នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
សេពគប់ពាល ពាលនាំទៅរកខុស សេពគប់ប្រាជ្ញប្រុស ប្រាជ្ញនាំទៅរកត្រូវ ។ 🕯️សម្តេច ជួន ណាត
មត៌កដូនតា
បទកាកគតិ
| – កូន អើយចាំទុក | ពាក្យពេចន៍ទំនុក | ឳពុករៀបរាប់ |
| ប្រាង្គប្រាសាទខ្មែរ | ជាកេរភោគទ្រព្យ | សន្ធឹកសន្ធាប់ |
| ចារជាប់សាវតារ ។ | ||
| – តម្កល់កេរ្តិ៍ឈ្មោះ | រំលេចកិត្តិយស | ខ្ពស់លើលោការ |
| ប្រៀបផ្ទឹមពុំបាន | គ្មានអ្វីឧបមា | សម្បត្តិដូនតា |
| លោកបន្សល់នៅ ។ | ||
| – ពុកចងចាំច្បាស់ | ប្រាសាទច្រើនណាស់ | ល្អល្អះឆ្អិនឆ្អៅ |
| មួយពាន់ប៉ែតសិប | ពុកប្រាប់ពាលពៅ | អំណឹះតទៅ |
| កូនត្រូវកុំភេ្លច ។ | ||
| – កេតនភណ្ឌយើង | កិត្តិស័ព្ទរុងរឿង | ថ្កុំថ្កើងជានិច្ច |
| ឆ្លងច្រើនសម័យ | ថ្លៃលើសមាសពេជ្រ | កូនអើយកុំភេ្លច |
| ស្នេហ៍ស្មើកែវភ្នែក ។ | ||
| – ប្រាសាទអង្គរ | សម្ផស្សបវរ | ឆព្វណ្ណភ្លឺផេ្លក |
| ប្រាសាទបាយ័ន | សោភ័ណល្អឯក | រចនាគាប់ភែ្នក |
| លើសពេជ្រចរណៃ ។ | ||
| – ប្រាសាទពិធូ | ល្អដូចគំនូរ | គូបន្ទាយស្រី |
| ប្រាសាទបាគង | គ្រងបន្ទាយក្តី | ព្រះប៉ាលិល័យ |
| ច្នៃពីសិលា ។ | ||
| -ប្រាសាទបាពួន | ផ្គូផ្គុំសមសួន | ក្បូនក្បាច់រចនា |
| ភិមានអាកាស | ប្រាសាទវត្តខ្នារ | ប្រាង្គបន្ទាយឆ្មា |
| បន្ទាយសំរ៉ែ ។ | ||
| – ប្រាសាទព្រះខ័ន | ប្រាសាទក្រវ៉ាន់ | បាកានគូស្នេហ៍ |
| បក្សីចាំក្រុង | គង់ឥតប្រួលប្រែ | កូនអើយយើងខ្មែរ |
| ប្រឹងថែការពារ ។ | ||
| – ចៅស្រីវិបុល | សិលាតម្កល់ | បន្សល់យូរយារ |
| ប្រាសាទក្រហម | សមបឹងមាលា | បា្រង្គវត្តអធ្វា |
| ប្រាសាទស្វាយព្រាហ្ម ។ | ||
| – ប្រាង្គធម្មានន្ទ | រងគ្រោះទារុណ | ធ្ងន់ដោយសង្គ្រាម |
| ប្រាសាទទីម៉ៃ | ច្នៃជាប់ទំនៀម | កូនអើយស្នាមឈាម |
| ដិតដាមបា្រង្គប្រា ។ | ||
| – ប្រាសាទបាខែង | ល្អល្អះចិញ្ចែង | ព្រៃកេ្មងសង្ហា |
| បា្រសាទភ្នំបូក | គោកពោធិថ្លៃថ្លា | សៅភាពរចនា |
| សិលាហ្មត់ខៃ ។ | ||
| – បា្រសាទអកយំ | កណ្តាលព្រៃធំ | ពុកយំអាល័យ |
| ប្រាសាទថ្មដាប់ | ខ្ទីងស្លាប់ស្កឹមស្កៃ | ប្រាសាទលលៃ |
| ថ្លៃល្អចំណាន ។ | ||
| – ប្រាសាទគគីរ | តាព្រហ្មរូបពីរ | ទីរមណីយដ្ឋាន |
| បា្រសាទតាកែវ | នាងខ្មៅថ្កើងថ្កាន | ពុកនៅចាំបាន |
| ឥតស្មានបំភ្លៃ ។ | ||
| – បា្រសាទអូរពង | ក្បាច់ស្រស់បំព្រង | គក់ទ្រូងថ្លាថ្លៃ |
| បា្រង្គព្រៃប្រាសាទ | ស្អាងស្អាតប្រពៃ | ភ្នំដាប្រិមប្រិយ |
| ដូចដំរីក្រាំង ។ | ||
| – ប្រាសាទចៅសាយ | នាងពៅឆើតឆាយ | ឥតឆ្ងាយកំបាំង |
| ប្រាង្គភូមិប្រាសាទ | ល្អស្អាតចែងចាំង | ដូចប្រាសាទឃ្លាំង |
| ព្រមទាំងកោះកែ ។ | ||
| – សំបូរព្រៃគុហ៍ | កូនអើយចាំទុក | ពុកប្រាប់ហូរហែ |
| ប្រាសាទភ្នំធំ | ភ្នំក្រោមផងដែរ | កូនអើយស្និទ្ធស្នេហ៍ |
| កុំប្រែក្រឡាស់ ។ | ||
| – បា្រសាទអណ្តែត | គយគន់មិនឆ្អែត | ក្រឡែតជាក់ច្បាស់ |
| ប្រាង្គដំបងដែក | ក្បាច់ប្លែកស្អែកស្កះ | ប្រាង្គកំពង់ព្រះ |
| ស្រឡះសង្ហា ។ | ||
| -ប្រាង្គភ្នំបាសិត | សោភ័ណប្រណីត | វិចិត្រភ្លឺថ្លា |
| ប្រាង្គពួកអារក្ស | ប្រាសាទអ្នកតា | ចម្លាក់រចនា |
| ភ្ញីផ្កាចម្រុះ ។ | ||
| – ប្រាសាទបាណន្ត | ប្រាសាទមេបុណ្យ | ពន្លឺចាំងឆ្លុះ |
| បា្រសាទថ្មធ្យូង | គូលេនថ្មផុស | កូនអើយចាំចុះ |
| ល្អស្រស់ពេកពិត ។ | ||
| – ប្រាង្គព្រះវិហារ | ព្រះគោសោភា | ព្រះកែវប្រណីត |
| ប្រាសាទស្រឡៅ | ឈរនៅថេរថិត | ជីសូគាប់ចិត្ត |
| ថិតខ្ពស់អាកាស ។ | ||
| – ប្រាសាទអូរផ្លុង | ប្រាង្គត្រពាំងផុង | សាងសង់ស្រឡះ |
| ប្រាង្គដំរីក្រាប | ដុនដាបចំណាស់ | កូនអើយជាម្ចាស់ |
| ខ្នះខ្នែងជួយថែ ។ | ||
| -ប្រាង្គព្រលានសេ្តច | រោងចិនរំលេច | ក្បាច់ក្បូរគួរស្នេហ៍ |
| កូនអើយចាំជាក់ | ស្មោះស្ម័គ្ររក្សា | មត៌កថ្លៃថ្លា |
| ដួងព្រលឹងជាតិ ។ | ||
| – យើងជាតិជាខ្មែរ | កូនអើយស្និទ្ធស្នេហ៍ | កុំបែរចង្អៀត |
| បិតិកភណ្ឌ | លើអន្តរជាតិ | យើងគ្មានអ្វីទៀត |
| លើសពីប្រាង្គប្រា ។ | ||
| – កូនអើយអង្គរ | ជាឃ្លាំងគំនរ | គម្ពីរសាវតារ |
| សព្វក្បាច់ចម្លាក់ | សិល្បះរចនា | បញ្ជាក់ពិស្តារ |
| ចារចងប្រវត្តិ ។ | ||
| – ស្ថាបត្យករ | លោកផ្តាំផ្ទាំងថ្ម | បន្តទៀងទាត់ |
| ផ្ញើខេមរបុត្រ | កត់ស្នាមប្រវត្តិ | ខ្មែរពិតធំធាត់ |
| ល្បីល្បាញពូកែ ។ | ||
| – ស្ងូនអើយកុំភេ្លច | ចូរចាំជានិច្ច | កុំគេចកែប្រែ |
| ស្មោះត្រង់ជាតិយើង | ប្រឹងការពារថែ | ទ្រព្យមត៌កខ្មែរ |
| កេរពីដូនតា ៕ |

កំណាព្យនិពន្ធដោយៈ លោក សុខ សុធន
វាយអក្សរកុំព្យូទ័រជាថ្មីដោយៈ ភិក្ខុ កិច្ចភិរតោ ឡាយ រិន
វត្តខេមររតនារាម, ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៩


🔸កំណែចុងក្រោយ Last Updated on December 16, 2024 by Johnny ចន្នី





