គារវបុគ្គល១០ជំពូក
បទព្រហ្មគីត
| ព្រះពុទ្ធព្រះបច្ចេក | និងឯកអគ្គារហា |
| អគ្គសាវកា | និងមាតាបិតាផង ។ |
| គ្រូនិងសាស្ត្រាចារ្យ | និងទាយកឥតមោះហ្មង |
| និងអ្នកទេស្នាផង | កុំយង់ឃ្នងឆ្គងប្រមាថ ។ |
| បុគ្គលទាំងដប់នេះ | ប្រាជ្ញគួររិះរេសម្អាត |
| ត្រូវកុំបីប្រមាថ | គួរឱហាតឱ្យចងចាំ ។ |
| ថាមិនត្រូវប្រទូស្ត | ឬរឹងរូសធ្វើឱ្យឆ្គាំ |
| ឆ្គងខុសក្រែងនឹងនាំ | ឱ្យបានទុក្ខឃើញទាន់ភ្នែក។ |
| ខ្ញុំតែងពាក្យកាព្យនេះ | ដោយរិះរេមិនរារែក |
| មិនតែងចេញឱ្យប្លែក | ពីគាថាបាលីឡើយ។ |
| អ្នកណាបានគោរព | បុគ្គលដប់ពុំតោះតើយ |
| តាមបែបខាងលើហើយ | អ្នកនោះរែងជួបក្តីសុខ ។ |
| មានរឿងតំណាលថា | ពួកទេព្តានិរទុក្ខ |
| ព្រះឥន្ទ្រជាប្រមុខ | តែងសំពះទិសទាំងដប់ ។ |
| គឺទិសទាំងប្រាំបី | ទិសក្រោមលើដោយគ្រប់សព្វ |
| លើកអម្រាមទាំងដប់ | ប្រណម្យឆ្ពោះជននានា ។ |
| ដែលគេបានប្រព្រឹត្ត | សុចរិតឥតសង្កា |
| ទោះនៅត្រង់ទីណា | ក៏ដោយចុះឥតរើសមុខ ។ |
| ថាសូមឱ្យជននោះ | បានរវាតឃ្លាតចាកទុក្ខ |
| តាំងពីនេះទៅមុខ | សូមបានសុខអាយុវែង ។ |
| ព្រោះហេតុនោះបានជា | ព្រះសាស្តាទ្រង់សម្តែង |
| ថាជនទាំងនោះឯង | ទោះទេព្តាក៏រាប់អាន ។ |
| ទេព្តាទាំងតូចធំ | តែងបង្គំមករាល់ប្រាណ |
| ឆ្ពោះជនទាំងប៉ុន្មាន | ដែលបានកាន់សីលនិងធម៌ ។ |
| ហេតុនេះសាធុជន | កុំទំរន់គួរត្រេកអរ |
| ឆ្ពោះធម៌ដ៏បវរ | ដែលព្រះពុទ្ធទ្រង់សរសើរ ៕ |

កំណាព្យនិពន្ធដោយ: សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
វត្តឧណ្ណាលោម ថ្ងៃសុក្រ ទី១៩ ខែកក្កដា ព.ស. ២៥១២ គ.ស. ១៩៦៨


🔸កំណែចុងក្រោយ Last Updated on April 5, 2025 by Johnny ចន្នី




