នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
អ្នកសុំតែងតែទាស់ចិត្តអ្នកឱ្យ ការសុំហ្នឹងហើយនាំបែកមិត្ត។ 🕯️ធម្មាចារ្យ ឆឹង កាន
គុណ៤ប្រការ
បទពាក្យប្រាំពីរ
| ព្រះពុទ្ធដីកាត្រាស់ប្រៀបធៀប | រាប់រៀបរឿងគុណបួនប្រការ |
| ដូចមានសេចក្តីន័យខ្លឹមសារ | ថ្លាថ្លែងចែងចារជាឧបមេយ្យ ។ |
| ទីមួយរៀបរយអនន្តគុណ | គុណច្រើនលើសលន់ពន់ពេកក្រៃ |
| ច្រើនលើសគ្រាប់ខ្សាច់លើផែនដី | ច្រើនក្រៃមិនអាចរៀបរាប់បាន ។ |
| ទីពីរអនេកប្បគុណ | គុណច្រើនលើសលន់ហួសសន្និដ្ឋាន |
| នឹងថ្លឹងចំនួននោះប៉ុន្មាន | មិនអាចប៉ាន់ស្មានបានត្រូវឡើយ ។ |
| ទីបីគឺអសមគុណ | ធំធន់គ្មានអ្វីប្រៀបស្មើឡើយ |
| ទោះយកផែនដីធំល្វឹងល្វើយ | ថ្លឹងហើយប្រៀបធៀបពុំស្មើបាន ។ |
| ទីបួនអប្បមាណគុណ | គុណច្រើនពេកពន់ហួសប្រមាណ |
| ប្រៀបនឹងទឹកនព្វនៃជលឋាន | សមុទ្រថ្កើងថ្កានឋានសែនជ្រៅ ។ |
| ម៉្យាងទៀតលោកឆ្លៀតប្រៀបឧបមា | យកផែនភស្តុធាធ្វើសៀវភៅ |
| ភ្នំព្រះសុមេរុ៍ដ៏សន្ធៅ | យកទៅធ្វើដងទងប៉ាកា ។ |
| និងយកទឹកនព្វមហាសមុទ្រ | ជ្រាលជ្រៅបំផុតហួសឧបមា |
| មកធ្វើទឹកខ្មៅដៅឆ្លាក់ចារ | លុះត្រាផែនភស្តុអស់សព្វឋាន ។ |
| ឬរិចរិលភ្នំព្រះសុមេរុ៍ | មិនអាចសរសេរទៅទៀតបាន |
| ទោះទឹកសមុទ្រស្ងួតសព្វឋាន | រៀបរាប់មិនបានអស់គុណឡើយ ។ |
| ដូច្នេះសូមអស់បុត្តធីតា | គប្បីឧស្សាហ៍កុំកន្តើយ |
| ខិតខំតបគុណធ្ងន់ឱ្យហើយ | កុំឡើយទុកនៅទៅថ្ងៃក្រោយ ។ |
| ត្បិតពេលវេលាតិចតួចណាស់ | ត្រូវចាំឱ្យច្បាស់កុំបណ្តោយ |
| ប្រយ័ត្ននាំកាយស្តាយថ្ងៃក្រោយ | នោះលោកដង្ហោយព្រោះប្រមាទ ៕ |

និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ
វត្តគិរីសោភា (កូនសត្វ), ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៨


🔸កំណែចុងក្រោយ Last Updated on April 18, 2025 by Johnny ចន្នី




