឹង​គេ​ដែរ បាន​ជា​ទ្រង់​តាំង​សាសនា​នេះ​ឡើង ។ ត្រង់​នេះ ត្រូវ​យើង​ដឹង​ឈ្មោះ​ជា​ពីរ​ន័យ​គឺ ​គេ​ហៅ​ថា ពុទ្ធ​សាសនា​ក៏​មាន ជួន​ណា​គេ​ហៅ​ថា ​សាសនា​ព្រះ​សក្យមុនី​ក៏​មាន ពាក្យ​ថា សក្យមុនី ប្រែ​ថា​អ្នក​ប្រាជ្ញ​ស្តេច​សក្យ ឯពាក្យ​ថា ពុទ្ធសាសនា នោះក៏​ជា​ឈ្មោះ​ប្រាប់​បំណង​ដល់​ការ​តាំង​សាសនា​នេះ ​ដូច​ជា​សាសនា​ដទៃ ​ដែល​គេ​ប្រាប់​បំណង​សាសនា​របស់​គេ​ដែរ ព្រោះ​ពុទ្ធ​សាសនា​នេះ ប្រែ​ថា ​ពាក្យប្រៀន​ប្រដៅ​របស់​ព្រះពុទ្ធក៏​បាន ​ថា ពុទ្ធ នេះ​មិន​មែន​ជាព្រះ​នាម​ពី​កំណើត ដែល​ព្រះ​វរ​មាតាបិតា​ថ្វាយ​នោះ​ទេ មិន​មែន​ជា​នាម​ជាតិ​ដូច​ជា​ពាក្យ​សក្យ​នោះ​ទេ ជា​គុណ​នេមិត្ត​កនាម គឺ​ព្រះ​នាម​ដែល​គេ​ថ្វាយ​តាម​គុណ​សម្បត្តិ​ដែល​មាន​ក្នុង​ព្រះ​អង្គ ព្រោះ​ស័ព្ទ​ថា​ពុទ្ធ​នោះ ប្រែ​ថា​ភ្ញាក់​ដូច​គ្នា​នឹង​ពាក្យ​ភ្ញាក់​ពី​ដេក​លក់ តែ​ក្នុង​ទី​នេះ​សំដៅ​យក​ភ្ញាក់​ពី​សេចក្តី​ល្ងង់​ងងឹត​ដែល​មិន​ដឹង​អ្វី ដូច​ការ​មិន​ដឹង​របស់​អ្នក​ដេក​លក់​នោះ សូម្បី​ពាក្យ​ធម្មតា​ក៏​គេ​តែង​និយាយ​ថា អ្នក​ដែល​ចេះ​ជា​មនុស្ស​ភ្ញាក់​កំណើត​ មនុស្សបើ​ភ្នែក មនុស្ស​មាន​ធូលី​តិច​ក្នុង​ភ្នែក ឯអ្នក​ល្ងង់​វិញ​គេ​តែង​និយាយ​ថា មនុស្ស​លក់​គំនិត មនុស្ស​ធ្មេច​ភ្នែក មនុស្ស​ធូលី​ពេញ​ភ្នែក ។ ព្រះ​សម្ពុទ្ធ​ព្រះ​អង្គ​ជា​អ្នក​ប្រាជ្ញ​ចេះ​បំផុត ព្រះ​អង្គ​បាន​ភ្ញាក់​អំពី​ដេក​លក់​គឺ​អវិជ្ជា បាន​ជា​គេ​ថ្វាយ​ព្រះ​នាម​ថា ព្រះ​ពុទ្ធ​គឺ​ព្រះអង្គ​ហ្នឹងឯង​ដែល​ជា​បុគ្គល​ភ្ញាក់​កំណើត ​កើត​គំនិត​មែន ព្រះអង្គ​ទ្រង់​យល់​ហេតុ​នាំ​ឲ្យ​ចំរើន ​ហេតុ​នាំ​ឲ្យ​វិនាស​ទាំង​ក្នុង​លោក​នេះ​ នឹង​លោក​ខាង​មុខ​ពិត​ប្រាកដ ហេតុ​នោះ​គួរ​ជ្រាប់​ថា ពុទ្ធសាសនា​នេះ ​គឺ​ពាក្យ​ប្រៀន​ប្រដៅ​របស់​អ្នក​ដែល​ភ្ញាក់​កំណើត ​កើត​គំនិត​គឺ​របស់​បុគ្គល​ដែល​ជា​អ្នក​ប្រាជ្ញ​ពិតៗ ឬ​ថា​ពាក្យ​ប្រៀន​ប្រដៅ​បំណង​ឲ្យ​អ្នក​កាន់​តាម បាន​ភ្ញាក់​កំណើត​កើត​គំនិត​បាន​ចេះ​ដឹង​នឹង​គ្រប់​សព្វ​ដែល​នាំ​ឲ្យ​ចំរើន​ដល់​ខ្លួន​នឹង​ញាតិ​ដែល​នៅ​រួប​រួម​គ្នា ។ ធម្មតា​អ្នក​ដែល​គេ​ទុក​ថា​បាន​ភ្ញាក់​កំណើត​កើត​គំនិត​នោះ ជា​មនុស្ស​ចេះ​មាន​អធ្យាស្រ័យ​ល្អ ចេះ​ជួយ​សង្រ្គោះ​គ្នា​មិន​បៀន​បៀន​គ្នា ធ្វើ​ខ្លួន​នឹង​អ្នក​ដទៃ​ឲ្យ​សុខ​កាយ​សុខ​ចិត្ត​ក្នុង​បច្ចុប្បន្ន​នេះ ទាំង​មិន​ឲ្យ​ទាស់​មិន​ឲ្យ​កើត​ទោស​ទៅ​អនាគត​ផង​ ។

៦) ពុទ្ធ​សាសនា ប្រដៅ​ឲ្យ​ភ្ញាក់​គំនិត​នោះ ​តើប្រដៅ​អ្វី​ខ្លះ? ផ្លូវ​ដែល​ឲ្យ​កើត​សុខ​ក្តី ទុក្ខក្តី​មាន ៣ គឺ​កើត​អំពី​កាយ​១ផ្លូវ​ អំពី​វាចា​១ផ្លូវ ​អំពី​ចិត្ត​១​ផ្លូវ ហើយ​ត្រូវ​ប្រុង​ប្រយ័ត្ន​ទ្វារ​ទាំង​៣ នេះ ជា​៣​ផ្លូវទៅ​ទៀត គឺ​ប្រយ័ត្ន​កុំ​ប្រព្រឹត្ត​កាយ វាចា ចិត្ត​ឲ្យ​អាក្រក់​ដល់​គ្នី​គ្នា គឺ​កុំ​ធ្វើ​បាប​គ្នា កុំ​ធ្វើ​អាក្រក់ កុំ​បៀត​បៀន​គ្នា​គ្រប់​យ៉ាង ព្រោះ​ថា​បើ​យើង​នៅ​រួម​គ្នា​ហើយ ប្រើ​កាយ វាចា ចិត្ត​អាក្រក់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​តែ​យើង​ចង់​សុខ​តែ​ឯង​យ៉ាង​នេះ អំពើ​ពាល​នេះ​ហើយ​ដែល​នាំ​ឲ្យ​វិនាស​ទាំង​អស់​គ្នា ព្យាយាម​កុំ​ធ្វើ​អាក្រក់​ដល់​គ្នា​នេះ១ផ្លូវ ។ ត្រូវ​ឲ្យ​មាន​កាយ​វាចា ចិត្ត​ស្លូត​ត្រង់​ដល់​គ្នា ឲ្យ​មាន​គំនិត​គិត​សង្រ្គោះ​គ្នា ជួយ​ទំនុក​បម្រុង​គ្នា​ឲ្យ​បាន​សុខ​បាន​ចំរើន ឲ្យ​មាន​មេត្តា​ករុណា​អាណិត​អាសូរ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក កុំ​ឲ្យ​ល្អ​តែ​កាយ​បែរ​ទៅ​សំដី​អាក្រក់ ឬ​ល្អ​តែ​សំដី​ តែ​ចិត្ត​អាក្រក់​នោះ​មិន​ហៅ​ថា​ល្អ​ទេ ការ​ដែល​ប្រព្រឹត្ត​កាយ​វាចា​ចិត្ត​ឲ្យ​ល្អ​តែ​សំដី​តែ​ចិត្ត​អាក្រក់​ ជា​ហេតុ​ឲ្យ​បាន​ចម្រើន​១ផ្លូវ ។ រួច​ហើយ​ត្រូវ​ប្រយ័ត្ន​សេចក្តី​អាក្រក់​ដែល​កើត​ឡើង​ចំពោះ​ចិត្ត ដែល​នាំ​ឲ្យ​បំផ្លាញ​ខ្លួន​ក្តី បំផ្លាញ​ដល់​គ្នី​គ្នា​ក្តី ខំ​ទប់​ខំ​អត់​សង្កត់​ប្រុង​ដុស​ខាត់​ចិត្ត​ឲ្យ​ស្អាត​ផូរ​ផង់​ល្អ​ដល់​គ្នី​គ្នា​នេះ​១ផ្លូវ​ទៀត ។ ន័យ​មួយ​ទៀត ពាក្យ​ថា​បាប​ថា​ អាក្រក់​នោះ​ តើ​អ្វី​ខ្លះ ដែល​ថា​ល្អ​នោះ​តើ​ត្រង់​ណា​ខ្លះ ។ យឺត, ប្រហែស, ខ្ជិល​ច្រអូស, ល្ងង់​ជា​ដើម ហៅ​ថា​អាក្រក់ ។ រហ័ស​, ប្រុង​ប្រយ័ត្ន, ឧស្សាហ៍, ចេះ​ដឹង​ជា​ដើម​ហៅ​ថា​ល្អ ។ ត្រូវ​កុំ​ធ្វើ​អាក្រក់​គ្រប់​យ៉ាង​ ឲ្យ​ធ្វើ​តែ​ល្អ​គ្រប់​យ៉ាង​នឹង​កុំ​ឲ្យ​ប្រយ័ត្ន​តែ​ត្រង់ មិន​ធ្វើ​អាក្រក់​ដល់​គ្នី​គ្នា​ប៉ុណ្ណោះ ហើយ​ឥត​មាន​ការ​ជួយ​សង្រ្គោះ​គ្នា ឥត​មាន​រក្សា​អធ្យាស្រ័យ​នោះ ក៏​មិន​ឈ្មោះ​ថា​នាំ​ខ្លួន​នឹង​ជាតិ​ឲ្យ​ភ្ញាក់​កំណើត​កើត​គំនិត​ឡើយ ។ បំណង​ពុទ្ធសាសនា​ប្រាថ្នា​ប្រដៅ​ឲ្យ​យល់​ផ្លូវ​៣​នេះ​ឯង ។ អ្នក​កាន់​ពុទ្ធសាសនា​ពិត​នោះ ត្រូវ​ព្យាយាម​ធ្វើ​ឲ្យ​បាន​ទាំង​៣​ផ្លូវ​នេះ ទើប​ឈ្មោះ​ថា​ធ្វើ​ត្រូវ​តាម​បំណង​របស់​ព្រះ​បរមគ្រូ​របស់​យើង​មែន ។ ក្រៅ​អំពី​ព្រះ​ឱវាទ​នេះ​ហើយ ព្រះ​ពុទ្ធ​ជា​ម្ចាស់​ត្រាស់​សំដែង​បញ្ជាក់​ថា ធ្វើ​ជា​អ្នក​មាន​គំនិត​ដែល​ហៅ​ថា បណ្ឌិត​នោះ​ត្រូវ​ធ្វើ​ប្រយោជន៍​បច្ចុប្បន្ន​នេះ នឹង​ប្រយោជន៍​អនាគត គឺ​មិន​ត្រូវ​គិត​តែ​ប្រយោជន៍​បច្ចុប្បន្ន​សុទ្ធ ហើយ​ចោល​ប្រយោជន៍​បច្ចុប្បន្ន​ផង​នោះ​ក៏​មិន​ល្អ​ទេ ។ មាន​មនុស្ស​ជា​ច្រើន​ដែល​គិត​តែ​ប្រយោជន៍​មួយៗ​គឺ​គិត​យក​តែ​ប្រយោជន៍​បច្ចុប្បន្ន​សុទ្ធ ទោះ​បី​អាក្រក់​ល្អ​យ៉ាង​ណា​ក៏​មិន​រវល់ គិត​ឲ្យ​តែ​រួច​ខ្លួន​មួយ​ក្នុង​បច្ចុប្បន្ន​ក៏​សឹង​មាន​មួយ​ពួក​ទៀតនោះ​ប្រព្រឹត្ត​តែ​ទៅ​មុខ​សុទ្ធ មិន​រវល់​គិត​ខាង​អាយ​សោះ ដូច​ដំណើរ​ដើរ​មើល​ហួស​តែ​ទៅ​មុខ ទាល់​ចំពប់​ជើង​ដួល​ក៏​មិន​រវល់ គឺ​គិត​យក​តែ​ប្រយោជន៍​អនាគត​សុទ្ធ ត្រង់​ប្រយោជន៍​បច្ចុប្បន្ន​នេះចង់​ខូច​វិនាស​យ៉ាង​ណា​ក៏​មិន​រវល់​ដូច​គេ​ថា​គិត​តែ​ដី​ស្ថាន​សួគ៌ ដី​ក្នុង​ស្ថាន​អាយ​នេះ​មិន​រវល់​សោះ ចង់​ខូច​វិនាស​ទៅ​យ៉ាង​ណា ក៏​មិន​យក​ចិត្ត​ទុក​ដាក់​សោះ ការ​គិត​តែឯនាយ​សុទ្ធ ចោល​ឯ​អាយ​នេះ សង្ស័យ​ក្រែង​មិន​បាន​សម​បំណង​ទេ​ដឹង ព្រោះ​មាន​ពាក្យ​ចាស់​លោក​ប្រដៅ​ថា “ភ្លឺ​ពី​មនុស្ស​លោក​ទើប​រួច​ដល់​សួគ៌នាយ” បើ​បច្ចុប្បន្ន​នេះ​ងងឹត​ខូច​ទៅ​ហើយ តើ​នឹង​មិន​ខូច​ទៅ​ឯនាយ​ទៀត​ឬ? ការ​នេះ​បើ​សង្កេត​ពិចារណា​ឲ្យ​ល្អិត​ទៅ ក៏​នឹង​ឃើញ​ថា​មែន ​ព្រោះ​មនុស្ស​ទុគ៌ត​ខ្សត់​ទ្រព្យ​សម្បត្តិ​យស​សក្តិ​សតិ​បញ្ញា​ក្នុង​បច្ចុប្បន្ន​នេះ​ហើយ មុខ​ជា​នឹង​អភ័ព្វ​ក្នុង​ការ​ធ្វើ​ការ​រក្សា​សីល​ជា​ដើម​ហើយ ព្រោះ​សេចក្តី​ក្រ​គ្រប​សង្កត់​ឃាត់​ឧបនិស្ស័យ​ទៅ​មុខ​គ្រប់​ផ្លូវ ហេតុ​នោះ​គួរ​ខំ​ធ្វើ​តាម​ព្រះ​ឱវាទ​នេះ​ចុះ គឺ​ត្រូវ​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​ប្រយោជន៍​ទាំង​បច្ចុប្បន្ន នឹង​អនាគត​កុំ​គិត​តែ​ប្រយោជន៍​មួយ​ៗ​ទើប​ហៅ​ថា បណ្ឌិត​បាន ។ ព្រះពុទ្ធសាសនា​យើង ជា​សាសនា​បំភ្លឺ​ប្រយោជន៍​គ្រប់​យ៉ាង​ល្អ​បំផុត តែ​ដែល​យើង​យក​ប្រយោជន៍​មិន​បាន​នេះ មក​តែ​ពី​មិន​ចេះ មិន​យក​ចិត្ត​ទុក​ដាក់​សង្កេ​តពិចារណា​បាន​ថា បាន​សាសនា​យ៉ាង​ល្អ​ហើយ​ត្រឡប់​ជា​អសារ​ឥត​ការ​ទៅ​វិញ​យ៉ាង​នេះ ហេតុ​នោះ​គួរ​អ្នក​កាន់​ពុទ្ធ​សាសនា​ទាំង​ឡាយ​ខំ​រៀន​ ជួយ​ទំនុក​បម្រុង​ការ​រៀន កុំ​ទំរន់​នឹង​ការ​រៀន ព្រោះ​ការ​រៀន​ច្រើន​ដឹង​ច្រើន ទើប​យោង​ខ្លួន​បាន មិន​ភាន់​ច្រឡំ​ខុស​ជា​ត្រូវ ទាំង​មិន​មានអ្នក​ណា​អាច​បោក​បញ្ឆោត​ដឹក​នាំ​ទៅ​ផ្តេស​ផ្តាស​បាន​ផង ។ ក្នុង​ទី​បំផុត​នេះ​សូម​អស់​លោក​ទាំង​ឡាយ តាំង​ព្យាយាម​ធ្វើ​ប្រយោជន៍​ដល់​ខ្លួន នឹង​ប្រយោជន៍​ដល់​គ្នី​គ្នា កុំ​គិត​តែ​ប្រយោជន៍​ខ្លួន​ចោល ប្រយោជន៍​អ្នក​ដទៃ ឬ​គិត​តែ​ប្រយោជន៍​អ្នក​ដទៃ ចោល​ប្រយោជន៍​ខ្លួន​នោះ ព្រោះ​ថា​ប្រយោជន៍​ទាំង​ពីរ​ខាង​នេះ​ទាក់​ទង​រក​គ្នា បើ​គិត​សុខ​តែ​ខ្លួន មិន​គិត​សុខ​អ្នក​ដទៃ​ផង​នោះ​ ខ្លួន​ឈ្មោះ​ថា​មិន​បាន​សុខ​ទេ ឬ​គិត​តែ​សុខ​គេ សុខ​របស់​ខ្លួន​មិន​គិត​សោះ​នោះ ក៏​មិន​បាន​សុខ​ដូច​គ្នា​ដែរ ។ ៚

 ចប់

វាយអក្សរកុំព្យូទ័រដោយៈ ភិក្ខុ កិច្ចភិរតោ  ឡាយ  រិន

វត្តខេមររតនារាម, ថ្ងៃ២៥  ខែសីហា ឆ្នាំ២០០៩

🔸Last Updated កំណែចុងក្រោយ on August 4, 2024

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).