ចំនួនទស្សនា: 61
បណ្តាំបណ្តាជននិងកូនចៅ
បទពាក្យ៧
| រីជនទាំងឡាយក្នុងលោកនេះ | អ្នកមានតម្រិះតែងដើរត្រូវ |
| បញ្ញាជាស្ពានឈានដើរទៅ | កន្លែងដែលត្រូវគឺនិព្វាន ។ |
| មានតែសាសនាព្រះពុទ្ធទេ | ដែលអាចគ្នាន់គ្នេរធើ្វជាយាន |
| សាសនាដទៃគឺមិនមាន | មិនដឹងនិព្វាននៅឯណា ។ |
| ព្រះពុទ្ធព្រះអង្គបានរកឃើញ | អស់លោកអញ្ជើញតាមត្រូវការ |
| បើមានបំណងប៉ងប្រាថ្នា | រៀនសូត្រសិក្សាតាមព្រះពុទ្ធ ។ |
| ទី១ត្រូវកាន់នូវសីល៥ | កាន់ជាប្រចាំយ៉ាងមោះមុត |
| និងសីល៨ឧបោសថ | កាន់ឲ្យប្រាកដទាំង៤ថ្ងៃ ។ |
| ខាងខ្នើត៨កើតនឹងពេញបូណ៌ | ៨រោចនុ៎ះហ្ន៎មានតម្លៃ |
| រនោចមានតែ១៤ថ្ងៃ | ខែពេញនោះនៃមាន១៥ ។ |
| លោកអ្នករាល់រូបគួរដឹងជាក់ | ខែខាតត្រូវដាក់ហើយចងចាំ |
| ៦ខែដែលមានក្នុង១ឆ្នាំ | ដាច់ខែត្រូវចាំ២៩ថ្ងៃ ។ |
| ឯសីលពិសេសគឺសីល១០ | លោកអ្នកគោរពកុំសំចៃ |
| ជនណាធើ្វត្រូវមានតម្លៃ | ឋានសួគ៌មានន័យពិតប្រាកដ ។ |
| មិនតែប៉ុណ្ណោះត្រូវធ្វើទាន | នេះគឺជាស្ពានតាមបែបបទ |
| ធ្វើច្រើនកើតច្រើនគ្មានកំណត់ | អាចរួចចាកផុតភាពស្រអ័ព្ទ ។ |
| ទី១គឺជាអង្គបាណា | ព្រះអង្គហាមថាកុំសម្លាប់ |
| ទោះសត្វតូចធំក៏ជាសត្វ | មិនត្រូវបំបាត់ជីវិតទេ ។ |
| ទី២អង្គអទិន្នាទាន | ហាមមិនឲ្យមានលួចទ្រព្យគេ |
| ទោះតិចតួចក្តីគួរគ្នាន់គ្នេរ | រកស៊ីរិះរេដោយសុចរិត ។ |
| ទី៣កាមេសុមិច្ឆា | ទ្រង់បានហាមថានូវការពិត |
| ប្រពន្ធកូនគេព្រះហាមគិត | មិនឲ្យប្រព្រឹត្តជាដាច់ខាត ។ |
| ទី៤គឺអង្គមុសាវាទ | និយាយជ្រែកជ្រៀត ខ្វះបទបាទ |
| កុហក់ភូតភរធម៌មិនស្អាត | នេះហៅថាឃ្លាតមិននឹងធឹង។ |
| ទី៥សុរាមេរយៈ | បញ្ជាក់គ្រឿងផងដែលស្រវឹង |
| គ្រឿងញៀនទាំងឡាយទាំងអស់ហ្នឹង | លះបង់ដាច់ភឹងជាដាច់ខាត ។ |
| សីល៥មានតែប៉ុណ្ណេះឯង | ប្រុសស្រីចាស់ក្មេង ត្រូវសង្វាត |
| បណ្តោយខ្លួនពេកនាំខូចខាត | រៀបចំឲ្យស្អាតកុំបីឃ្លាត ។ |
| ឯសីល៨នោះឯងណា | ព្រះអង្គពោលថាថែម៣ទៀត |
| តែត្រង់កាមេគួរជ្រកជៀត | ផ្លាស់ជាបទបៀតអព្រហ្មចា ។ |
| ឯអង្គអព្រហ្មចារៈ | ទ្រង់បានបញ្ជាក់ឲ្យដឹងថា |
| ហាមសេពនូវកាមកុំប្រាថ្នា | ថ្ងៃមួយនោះណានិងយប់មួយ។ |
| ទី៦វិកាលភោជនា | ហាមអ្នករាល់គ្នាកុំរំជួយ |
| ជ្រេរត្រង់ទៅហីយជាកាលមួយ | បរិភោគនាំព្រួយឲ្យខូចសីល ។ |
| ទី៧នច្ចគីត វា | ល្បែងផងនានាមានមន្ទិល |
| រាំច្រៀងស៊ីសងការខូចខឹល | បោះបង់កុំខ្ជិលរក្សាខ្លួន ។ |
| ទី៨មាលានិងគន្ធៈ | លោកបានបញ្ជាក់យ៉ាងមាំមួន |
| ប្រេងម្សៅកម្រងការតែងខ្លួន | ហាមដោយផ្ទួនៗមានកំណត់ ។ |
| សីល៨ចប់តែប៉ុណ្ណេះហើយ | អស់លោកអ្នកអើយហៅឧបោសថ |
| បើអ្នកធើ្វបានមានកំណត់ | ទៅកើតប្រាកដឋានសួគ៌នាយ ។ |
| រីឯសីល១០ថែម២ទៀត | អ្នកកាន់មិនឃ្លាតមិនរាយមាយ |
| រស់នៅនឹងវត្តសែនរីករាយ | ស្លៀកសគ្មានលាយកោរសក់ផង ។ |
| ទី៩ឧច្ចាសយនៈ | ហាមប្រាកដជាក់មិនមានហ្មង |
| គ្រែដេកមិនឲ្យខ្ពស់ហួសផង | ប្រាំបីធ្នាប់ហោងព្រះសុគត ។ |
| ទី១០ជាតរូបរៈ | សន្មតតាមថ្នាក់យ៉ាងគត់មត់ |
| មិនឲ្យកាន់យកមាសប្រាក់សុទ្ធ | នេះជាកំណត់លោកបានចារ ។ |
| ធ្វើសីលធ្វើទានមានសមាធិ | គួរតែត្រេះរិះកម្មដ្ឋានា |
| ត្រូវខំព្យាយាយហើយឧស្សាហ៍ | កុំឲ្យវេលានៅទំនេរ ។ |
| ធ្វើសមាធិការតាំងចិត្ត | ប្រព្រឹត្តឲ្យបានហើយគ្នាន់គ្នេរ |
| ដំបូងត្រូវសូត្រតាមហូរហែ | រំឭកមានតែរតនត្រ័យ ។ |
| បន្ទាប់ត្រូវសូត្រនូវសង្គហៈ | អំពីសំណាក់អាចារ្យថ្លៃ |
| ឬព្រះពុទ្ធរូបដ៏ប្រពៃ | ត្រូវតែលកលៃហើយតែងតាំង ។ |
| ឧកាស ឥមាហំ(ភន្តេ) | ភគវា អត្តភាវំ |
| តុម្ហាកំ បរិច្ចជ្ជាមិ (ម) | ទុតិយម្បិ…….. តតិយម្បិ……..។ |
| បន្ទាប់តទៅត្រូវរៀបខ្លួន | តាំងចិត្តមាំមួនក្នុងកិច្ចការ |
| មិនត្រូវងាករេបែរទៅណា | ប្រតិបត្តិការសមាធិ ។ |
| អង្គុយខ្លួនត្រង់ផ្ចង់ស្មារតី | ពែនភ្នែនគប្បីនឹងត្រេះរិះ |
| ជើងស្តាំដាក់លើជើងឆ្វេងនេះ | ដៃស្តាំថ្ងានេះលើដៃឆ្វេង ។ |
| រំពឹងសញ្ជឹងរំពៃគិត | ប្រើខ្យល់ពិតៗយ៉ាងធំធេង |
| គឺបញ្ចូលវែងបញ្ចេញវែង | ពាក្យត្រូវសម្តែងពុទ្ធនិងធោ ។ |
| ប្រព្រឹត្តយ៉ាងនេះរៀងរាល់ថ្ងៃ | ធ្វើកុំសំចៃឲ្យពេញពោរ |
| បើបានស្ងប់ហើយនោះសូមគោ- | រពនឹងសាកសួរនូវអារម្មណ៍ ។ |
| អារម្មណ៍ទាំងឡាយបានស្ងប់ហើយ | កុំនៅកន្តើយត្រូវខិតខំ |
| ទាញយកកម្មដ្ឋានមកបូកផ្សំ | ដើម្បីឲ្យមាំអស់សង្ស័យ ។ |
| អស់លោកអ្នកខ្លះបានស្វែងរក | ទាញយកសាកសពមកវិនិច្ឆ័យ |
| មកពិចារណាដោយប្រពៃ | ទីបញ្ចប់ន័យបានមគ្គផល ។ |
| បើអស់លោកអ្នកមិនសម្រេច | មានការចាំបាច់ឈោងមិនដល់ |
| ហោចណាស់សីល៥ជាចន្ទល់ | ទុកនៅមណ្ឌលក្នុងកាយា ។ |
| បើអស់លោកអ្នកគ្មានសីលទេ | អំពើវៀចវេមកកាន់ការ |
| លោភលន់មិនចេះអស់ទេណា | ធ្លាក់ខ្លួនអាសាអបាយមុខ ។ |
| ព្រះពុទ្ធទ្រង់បានសម្តែងថា | ធ្វើបុណ្យកាលណានឹងបានសុខ |
| ទោះតិចតួចក្តីជាប្រមុខ | កើតមានក្តីសុខដល់អ្នកនោះ ។ |
| ធ្វើបាបបានបាបពិតប្រាកដ | នេះជាកំណត់គឺគំនូស |
| កត់ត្រាទុកដាក់មិនឲ្យហួស | ព្រោះតែជ្រុលជ្រួសមកពីកម្ម ។ |
| កម្មៈប្រែថាជាអំពើ | ទង្វើអ្នកធ្វើជាចំណាំ |
| ដាំស្វាយបានស្វាយជាប្រចាំ | កើតមានផលកម្មប្រាកដច្បាស់ ។ |
| លោកអ្នកទាំងអស់កូនចៅអើយ | កុំនៅកន្តើយខំរូតរះ |
| ស្វែងរកសីលទានកុំចាំចាស់ | ក្រែងលោវាផ្លាស់ស្លាប់នៅក្មេង ។ |
| មិនបានធ្វើបុណ្យសីលនិងទាន | មិនអាចរុញច្រានអ្នកវង្វេង |
| កើតក្នុងអបាយភូមិកន្លែង | ថោកទាបក្រៃលែងនឹកមិនដល់ ។ |
| នរកអវចីតិរច្ឆាន | គ្មានអ្នករាប់អានកើតអំពល់ |
| ក្នុងទីនោះគ្មានយោគយល់ | កើត សោយទុក្ខអស់កល្បសែនម៉ឺនឆ្នាំ ។ |
| សីលសមាធិកើតបញ្ញា | មានក្តីជ្រះថ្លាជាប្រចាំ |
| អ្នកណាកាន់យកហើយថែទាំ | បុណ្យបានដឹកនាំដល់និព្វាន ។ |
| និព្វានគ្មានរូបកាយនោះទេ | អស់យើងផងគេមិនដែលមាន |
| ឥឡូវឃើញហើយឋាននិព្វាន | គឺកន្លែងគ្មានរូបនោះណា ។ |
| ខ្ញុំអធិប្បាយប៉ុណ្ណេះចុះ | បើមានលើសលោះសូមមេត្តា |
| អភ័យទោសផងណាលោកណា | បញ្ចប់កិច្ចការសូមឯវំ ៕ |

និពន្ធដោយលោកអាចារ្យ សំបូរ ឈឹម
ថ្ងៃសៅរ៍ទី ២៥ ខែមេសាឆ្នាំ ២០០៩


🔸កំណែចុងក្រោយ Last Updated on August 10, 2024 by Johnny ចន្នី





