ដើរមានបី ស្តីមានបួន

ដើរមានបី ស្តីមានបួន

បទណាក្យ៧

        – កូនអើយចាស់ថាដើរមានបីរីបើនឹងស្តីនោះមានបួន
        ន័យនេះល្អល្អះណាស់ណាស្ងួនលោកទុកជាក្បួនប្រដៅស្តី ។
        – នេះន័យអត្ថបដិរូបពុកឆ្លើយបង្រួបសង្ខេបខ្លី
        ពាក្យដែលលោកថាដើរមានបីពិតមានអត្ថន័យនិងខ្លឹមសារ។
        – ទីមួយមុនពេលចរលីលាមើលពេលវេលាត្រូវយាត្រា
        យប់ថ្ងៃមមៃប៉ងទៅណាមិនគួរប្រាថ្នាតាមតែចិត្ត ។
        – ឧបមេយ្យអង្កេតហេតុឆោឡោក្រែងជាន់ដានចោរជនឧក្រិដ្ឋ
        ដូចអូសសម្រាស់ប៉ះពាក្យពិតត្រូវពាលទុច្ចរិតចោទតម្រង់ ។
        – ទីពីរមើលផ្លូវត្រូវដើរហើរមិនគាប់ប្រសើរគួរបង្អង់
        ឃ្លាមួយផ្លូវវៀចកុំបោះបង់ឯផ្លូវដែលត្រង់កុំដើរហោង ។
        – ដូច្នេះគួរត្រិះពិចារណាបំណាច់យាត្រាកុំឱ្យហ្មង
        គិតដល់ទិសដៅត្រូវត្រាច់ឆ្លងតើផ្លូវណាផងល្អគប្បី ។
        – ទីបីគួរគិតពិនិត្យជាក់ចំពោះមិត្តភ័ក្តក្លើម្រាក់ក្តី
        គួរដើរជាមួយឬកុំអីចូរស្ងួនប្រុសស្រីរំពៃស្តាប់ ។
        – ដើរហើរសេពគប់មិត្តស្មោះសរនាំខ្លួនឱ្យល្អមិនឱនអាប់
        ដើរចូលមិត្តពាលនាំឈឺចាប់មិត្តផ្តល់ក្តីស្លប់កុំរួមរក្ស ។
         – ពុកនឹងបកស្រាយន័យម្យ៉ាងទៀតមិនឱ្យហួសឃ្លាតឆ្លៀតបញ្ជាក់
        ពាក្យដើរមានបីស្តីប្រត្យក្សបន្តឃ្លាវគ្គចាប់ចុងចួន ។
        – ទីមួយលោកថាកុំប្រមាថជិវិតមនុស្សសត្វណាមាសស្ងួន
        អំពើទុចរិតគិតគុំគួនតាមក្បួនបាលីហៅបាណា ។
        – ទីពីរកុំលួចសម្បត្តិគេច្បាប់ពីបុពេ្វផ្តល់ទោសា
          អំពើឆក់ប្លន់ចិត្តឫស្យាបាលីស្តីថាអទិនា្នទាន ។
        – ទីបីកុំក្បត់ប្រពៃណីគួរកូនសំភីខំសូត្ររៀន
        កុំកន្លងច្បាប់បូរាណប្រៀននោះមានកាមេសុមិច្ឆា។
        – នេះពុកផ្តែផ្តាំចាំឱ្យជាក់ឃ្លាទាំងបីវគ្គមានខ្លឹមសារ
        ពាក្យដើរមានបីស្តីពិស្តារបូរាណចែងចារដូច្នេះឯង ។
        – ចំណែកអត្ថន័យស្តីមានបួនលោកទុកជាក្បួនឱ្យគិតក្រែង
         លោកចោទប្រស្នាឱ្យខំស្វែងបកស្រាយថ្លឹងថ្លែងលើអត្ថន័យ។
        – ទីមួយកុំស្តីភរកុហកពោលពាក្យអាក្រក់មិនគប្បី
        ភូតចាញ់អាត្មាដូនតាស្តីបាលីពោលថាមុសាវាទ ។
        – ទីពីរកុំស្តីជេរទ្រគោះបញ្ចោរបញ្ជោះឈ្លោះមិត្តញាតិ
         បាលីស្តីថាផរុស្សវាទន័យនេះពុកឆ្លៀតប្រាប់ឆោមឆាយ។
        – ទីបីកុំស្តីពាក្យចាក់ដោតញុះញង់នោះសោតនាំខ្វល់ខ្វាយ
        បង្កជម្លោះប្រទូស្តរាយបាលីបកស្រាយបិសុណាវាទ។
        – ទីបួនចូរស្ងួនចាំឱ្យច្បាស់សំខាន់ខ្លាំងណាស់កុំបីឃ្លាត
        ហៅថាសម្ផប្បលាវាទកូនអើយកុំឃ្លាតឆ្លៀតត្រងត្រាប់។
        -នោះគឺមុនស្តីគប្បីគិតកុំពោលប្រឌិតខុសក្បួនច្បាប់  
        ពាក្យឥតប្រយោជន៍អាចនាំអាប់ពោលមិនចំណាប់អាប់អាត្មា។
        – ចូរចាំឱ្យជាក់វគ្គទីបួនមុនស្តីគួរស្ងួនពិចារណា
        កុំលលេងសើចខុសមាត្រាពាក្យមិនបានការណានឹមនួន។
        – កូនអើយកាយកម្មនោះមានបីរីឯវចីកម្មមានបួន
        ព្រះធម៌លោកចែងជាច្បាប់ក្បួនដើរបីស្តីបួនដូច្នេះឯង ។
        – រួមនិងមនោកម្មមានបីគម្ពីបាលីលោកតាក់តែង
        អំពើនៃចិត្តពិតជាក់ស្តែងចេតនានោះឯងផ្តល់វិបតិ្ត ។
        – ទីមួយកុំកួចគន់រំពៃទ្រព្យអ្នកដទៃត្រូវប្រយ័ត្ន
        កុំប៉ងចង់បានកេងបំបាត់លោកអនុម័តហៅអភិជ្ឈា។
        – ទីពីរហៅថាព្យាបាទៈកុំកាន់ទោសៈចិត្តយ័ក្ខមារ
        កុំចងគំនុំគុំគួនគ្នាបន្ទន់ឫកពាជាអ្នកល្អ ។
        – ទីបីគឺមិច្ឆាទិដ្ឋិនោះជាគតិលោកបន្ត
        កុំយល់ខុសឆ្គងគន្លងធម៌កាន់ចិត្តស្មោះសរកុំបំភ្លៃ ។
        – ច្នេះហើយកូនអើយចូរចំណាំលោកផ្តាំមនោកម្មមានបី
        ស្របនិងកាយកម្មក៏មានបីរួមនិងវចីកម្មមានបួន ។
        – នោះពិតប្រសូតិពីកម្មបទកំណត់មានដប់គ្រប់ចំនួន
         គឺកាយវាចាចិត្តណាស្ងួនប្រាកដតាមក្បួនលោកសង្ខេប ៕

កំណាព្យនិពន្ធដោយៈ លោក សុខ សុធន

វាយអក្សរកុំព្យូទ័រជាថ្មីដោយៈ ភិក្ខុ កិច្ចភិរតោ  ឡាយ  រិន

វត្តខេមររតនារាម, ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៩

🔸Last Updated កំណែចុងក្រោយ on August 9, 2024

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).